ថ្ងៃ​ប្រកាស​សាលដីកា​សំណុំ​រឿង ខៀវ សំផន ជា​ទីបញ្ចប់​នៃ​ដំណើរ​កាត់ក្តី​របស់​សាលាក្តី​ខ្មែរក្រហម

រូបឯកសារ៖ និស្សិតម្នាក់មើលរូបអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម មុនចូលរួមសវនាការរបស់សាលាក្តីខ្មែរក្រហម នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១១។

លទ្ធផលនៃការប្រកាសសាលដីកាលើ​បណ្តឹងសាទុក្ខនេះ នឹងជាការបិទផ្លូវតវ៉ារបស់មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដ៏ជរារូបនេះ។ ហើយសាលដីកានេះ ក៏នឹងក្លាយជាទី​បញ្ចប់នៃដំណើរការកាត់ក្តីរបស់​​សាលាក្តីខ្មែរក្រហម ដែលបានដំណើរការជាង១៦ឆ្នាំ​ ហើយបានចំណាយ​ប្រាក់អស់ជាង៣៣០លានដុល្លារដើម្បីផ្តល់នូវគំរូយុត្តិធម៌ដល់ជនរងគ្រោះ។

ភ្នំពេញ — ខៀវ សំផន អាយុ ៩១​ ឆ្នាំ ​គឺជាអតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​តែ​ម្នាក់​គត់​ ដែល​នៅ​រស់ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ជា​បន្ត​បន្ទាប់ លើ​បទ​ឧក្រិដ្ឋ​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រល័យ​ពូជ​សាសន៍​ក្នុង​របប​ដ៏​ឃោរឃៅ​របស់​ខ្មែរក្រហម ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១ លាន ៧ សែន​នាក់។

នៅ​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា ​ឆ្នាំ​ ២០២២ សាលាក្តី​ខ្មែរក្រហម​ នឹង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សាទុក្ខ​របស់​ ខៀវ សំផន ដែល​បាន​ប្តឹង​មិន​សុខ​ចិត្ត​ទៅនឹង​សេចក្តី​សម្រេចរបស់​តុលាការ​សាលា​ដំបូងនៃ​សាលាក្តីខ្មែរ​ក្រហម លើសំណុំរឿង ០០២/០២ ដោយ​ឱ្យ​លោក​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទប្រព្រឹត្តអំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំង​នឹងមនុស្ស​ជាតិ និងការបំពារ​បំពានយ៉ាង​ធ្ងន់ធ្ងរ​លើអនុសញ្ញាក្រុង​ហ្សឺណែវ (Geneva Conventions)។

ហើយ​សាលដីកា​នេះ នឹង​ក្លាយ​ជាសាលដីកា​ស្ថាពរ​បិទផ្លូវតវ៉ា​របស់​មេដឹកនាំ​នៃ​របប​ប្រល័យ​ពូជសាសន៍​ដ៏​ជរា​រូប​នេះ។

បិទផ្លូវតវ៉ាតាមច្បាប់

លោក ​សុក សំអឿន មេធាវី​ជើង​ចាស់​ដែល​តែង​ការពារ​សំណុំ​រឿង​សិទ្ធិ​មនុស្ស និង​ជាអ្នក​តាម​ដាន​ដំណើរ​ការ​សាលាក្តីខ្មែរ​ក្រហម​ រំពឹង​ថា សាលដីកា​នៅ​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា​ខាង​មុខនេះ នឹង​មិន​មាន​លទ្ធផល​ផ្លាស់​ប្តូរ​ណា​មួយ​នោះ​ទេ។ ពោល​គឺ ខៀវ សំផន នៅតែ​ជាប់​ពន្ធនាគារ​មួយជីវិត​ដដែល ចំពោះ​បទប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ក្នុង​សំណុំរឿង​ ០០២/០២ នេះ។

