ភ្នំពេញ — លោក កាំង ហ្កេកអ៊ាវ ហៅឌុចជាអតីតប្រធានមន្ទីរសន្ដិសុខស ២១ ឬគុកទួលស្លែង ដែលទីឃុំឃាំងមជ្ឈឹមរបស់ខ្មែរក្រហម ដើម្បីធ្វើទារុណកម្មសួរចម្លើយបង្អត់អាហារ និងបញ្ជូនជនរងគ្រោះជាងមួយម៉ឺននាក់ទៅសម្លាប់។ លោកបានស្លាប់កាលពីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ក្នុងអាយុ ៧៨ ឆ្នាំ។
ឌុច ដែលមានរាងតូចល្អិតក្រសែភ្នែកមុតភ្នែកធំៗ កំពុងទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅពន្ធនាគារខេត្តកណ្ដាល មុនពេលលោកត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងរាជធានីភ្នំពេញ ទីដែលក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ មុនលោកស្លាប់។
អយ្យការអមសាលាដំបូងខេត្តកណ្ដាលទី ដែលទទួលបន្ទុកឃុំឃាំង ឌុច បានលើកឡើងថា អតីតប្រធានមន្ទីរស ២១ រូបនេះ បានស្លាប់ ដោយជំងឺរលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ។
សាលាក្ដីនេះមានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិឱ្យនាំខ្លួនមេដឹកនាំជាន់ខ្ពស់ និងបុគ្គលដទៃទៀត ដែលមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយបក្សកុម្មុយនីស្ដកម្ពុជា ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
ឌុច គឺជាទណ្ឌិតដំបូងគេដែលត្រូវបានសាលាក្ដីកូនកាត់នេះ នាំខ្លួនមកជំនុំជម្រះនិងកាត់ទោសក្នុងសំណុំរឿង ០០១ ទាក់ទិននឹងតួនាទីដឹកនាំមន្ទីរស ២១ ដ៏អសោច។ លោកបានសហការផ្ដល់សក្ខីកម្មដ៏វែងអន្លាយ និងច្រើនភាគអំពីឧក្រិដ្ឋកម្ម និងការទទួលខុសត្រូវរបស់លោក នៅមន្ទីរស ២១។
ក្នុងដំណើរការសវនាការ ឌុច និងក្រុមសហមេធាវីការពារក្ដីរបស់លោក មិនបានបដិសេធអង្គហេតុនិងសក្ខីកម្មលើកឡើង អំពីការទទួលខុសត្រូវរបស់លោកនៅមន្ទីរស ២១ ទេ តែប្រកែកដាច់ខាតថា លោកមិនមែនជាអ្នកមានការទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមនោះទេ។
ក្នុងអង្គសវនាការកាលពីខែសីហា ឆ្នាំ ២០០៩ ឌុច បានហៅរឿងរ៉ាវរបស់ជនរងគ្រោះមន្ទីរស ២១ ថា ជា «សក្ខីភាពប្រវត្តិសាស្ត្រ» ដែលស្ថិតនៅជាតឹកតាងបង្ហាញពីឧក្រិដ្ឋកម្ម ដែលលោកបានប្រព្រឹត្តផង និងពីឧក្រិដ្ឋកម្មរបស់បក្សកុម្មុយនីស្ដកម្ពុជារបស់លោកផង «ដែលពិភពលោកបំភ្លេចមិនបាន»។
«ដូច្នេះសច្ចធម៌ប្រវត្តិសាស្ត្រវាប្លែកពីផ្កា។ ផ្កាវាមានអាយុកាលរបស់វា។ វាចេះរីក វាចេះរោយ ដូច្នេះសច្ចធម៌ប្រវត្តិសាស្ត្រ វាអត់ចេះរីកចេះរោយទេ។ វាជាសច្ចធម៌ជារៀងរហូត»។
