ប្រជាជន​ខ្មែរ​អាមេរិកាំង​មាន​សំឡេង​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ករណី​០០២

  • ជាង សុភីណារ័ត្ន

អ្នក​ស្រី​ព្រំ​ រ័ត្ន ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​ ជាដើមបណ្តឹង​​​រដ្ឋប្បវេណី​​​ម្នាក់​ក្នុង​សំណុំរឿង​០០២។

របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​បាន​ផុត​រលត់​ជាង​៣០​ឆ្នាំ​មក​ហើយ ​ប៉ុន្តែរឿង​រ៉ាវ​និង​បទ​ពិសោធន៍​ដ៏​ជូរចត់​នេះមិន​អាចផុត​រលត់​ពី​អារម្មណ៍​ជនជាតិ​ខ្មែរ​អាមេរិកាំង​ដែល​ដាក់​ពាក្យបណ្តឹង​ក្នុង​សំណុំ​រឿង​០០២​នោះ​ទេ។ ពួកគាត់​បាន​រៀបរាប់​រឿងវ៉ាវ​របស់គេ​ប្រាប់​មេធាវី​ដែល​តំណាង​ឲ្យ​ពួកគេ​ក្នុង​សវនាការ​សំណុំ​រឿង​នេះ។

របប​ប្រជា​ធិប​តេយ្យ​បាន​ផុត​រលត់​ជាង​៣០​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ការ​ចងចាំ​នូវ​រឿង​រ៉ាវ​និង​បទរដ្ឋ​ពិសោធន៍​ដ៏​ជូរចត់​មិន​បាន​ផុត​រលត់​នោះ​ទេ។​ការ​នៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​គឺ​ជា​ឩបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​អាមេរិកាំង​មាន​ការ​ពិបាក​ក្នុង​ការ​តាម​ដាន​និង​ចូលរួម​ជាមួយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។​ ប៉ុន្តែ​ភាព​នៅ​ឆ្ងាយ​ពី​អង្គ​ជំនុំ​ជម្រះ​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោក​ស្រី​ពេជ្យ​ ច័ន្ទ​ថន​និង​លោក​ស្រី​ព្រំ​រ័ត្ន​បោះបង់​ចោល​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ករណី​០០២​នោះ​ទេ។ ​តាម​រយៈ​អង្គការ​សិក្សា​សង្គម​កម្ពុជា​ លោក​ស្រី​ទាំងពីរ​និង​ប្រជាជន​ខ្មែរ​អាមេរិកាំង​១៦៨​នាក់​ទៀត​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាក្តី​កាត់ទោស​មេដឹក​នាំ​ខ្មែរក្រហម​ករណី​០០២​ តាមរយៈ​មេធាវី​ពី​មជ្ឈមណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុសត្រូវ ​ដែល​តំណាង​ឲ្យ​បណ្តឹង​របស់​គេ។

នៅ​ក្នុង​សិក្ខា​សាលា​«ពី​ជន​រង​គ្រោះ​ក្លាយ​ជាសាក្សី»​ដែល​រៀប​ចំ​ឡើង​នៅ​បណ្ណាល័យ​ម៉ាក​ធ្វេន​ ទីក្រុង​Long Beach ​រដ្ឋ​California​ដោយ​អង្គការ​សិក្សា​សង្គម​កម្ពុជា​សហការ​ជាមួយ​និង​មជ្ឈ​មណ្ឌល​សម្រាប់​យុត្តិធម៌​និង​ការ​ទទួល​ខុស​ត្រូវ​នេះ​លោកស្រី​ព្រំ រ័ត្ន​ជា​ដើម​បណ្តឹង​រប្ប​វេ​ណី​បាន​និយាយ​ប្រាប់​អ្នក​ចូលរួម​ពី​រឿង​រ៉ាវ​របស់​គាត់​នៅ​សម័យ​ខ្មែរ​ក្រហម​ និង​សូម​ឲ្យ​តុលា​ការ​ធ្វើ​យ៉ាង​ណា​ជួយ​រក​យុត្តិធ៌ម​ជូន​គាត់​ផង។​ លោក​ស្រី​បាន​រៀប​រ៉ាប់​យ៉ាង​ដូច្នេះ​ថា​៖

«ខ្ញុំ​នេះវា​ឲ្យ​ធ្វើ​ការ​ធ្ងន់​ណាស់។ ​ធ្វើ​ការ​នៅ​រោង​ចក្រ​ផង​ហើយ​ជួន​កាល​វា​ឲ្យ​ខ្ញុំ​ទៅ​ភ្ជួរ​ស្រែ។​ ខ្ញុំ​នេះ​វា​ឲ្យ​ធ្វើ​គោ។ ​វា​យក​ខ្ញុំ​ទៅ​ទឹម​ធ្វើ​គោ​ភ្ជួរ​ស្រែ។​យើង​មនុស្ស​ភ្ជួរ​ទៅ​វា​មិន​ដូច​គោ​ទេ។​ កន្លែង​ខ្លះ​ដី​ដាច់​ ហើយ​វា​ឲ្យ​ខ្ញុំ​កាប់​ដី​ក្នុង​ទឹក​ហើយ​ពួក​យើង​បិទ​ភ្នែក។​ យើង​កាប់​ទៅ​ខ្ចាយ​ភក់​ចូល​ពេញ​ភ្នែក។​ ហើយ​ទឹក​ភក់​ចូល​ត្រចៀក ​កើត​ដំបៅ ​ហើយ​អត់​ថ្នាំ​អី​មើល​ទេ។ ​ខ្ញុំ​ឈឺ​រហូត​ដល់​ចូល​អា​មេរិក​ទើប​ខ្ញុំ​ជា​ដំបៅ​ហ្នឹង»។