លោក​ក៏​បាន​គូស​បញ្ជាក់​ផងដែរ​ថា បទល្មើសដែល​ចោទ​ប្រកាន់​លើ​ ខៀវ សំផន ​មិនមាន​ការ​កំណត់​ទោស​អប្បបរមា​នោះ​ទេ។

«តាម​ច្បាប់​គឺ​ទោស​មួយ​ជីវិត​ហ្នឹង​ គឺធំ​មែនទែន ខ្ពស់​ជាង​គេហើយ ព្រោះ​បទ​ល្មើស​ហ្នឹង​ដូចជា​អត់មាន​អប្បបរមា​ផង មាន​តែអតិបរមា។​ អ៊ីចឹង ​វាអត់​មានក្រោម​ហ្នឹង»។

សេចក្តី​ប្រកាសព័​ត៌មាន​អំពីដីកាកំណត់​កាលបរិច្ឆេទ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៃ​អង្គជំនុំ​ជម្រះវិសាមញ្ញក្នុ​ងតុលាការកម្ពុ ចុះ​ផ្សាយកាលពី​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​ ២០២២ បាន​បញ្ជាក់​ថា ការ​ប្រកាស​សាលដីកា​លើ​បណ្តឹង​សាទុក្ខ​របស់​ ខៀវ សំផន ​នឹង​ធ្វើឡើង​នៅ​បន្ទប់សវនាការធំរបស់អង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការកម្ពុជា នៅ​វេលាម៉ោង ៩ កន្លះព្រឹក។

កាលពី​ជិត​បួន​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃតុលាការខ្មែរ​ក្រហមបាន​កាត់​ទោស ខៀវ សំផន ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការបំពារ​បំពានយ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ (Geneva Conventions)។

រូបឯកសារ៖ នៅក្នុងរូបថតផ្សាយដោយសាលាក្តីខ្មែរក្រហម ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ អង្គុយនៅក្នុងសវនាការរបស់សាលាក្តីខ្មែរក្រហម រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។ (Mark Peters/Extraordinary Chambers in the Courts of Cambodia via AP)

ខៀវ សំផន និងមេធាវី​របស់​លោក បាន​ប្តឹង​សាទុក្ខប្រឆាំងនឹង​ការ​កាត់​ទោស​នេះ។ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូលនៃ​តុលាការ​ខ្មែរក្រហម​បានបញ្ចប់សវនាការលើបណ្តឹង​សាទុក្ខ​នេះ កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១។

ក្រៅពីការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយជីវិត​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម​និង​ជនជាតិ​ចាម ខៀវ សំផន ​ក៏​បាន​រង​ការចោទ​ប្រកាន់​ផ្សេងៗ ដូច​ជា​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ​ ១៩៧៥ ការ​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការ​រំលោភ​សេព​សន្ថវៈ ការ​បោស​សម្អាត​នៅ​មន្ទីរ​សន្តិសុខ ការដ្ឋាន​ទំនប់​ ១ ​មករា ការដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំង​ថ្ម​ជា​ដើម។

តុលាការ​ខ្មែរ​ក្រហម​បានបំបែក​សំណុំ​រឿង​ ០០២ ទៅ​ជំនុំ​ជម្រះ​ជា​ផ្នែក​តូចៗ គឺ​សំណុំរឿង ០០២ វគ្គ១ និង​សំណុំ​រឿង ០០២ វគ្គ២។ សំណុំ​រឿង​ ០០២ វគ្គ១ ផ្តោត​ជា​ចម្បង​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយបង្ខំ​ចេញ​ពីទី​ក្រុងភ្នំពេញ​និង​ចេញពី​តំបន់​ផ្សេងៗ និង​ការសម្លាប់​ទាហាន លន់ នល់ នៅទីតាំង​សម្លាប់​មនុស្ស​ទួលពោធិ៍ជ្រៃ​ បន្ទាប់​ពី​ពួកខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​ភ្លាមៗ​ក្នុង​ឆ្នាំ ១៩៧៥។