ឌុច ក៏បានព្យាយាមបង្ហាញការទទួលទោសកំហុសយ៉ាងដូច្នេះថា៖ «ខ្ញុំអត់គេចទេ។ ខ្ញុំដាក់ខ្លួនជូនតុលាការវិនិច្ឆ័យ។ ឧក្រិដ្ឋកម្មនេះពិតជាមិនអាចអត់ឱនឱ្យបាន។ ជាតិប្រជាជនកម្ពុជាលោកចង្អុលមុខខ្ញុំយ៉ាងម៉េច ចង្អុលចុះ ស្ដីបន្ទោសខ្ញុំយ៉ាងម៉េច ស្ដីបន្ទោសចុះ ថ្កោលទោសយ៉ាងម៉េច ថ្កោលទោសចុះ។ ឯចំណែកតុលាការក៏មាននៅទីនេះស្រាប់ ដែលខ្ញុំប្រគល់ខ្លួនជូន។ ឧក្រិដ្ឋកម្មនៅស ២១ ខ្ញុំទទួលខុសត្រូវទាំងខាងផ្លូវច្បាប់ និងខាងផ្លូវចិត្ត។ ឯឧក្រិដ្ឋកម្មនៅទូទាំងប្រទេស ខ្ញុំទទួលខុសត្រូវខាងផ្លូវចិត្ត»។
«យើងមានការជឿជាក់ថា គាត់មិនដែលបង្ហាញអារម្មណ៍ថា មានវិប្បដិសារីទេ ហើយអ្វីដែលគាត់និយាយនៅក្នុងតុលាការ វាផ្ទុយពីអ្វីដែលគាត់និយាយនៅក្រៅសវនាការ ដែលបង្ហាញពីភាពគ្មានការស្មោះត្រង់ចំពោះជនរងគ្រោះ។ នេះសបញ្ជាក់យុត្តិធម៌ជាដំណើរការលំបាក»
ឌុច ខ្លួនឯងបានប្តូរជំនឿក្លាយទៅជាគ្រីស្ទបរិស័ទ កាលពីពាក់កណ្ដាលទសវត្សរ៍ទី ១៩៩០ ដោយមានលោក Christopher Chapel ជាគ្រូគង្វាល (Pastor) ជួយលោកជ្រមុជទឹកលាងបាបថ្វាយខ្លួន ជូនព្រះយេស៊ូគ្រីស្ទ។ ដល់ចំណុចមួយក្នុងសវនាការដដែល ឌុច បានប្រដូចខ្លួនឯងទៅនឹងតួអង្គប្រវត្ដិសាស្ត្រមួយរូប ក្នុងដំណើរគ្រីស្ទប្បវត្តិឈ្មោះ Saint Stephen ដែលបូជាជីវិតឱ្យហ្វូងមហាជនដែលមានកំហឹងគប់ដុំថ្មសម្លាប់។
«ក្នុងឋានៈខ្ញុំជាអ្នកទទួលខុសត្រូវចំពោះមុខឧក្រិដ្ឋកម្មបែបនេះ ខ្ញុំបានជម្រាបជូនអង្គសវនាការរួចហើយថា ទោះបីជាប្រជាជនលោកគប់ដុំថ្មឱ្យស្លាប់ដូច St Stephen ដែលបារាំងហៅថាអេចែននោះក៏ដោយ ក៏ខ្ញុំទទួល»។
យ៉ាងណាក៏ដោយ នៅទីបញ្ចប់នៃសវនាការ ឌុច បានស្នើតុលាការដោះលែងរូបលោក។
គ្មានភាពស្មោះត្រង់
យ៉ាងណាក៏ដោយ រាល់វោហាស័ព្ទនិងទេពកោសល្យបញ្ចុះបញ្ចូលបូកនឹងជំនួយពីមេធាវី គ្រាន់ជាកលយុទ្ធតតាំងក្ដីដែល ឌុច សង្ឃឹមថា អាចទាក់ទាញសមានចិត្តខ្លះពីចៅក្រមនិងមហាជនខ្មែរ និងទទួលការបន្ធូរទោសពីកេរដំណែល «អសោច» របស់គាត់។ នេះជាការលើកឡើងរបស់លោក ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM)។
«និយាយទៅ គាត់មានអត្តចរិតមួយមានអំនួត អំពីអ្វីដែលគាត់បានធ្វើ ហើយនៅក្នុងសវនាការគាត់ [បែរជា] និយាយថា គាត់ធ្វើនេះដោយសារមានបញ្ជាពីថ្នាក់លើ។ អ៊ីចឹងនៅក្នុងអង្គសវនាការ ឌុច ប្រើគ្រប់វិធី ដូចថាជិតទៅដល់រណ្ដៅ ហើយធ្វើយ៉ាងណាការពារជំហរខ្លួនឯង ប្រើគ្រប់វិធីរួមទាំងវិធីបន្ទន់ចិត្តជនរងគ្រោះ និងចៅក្រមឱ្យដោះលែងគាត់»។
