នៅថ្ងៃអង្គារនេះ សាលាដំបូងខេត្តកោះកុងបានកាត់ទោសលោក ហេង សុខតំណាងពលរដ្ឋ ក្នុងទំនាស់ដីធ្លីនៅតំបន់សេដ្ឋកិច្ចពិសេសគ្រប់គ្រងដោយលោក លី យ៉ុងផាត់ឲ្យជាប់ក្នុងពន្ធនាគារ១៨ខែពីបទប្រព្រឹត្តអំពើហិង្សា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តកោះកុង និងសាច់ញាតិរបស់លោក ហេង សុខ។
លោក ហេង សុខ វ័យ៤៨ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួនប្រមាណ៥០គ្រួសារ ដែលកំពុងមានវិវាទលើដីទំហំជាង១០០ហិកតាជាមួយក្រុមហ៊ុន LYP Group របស់លោក លី យ៉ុងផាត់ ដែលត្រូវគេស្គាល់ថា ជាសេដ្ឋីដ៏មានឥទ្ធិពលមួយរូបនោះ ត្រូវបានចាប់ខ្លួន កាលពីមុនពេលការបោះឆ្នោតព្រឹទ្ធសភានៅខែកុម្ភៈ។
បន្ថែមលើការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ លោក ហេង សុខ ក៏ត្រូវបានតុលាការពិន័យជាប្រាក់២លានរៀល (ឬប្រមាណជាជិត៥០០ដុល្លារអាមេរិក)ផងដែរ។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើលនិងការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការខេត្តកោះកុងជារឿងអយុត្តិធម៌ចំពោះលោក ហេង សុខ ដែលលោកអះអាងថា មិនបានប្រព្រឹត្តអំពើបង្ករបួសស្នាមលើបុគ្គលណានោះឡើយ។
លោកយល់ថា ការកាត់ទោសនេះក៏នឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់លោក លី យ៉ុងផាត់ ផងដែរ។ លោកថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ កំពុងត្រូវបានដោះស្រាយជាបណ្តើរៗដោយអាជ្ញាធរខេត្តនិងក្រុមហ៊ុន ហើយថា បើមានការកាត់ទោសលោក ហេង សុខ បែបនេះ ដំណើរការដោះស្រាយជម្លោះនឹងជួបបញ្ហាបន្ថែមទៀត។
លោក ហួរ អ៊ីន ថ្លែងថា៖
«ការសម្រេចរបស់តុលាការបែបនេះ យើងឃើញថា វាអយុត្តិធម៌ ចំពោះទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ហើយនឹងក្រុមហ៊ុន ហើយជម្លោះដីធ្លីនេះដែរក៏បានដោះស្រាយស្ទើរតែបញ្ចប់ហើយ។ បើសិនជានៅតែបន្តសម្រេចដាក់ទោសឈ្មោះ ហេង សុខ កម្រិត១ឆ្នាំ៦ខែនេះ វាពិតជាប៉ះពាល់ណាស់ដល់ដំណោះស្រាយមុនៗ ដែលស្ទើរតែបញ្ចប់ហើយ។ ប៉ះពាល់ទាំងកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោកឧកញ៉ា លី យ៉ុងផាត់ ផ្ទាល់តែម្តង ហើយក៏ដូចជាអាជ្ញាធរខេត្ត»។
ការចាប់ខ្លួនលោក ហេង សុខ កើតមានឡើង បន្ទាប់ពីតំណាងប្រជាពលដ្ឋរូបនេះត្រូវបានតំណាងក្រុមហ៊ុនដាក់ការសង្ស័យថា បានចូលទៅបោះបង្គោលលើដីដែលរងការឈូសឆាយដោយគ្រឿងចក្ររបស់ក្រុមហ៊ុន កាលពីចុងឆ្នាំ២០១៧។
បន្ទាប់ពីការចាប់ខ្លួននាពេលនោះ តំណាងពលរដ្ឋរូបនេះត្រូវបានសាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការកាត់ទោសក្រោមបទចោទថា «ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។