រឿងនេះ​វា​ជា​រឿង​ធំ ហើយ​វា​ជា​រឿង​បញ្ហា​មនោគម​វិជ្ជា។ ហើយ​បើយើង​ចង់ perfect [ល្អ​ឥត​ខ្ចោះ] ទាំងអស់ ទាល់យក​មេ​កម្មាភិបាល​ខ្មែរ​ក្រហម​យក​មក​ដាក់គុក​ទាំង​អស់។ និយាយ​ថា​ ការផ្សះ​ផ្សារ​ជាតិ យើង​មិនអាច​ធ្វើ​អ៊ីចឹង​បានទេ។ អ៊ីចឹង​ហើយ​បាន​ពេល​យើង​ធ្វើ​ច្បាប់​ហ្នឹង យើង​ផ្តោត​តែលើ​មេដឹកនាំ​កំពូលៗ​ទេ យើង​អត់​និយាយ​ថ្នាក់​ដឹកនាំ​បន្ទាប់​ទេ ដោយយើង​គិត​ថា​ អាហ្នឹង​រឿង​យុត្តិធម៌​ល្មម​ហើយ»។

សំណុំ​រឿង​ ០០២ ដំបូង​ឡើយ​មាន​ជន​ជាប់​ចោទ​ ៤ នាក់​ គឺ​ អៀង សារី អតីត​ឧប​នាយករដ្ឋ​មន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង ធីរិទ្ធ ភរិយារបស់​ អៀង សារី និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នួន ជា ​អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​និង​ជា​អនុលេខា​បក្សកុម្មុយនីស្ត​កម្ពុជា និង​ ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ត្រូវបាន​ស្គាល់​ថា​ជា​របប​ខ្មែរក្រហម។

ប៉ុន្តែ​ដំណើរការ​ក្តី​លើ អៀង សារី ត្រូវបាន​បញ្ចប់​កាលពី​ខែមីនា ឆ្នាំ ២០១៣ ក្រោយ​ពេល​ដែល​មេដឹកនាំ​ខ្មែរក្រហម​រូប​នេះ​បាន​ស្លាប់​នៅ​ថ្ងៃ​នោះ។ ចំណែក​ អៀង ធីរិទ្ធ ដែល​ត្រូវជា​ភរិយា​របស់ អៀង សារី ត្រូវបាន​តុលាការ​រកឃើញនិង​សម្រេច​ថា​ ពុំ​មាន​សម្បទា​អាច​ចូលរួម​ក្នុង​ការជំនុំ​ជម្រះ​បាន ដោយសារ​មាន​ជំងឺ​វង្វេង​ស្មារតី។ អៀង ធីរិទ្ធ បាន​ស្លាប់​កាលពី​ខែសីហា ឆ្នាំ​ ២០១៥។

នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ បាន​តម្កល់​ការផ្តន្ទាទោស​ នួន ជា និង ខៀវ សំផន ឱ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត។​

រូបថតដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បង្ហាញឲ្យឃើញទិដ្ឋភាពទូទៅនៃដំណើរការសវនាការស្តីពីការប្តឹងសាទុក្ខរបស់ ខៀវ សំផន នៅរាជធានីភ្នំពេញ។ (AFP/Nhet Sok Heng/ECCC)

រូបឯកសារ៖ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម បាន​កាត់ទោសអតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា​ និង​ខៀវ សំផន ឲ្យ​ជាប់គុក​អស់មួយ​ជីវិត ​នៅ​ថ្ងៃព្រហស្បតិ៍​ ទី ៧ ខែសីហា ឆ្នាំ ២០១៤​។

