អ្នកភូមិចាមនៅក្នុងខេត្តព្រះសីហនុហាក់មានសង្ឃឹមឡើងវិញថា ពួកគេនឹងអាចទទួលបានយុត្តិធម៌ពីការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បន្ទាប់ពីការធ្វើទស្សនកិច្ចរបស់សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមនៅក្នុងខេត្តនោះកាលពីខែមុន។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីខេត្តព្រះសីហនុជូនដូចតទៅ៖
ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្ថិតនៅចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីរួមស្រុកព្រៃនុប ខេត្តព្រះសីហនុ បានប្តូរអារម្មណ៍ទៅជាវិជ្ជមានចំពោះសាលាក្តីខ្មែរក្រហមវិញក្រោយពីបានជួបផ្ទាល់ជាមួយសហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមគឺលោក Andrew Cayley។
លោក Andrew Cayley សហព្រះរាជអាជ្ញាថ្មីខាងភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម បានមកជួបជាមួយអ្នកភូមិព្រែកទាល់ដែលជាភូមិតូចមួយក្នុងខេត្តព្រះសីហនុនេះកាលពីខែមេសា នៅក្នុងផ្នែកមួយនៃការធ្វើដំណើររបស់លោកទៅកាន់ទីជនបទដើម្បីជួបជាមួយជនរងគ្រោះនៃរបបខ្មែរក្រហមនិងដើម្បីសិក្សាពីពួកគេអំពីទំហំនៃឧក្រិដ្ឋកម្មដែលបានកើតឡើងនៅទីនោះ។
ក្រុមអ្នកភូមិព្រែកទាល់នេះសង្ឃឹមថា សហព្រះរាជអាជ្ញារូបនេះនឹងអាចនាំយកអតីតមេដឹកនាំនៃរបបខ្មែរក្រហមមកកាត់ទោសឱ្យបានឆាប់ មុនពេលដែលអតីតមេដឹកនាំដែលមានវ័យកាន់តែចាស់ជរាទាំងនោះ ស្លាប់បាត់បង់ជីវិតទៅ។
លោក ឡិប សារ៉េម វ័យ៦៧ឆ្នាំ បានមានប្រសាសន៍នៅក្នុងបរិវេណផ្ទះមួយដែលអ្នកភូមិបានជួបប្រជុំជាមួយសហព្រះរាជអាជ្ញាអន្តរជាតិនោះថា លោកចាប់ផ្តើមមានសង្ឃឹមឡើងវិញក្នុងការទទួលបានយុត្តិធម៌សម្រាប់ខ្លួនលោកនិងកូនចៅ សាច់ញាតិរបស់លោកដែលបានស្លាប់ក្នុងរបបខ្មែរក្រហម បន្ទាប់ពីមានការធ្វើទស្សនកិច្ចរបស់សហព្រះរាជអាជ្ញាអន្តរជាតិនៅក្នុងភូមិរបស់លោកមក។
កាលពីមុន លោកឡិប សារ៉េម បានបាត់បង់ការជឿជាក់ទៅលើសាលាក្តីខ្មែរក្រហម ដោយសារតែ ការអូសបន្លាយពេលយ៉ាងយូរក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
“ពេលដែលគាត់មិនទាន់មក គឺអារម្មណ៍ ខ្ញុំគឺនៅជួបប្រទះនូវការស្មុគស្មាញច្រើន។ ពេលដែលឃើញ គាត់មកហ្នឹង អារម្មណ៍ខ្ញុំគ្រាន់ធូរស្រាល។ ហេតុអីបានថា ធូរស្រាល? ព្រោះខ្ញុំសង្ឃឹមថា ពិតជាដោះស្រាយដល់ប្រជាពលរដ្ឋយើងខ្ញុំ ដោះស្រាយរឿងកាត់ទោសដល់របបខ្មែរក្រហមហ្នឹង។ ខ្ញុំសង្ឃឹមថា ពិតជារកយុត្តិធម៌ ពិតជាដោះស្រាយកន្លែងហ្នឹងឱ្យប្រជាជនសុខចិត្ត”។
លោក Andrew Cayley ត្រូវបានតែងតាំងជាសហព្រះរាជអាជ្ញាអន្តរជាតិជំនួសលោក Robert Petit កាលពីខែវិច្ឆិកា ឆ្នាំ២០០៩។ បន្ទាប់ពីបានឡើងកាន់តំណែង លោកបានធ្វើដំណើរទៅជួបជាមួយអ្នកភូមិជាច្រើននៅក្នុងខេត្តសៀមរាប កំពង់ចាម ព្រមទាំងខេត្តព្រះសីហនុនេះផងដែរ ដើម្បីស្តាប់កង្វល់របស់អ្នកភូមិ និងពន្យល់ពួកគេអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហម។
លោក សើ យ៉ូប មេភូមិព្រែកទាល់និងជាហាកឹម ឬមេដឹកនាំសាសនាអ៊ិស្លាមនៅក្នុងភូមិនេះផងដែរនោះ មានប្រសាសន៍នៅក្រោមផ្ទះរបស់លោកថា ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមចំនួន១៧៨គ្រួសារនៅក្នុងភូមិនេះ បានយល់ដឹងកាន់តែប្រសើរពីដំណើរការរបស់សាលាក្តីខ្មែរក្រហម បន្ទាប់ពីលោក Andrew Cayley ធ្វើការពន្យល់ពួកគេដោយផ្ទាល់នោះ។
