យុវជន​​ដឹង​តិចតួច​​អំពី​របប​ខ្មែរក្រហម​ ប៉ុន្តែ​ប្តេជ្ញា​សិក្សា​បន្ថែម​សម្រាប់​ការ​ប្រឡង​បញ្ចប់​ថា្នក់​វិទ្យាល័យ

ក្រុម​យុវសិស្ស​ថ្នាក់ទី​១២​ នៅ​វិទ្យាល័យ​មេសាង​របស់​ខេត្តព្រៃវែង​ ប្រមាណ​៤០០នាក់​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅសាលាក្តី​ខ្មែរក្រហម​ ថ្ងៃទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA) 

ភ្នំពេញ — ការ​ព្រាត់​ប្រាស់​គ្រួសារ​ និង​ការ​ស្លាប់​បាត់​បង់​ជីវិត​គឺ​ជា​អ្វី​ដែលយុវតី​ ធី ថន ​បាន​ដឹង​ថា​ ធ្លាប់​កើត​ឡើង​នៅ​សម័យ​ខ្មែរ​ក្រហម។ ​ប៉ុន្តែ​ ​យុវតី​វ័យ ​១៨ ​ឆ្នាំ​រូប​នេះ​ មិន​បាន​ដឹង​លម្អិត​អំពី​ប្រវត្តិ​នៃ​ការ​កកើត​ឡើង​របប​ខ្មែរក្រហម​ ហើយ​ក៏​មិន​បាន​ដឹង​អំពីការ​កាត់​ក្តី​មេដឹក​នាំ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុតនៃ​របប​នេះ​នោះ​ដែរ។​

យុវតី ​ធី ថន ​ជា​សិស្ស​ថ្នាក់​ទី​ ១២ ​នៃ​វិទ្យាល័យ​មេសាង​ នៅ​ខេត្តព្រៃវែង​ ស្ថិត​ក្នុង​ចំណោម​សិស្ស​ប្រមាណ​៤០០​នាក់​ផ្សេង​ទៀត​មក​ពី​វិទ្យាល័យ​មេសាង ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​សិក្សា​ជា​លើក​ដំបូងនៅ​សាលាក្តី​ខ្មែរក្រហម​កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​វិច្ឆិកា។​

«អត់​ដែល​ធ្លាប់​ដឹង​ផង!​ ទើប​មក​លើក​ទីមួយ​អ៊ីចឹង។​ ហើយ​អ៊ីចឹង​ ខ្ញុំ​ចង់​ដឹង​អំពី​សម័យ​ហ្នឹង​ ហើយ​ចង់​ស្វែង​យល់ដើម្បី​ទៅ​ស្រាវ​ជ្រាវ​នៅ​ពេល​ប្រឡង»។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ និង​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ។​

មេ​ដឹកនាំ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​របប​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម​មិន​ដល់​ ១០ ​នាក់ត្រូវ​បាន​នាំ​មក​ប្រឈម​នឹង​ការ​កាត់​ក្តី​នៅ​សាលាក្តី​ខ្មែរ​ក្រហម។​

លោក ​នួន ជា ​អតីត​ប្រធាន​សភា លោក ​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​លោក ​អៀង សារី ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស ​និង​ប្រពន្ធ​របស់​លោក ​គឺ​អ្នកស្រី​ អៀង ធីរិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ ត្រូវ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ចំពោះ​អំពើ​ឃោរឃៅ​ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ។​

សព្វ​ថ្ងៃ​នៅ​សល់​តែ​លោក​ ខៀវ សំផន ម្នាក់​គត់​ដែល​បន្ត​ការ​កាត់​ទោស​ក្នុង​វ័យ​ចាស់​ជរា​របស់​ខ្លួន។​ លោក ​អៀង សារី ​និង​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​មុន​ដំណើរ​ការ​កាត់​ទោស​បាន​បញ្ចប់។​ ដោយ​ឡែក​លោក​ នួន ជា ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​សីហា ​ក្រោយ​ពី​ស្ថិត​ក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​មួយ​ខែ។ ​លោក​ នួន ជា ​និង​លោក​ ខៀវ សំផន ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំនួន​ពីរ​លើក​រួច​មក​ហើយ។​