យុត្តិធម៌​មានកម្រិត

ចំណែក​សំណុំរឿង ០០២ វគ្គ២ ​ផ្តោត​លើ​អំពើប្រល័យ​ពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម និ​ង​ជនជាតិ​វៀតណាម ការ​រៀប​អាពាហ៍ពិពាហ៍​ដោយបង្ខំ ការរំលោភ​សេព​សន្ថវៈ និងអំពើ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទៀត។ ​អង្គជំនុំជម្រះ​ក្នុង​តុលាការ​កម្ពុជា​បាន​កាត់ទោស នួន ជា និង ខៀវ សំផន ឱ្យ​ជាប់ពន្ធនាគារអស់មួយ​ជីវិត​ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុងហ្សឺណែវ និង​អំពើប្រល័យ​ពូជ​សាសន៍លើ​ជនជាតិវៀតណាម។

តុលាការ​ខ្មែរក្រហម​ក៏​បានកាត់​ទោស នួន ជា ពី​បទប្រល័យ​ពូជ​សាសន៍ប្រឆាំង​នឹងជនជាតិ​ចាម​ផង​ដែរ។ អង្គជំនុំ​ជម្រះ​បានបញ្ចូល​ការផ្តន្ទាទោស​ទាំង​ពីរ​សំណុំ​រឿងនេះ​ទៅ​ជាការផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​តែ​មួយ។ នួន ជា បានស្លាប់​កាល​ពី​ថ្ងៃ​ទី ៤ ខែ​សីហា ឆ្នាំ​ ២០១៩។

ដោយឡែក សំណុំរឿង ០០១ ដែលជាសំណុំ​រឿងដំបូង​គេ តុលាការកំពូលខ្មែរក្រហមបាន​កាត់​ទោស​អតីត​ប្រធានមន្ទីរ ស-២១ ឬ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ​ ឌុច ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជា​តិ និង​ការបំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញាក្រុង​ហ្សឺ​ណែវ។ ឌុច បាន​ស្លាប់​នៅ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០។

លោក​ សុក សំអឿន មេធាវី​ជើង​ចាស់ បាន​លើក​ឡើង​ថា ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​ ០០១ និង​ ០០២ បាន​បង្ហាញ​អំពី​យុត្តិធម៌ និង​ការ​ផ្សះផ្សារ​ជាតិ​ក្នុងកម្រិត​ដែល​អាច​ទទួល​យក​បានសម្រាប់​កម្ពុជា។​

«រឿងនេះ​វា​ជា​រឿង​ធំ ហើយ​វា​ជា​រឿង​បញ្ហា​មនោគម​វិជ្ជា។ ហើយ​បើយើង​ចង់ perfect [ល្អ​ឥត​ខ្ចោះ] ទាំងអស់ ទាល់យក​មេ​កម្មាភិបាល​ខ្មែរ​ក្រហម​យក​មក​ដាក់គុក​ទាំង​អស់។ និយាយ​ថា​ ការផ្សះ​ផ្សារ​ជាតិ យើង​មិនអាច​ធ្វើ​អ៊ីចឹង​បានទេ។ អ៊ីចឹង​ហើយ​បាន​ពេល​យើង​ធ្វើ​ច្បាប់​ហ្នឹង យើង​ផ្តោត​តែលើ​មេដឹកនាំ​កំពូលៗ​ទេ យើង​អត់​និយាយ​ថ្នាក់​ដឹកនាំ​បន្ទាប់​ទេ ដោយយើង​គិត​ថា​ អាហ្នឹង​រឿង​យុត្តិធម៌​ល្មម​ហើយ»។