ក្នុងបទសម្ភាសន៍ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើជាមួយ ឌុច នៅមន្ទីរឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហម ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ លោក ឆាំង យុ បានលើកឡើងថា៖ «យើងមានការជឿជាក់ថា គាត់មិនដែលបង្ហាញអារម្មណ៍ថា មានវិប្បដិសារីទេ ហើយអ្វីដែលគាត់និយាយនៅក្នុងតុលាការ វាផ្ទុយពីអ្វីដែលគាត់និយាយនៅក្រៅសវនាការ ដែលបង្ហាញពីភាពគ្មានការស្មោះត្រង់ចំពោះជនរងគ្រោះ។ នេះសបញ្ជាក់យុត្តិធម៌ជាដំណើរការលំបាក»។
ជួនកាល ឌុច ប្រើភាសាបារាំងមួយម៉ាត់ៗ ក្នុងសំនៀងវោហាររបស់លោក អំឡុងពេលសវនាការដែលជានិច្ចកាលគេបានឮ ឌុច ផ្ដោះផ្ដងដោយពាក្យបារាំងមួយម៉ាត់ៗ អំឡុងពេលជំនុំជម្រះ គ្រាមុនមានការផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ មានម្តងនោះ លោកថែមទាំងបានស្ដីបន្ទោសអ្នកបកប្រែភាសាបារាំងរបស់សាលាក្ដីខ្មែរក្រហម អំពីកង្វះសុក្រឹតភាពផង។
ឌុច កើតនៅក្នុងគ្រួសារជាប់សែសាឡាយកូនកាត់ចិន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៤២ មុននឹងបន្តទទួលបាននូវវិជ្ជាជីវៈលើមុខជំនាញគណិតវិទ្យា ដែលក្រោយមកលោកបានចេញទៅបង្រៀន នៅទីប្រជុំជនស្គន់ ខេត្តកំពង់ចាម។
លោកចូលរួមចលនាកុម្មុយនីស្ដដោយសម្ងាត់ នៅឆ្នាំ ១៩៦៤ មុននឹងត្រូវបាននគរបាលរបបសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ចាប់ខ្លួននៅឆ្នាំ ១៩៦៨។ នេះបើយោងតាមឯកសាររបស់សាលាក្តីខ្មែរក្រហម។
ក្រោយត្រូវបានដោះលែងក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ ឌុច បានរត់ចូលព្រៃម៉ាគីចូលរួមជាមួយក្រុមកុម្មុយនីស្ដខ្មែរក្រហមជាថ្មី និងបានឡើងតំណែងជាប្រធានមន្ទីរម ១៣ នៅឆ្នាំ ១៩៧១ និងក្លាយជាអនុប្រធានមន្ទីរស ២១ នៅឆ្នាំ ១៩៧៥ មុននឹងក្លាយជាប្រធាន នៅឆ្នាំ ១៩៧៦។
មន្ទីរស ២១ ឬគុកទួលស្លែងដែលមាន ឌុច ជាប្រធានដឹកនាំ គឺជាទីដ្ឋានឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្រេចប្រហារជីវិតជនរងគ្រោះ ប្រមាណយ៉ាង ១២២៧២ នាក់ ភាគច្រើនជាកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហម ដែលត្រូវបានចាប់បង្ក្រាបក្នុងការធ្វើវិសុទ្ធកម្មផ្ទៃក្នុង កុមារា កុមារី និងបណ្ដាជនបរទេសដែលចាប់បានផងដែរ។
កងទ័ពវៀតណាមដែលបានលុកលុយចូលក្នុងប្រទេសកម្ពុជា និងបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ ១៩៧៩ បានរកឃើញមន្ទីរស ២១ នេះ ក្រោយពេលដែល ឌុច និងសហការីរត់ភៀសចេញឆ្ពោះទៅតស៊ូ នៅតាមបណ្ដាយព្រំដែនកម្ពុជាថៃ។