VOA មិនអាចសុំការអធិប្បាយពីលោក លី យ៉ុងផាត់ បានទេនៅថ្ងៃអង្គារនេះ។ ប៉ុន្តែក្នុងបទសម្ភាសន៍ជាមួយ VOA តាមទូរស័ព្ទ កាលពីដើមខែមិថុនា លោក លី យ៉ុងផាត់ អះអាងថា លោក ហេង សុខ គ្មានដីក្នុងទីតាំងដីទំនាស់ ដែលក្រុមហ៊ុនលោកបានឈូសឆាយ ដើម្បីដាំដើមធុរេននោះទេ។
លោកថ្លែងក្នុងពេលនោះថា៖
«វាអីចេះ ហេង សុខ ហ្នឹង ខ្ញុំសួរយកដីពីណាមក? ហើយវាអីចេះ ដីខ្ញុំកំពុងឈូសឆាយដាំធុរេន ព្រោះឥឡូវយើងមិនទាន់វិនិយោគអីបាន រកម៉ូយ រកអ្នកវិនិយោគអត់មាន។ អីចឹងខ្ញុំគិតថា ទុកចោលក៏អត់ប្រយោជន៍ អីចឹង ខ្ញុំក៏ឈូសព្រៃ ឈូសអីទៅ ក៏ដាំធុរេន។ ស្រាប់តែឈូសហើយ មានម្នាក់គត់មកបោះបង្គោល បោះបង្គោល ហើយដល់ខាងពួកខ្ញុំនេះ សួរថា លោកមកពីណា? គាត់ក៏ថា នៅនោះ នៅនេះ។ ហើយមកបោះបង្គោលអីចឹង ដឹងខុសច្បាប់ទេ។ គាត់ថា អត់ដឹងទេ។ ខ្ញុំបោះបង្គោលដីខ្ញុំ។ ទាល់តែខាងខ្ញុំក៏សួរថា លោកឯងមកបោះបង្គោលអីចឹង លោកឯងថា ដីរបស់លោកឯង ចុះមានឯកសារទេ [ដែល]លោកថាដីរបស់លោកហ្នឹង? អត់មានសោះ ឲ្យឯកសារមក អត់មានសោះ»។
លោកបានបន្ថែមថា៖
«ហើយគេប្រាប់ថា ឥឡូវដកចេញទៅ កុំឲ្យមានរឿង។ យើងនិយាយគ្នា ស្តាប់គ្នាបានទេ។ ភាសាខ្មែរ ខ្មែរដូចគ្នាទេ។ និយាយមិនស្តាប់គ្នា វាមិនត្រូវ។ បើថា ដីលោកឯង យកប្លង់មក? យកប្លង់ហើយ យកទៅ ឲ្យតែមានប្លង់មក អត់បញ្ហាទេ យកប្លង់មក និយាយគ្នា ហើយអត់មានហើយ ដៃទទេរ ធ្វើម៉េច? ធ្វើម៉េច? អីចឹង មានបុរាណគេចេះនិយាយ ចាញ់បានលុយឈ្នះបានដី នយោបាយឈ្នះៗ»។
លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា ការប្តឹងលោក ហេង សុខ នេះធ្វើឡើង ដើម្បីជាការព្រមានឲ្យមានការរាងចាល និងយល់ពីច្បាប់ទម្លាប់ទៅថ្ងៃក្រោយ។
អ្នកស្រី ទិត្យ តេន វ័យ៦១ឆ្នាំ ដែលជាម្តាយក្មេករបស់លោក ហេង សុខ និងមានទីលំនៅក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បានប្រាប់ VOA ថា តុលាការគួរផ្តល់សេរីភាពដល់លោក ហេង សុខ ហើយត្រូវអង្កេតមើលឲ្យច្បាស់ថា លោក ហេង សុខ ពិតជាមានឯកសារកាន់កាប់ដីឬក៏អត់នោះ។ អ្នកស្រីមានប្រសាសន៍ថា ការកាត់ទោសនេះជារឿងអយុត្តិធម៌សម្រាប់លោក ហេង សុខ។
«យើងត្រូវស្រាវជ្រាវមើលឲ្យច្បាស់លាស់ថា ឯកសារមានមិនមានអី។ ដីគាត់មានពិតប្រាកដ ទោះបីគេផ្ទេរសិទ្ធិ ឬដីស្អីក៏យើងត្រូវស្រាវជ្រាវឲ្យពិតប្រាកដ មិនមែនមករំលោភបំពាន យករបស់គេស្រេចតែចិត្តអីចឹងទេ មិនមែនបងប្អូនយើងទៅយកដីក្រុមហ៊ុនទេ មានតែក្រុមហ៊ុនមកដីប្រជាពលរដ្ឋ»។