សាលាក្តី​ខ្មែរ​ក្រហម​ ក៏​បាន​ដំណើរការស៊ើបអង្កេត​លើ​សំណុំ​រឿង ០០៣ ប្រឆាំង​នឹង​មេទាហាន​ជើងទឹក​ខ្មែរក្រហម មាស មុត និង​សំណុំរឿង​ ០០៤ ​ប្រឆាំង​នឹង​អតីតលេខា​តំបន់ ១៣ របស់​ខ្មែរក្រហម យឹម ទិត្យ ផង​ដែរ។ ក៏​ប៉ុន្តែអង្គ​បុរេ​ជំនុំជម្រះ​រវាង​ភាគីជាតិ និង​ភាគី​អន្តរជាតិ បាន​ខ្វែងគំនិត​គ្នា​ក្នុងការ​សម្រេច​បន្ត និង​មិន​បន្ត​ដំណើរ​ការ​កាត់​ក្តី​លើ​សំណុំ​រឿង​ទាំងពីរ​នេះ។

សំណុំ​រឿង​ ០០៣ ​និង​ ០០៤​ នេះ ជា​សំណុំ​រឿង​ដែល​តែង​មានភាព​ចម្រូង​ចម្រាស ​និង​តែងទទួល​បាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​សំណាក់រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា​ វា​អាច​បង្ក​ជា​ការ​ជ្រួលច្របល់​ក្នុង​ចំណោម​មហាជន​ដែល​មាន​អតីតភាព​ការងារ​ជា​មេដឹកនាំ និង​ជា​ទាហាន​ខ្មែរ​ក្រហម។​

ក្នុងលោកនេះ​មិនអាច​មាន​អ្វី​មក​ប៉ះប៉ូវ​ការ​បាត់​បង់​សមាជិក​គ្រួសារ​ដោយការ​បំពាន ដោយការ​រំលោភ​ ដោយការ​ដែល​យើង​ត្រូវ​បានគេ​សម្លាប់​ដោយ​គ្មាន​ហេតុផល។ គឺថា​អំពើ​ទាំងអស់​នេះ​ មិនអាច​គ្រប់គ្រាន់​ទាល់តែ​សោះ ទោះបី​នៅ​ក្នុង​តុលាការ​ណាមួយ​ក៏​ដោយ។ ប៉ុន្តែអ្វី​ដែល​សំខាន់​គឺ ​តុលាការនេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​មកឱ្យ​យើង​ ផ្តល់​ឱ្យ​យើង​គិត​ថា​ ថ្ងៃ​ណាមួយអំពើទាំងអស់នេះ​នឹង​មិនអាច​កើត​មាន​ឡើង។​ តុលាការនេះ​ផ្តល់​ជាទី​ពំនាក់ដើម្បី​ឱ្យ​យើង​មាន​ការ​វិនិច្ឆ័យ​ក្នុងការ​ផ្សះ​ផ្សា​ក្នុង​ចិត្ត​យើង​ម្នាក់ៗ»

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​លើកឡើង​ថា សំណុំរឿង ០០៣ និង​សំណុំ​រឿង​ ០០៤ ត្រូវ​បាន​បញ្ចប់​ ដោយសារ​មិនមាន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ស្ថាពរ និង​ដែល​អាច​អនុវត្តបាន ហើយ​ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេតជាតិ ​និង​អន្តរជាតិបោះ​ត្រាបញ្ជូន​ទៅ​បណ្ណ​សារ។​

រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ខ្លួន​លោក​ផ្ទាល់​ធ្លាប់​ជា​អតីត​មេ​បញ្ជាការ​អង្គភាព​យោធា​មួយ​នៅតំបន់បូព៌ា​របស់​ខ្មែរក្រហម មុន​នឹង​ភៀស​ខ្លួន​ទៅ​វៀតណាម​ក្នុង​ឆ្នាំ​ ១៩៧៧ នោះ​ បាន​សម្ដែង​ការ​ជំទាស់​មិនចង់​ឱ្យ​តុលាការ​ខ្មែរ​ក្រហម​ ដំណើរ​ការ​ហួសពី​សំណុំ រឿង ០០២ ​ឡើយ។

គួរ​បញ្ជាក់​ថា សាលាក្តី​ខ្មែរ​ក្រហម ​បាន​លេចចេញ​រូបរាង​ជា​ផ្លូវការ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០០៦ ​ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ ​(អ.ស.ប.)​ ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅកាត់​ថា (អ.វ.ត.ក.)។