យុវតី ​ធី ថន​ សិស្ស​ថ្នាក់​ទី​១២​ នៃ​វិទ្យាល័យ​មេសាង បាន​ផ្តល់​បទ​សម្ភាសន៍​ដល់ VOA នៅ​ក្នុង​ទស្សនកិច្ច​សិក្សា​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​ភ្នំពេញ​ ថ្ងៃទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

យុវតី​ ធី ថន​ មិន​សូវ​ស្គាល់​មេដឹកនាំ​ខាង​លើ​នេះ​ទេ​ តែ​បាន​អះអាង​ថា​ ធ្លាប់​បាន​ដឹង​អំពី​សម័យ​ប៉ុល ពត ​តាម​រយៈ​ការ​អាន​សៀវភៅ។​

«ខ្ញុំ​អត់​សូវ​ដឹង​ច្បាស់​ដែរ!​ ខ្ញុំ​ដឹង​ច្បាស់​តិចៗ​ ព្រោះ​អី​ខ្ញុំ​ធ្លាប់....ប៉ុល ពត​ ខៀវ សំផន និង​លោក​តា​លន់ នល់»។​

នៅ​ពេល​យុវតី​រូប​នេះ​មក​បំពេញ​ទស្សន​កិច្ច​រយៈពេល​ជាង​មួយ​ម៉ោង​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ មាន​ការ​បើក​សវនាការ​លើ​សំណុំ​រឿង​ ០០៣ ​ប្រឆាំង​នឹង​លោក​ មាស មុត។​

យុវតី ​ធី ថន ​ក៏​មិន​ស្គាល់​ថា​ លោក​ មាស មុត​ ជា​នរណា​នោះ​ដែរ។ ​ទោះ​យ៉ាង​ណា​ យុវតី​រូប​នេះ​ថា​ ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​តុលាការ​កូន​កាត់​ខ្មែរក្រហម​បាន​ផ្តល់​ឱកាស​ឲ្យ​កញ្ញា​ស្វែង​យល់​បន្ថែម​ទៀត​អំពី​របប​ខ្មែរ​ក្រហម​របស់​ប៉ុល ពត។​ នាង​និយាយ​ទៀត​ថា​ នាង​នឹងចែក​រំលែក​បទ​ពិសោធន៍​ដែល​នាង​បាន​ទទួល​ពី​សាលាក្តី​ ទៅ​ឲ្យ​សាច់​ញាតិ​របស់​នាង​ដែល​នៅ​ឯ​ខេត្ត​ព្រៃ​វែង។

នាង​ ស ស្រីនីត​ ជា​យុវតីមួយ​រូបទៀត​ ​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សាជាមួយ​យុវតី​ ធី ថន ​ដែរ។​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​មេសាង​ ​នាង​ ស្រីនីត ​បាន​ដឹង​តិចតួចអំពី​ប្រវត្តិ​សាស្ត្រ​នៃ​របប​កុម្មុយនីស្ត​ជ្រុល​និយម​ខ្មែរ​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ និង​បែក​បាក់​គ្រួសារ។​

ទោះ​យ៉ាង​ណា​ យុវតី​ ស ស្រីនីត និយាយ​ថា​ ការ​សិក្សា​ឲ្យ​បាន​ច្រើនអំពី​ប្រវត្តិ​ខ្មែរ​ក្រហមអាច​ជា​ដើម​ទុន​មួយ​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាង​មុខ។ ​បន្ថែម​លើ​នេះ​ នាងក៏​បាន​អំពាវនាវ​ឲ្យ​យុវ​សិស្ស​ផ្សេង​ទៀត​ ខិតខំ​យល់​ដឹង​អំពី​របប​ខ្មែរ​ក្រហមដើម្បី​សម្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ក្រោយ។​

«ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ដល់​បងប្អូន​ និង​មិត្តភក្តិ​ទាំង​អស់គ្នា​ ព្រោះ​ថា​ ប្រវត្តិ​សាស្ត្រ​ខ្មែរ​ក្រហម​ យើង​មិន​អាច​បំភ្លេច​បាន​ទេ​ ព្រោះ​វា​ ព្រោះ​ធ្លាប់​កើត​នៅ​លើ​ប្រទេស​កម្ពុជា​យើង​ ហើយ​យើង​ត្រូវ​ចង​ចាំ​វា​ ព្រោះ​ វា​មាន​ប្រយោជន៍ចំពោះ​អ្នក​សិក្សាដើម្បី​យក​ទៅ​ធ្វើការ​ប្រឡង​ផ្សេងៗ»។​

ចំណែក​យុវជន ​រុន ភៀន​ វ័យ​ ១៩ ​ឆ្នាំ​ មិន​បាន​ដឹង​អំពី​គោល​បំណង​នៃ​ការ​បង្កើត​សាលាក្តី​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​នោះ​ទេ ​ហើយ​ក៏មិន​សូវ​ចាំ​ឈ្មោះ​មេ​ដឹកនាំ​សំខាន់ៗ​នៃ​របប​នេះ​ដែរ។​

សម្រាប់​យុវជន​រូប​នេះ ផែន​ការ​កែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធដែល​មិន​សូវ​មាន​គុណភាព​នៅស្រុក​កំណើត​នា​ខេត្តព្រៃវែង ​គឺ​ជា​រឿង​ចាំ​បាច់ជាង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ​ដែល​ធ្វើ​ឲ្យ​យុវជន​នេះ​កន្លង​មក​មិន​បានស្វែង​យល់​ពី​របបប្រវត្តិសាស្ត្រ​សម័យ​ខ្មែរក្រហម។​

«ដោយ​សារ​តែ​មាន​បញ្ហា​ផ្លូវថ្នល់​ ធ្វើ​ ធ្វើ​ទៅ​អត់​សូវ​បាន​ល្អ​ ហើយ​មាន​គ្រួសារ​ក្រីក្រ​មួយ​ចំនួន»។​

យុវជន រុន ភាន​ សិស្សថ្នាក់​ទី​១២​ នៃ​វិទ្យាល័យ​មេសាង ស្ថិត​នៅ​ក្នុង​ទស្សនកិច្ច​សិក្សា​នៅ​សាលាក្តី​ខ្មែរក្រហម​ ថ្ងៃទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​វ័យ​ក្មេង​ច្រើន។ ​មាន​ប្រជាជន​តែ​ ១០ ​ភាគរយ​ប៉ុណ្ណោះ​មាន​វ័យ​ ៥០ ​ឆ្នាំ ​ឬ​ចាស់​ជាង​នេះ។ ​ពាក់​កណ្តាល​នៃ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន ​១៦ ​លាន​ ៥ សែន​នាក់​គឺ​មាន​អាយុ​ក្រោម​ ២២ ​ឆ្នាំ។ ​ប្រសិន​បើ​ឪពុក​ម្តាយ​របស់​យុវជន​ទាំងអស់​នោះ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរក្រហម​ ពួក​គេ​កម្រ​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​បាន​ឆ្លងកាត់​ណាស់ ​ពីព្រោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ជឿ​ថា​ ​ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ការ​ឈឺចាប់​ទៅ​ដល់​កូនៗ​របស់​ពួក​គេ។​

