អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា នួន ជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតជាលើកទី២ ចំពោះអំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម ពុទ្ធសាសនិកជន ក្នុងរបបដ៏ខ្មៅងងឹតនោះ។
នៅក្នុងសាលក្រមបញ្ចប់ករណី ០០២/០២ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម លោក និល ណុល នៅព្រឹកថ្ងៃសុក្រនេះ បានលើកឡើងពីការទទួលខុសត្រូវរបស់ នួន ជា និង ខៀវ សំផន ក្នុងសម័យខ្មែរក្រហម ពាក់ព័ន្ធនឹងការឃុំឃាំង ការធ្វើទារុណកម្ម ការសម្លាប់ ការបង្ខំឲ្យរៀបការ ការបង្ខំឲ្យរួមភេទ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម ព្រមទាំងការសម្លាប់ជនជាតិវៀតណាម។
លោក និល ណុន បានបញ្ជាក់ថា នួន ជា មានពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវលើការឃុំឃាំង ការធ្វើទារុណកម្ម ការសម្លាប់ ការបង្ខំឲ្យរៀបការ ការបង្ខំឲ្យរួមភេទ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម ព្រមទាំងជនជាតិវៀតណាម។ ចំណែក ខៀវ សំផន ក៏មានជាប់ពាក់ព័ន្ធនឹងករណីដូចគ្នាទាំងអស់នេះ ប៉ុន្តែ ខៀវ សំផន ត្រូវបានរកឃើញថា មិនមានពាក់ព័ន្ធនឹងការសម្លាប់ជនជាតិចាមនោះទេ។
យ៉ាងណាក្តី លោក និល ណុន បានប្រកាសដាក់ទោស នួន ជា ដែលមានវ័យ៩២ឆ្នាំ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយបូកបញ្ចូលនឹងការកាត់ទោសលើកទីមួយ តាមន័យដើមដោយមានជាប់សំឡេងអ្នកបកប្រែថា៖
«អង្គជម្រះសម្រេចផ្តន្ទាទោស ជនជាប់ចោទ នួន ជា ដាក់ពន្ធនាគារអស់មួយជីវិត ដោយពិចារណាលើការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតចំពោះគាត់ នៅក្នុងសំណុំរឿង០០២/០១ អង្គជម្រះសម្រេចរួមបញ្ចូលគ្នានូវការផ្តន្ទាទោសទាំងពីរ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ»។
លោក និល ណុន ប្រកាសដាក់ទោស ខៀវ សំផន ដែលមានវ័យ៨៧ឆ្នាំ យ៉ាងដូច្នេះ៖
«អង្គជម្រះសម្រេចផ្តន្ទាទោស ជនជាប់ចោទ ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត ដោយពិចារណាលើការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតចំពោះគាត់ នៅក្នុងសំណុំរឿង០០២/០១ អង្គជម្រះសម្រេចរួមបញ្ចូលគ្នានូវការផ្តន្ទាទោសទាំងពីរ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ»។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងរួចមកហើយ ពាក់ព័ន្ធនឹងសំណុំរឿង០០២/០១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។
ដោយឡែក ករណីសំណុំរឿង ០០២/០២ ដែលប្រកាសសាលក្រមដំបូងនៅថ្ងៃសុក្រនេះ គឺសំណុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុ នៅតាមការដ្ឋានការងារ សហករណ៍ មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តចំពោះពុទ្ធសាសនិកជន និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។
សូមបញ្ជាក់ផងដែរថា ការប្រកាសសាលក្រមរយៈពេលជាង២ម៉ោងនៅព្រឹកថ្ងៃសុក្រនេះត្រូវបានធ្វើឡើងចំពោះមុខ ខៀវ សំផន ខណៈ នួន ជា បានស្នើសុំអង្គុយស្តាប់សាលក្រមតាមទូរទស្សន៍ក្នុងសម្រាករបស់ខ្លួនដោយអះអាងមានបញ្ហាសុខភាព។
ភ្លាមៗ ក្រោយការប្រកាសសាលក្រមដំបូងលើករណី ០០២/០២ លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំសាលាក្តីខ្មែរក្រហម បានប្រាប់អ្នកសារសារព័ត៌មាន ដែលរងចាំនៅឯសាលាក្តីថា ការសម្រេចរបស់សាលាក្តីខ្មែរក្រហមក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នឹងអាចទប់ស្កាត់មិនឲ្យមានអំពើប្រល័យពូជសាសន៍ណាមួយកើតឡើង។