រីឯ​អ្នកក​ស្រី​ពេជ្យ ​ច័ន្ទ​ថន​ក៏​បាន​និយាយ​រឿង​រ៉ាវ​ដ៏​ជូ​ចត់​របស់​គាត់​ហើយ​គាត់​មិន​ចង់​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​បញ្ឈប់​ការ​កាត់​ក្តី​ត្រឹម​ករណី​០០២​ប៉ុណ្ណោះ​ទេ។​ លោក​ស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​ «ឥឡូវ​នេះ​ឮ​សូរ​ថា​ នៅ​ឯ​ខាង​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ទាំង​អស់​គ្នា​ដែល​បាន​ដាក់​ទៅ។ ​ខ្ញុំ​សប្បាយ​ចិត្ត​ថែម​ទៀត។ ​តុលា​ការ​ចង់​បញ្ឈប់​ត្រឹម​ពីរ​សំណុំ​រឿង​ហ្នឹង​គឺ​ទី១​និង​ទី២។ ​ខ្ញុំ​មិន​ចង់​ឲ្យ​ឈប់​ទេ។ ខ្ញុំ​សូម​តវ៉ា​ឲ្យ​ធ្វើ​បន្ត​ទៀត»។

ការ​ចង់​ឲ្យ​បន្ត​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​បន្ទាប់​ពី​ករណី​០០២​ត្រូវ​បាន​គាំទ្រ​ពី​សំណាក់​អ្នក​ចូល​រួម​សិក្ខា​សាលា​ ហើយ​អ្នក​រៀប​ចំ​កម្មវិធី​បាន​រៀប​ចំ​ជា​ក្រដាស់​ស្នាម​សម្រាប់​អ្នក​ចូល​រួម​ចុះ​ឈ្មោះ​និង​ចុះ​ហត្ថលេខា​គាំ​ទ្រ​លើ​សំណើ​នេះ​ដើម្បី​ធ្វើ​ជា​ញត្តិ​ឲ្យ​មេធាវី​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។

អ្នក​ស្រី​មេធាវី​នូ​ស៊ីន​សា​កា​រា​ទី​(Nushin Sarkarati)​ដែល​ជា​មេធាវី​នៅមជ្ឈ​មណ្ឌល​សម្រាប់​យុត្តិធ៌ម​ និង​ការ​ទទួល​ខុស​ត្រូវ​និង​ជាអ្នក​តំណាង​ឲ្យ​ពាក្យ​បណ្តឹង​ទាំង​១៧០​ច្បាប់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​«នៅ​សហ​រដ្ឋ​អាមេរិក​មាន​ខ្មែរ​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ប្រហែល​១៥០០០០​នាក់។​ ដូច្នេះ​មាន​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ច្រើន​ណាស់។ ​សំឡេង​របស់​គេ​មាន​សារៈ​សំខាន់​ក្នុង​ការ​កាត់​ទោស​នេះ​ ព្រោះ​ថា​ វា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ គេ​មាន​ឱកាស​ទាម​ទារ​យុត្តិធម៌។ ​យុត្តិធម៌​នេះ​អាច​ឲ្យ​គេ​ធូរ​អារម្មណ៍​ពី​ជំងឺ​ផ្លូវ​ចិត្ត​សល់​ពី​របប​ខ្មែរក្រហម»។

ចំណែក​ឯ​អ្នក​ស្រី​បណ្ឌិត​នូ​លក្ខិណា​នាយិកា​ប្រតិបត្តិ​របស់​អង្គការ​សិក្សា​សង្គម​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​កិច្ចការ​របស់​អ្នកស្រី​ក្នុង​ការ​រៀប​ចំ​កម្មវិធី​យ៉ាង​ដូច្នេះ​ថា៖​ «ASRIC ​មាន​បំណង​បង្កើត​វិចិត្រ​សាល​មួយ​ដូច​ដែល​ខ្ញុំ​ពន្យល់​ក្នុង​អង្គ​ប្រជុំ។​ វាសំខាន់។​ បើ​សាល​ក្រម​មិន​សម​តាម​ចិត្ត​គាត់​ កុំ​ឲ្យ​គាត់​អត់​ចិត្ត​ កុំ​ឲ្យ​បេះដូង​គាត់​ឈឺ​ម្តង​ទៀត។​ ហើយ​ពួក​ជន​រង​គ្រោះ​គាត់​អត់​ចង់​បាន​អី​ច្រើន​ទេ។ ​គាត់​គ្រាន់​តែ​ចង់​ឮ​សូរ​ថា ​ការ​ឈឺ​ចាប់​របស់​គាត់​ត្រូវ​តុលា​ការ​ទទួល​ស្គាល់​ ហើយ​តុលា​ការ​គោរព​ ឲ្យ​តម្លៃ​គាត់​ជា​មនុស្ស។​ កុំ​ឲ្យ​ថា​គ្រាន់​តែ​គាត់​ជា​ជន​រង​គ្រោះ​ អត់​ឲ្យ​តម្លៃ​គាត់​ជា​មនុស្ស។ ថ្ងៃ​នេះ​ខ្ញុំ​យល់​ថា ​បាន​ជោគជ័យ​ខ្លាំង​ណាស់។​ ខ្ញុំ​បាន​ឃើញ​លោក​អ៊ំ ​លោក​យាយ​ប៉ុន្មាន​នាក់​ គាត់​យំ​ ហើយ​ខ្ញុំ​មើល​ឃើញ​គាត់​មាន​សង្ឃឹម​ក្នុង​ភ្នែក​គាត់»។

នៅ​ពេល​បិទ​កម្មវិធី​ អ្នក​រៀប​ចំក៏​មាន​ជា​ការ​ស្មូត​ដើម្បី​ជា​ការ​រំងាប់​អារម្មណ៍​តាន​តឹង៕