“កាលមុនអត់ទាន់មានព្រះរាជអាជ្ញាចុះមក ដូចថា វាមានទាន់ភ្លឺស្វាងពីបញ្ហាការងារកាត់ទោសហ្នឹង ទេ។ ក្រោយពីរាជអាជ្ញាបានរ៉ាយរ៉ាប់ពីរឿងរ៉ាវហ្នឹងទៅ គឺថា មហាជននៅក្នុងភូមិនឹកថា ច្បាស់ជាធ្វើ កើត ច្បាស់ជាព្រះរាជអាជ្ញាហ្នឹងធ្វើកើត ព្រោះថា តាមសំណូមពរគាត់ឆ្លើយតបថា គាត់អាចធ្វើកើត។ គាត់គិតតែធ្វើទាល់តែកើត។ អញ្ចឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះសង្ឃឹម១០០%ហើយ”។
ជនជាតិចាមប្រមាណ៥សែននាក់បានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬសម័យខ្មែរក្រហម។ នៅក្នុងរបបនោះ ប្រជាជនចាម ឬខ្មែរអ៊ិស្លាមនៅក្នុងភូមិព្រែកទាល់នេះត្រូវបានពួកខ្មែរក្រហមកាប់សម្លាប់និងជម្លៀសចេញអស់ពីភូមិទៅកាន់ភូមិផ្សេងៗក្នុងខេត្តកំពត បន្ទាប់ពីបុរសចាមមួយចំនួននៅក្នុងភូមិបានចូលរួមនៅក្នុងចលនាតស៊ូមួយដែលប៉ុនប៉ងងើបឡើងបះបោរប្រឆាំងនឹងពួកខ្មែរក្រហមនៅពេលនោះ។ ប៉ុន្តែការប៉ុនប៉ងនោះត្រូវបរាជ័យដោយសារពួកខ្មែរក្រហមបានដឹងជាមុននេះបើផ្អែកតាមអ្នកភូមិព្រែកទាល់នេះ។
អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមចំនួន៥នាក់ត្រូវបានតុលាការពិសេសដែលគាំទ្រដោយ អង្គការសហប្រជាជាតិនាំខ្លួនយកមកឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងនៅ ចន្លោះឆ្នាំ១៩៧៥ ដល់៧៩ ដែលបណ្តាលឱ្យប្រជាជនប្រមាណជិត២លាននាក់ស្លាប់បាត់ជីវិត។
លោក កាំង ហ្គិចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងដ៏សែនប្រល័យនៃរបបខ្មែរក្រហម ត្រូវបានកាត់ ទោសកាលពីឆ្នាំមុនចំពោះការស្លាប់ប្រជាជនជាង១២.០០០ពាន់នាក់នៅក្នុងគុកដែលគាត់បានគ្រប់គ្រងនោះ។ បច្ចុប្បន្ន គេនៅរង់ចាំតែសាលក្រមសម្រេចរបស់តុលាការប៉ុណ្ណោះចំពោះសំណុំរឿងលេខ០០១ ដែលទាក់ទងនឹងជនជាប់ចោទកាំង ហ្គិចអ៊ាវ ហៅឌុចនេះ។
ចំណែកអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៤នាក់ទៀត ដែលរួមមាន នួន ជា ខៀវ សំផង អៀង សារី និងអៀង ធីរិទ្ធកំពុងរង់ចាំការកាត់ទោស។ ការកាត់ទោសនៅក្នុងសំណុំរឿងលេខ០០២ ដែលជាប់ពាក់ព័ន្ធនឹងជនជាប់ចោទទាំង៤នាក់ ហើយអាចរួមបញ្ចូលទាំងឌុចផងដែរនោះ ត្រូវគេរំពឹងថា នឹងអាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ។
ជនជាប់ចោទទាំង៤នាក់នឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរួមទាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផងដែរ ដោយសារតែមានការសម្លាប់ជនជាតិវៀតណាមនិងជនជាតិចាមនៅក្នុងរបបខ្មែរក្រហមនោះ។
លោក សើ យ៉ូប មេភូមិ និងជាហាកឹមភូមិព្រែកទាល់ ដែលខ្លួនលោកផ្ទាល់បានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ដែរប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមនៅក្នុងសំណុំរឿងលេខ០០២នោះមានប្រសាសន៍ដោយរំពឹងថា តុលាការនឹងរកយុត្តិធម៌ដល់លោកនិងអ្នកភូមិដទៃទៀត ដោយការកាត់ទោសជនជាប់ចោទឱ្យបានឆាប់ ហើយឱ្យជនជាប់ចោទទាំងនោះសងជាសំណងដោយការសាងសង់ឡើងវិញនូវវិហារ និងសាលារៀនអ៊ិស្លាមនៅក្នុងភូមិដែលពួកខ្មែរក្រហមបានបំផ្លាញចោលអស់នោះ។
ពីខេត្តព្រះសីហនុ ខ្ញុំ ពេជ្រ សំណាង VOAសំឡេងសហរដ្ឋអាមេរិក៕