ចាប់តាំងពីពេលនោះមក ឌុច ដែលនៅតែបន្តសកម្មភាពជាមួយខ្មែរក្រហម បានបាត់ដំណឹងសូន្យឈឹង ខណៈមន្ទីរឃុំឃាំងដ៏អសោចដែល ឌុច មើលការខុសត្រូវបានក្លាយជាតឹកតាងឧក្រិដ្ឋកម្មទាំងដុលកណ្ដាលក្រុងភ្នំពេញ ដែលបង្ហាញពីភាពសាហាវឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ និងពួកខ្មែរក្រហម។
«នៅពេលដែលបានដំណឹងថា ឌុច ស្លាប់ពីយប់មិញ នៅពាក់កណ្ដាលអធ្រាត្រនេះ យើងមានចិត្តថា គាត់នឹងទទួលបានអ្វីដែលគាត់បានប្រព្រឹត្តទៅលើប្រជាជនខ្លួនគាត់។ គាត់ជាសាស្ត្រាចារ្យម្នាក់ គាត់ជាអ្នកចេះដឹងម្នាក់។ គាត់នឹងយល់ពីកំហុស ដែលគាត់បានសាង។ នេះជាវិប្បដិសារីរបស់គាត់»
ក្រោយបានទៅសម្ងំលាក់ខ្លួនចុងក្រោយ នៅស្រុកសំឡូត ខេត្តបាត់ដំបង ឌុច ត្រូវបានអ្នកកាសែតអៀរឡង់ម្នាក់ឈ្មោះ Nic Dunlop រកឃើញនិងបានធ្វើបទសម្ភាសន៍ផ្ដាច់មុខលើកដំបូង នាឆ្នាំ ១៩៩៩ មុននឹងលោកត្រូវបានចាប់ខ្លួនមកស្ថិតក្រោមការឃុំឃាំង នៅតុលាការយោធានារាជធានីភ្នំពេញ អស់រយៈពេល ៨ ឆ្នាំ មុននឹងបញ្ជូនទៅជំនុំជម្រះទោសនៅសាលាក្ដីខ្មែរក្រហម។
ឌុច ត្រូវបានអង្គជំនុំជម្រះសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធនាគារ ៣៥ ឆ្នាំ ហើយត្រូវកាត់បន្ថយ ១៦ ឆ្នាំមកនៅត្រឹម ១៩ ឆ្នាំ ដោយសាររយៈពេលឃុំខ្លួន និងការសហការរបស់លោក ជាមួយអង្គសវនាការ។ តែក្រោយពីសហព្រះរាជអាជ្ញាបានប្ដឹងសារទុក្ខ អង្គជំនុំជម្រះតុលាការកំពូលបានកាត់ទោស ឌុច ដាក់ពន្ធនាគារអស់មួយជីវិត។
ពីមេគុកក្លាយជាអ្នកទោស
ចាប់តាំងពីឆ្នាំ ២០១៣ មក ឌុច ត្រូវបានផ្ទេរទៅស្នាក់នៅពន្ធនាគារខេត្តកណ្ដាល។ ឌុច ដែលជាអ្នកនិយមជក់បារីមិនដែរនោះបានផ្អាក និងឈានទៅឈប់ជក់បារីនៅទីនោះ។ នេះបើតាមលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល។
លោក ចាត ស៊ីនាង បន្ថែមថា ខុសពីអ្នកទោសដទៃ ឌុច ដែលស្លៀកសម្លៀកបំពាក់កំប្លេខៀវឆ្នូតសនៅនឹងកអាវ ត្រូវឃុំឃាំងនៅដាច់ដោយឡែកក្នុងបន្ទប់ធំទូលាយ ទំហំ ៥ ម៉ែត្រគុណនឹង ៥ ម៉ែត្រ មានបន្ទប់ទឹកផ្ទាល់ខ្លួន និងមានអ្នកទោសស្ម័គ្រចិត្តម្នាក់ នៅដេកកំដរយាមបម្រើទឹកក្ដៅទឹកត្រជាក់ជាប្រចាំ ក្រោមការឯកភាពរបស់ព្រះរាជអាជ្ញា។
ប្រធានពន្ធនាគាររូបនេះបានប្រាប់ VOA ថា៖ «និយាយរួមទ្វារកន្លែងគាត់នោះអត់មានអ្នក [ទោស] ណាចេញចូលបានទេ គឺចាក់ចំហទ្វារស្រេច តែគាត់ចេញគាត់ចូល [ហាត់ប្រាណ] ស្រេចតែចិត្ត ព្រោះកន្លែងនោះអត់មានអ្នកទោសណា អាចទៅក្បែរគាត់បាន ពីព្រោះយើងថែរក្សាសុវត្ថិភាពឱ្យគាត់ ខ្លាចក្រែងលោមានបញ្ហាអ្នកណាមកធ្វើអ្វីប៉ះពាល់គាត់»។