តុលាការ​កូនកាត់​មួយនេះ​ត្រូវ​បានបង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌ ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬខ្មែរ​ក្រហម ​ចន្លោះ​ពី​ឆ្នាំ​ ១៩៧៥​ ដល់​ឆ្នាំ​ ១៩៧៩។​

មនុស្ស​ប្រមាណ​ពី​ ១លាន ៧សែន​នាក់ ទៅ​ ២លាន ២​សែន​នាក់ ​ត្រូវបាន​រាយ​ការណ៍​ថា​ បានបាត់បង់​ជីវិត​ក្នុង​របប​ដែល​មាន​រយៈពេល​ ៣ ​ឆ្នាំ ​៨ ខែ ​និង​ ២០ ថ្ងៃ​នេះ។

រូបឯកសារ៖ ស្ត្រីម្នាក់ស្រក់ទឹកភ្នែកក្នុងពេលចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦។

ក្នុង​រយៈពេលជាង១៦​ឆ្នាំ​នៃ​ដំណើរការ​កាត់ក្តី​របស់​សាលាក្តី​ខ្មែរ​ក្រហម​ មាន​ជន​រងគ្រោះ​ចំនួន ៣.៨៦៥ នាក់ ​បាន​ចុះ​ឈ្មោះ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ដើម្បី​ចូលរូម​ក្នុង​ដំណើរការ​ស្វែងរក​ការពិត​និង​យុត្តិធម៌​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នេះ។

តុលាការ​កូន​កាត់​មួយ​នេះ​បាន​ផ្តល់​សំណង​ដល់​ដើម​បណ្តឹង និង​ជនរងគ្រោះ​ទូទៅ​ជា​សមូហភាព ក្នុង​រូបភាព​ដូចជា​ការ​ជួយ​ព្យាបាល​ផ្សះផ្សា​ផ្លូវចិត្ត​តាមរយៈ​ការ​អប់រំ ការ​ផ្សព្វផ្សាយ ការអភិរក្ស​ទីតាំង​ឧក្រិដ្ឋកម្ម ពិធីបុណ្យ​ជា​សាធារណៈ ការ ដាក់​ឈ្មោះ​សារៈមន្ទីរ ​មជ្ឈមណ្ឌល​សាធារណៈ​ដើម្បី​រំឮក​ការ​ចងចាំ ការ​សាងសង់​ស្តូប​រំឮក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ការ​បញ្ចូល​ប្រវត្តិ​សាស្រ្ត​អំពី​របប​ខ្មែរ​ក្រហម​ទៅ​ក្នុង​កម្មវិធី​សិក្សា​ជាដើម។​

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហៅកាត់​ថា DC-Cam លើក​ឡើងថា ក្នុង​រយៈពេល​ជាង​ ១៦ ​ឆ្នាំ​មកនេះ សាលាក្តី​ខ្មែរ​ក្រហម​បាន​ផ្តល់​យុត្តិធម៌ផ្លូវ​ច្បាប់ និង​ការ​ផ្សះផ្សាផ្លូវ​ចិត្តដល់​ជនរងគ្រោះ​ក្នុង​កម្រិតខ្ពស់មួយ​ បើ​ទោះ​បីជា​យុត្តិធម៌​និង​ការ​ផ្សះផ្សា​ទាំង​នោះ ​មិនអាចមាន​ពាក្យ​ថា​គ្រប់គ្រាន់​ក្តី។​

