ភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ សាលាក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានចេញសាលក្រមដាក់ទោស កាំង ហ្កេកអ៊ាវ ហៅឌុច ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឌុចគឺជាកម្មាភិបាលខ្មែរក្រហមដ៏សំខាន់ទីមួយ ត្រូវបានកាត់ទោសចាប់តាំងពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ។
ប្រាំបីខែក្រោយពីសវនាការរបស់គាត់ត្រូវបានបញ្ចប់ សមមិត្តឌុចត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ ដោយសាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅភ្នំពេញ។
ឌុចដែលគ្រប់គ្រងមជ្ឈមណ្ឌលធ្វើទារុណកម្ម និងសម្លាប់ដ៏ធំ ដែលត្រូវបានស្គាល់ថា ស២១ ត្រូវបានរកឃើញថា មានកំហុសពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប៉ុន្តែតុលាការបន្ថយទោស១១ឆ្នាំ ដោយសារគាត់បានជាប់ទោសចំនួន១១ឆ្នាំ រួចមកហើយ ហើយបន្ថយ៥ឆ្នាំផ្សេងទៀតដោយសារគាត់ត្រូវបានឃុំខ្លួនខុសច្បាប់ក្នុងរវាង១១ឆ្នាំនោះ។ ទីបំផុតឌុចនឹងត្រូវបានជាប់ពន្ធនាគារចំនួន១៩ឆ្នាំ។
ការកាត់ទោសរបស់គាត់ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងខឹងសម្បារ ដោយរួមមានលោកប៊ូ មេង និងលោកជុំ ម៉ី ដែលអ្នកទាំងពីរគឺជាជនរងគ្រោះដែលនៅសល់ពីស្លាប់ក្នុងពន្ធនាគារស២១។ លោកទាំងពីរមានអារម្មណ៍ថា ទោសនោះស្រាលណាស់សម្រាប់បុរស ដែលមើលការខុសត្រូវការធ្វើទារុណកម្ម និងការសម្លាប់មនុស្សចំនួនជាង១២.០០០នាក់នោះ។
និយាយនៅខាងក្រៅតុលាការ កញ្ញាសេង ធារី ដែលជាមេធាវីខ្មែរអាមេរិកាំង និងដែលបាត់បង់សមាជិកគ្រួសាររបស់នាងក្នុងសម័យខ្មែរក្រហម មានប្រសាសន៍ថា ១៩ឆ្នាំមិនគ្រប់គ្រាន់សម្រាប់អំពើដ៏ព្រៃផ្សៃ ដែលបុរសអាយុ៦៧ឆ្នាំរូបនេះ មើលការខុសត្រូវ ខណៈដែលគាត់គ្រប់គ្រងស២១ នោះទេ។
«សាលក្រមនេះមិនអាចទទួលយកបានទេ។ សូម្បីតែនឹកគិតថា គាត់ទទួលបានសេរីភាពមួយនាទីនៅទីសាធារណៈក៏មិនអាចទទួលយកបានដែរ»។
ប៉ុន្តែមានប្រតិកម្មចម្រុះចំពោះបញ្ហានេះ។ ខណៈដែលអ្នកខ្លះស្វាគមន៍សាលក្រម ដោយរួមទាំង វិចិត្រករ វ៉ាន់ ណាត ដែលជាអ្នកសល់ពីស្លាប់ក្នុងមន្ទីរឃុំឃាំង ស២១ និងអ្នកផ្សេងទៀត មានអារម្មណ៍ថា ឌុចគួរត្រូវកាត់ទោសប្រហារជីវិត។ ប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជារស់នៅបរទេសក៏ចម្រុះដែរ។
សាស្ត្រាចារ្យ នូ លក្ខិណា សង្គមវិទូខ្មែរអាមេរិកាំង បាននៅក្នុងតុលាការកាលពីថ្ងៃច័ន្ទ ជាមួយនឹងខ្មែរអាមេរិកាំងចំនួន៣នាក់ផ្សេងទៀត ដែលបានដាក់ពាក្យធ្វើជាដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងរឿងក្តីទី២ ដែលនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ។