លោកបញ្ជាក់ថា៖
«កេរដំណែលរបស់អ.វ.ត.ក ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់បំផុតដែលគួរថែរក្សាទុក និងផ្តល់ទុកឲ្យសម្រាប់មនុស្សជំនាន់ក្រោយដែលរួមមាន ការចងចាំ និងការទប់ស្កាត់របបប្រល័យពូជសាសន៍ និងការអប់រំ ក៏ដូចជាការកសាងសមត្ថភាព និងការពង្រឹងស្ថាប័នក្នុងវិស័យយុត្តិធម៌»។
សវនាការដេញដោលពិនិត្យភស្តុតាងសំណុំរឿង ០០២/០២ បានចាប់ផ្តើមដោយការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង មានរយៈពេលសរុបចំនួន ២៨៣ថ្ងៃ។ ក្រោយការប្រកាសសាលក្រមករណី ០០២/០២ នេះ នួន ជា និង ខៀវ សំផន មានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ ប្រសិនបើពួកគេមិនពេញចិត្តនឹងការសម្រេចរបស់តុលាការកូនកាត់ឱ្យពួកខ្លួនជាប់គុកអស់មួយជីវិត មុនសាលក្រមចូលជាធរមាន។
លោក អ៊ឹម ប៊ុនឈឿន ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបដែលបានចូលស្តាប់ការប្រកាសសាលក្រមនៅព្រឹកនេះ ប្រាប់ VOA ថា លោកមិនទាន់ពេញចិត្តនឹងការសម្រេចដាក់ទោសមួយជីវិតនៅឡើយទេ ដោយលោកថា ដោយសារអតីតមេដឹកនាំខ្មែរក្រហមទាំងពីតរូបនោះមិនបានទទួលស្គាល់ថា ពួកគេពិតជាបានប្រព្រឹត្តដូចការការរកឃើញរបស់តុលាការ។
លោកបញ្ជាក់ថា៖
«អ្នកទាំងពីរហ្នឹង ជនជាប់ចោទហ្នឹង មេដឹកនាំក្នុងសម័យខ្មែរក្រហម គាត់អត់សារភាពទទួលកំហុសថា គាត់បានបញ្ជា អ្នកនៅក្រោមបញ្ជារបស់គាត់ហ្នឹង អត់បាយ អត់ទឹកអញ្ចឹងមែន អាហ្នឹងយើងជាអ្នកដើមបន្តឹងអស់ចិត្តហើយ។ តែគាត់អត់សារភាពថាអញ្ចឹងផង គាត់អត់បានថាអញ្ចឹងផង អត់បានបញ្ជាឲ្យធ្វើអញ្ចឹងផង គាត់គ្រាន់តែថាសុំទោសតែប៉ុណ្ណឹង អញ្ចឹងពួកខ្ញុំដែលជាដើមបណ្តឹង ដែលជា វាមិនអស់ចិត្ត មិនស្ងប់ចំពោះរឿងហ្នឹង»។
ដោយឡែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt បានថ្លែងស្វាគមន៍ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងពីររូបនោះ ថា ជាការផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។
លោកបញ្ជាក់តាមរយៈសារអេឡិចត្រូនិកដែលផ្ញើឲ្យអ្នកសារព័ត៌មានក្នុងន័យដើមថា៖
«សហរដ្ឋអាមេរិកសូមសាទរចំពោះជនរងគ្រោះ និងអ្នកគាំទ្ររបស់គេ ដែលបានខិតខំដោយគ្មានស្រាកស្រាន្ត ដើម្បីអោយមានការទទួលខុសត្រូវ និងសូមសាទរចំពោះសាក្សីដែលមានសេចក្តីក្លាហានក្នុងការប្រាប់ពីការពិតដែលឈឺចាប់ អំពីបទរំលោភបំពានគួរអោយរន្ធត់ ដែលពួកគេបានទទួលរង។ យើងសូមសាទរផងដែរ ចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានផ្តល់ជាកន្លែងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារបទឧក្រិដ្ឋដ៏សែនយង់ឃ្នងនៃរបបខ្មែរក្រហម»។
សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើងក្រោមជំនួយរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦ ក្នុងគោលបំណងស្វែងរកការពិត និងយុត្តិធម៌ ចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា ឬដែលគេស្គាល់ថា ជាក្រុមខោអាវខ្មៅខ្មែរក្រហម។
ក្នុងអំឡុងពេលដំណើរការចាប់តាំងពីឆ្នាំ២០០៦មក ក្រៅពី នួន ជា និង អៀង សារី តុលាការនេះបានឃុំខ្លួនអតីតមេដឹកនាំខ្មែរក្រហមផ្សេងទៀត គឺ កាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០១ ចំណែក អៀង សារី និង អៀង ធីរិទ្ធ ស្លាប់ក្នុងពេលដំណើរការកាត់ទោសក្នុងឆ្នាំង២០១៥។