«ក្នុងលោកនេះ​មិនអាច​មាន​អ្វី​មក​ប៉ះប៉ូវ​ការ​បាត់​បង់​សមាជិក​គ្រួសារ​ដោយការ​បំពាន ដោយការ​រំលោភ​ ដោយការ​ដែល​យើង​ត្រូវ​បានគេ​សម្លាប់​ដោយ​គ្មាន​ហេតុផល។ គឺថា​អំពើ​ទាំងអស់​នេះ​ មិនអាច​គ្រប់គ្រាន់​ទាល់តែ​សោះ ទោះបី​នៅ​ក្នុង​តុលាការ​ណាមួយ​ក៏​ដោយ។ ប៉ុន្តែអ្វី​ដែល​សំខាន់​គឺ ​តុលាការនេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​មកឱ្យ​យើង​ ផ្តល់​ឱ្យ​យើង​គិត​ថា​ ថ្ងៃ​ណាមួយអំពើទាំងអស់នេះ​នឹង​មិនអាច​កើត​មាន​ឡើង។​ តុលាការនេះ​ផ្តល់​ជាទី​ពំនាក់ដើម្បី​ឱ្យ​យើង​មាន​ការ​វិនិច្ឆ័យ​ក្នុងការ​ផ្សះ​ផ្សា​ក្នុង​ចិត្ត​យើង​ម្នាក់ៗ»។

ទីបញ្ចប់នៃការកាត់ក្តីមេដឹកនាំខ្មែរក្រហម

នៅ​ថ្ងៃទី ២២ ខែ​កញ្ញា ឆ្នាំ ២០២២ នេះ ដំណើរការ​កាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​ ដែល​បាន​ដំណើរ​ការ​អស់​រយៈពេល​ជាង ១៦ ឆ្នាំ ហើយ​បាន​ចំណាយទឹក​ប្រាក់​អស់​ជាង​៣៣០​លាន​ដុល្លារ នឹង​ត្រូវបិទ​បញ្ចប់​ជា​ស្ថាពរ គ្រាដែលសាលាក្តី​ខ្មែរក្រហម នឹង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សាទុក្ខ​របស់​ ខៀវ សំផន មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដ៏​ចាស់ជរា​និង​ដែល​នៅ​រស់​តែ​ម្នាក់​គត់​នេះ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រាប់ VOA នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០២២ ថា សាលាក្តី​ខ្មែរ​ក្រហម នឹង​ត្រូវ​បិទ​បញ្ចប់ជាស្ថាពរ​នៅ​ក្រោយ​ពេលដែល​សាលដីកា​បណ្តឹង​សាទុក្ខ​របស់ ខៀវ សំផន ​ត្រូវ​បាន​ប្រកាស។​

លោក​ថ្លែង​បន្ត​ថា ការបិទ​បញ្ចប់​សាលាក្តី​ខ្មែរក្រហម គឺ​ដោយសារ​តែ​មិនមាន​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​រូប​ណា​ផ្សេង​ទៀត​ នឹង​ត្រូវ​បាន​យក​មក​កាត់​ទោស​ជា​បន្ត​ ពោលសំណុំ​រឿង​របស់ ខៀវ សំផន គឺ​ជាសំណុំ​រឿង​កាត់ទោស​ក្រុម​មេ​ដឹកនាំ​ខ្មែរក្រហម ដែល​ទទួល​ខុស​ត្រូវខ្ពស់​ជាង​គេ​បំផុត​ម្នាក់​ចុង​ក្រោយគេ​បង្អស់។

«ការ​ដែល​តុលាការ​ចាប់​ផ្តើម​នូវការ​បញ្ចប់​របស់​ខ្លួន​នៅចុងឆ្នាំ​ ២០២២​ នេះ គឺ​ដោយសារ​តែ​សំណុំ​រឿង​ ដែល​មាន​នៅ​ចំពោះ​មុខ​អង្គជំនុំ​ជម្រះ គឺ​យើង​បាន​បញ្ចប់​ដំណើរ​ការ​នីតិវិធី​ហើយ ហើយ​ការ​បញ្ចប់​ចុងក្រោយ​នេះ គឺ​នៅ​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​ ២០២២ ជាមួយ​នឹង​ការ​ប្រកាស​សាល​ដីកាលើ​សំណុំ​រឿង​ ០០២/០២ ពាក់ព័ន្ធជាមួយ​នឹង​ជនជាប់​ចោទ​ ខៀវ សំផន»។

