នៅថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមបានបើកសវនាការជាសាធារណៈ ដើម្បីសម្រេចលើការទាមទាររបស់មេធាវីការពារក្ដីឲ្យអតីតមេដឹកនាំខ្មែរក្រហមកំពូលចំនួនបីនាក់ ដែលទាមទារឲ្យដោះលែងកូនក្ដីរបស់ពួកខ្លួន។ ក៏ប៉ុន្ដែអង្គជំនុំជម្រះសាលាដំបូងមិនទាន់ប្រកាសលទ្ធផលនៃការសម្រេចរបស់ខ្លួនភ្លាមៗនោះទេ។
អតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ ក្នុងចំណោមបួននាក់ដែលកំពុងជាប់ឃុំឃាំងជាបណ្ដោះអាសន្ន បានបង្ហាញមុខព្រមគ្នាក្នុងសវនាការជាសាធាណៈនៅថ្ងៃច័ន្ទនេះរបស់អង្គបុរេជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម។ នេះជាសវនាការដើម្បីសម្រេចថា តើត្រូវដោះលែងជនជាប់ចោទទាំងបីតាមបណ្ដឹងតវ៉ារបស់ក្រុមមេធាវីឬយ៉ាងណា?
មេធាវីរបស់អតីតបងធំទី២ គឺនួន ជា អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យខៀវ សំផននិងមេធាវីរបស់លោកស្រី អៀង ធារិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច បានស្នើឲ្យសាលាក្ដីខ្មែរក្រហមដោះលែងកូនក្ដីរបស់ផងខ្លួនជាបន្ទាន់ បន្ទាប់ពីកូនក្ដីរបស់ពួកគេត្រូវបានចាប់ខ្លួនយកមកឃុំទុកដោយពុំមានការកាត់ទោស ហើយនេះជាការឃុំខ្លួននេះលើសរយៈពេលឃុំខ្លួនបណ្ដោះអាសន្នរយៈពេលបីឆ្នាំតាមច្បាប់។ ពួកគេត្រូវឃុំខ្លួនចំនួនបួនខែលើសកំណត់គិតមកត្រឹមថ្ងៃទី១៦ មករានេះ។ ហើយមុនការផុតរយៈពេលកំណត់ការឃុំខ្លួនបណ្ដោះអាសន្ននេះ អង្គបុរេជំនុំជម្រះបានសម្រេចបន្ដការឃុំខ្លួនជនជាប់សង្ស័យទាំងបីជាបន្ដទៀត។
លោកសហមេធាវី Jasper Pauw ដែលការពារឲ្យលោកនួន ជា បានលើកឡើងតាមរយៈអ្នកបកប្រែភាសាថា ការបន្ដឃុំឃាំងកូនក្ដីរបស់លោកទៀតគឺជារឿងខុសច្បាប់។
«អង្គបុរេជំនុំជម្រះធ្វើការរំលោភលក្ខខណ្ឌនៅក្នុងវិធានផ្ទៃក្នុង ដូច្នេះមិនចាំបាច់ធ្វើការឃុំខ្លួនលោកនួន ជា នោះទេ។ ដូច្នេះនួន ជាត្រូវដោះលែងនៅក្នុងថ្ងៃនេះ»។
អៀង ធីរិទ្ធ អាយុ៧៨ឆ្នាំ បានចាកចេញពីបន្ទប់សវនាការ បន្ទាប់ពីការបើកសវនាការបានបន្ដិច ដោយលោកស្រីមិនបានបញ្ជាក់ពីមូលហេតុនៃការមិនចូលរួមសវនាការនេះទេ។ ក៏ប៉ុន្ដែមេធាវី លោកស្រីគឺលោកផាត់ ពៅស៊ាងធ្លាប់អះអាងកាលពីសប្ដាហ៍មុនថា កូនក្ដីរបស់លោកមិនចង់ជួបតទល់ជាមួយជនជាប់ចោទគឺលោកនួន ជាទេ។