លោក ចាត ស៊ីនាង បានលើកឡើងថា ពេលទំនេរ ឌុច ចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រខ្ចីសៀវភៅពីបណ្ណាល័យពន្ធនាគារ ហើយគិតត្រឹមថ្ងៃស្លាប់នេះ ឌុច នៅសល់សៀវភៅអានប្រមាណ ២០ ក្បាល។
«គាត់ស្រួលនិយាយគ្នាណាស់។ គាត់មិនមែនជាអ្នកច្រងេងច្រងាងអ្វីទេ។ មនុស្សគាត់ចេះដឹងដែរ មិនច្រងេងច្រងាងទេ។ គាត់គោរពវិន័យបានជាងអ្នកផ្សេងច្រើនណាស់»។
គុកទួលស្លែងនៅថ្ងៃឌុចស្លាប់
សម្រាប់អ្នករស់រានមានជីវិតពីមន្ទីរស ២១ មរណភាពរបស់ ឌុច គឺជាការបិទបញ្ចប់យុគសម័យមួយ។
លោក នង ចាន់ផល មានអាយុ ៩ ឆ្នាំ នៅពេលដែលលោកត្រូវបានខ្មែរក្រហមចាប់មកមន្ទីរស ២១ ជាមួយម្ដាយនិងប្អូនប្រុសម្នាក់ទៀត នៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៧៩ ហៀបនឹងចប់របបកម្ពុជាប្រជាធិបតេយ្យទៅហើយ។ ម្ដាយរបស់លោកត្រូវបានមន្ត្រីមន្ទីរស ២១ វាយដំសួរចម្លើយ ហើយលោក និងប្អូនប្រុស ត្រូវបានបំបែកទៅទុកនៅបន្ទប់ខាងក្រោយសម្រាប់កុមារ។
នៅបានមួយថ្ងៃលោកបានក្រឡេកឃើញម្ដាយ ដែលត្រូវបានឃុំនៅអគារវែងកំពុងសំឡឹងមើលលោកពីខាងលើមក ដែលជាការឃើញមុខគ្នាចុងក្រោយ មុននឹងកងទ័ពវៀតណាមវាយចូលភ្នំពេញ និងបានទៅដល់មន្ទីរស ២១ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩៧៩។ ដោយបាត់បង់ទាំងម្ដាយទាំងឪពុកនៅមន្ទីរស ២១ លោក នង ចាន់ផល ក្លាយជាក្មេងកំព្រា។
៤១ ឆ្នាំក្រោយមក លោក នង ចាន់ផល អាយុ ៥០ ឆ្នាំ អង្គុយត្រមង់ត្រមោចម្នាក់ឯងក្នុងបរិវេណអតីតមន្ទីរស ២១ ដែលបច្ចុប្បន្នជាសារមន្ទីរ តែស្ងប់ស្ងាត់ជ្រងំ ព្រោះជំងឺកូវីដ១៩ នាំឱ្យទេសចរមិនមកទស្សនា។ លោក នង ចាន់ផល បានទទួលដំណឹងថា ឌុច ស្លាប់ នៅព្រឹកថ្ងៃពុធនេះដែរ។
«នៅពេលដែលបានដំណឹងថា ឌុច ស្លាប់ពីយប់មិញ នៅពាក់កណ្ដាលអធ្រាត្រនេះ យើងមានចិត្តថា គាត់នឹងទទួលបានអ្វីដែលគាត់បានប្រព្រឹត្តទៅលើប្រជាជនខ្លួនគាត់។ គាត់ជាសាស្ត្រាចារ្យម្នាក់ គាត់ជាអ្នកចេះដឹងម្នាក់។ គាត់នឹងយល់ពីកំហុស ដែលគាត់បានសាង។ នេះជាវិប្បដិសារីរបស់គាត់»។
លោក ចាន់ផល លើកឡើងថា លោក «អហោសិកម្ម» ឱ្យព្រលឹងឌុចតែនៅថ្ងៃដាក់បិណ្ឌ ដែលចាប់ផ្ដើមពីស្អែកនេះ ពេលដែលលោកយកចង្ហាន់ទៅប្រគេនព្រះសង្ឃ លោកនឹងឧទ្ទិសដំណឹងមរណភាពរបស់ ឌុច នេះដល់វិញ្ញាណក្ខន្ធឪពុកម្ដាយរបស់លោក ដែលត្រូវបានយកមកឃុំ នៅគុកទួលស្លែង។