អ្នកស្រីបន្ថែមថា អ្នកស្រីនឹងបើកយុទ្ធនាការស្វែងរកស្នាមមេដៃពីប្រជាពលរដ្ឋរងគ្រោះ ដោយសារការរំលោភបំពានដីធ្លីពីក្រុមហ៊ុន ដើម្បីតវ៉ារកយុត្តិធម៌ជូនលោក ហេង សុខ។
លោកចៅក្រម ភាព សុភា ដែលជាអ្នកកាត់ក្តីលោក ហេង សុខ បដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលធ្លាប់ប្រចាំនៅខេត្តកោះកុង បានឲ្យដឹងកាលពីពេលកន្លងមកថា វិវាទដីធ្លីរបស់លោក ហេង សុខ តំណាងពលរដ្ឋ៥០គ្រួសារ និងប្រជាពលរដ្ឋចំនួន១៧គ្រួសារផ្សេងទៀតជាមួយក្រុមហ៊ុនរបស់លោកសមាជិកព្រឹទ្ធសភា លី យ៉ុងផាត់នោះ បានកើតឡើង ក្រោយពីក្រុមហ៊ុននេះបានទទួលដីសម្បទានសេដ្ឋកិច្ចប្រមាណ៩៩៧៧ហិកតាពីរដ្ឋាភិបាលនៅឆ្នាំ ២០១០។
ផ្ទៃដីនេះគឺស្ថិតក្នុងតំបន់ឧទ្យានជាតិបទុមសាគរនៃខេត្តកោះកុង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។
លោក ហួរ អ៊ីន ថ្លែងថា លោក ហេង សុខ នៅមានសិទ្ធិដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីជំទាស់នឹងសាលក្រមរបស់សាលាដំបូង។ លោកលើកឡើងថា ក្រោយពេលមានការចាប់ឃុំខ្លួនលោក ហេង សុខ មានប្រជាពលរដ្ឋ២២គ្រួសារហើយក្នុងចំណោម៥០គ្រួសារនោះ បានព្រមទទួលយកការដោះស្រាយពីអាជ្ញាធរ និងក្រុមហ៊ុន។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សរូបនេះមិនអាចបញ្ជាក់ពីប្រភេទនៃសំណងនោះទេ ហើយក៏មិនមានតួលេខនៃចំនួនផ្ទៃដី ដែលត្រូវដោះស្រាយនោះដែរ។
អ្នកស្រី សាម សុគន្ធា មេធាវីការពារក្តីលោក ហេង សុខ សុំមិនធ្វើការអត្ថាធិប្បាយទេ ដោយអ្នកស្រីមិនបានស្ថិតនៅក្នុងសវនាការ។
លោក លី យ៉ុងផាត់ ស្ថិតក្នុងចំណោមអ្នកជំនួញមានឥទ្ធិពលបួននាក់ដែលត្រូវបានអង្គការឃ្លាំមើលបរិស្ថាន Global Witness បានស្នើឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម។ អង្គការនេះអះអាងថា សេដ្ឋីទាំងបួននាក់នេះបានដើរតួនាទីសំខាន់ក្នុងការគៃបន្លំនយោបាយនិងសេដ្ឋកិច្ចកម្ពុជា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបន្តក្តោបក្តាប់អំណាចទាំងស្រុង។
សេដ្ឋីទាំងបួននាក់ មានបីនាក់ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាគឺលោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន។
សេចក្តីប្រកាសមួយរបស់អង្គការ Global Witness ដែលបានចេញផ្សាយកាលពីខែកក្កដា កន្លងទៅ បានឲ្យដឹងថា ទង្វើខុសឆ្គងរបស់សេដ្ឋីទាំងបួនរូប រួមមានការរឹបអូសដីធ្លីពលរដ្ឋរាប់ពាន់គ្រួសារ ការកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធឈើខុសច្បាប់ ការបូមខ្សាច់ និងការធ្វើអាជីវកម្មកាស៊ីណូជាដើម។ ក្នុងប្រតិបត្តិការទាំងនោះ ពួកគេក៏ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលផងដែរ៕