រូបឯកសារ៖ ស្ត្រីវ័យចំណាស់ម្នាក់បន់ស្រន់ក្នុងពេលចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ កាលពីថ្ងសទី ២០ ខែឧសភា ឆ្នាំ ២០១៨។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ផងដែរថា ក្រោយ​ការ​បិទ​បញ្ចប់ជាស្ថាពរ សាលាក្តី​ខ្មែរ​ក្រហម​នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​បី​ឆ្នាំ​ទៀត ដើម្បី​អនុវត្ត​ការងារ​តាម​នីតិវិធី​ និង​យុត្តាធិការ​របស់​ខ្លួន ដែល​នៅ​សេសសល់។​

បើទោះបីជា​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បិទ​បញ្ចប់​ដំណើរការកាត់ក្តី​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​សម្រាប់ជន​រងគ្រោះ​ក្តី ក៏​លោក​ ឆាំង យុ យល់​ថា ប្រជាជន​កម្ពុជា​នឹង​នៅ​តែបន្ត​ស្វែង​រក​យុត្តិធម៌​ និង​ការ​ស្វែង​រក​ការផ្សះផ្សា​ផ្លូវ​ចិត្ត​ជាបន្តបន្ទាប់។ ​

«នៅ​ស្រុក​យើង យុត្តិធម៌​គឺ​ត្រូវ​បាន​ឱ្យ​និយមន័យ​ខុសៗ​គ្នា​ទៅតាម​ការ​បាត់​បង់​របស់​ជនរងគ្រោះម្នាក់ៗ​ ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ តាមរយៈការ​បង្រៀន​សិស្សានុសិស្ស​ក៏​ប្រជាជនមួយ​ចំនួនគិត​ថា​ជា​យុត្តិធម៌ ការ​ឱ្យ​មានការ​សាងសង់​ស្តូប​ចេតិយ ដើម្បី​រំឮក​ពីអ្នក​ស្លាប់​ ក៏​ជា​ដំណើរ​ការ​មួយ​ស្វែង​រក​យុត្តិធម៌។ ដូច្នេះ​នៅ​ពេល​ដែល​តុលាការ​បញ្ចប់​នេះ បានន័យថា ​បញ្ចប់​ក្នុង​នីតិវិធី​ស្វែងរក​តាមផ្លូវ​ច្បាប់។​ ហើយ​ប្រជាជន​កម្ពុជា​ នឹង​បន្ត​ដំណើរ​ររបស់​ខ្លួន​ស្វែង​រក​យុត្តិធម៌ ក៏​ដូចជាការ​ផ្សះផ្សារ នៅក្រោយពេល​ដែល​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌តាម​ផ្លូវ​ច្បាប់​ត្រូវ​បាន​បញ្ចប់»។​

ប៉ុន្តែ​សំណួរ​ដ៏​សំខាន់​ជា​បន្ទាប់​នោះ​គឺ​ថា តើ​ប្រជាជន​កម្ពុជា​ដែល​ជា​ជនរងគ្រោះ​អាច​ស្ងប់​ចិត្ត​ដល់​កម្រិត​ណា​ចំពោះ​អំពើ​ឃោរឃៅ​នៃការ​សម្លាប់​ដ៏​រង្គាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​ គ្រា​ដែលតុលាការ​ខ្មែរក្រហមដែល​នឹងប្រកាស​សាលដីកា​ចុង​ក្រោយក្នុងការ​ដាក់​ទោស​ ខៀវ សំផន នឹង​ត្រូវ​បិទ​បញ្ចប់​ដំណើរការ​ស្វែងរក​ការពិត ​និង​យុត្តិធម៌​របស់​ខ្លួន​នោះ៕