ការណ៍​នេះ​មាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​មិន​បាន​រស់​នៅ​ដោយ​ផ្ទាល់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​គេ​ដឹង​ថា​ ​បាន​សម្លាប់​គ្រូ​បង្រៀន​ គ្រូពេទ្យជា​ច្រើន​ ដោយ​ប្រើ​ត្បូង​ចប ​និង​មិន​ឲ្យ​តម្លៃ​ជីវិត​មនុស្ស​ស្មើ​នឹង​គ្រាប់​កាំភ្លើង​ផង។

ដោយឡែក​ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៩​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ​ចំនួន​អ្នក​ទស្សនា​ ដែល​បាន​ទៅ​សិក្សា​ស្វែង​យល់​អំពី​សាលាក្តី​ខ្មែរ​ក្រហម​មាន​ប្រមាណ​ជិត​កន្លះ​លាន​នាក់។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ នេត្រ ភក្ត្រា​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម។​

លោក​បន្ត​ថា​ ​ពាក់​កណ្តាល​នៃ​អ្នក​ទស្សនា​ទាំង​នោះ​ គឺ​ជា​យុវជនដែល​ជា​សិស្ស ​និង​និស្សិត​កើត​ក្រោយ​សម័យ​ខ្មែរ​ក្រហម។ ​ហើយ​ក្រុម​ការងារ​ផ្នែក​កិច្ចការសាធារណៈ​របស់​សាលាក្តី​ក៏​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​នេះ​ដល់​សិស្ស​ និង​និស្សិត​ជិត​ ២០ ​ម៉ឺន​នាក់​ផ្សេងទៀត​នៅ​តាម​វិទ្យាល័យ​ និង​មហា​វិទ្យាល័យ​នានា​ផង​ដែរ។​

«ការ​រៀប​ចំនូវ​ដំណើរ​ទស្សនកិច្ច​របស់សាលាក្តី​ខ្មែរ​ក្រហម​ សម្រាប់​ប្រជា​ពលរដ្ឋ​ សម្រាប់​សិស្សានុសិស្សពីតាម​ជនបទ​នេះ​មក​នេះ​ គឺដើម្បី​ឲ្យ​ពួកគាត់​ហ្នឹងគឺ​ទទួល​បាន​នូវ​ព័ត៌មាន​ពេញ​លេញ​អំពី​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​ ក៏ដូច​ជា​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តាម​ទីតាំង​ឧក្រិដ្ឋ​កម្ម​ផ្សេងៗ ​ដូច​ជា​ មន្ទីរ​សន្តិសុខ​ស-២១​ គុក​ទួលស្លែង​ ឬ​ក៏​បឹង​ជើងឯក​ជាដើម»។​

ការ​សិក្សា​លម្អិតបែប​ប្រវត្តិសាស្ត្រអំពី​របប​ខ្មែរក្រហម​ ​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​អប់រំជាតិ​នៅ​ឆ្នាំ​២០០៩។​

ការ​សិក្សា​ថ្មីមួយ​របស់​មជ្ឈ​មណ្ឌល​ WSD Handa ​ដើម្បី​សិទ្ធិ​មនុស្ស​នៃ​សាកល​វិទ្យាល័យ​ Standford ​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​បង្ហាញ​ថា​ ​តុលាការ​ខ្មែរក្រហម​ ដែល​ជា​តុលាការ​អន្តរជាតិ​មួយ​នេះត្រូវ​បាន​សិស្ស​សាលា​ក្នុង​ទីក្រុង​ភ្នំពេញ ​មើល​ឃើញ​ថា​ ជា​«ឧបករណ៍​សម្រាប់​ការ​អប់រំ​ច្រើនជាង​មធ្យោបាយ​ដើម្បី​រក​យុត្តិធម៌»។

ការសិក្សា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០១៨​ នោះបាន​ស្ទង់​មតិ​សិស្ស​សាលា​ចំនួន​ ៨៣ ​នាក់ជាមួយ​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១៦​ ​មន្ត្រីរដ្ឋាភិបាល​ និង​អ្នក​អប់រំ​ជាច្រើន​នាក់​ទៀត៕