«ខ្ញុំនឹងធ្វើពិធីធ្វើបាយចង្ហាន់អ្វីទៅវត្តទៅវ៉ានឹងគេ។ អ៊ីចឹងទៅហើយអុជធូបប្រាប់ម្ដាយថា កូនពិតជារកយុត្តិធម៌ឱ្យម្ដាយឪពុកបាន ហើយព្រមទាំងជនរងគ្រោះ ពូមីងបងប្អូនកូនក្មួយទាំងអស់នៅទីនេះ ដែលបានស្លាប់ សូមទទួលយកយុត្តិធម៌ពីសាលាក្ដីខ្មែរក្រហម ដែលបានកាត់ទោស ហើយហើយ ឌុច ក៏បានទទួលកំហុស (ការកាត់ទោស) ហើយហើយដល់ ឌុច បានទទួលមរណភាពហ្នឹង»។
«[ឌុច]គាត់សម សមនឹងទទួល ព្រោះកាលពីមុន គាត់ជាមេដឹកនាំនៅទីនេះ។ គាត់កាន់កាប់នៅទីនេះហើយអ្នកទោសល្មមៗគាត់សម្លាប់ចោល។ បើប្រៀបធៀបពីមុននិងឥឡូវ គាត់ឃោរឃៅហើយត្រូវសម្លាប់ចោល»។
យូរៗម្ដង គេឃើញអ្នកមកទស្សនាជាជនជាតិខ្មែរដើរមើលតាមអគារ ដែលជាអតីតសាលារៀនតែត្រូវបានច្នៃជាបន្ទប់តូចៗ ខណ្ឌដោយឥដ្ឋក្រហម និងមានឧបករណ៍ប្រើប្រាស់របស់អ្នកជាប់ឃុំ ក៏ដូចជាសម្ភារៈសម្រាប់ធ្វើទារុណកម្ម។ នេះមិនទាន់និយាយដល់រូបថតជនរងគ្រោះ ដែលសម្លឹងមករកម៉ាស៊ីនថត មុននឹងត្រូវយកទៅសម្លាប់។
លោក បាន នី ជាពលរដ្ឋខេត្តសៀមរាប មានវ័យ ២១ ឆ្នាំ មកដល់សារមន្ទីរទួលស្លែងជាលើកដំបូងបំផុត នៅថ្ងៃដែល ឌុច ស្លាប់នេះ គឺថ្ងៃពុធនេះ ។ លោកបានលើកឡើងថា លោកមានការរន្ធត់ក្នុងចិត្តដែលពើបប្រទះនឹងទីតាំងជាក់ស្ដែងនៃឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ជាលើកដំបូងនេះ។
«[ឌុច]គាត់សម សមនឹងទទួល ព្រោះកាលពីមុន គាត់ជាមេដឹកនាំនៅទីនេះ។ គាត់កាន់កាប់នៅទីនេះហើយអ្នកទោសល្មមៗគាត់សម្លាប់ចោល។ បើប្រៀបធៀបពីមុននិងឥឡូវ គាត់ឃោរឃៅហើយត្រូវសម្លាប់ចោល»។
លោក បាន នី បន្ថែមថា ទោះ ឌុច ត្រូវបានកាត់ទោសនិងស្លាប់យ៉ាងណា ហើយក្ដីយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតនៅទួលស្លែង មិនអាចប៉ះប៉ូវបានទេ។
«គិតថាមិនអាច មិនអាចបានអ្នកស្លាប់នោះមកវិញទេ ព្រោះវាហួសពេលហើយ»។
ខណៈដែលលោក បាន នី កំពុងនិយាយ ហើយខណៈបណ្ដាសារព័ត៌មានដទៃបានសួរលោក នង ចាន់ផល ក្នុងបរិវេណសារមន្ទីរទួលស្លែងដ៏ស្ងាត់ជ្រងំ ឮតែសំឡេងធាងដូងបក់បោកតាមកម្លាំងខ្យល់ នារសៀលថ្ងៃពុធនេះ សពរបស់ ឌុច ត្រូវបានរំកិលពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ទៅបូជានៅវត្តចាក់អង្រែក្រោម ដែលមានក្រុមគ្រួសារជាអ្នកចាំរើសធាតុ។
ដោយមិនចង់ឲ្យអ្នកសារព័ត៌មានថតរូប បន្ទាប់ពីការបូជានៅម៉ោងជាង ៣ រសៀល ធាតុរបស់លោកត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តជាបន្ទាន់ យកទៅកន្លែងពួកគេស្នាក់ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ទីដែលលោក ឌុច សម្ងំលាក់ខ្លួន ក្រោយការដួលរលំរបបខ្មែរក្រហម៕