«ខ្ញុំ អៀង ធីរិទ្ធ សូមបដិសេដសិទ្ធិក្នុងការចូលរួមសវនាការស្ដីពីការឃុំខ្លួនលើពាក្យស្នើសុំរបស់ខ្ញុំ ដែលធ្វើឡើងនៅថ្ងៃនេះ»។
នួន ជា អាយុ៨៥ឆ្នាំ បានពាក់វ៉ែនតាខ្មៅការពារភ្នែកតាមការអនុញ្ញាតរបស់លោកចៅក្រមនិល ណុន ប្រធានសវនាការ ប៉ុន្ដែជនជាប់ចោទរូបនេះបានចាកចេញពីបន្ទប់ជំនុំជម្រះ បន្ទាប់ពីលោកស្រីអៀង ធីរិទ្ធ ដោយមេធាវីលោកសុន អារុណអះអាងថា កូនក្ដីរបស់គាត់មានអាការៈឈឺក្បាល និងវិលមុខ និងមានសម្ពាធឈាមឡើងខ្ពស់។
នៅក្នុងសវនាការ ក្រុមមេធាវីនៃជនជាប់ចោទទាំងបីបានតវ៉ាថា ការឃុំខ្លួនកូនក្ដីពួកគេជារឿងខុសច្បាប់ ដោយសារតែមិនទាន់មានការកាត់ទោស ក្រោយពីការឃុំខ្លួនហួសរយៈពេលកំណត់។
លោកខៀវ សំផនបាននិយាយដោយសំឡេងស្អកៗថា លោកត្រូវការឲ្យអង្គជំនុំជម្រះសាលាដំបូងធ្វើការសម្រេចដោយឈរលើការគោរពច្បាប់។
«ខ្ញុំបាទមិនមានស្អីបញ្ជាក់ទេ មានសំណូមពរឲ្យគោរពតាមច្បាប់»។
ទោះជាយ៉ាងណា សហព្រះរាជាអាជ្ញាទាំងពីរគឺលោកស្រីជា លាង និងលោក Andrew Carley បានទទូចឲ្យសាលាដំបូងបន្ដឃុំខ្លួនជនជាប់ចោទទាំងបីបន្ដទៀត ដោយសំអាងលើហេតុផលសុវត្ថិភាព សង្គម សុវត្ថិភាពសម្រាប់ជនជាប់ចោទ និងបញ្ហាសុខភាពរបស់ពួកគេ ព្រមទាំងដោយយោងលើហេតុផលការពារប្រយោជន៍សាក្សី។
នួន ជា អៀង សារី អៀង ធីរិទ្ធ និងខៀវ សំផនត្រូវចាប់ខ្លួនកាលពីឆ្នាំ២០០៧ ក្រោមការចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងបទប្រល័យពូជសាសន៍ ដែលទាក់ទងនឹងការស្លាប់ និងការសម្លាប់ប្រជាពលរដ្ឋខ្មែររហូតដល់២,២លាននាក់។
លោកចៅក្រម និល ណុនបានប្រកាសថា អង្គជំនុំជម្រះសាលាដំបូងមានពេលមួយខែដើម្បីសម្រេចថា តើត្រូវដោះលែងជនជាប់ចោទទាំងបីនាក់ គឺនួន ជា ខៀវ សំផន និងអៀង ធីរិទ្ធឲ្យនៅក្រៅឃុំឬយ៉ាងណា។ ដោយឡែកសហមេធាវីរបស់អៀង សារី មិនបានដាក់ពាក្យប្ដឹងទាមទារឲ្យដោះលែងកូនក្ដីរបស់ខ្លួនទេ ដោយសារតែខ្វះពេលវេលាគ្រប់គ្រាន់។ ការកាត់ទោសជនជាប់ចោទទាំងបួនត្រូវគ្រោងធ្វើនៅពាក់កណ្ដាលឆ្នាំ២០១១នេះ៕