សាលាក្តីខ្មែរក្រហមដែលមានការចូលរួមសវនាការពីចៅក្រមអន្តរជាតិផងនោះ បានគ្រោងចាត់ការកាត់ក្តីសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែដំណើរការនេះហាក់មានភាពចម្រូងចម្រាសដោយសារមានការខ្វែងគំនិតគ្នារវាងចៅក្រមជាតិ និងចៅក្រមអន្តរជាតិ។
យ៉ាងណាក៏ដោយ កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេបញ្ជាការខ្មែរក្រហមមួយរូប ធ្លាប់បានប្រកាសរំលាយតុលាការ បើតុលាការនេះបន្ត នាំខ្លួនជនសង្ស័យបន្ថែម ក្នុងសំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យដំបូង៥នាក់ មកកាត់ទោសបន្ត។ ក្រោយមកមានការទម្លាក់ចោលបទចោទលើជនសង្ស័យមួយចំនួន ដែលបានគ្រោងយកមកជំនុំជម្រះជាបន្តបន្ទាប់។
ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងផ្នែកតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រាប់អ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលថា ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងពីររូប គឺបានបង្ហាញថា យុត្តិធម៌ដែលសម្រេចបាននៅក្នុងសាលក្រមនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់គណនេយ្យភាពអន្តរជាតិ និងយុត្តិធម៌សម្រាប់ជនល្មើសនៃឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតរបស់ពិភពលោក។ ទោះយ៉ាងណាលោកថា លោកមិនមានជំនឿថា សំណុំរឿង០០៣ និង០០៤ នឹងមិនត្រូវបានគេយកមកជំនុំជម្រះនោះទេ។
លោកបានលើកជាសំណួរពាក់ព័ន្ធនឹងសំណុំរឿង០០៣ និង០០៤ ដែលអាចពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា៖
«ជាអកុសល ថ្នាក់ដឹកនាំខ្មែរក្រហមផ្សេងទៀតដែលស្ថិតក្នុងការស៊ើបអង្កេតចំពោះឧក្រិដ្ឋកម្ម ក្នុងសំណុំរឿង ០០៣ និង០០៤ ទំនងជានឹងមិនត្រូវបានគេកាត់ទោសនោះទេ ព្រោះភាពដាច់អហង្ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ចប់ដំណើរស្វែងរកយុត្តិធម៌នេះ។ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ជំពាក់ការបកស្រាយដល់សហគមន៍អន្តរជាតិ ពីមូលហេតុពិតប្រាកដនៃការបញ្ចប់ដំណើរការកាត់ទោសលើសំណុំរឿងបន្ថែមទាំងពីរនេះ។ របបខែ្មរក្រហម ត្រូវបានផ្តាច់ផ្ដិលទាំងស្ថាប័ននយោបាយនិងយោធាបាត់ទៅហើយ ចុះហេតុអ្វីបានរដ្ឋាភិបាលកម្ពុជាមានការភ័យខ្លាចក្នុងការស្វែងរកការពិតក្នុងករណី០០៣ និង០០៤ ដើម្បីធ្វើការសនិ្នដ្ឋានចុងក្រោយរបស់ពួកគេដ៏សមហេតុផល?»
ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៧ សាលាក្តីខ្មែរក្រហម បានចំណាយថវិកាអស់២៩៧លានដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាបានមកពីរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយអន្តរជាតិផ្សេងៗ ក្នុងនោះប្រទេសជប៉ុន ជាម្ចាស់ជំនួយធំជាងគេ គឺស្មើនឹងប្រមាណជា២៩ភាគរយនៃថវិកាសរុប។
សាលាក្តីកូនកាត់មួយនេះបានជំនុំជម្រះនិងផ្តល់សំណងដល់ដើមបណ្តឹងរដ្ឋប្បវេណីជាសំណងផ្លូវចិត្ត និងសំណងសមូហភាព តាមរយៈការទទួលស្គាល់ជនរងគ្រោះជាដើមបណ្តឹង ការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ ការបញ្ចូលកម្មវិធីផ្សព្វផ្សាយនិងអប់រំជាដើម។ យ៉ាងណាក្តី នៅមានដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួន ទទូចចង់បានសំណងជាទឹកប្រាក់សម្រាប់បុគ្គលម្នាក់ៗប៉ុន្តែសំណើនេះត្រូវបានអង្គជំនុំជម្រះច្រានចោល ដោយអះអាងថាមិនមានលទ្ធភាពផ្តល់ឲ្យ៕