«ដូចដែលអ្នកបានឮពីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់មានប្រសាសន៍នៅក្នុងកិច្ចប្រជុំថ្ងៃនេះថា គាត់មិនសូវសប្បាយចិត្តនឹងសាលក្រមនេះទេ ដោយគាត់បានបាត់បង់អ្នកមានគុណរបស់គាត់ម្នាក់ និងបងប្អូន។ ប៉ុន្តែពីអ្នកនៅសល់ពីស្លាប់វ័យចំណាស់ម្នាក់ ដែលមានអាយុ៧០ឆ្នាំប្លាយ គាត់មានអារម្មណ៍ថា រឿងវិជ្ជមានមួយដែលទទួលបានគឺដំណើរការប្រកបដោយតម្លាភាពចំពោះការអនុវត្តច្បាប់។ ទោះបីជាគាត់មិនសប្បាយចិត្តនឹងចំនួនឆ្នាំ ក៏គាត់មានអារម្មណ៍ថា តុលាការបានរួមគ្នាខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌»។
កញ្ញាសេង ធារី បានថ្លែងកាលពីថ្ងៃពុធថា អង្គការសង្គមស៊ីវិល ពេលនេះត្រូវតែផ្តោតការយកចិត្តទុកដាក់ទៅលើរឿងក្តីទីពីរ ដែលជាប់ពាក់ព័ន្ធនឹងមេដឹកនាំជាន់ខ្ពស់ខែ្មរក្រហម៤នាក់ទៀត ដែលនឹងត្រូវបានកាត់ទោសអំពីតួនាទីរបស់គេក្នុងការស្លាប់ប្រជាពលរដ្ឋកម្ពុជាប្រហែល១លាន៧សែននាក់។
«ការទទួលខុសត្រូវនេះធ្លាក់ទៅលើមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ហើយនោះគឺរឿងក្តីលេខ០០២។ ដូច្នេះយើងត្រូវតែឈប់ខឹងសម្បានៅពេលនេះ ហើយត្រូវធ្វើការខឹងសម្បាឲ្យទៅជាថាមពល ប្រើប្រាស់ដើម្បីផ្តោតទៅលើការសម្របសម្រួល ការគាំទ្រ និងការទាមទារឲ្យរឿងក្តី០០២ ដែលជាប់ពាក់ព័ន្ធនឹងមេដឹកនាំខ្មែរក្រហមត្រូវតែប្រព្រឹត្តឡើង ហើយត្រូវកើតឡើងនាពេលឆាប់ៗមុនមនុស្សវ័យចំណាស់ទាំងនេះលាចាកលោកទៅដោយជំងឺ និងជរាពាធ»។
លើសពីរឿងក្តីលេខ០០២ ចៅក្រមស៊ើបអង្កេតអន្តរជាតិនៃតុលាការនេះមានប្រសាសន៍ថា គាត់ចង់ពិនិត្យមើលជនសង្ស័យចំនួន៥រូបផ្សេងទៀត។
Anne Heindel គឺទីប្រឹក្សាផ្នែកច្បាប់នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាបណ្ណសារដ្ឋាននៃឯកសារស្តីអំពីខ្មែរក្រហម។
តុលាការបានប្រឈមនឹងឥទ្ធិពលនយោបាយ ក៏ដូចជាវិបត្តិហិរញ្ញវត្ថុរាប់ឆ្នាំ។ គាត់ថ្លែងថា មានភាពប្រថុយប្រថាន ដែលប្រទេសផ្តល់ជំនួយមិនបង់លុយសម្រាប់ការកាត់ទោសបន្ត។
«តាមពិតទៅ ជាច្រើនឆ្នាំមកនេះ ខ្ញុំគិតថា រឿងថវិកាគឺជាបញ្ហាដ៏ធំមួយទេ។ វាអាចជាបញ្ហា នៅពេលត្រូវធ្វើរឿងក្តី ប្រទេសម្ចាស់ជំនួយអាចនឹងគ្មានឆន្ទៈនឹងបង់លុយសម្រាប់រឿងក្តីទី៣ និងទី៤ ជាជាងរដ្ឋាភិបាលថា យើងមិនចង់ឲ្យរឿងក្តីនេះដំណើរការ ដែលនោះពិតជាការព្រួយបារម្ភធំបំផុតរបស់ខ្ញុំ នាពេលនេះ ពីព្រោះប្រទេសជប៉ុនមិនសូវមានការគាំទ្រប៉ុន្មានដូចដែលគេមានកាលពីអតីត ហើយរហូតមកដល់ពេលនេះ មិនមានប្រទេសណាមានឆន្ទៈដូចប្រទេសជប៉ុនទេ»។
សង្គមវិទូ នូ លក្ខណា កត់សម្គាល់ថា ដំណើរការសាលាក្តីប្រកបដោយជោគជ័យមួយនឹងមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គមកម្ពុជា និងសម្រាប់ជនកម្ពុជាដែលរស់នៅបរទេស។
វាមិនត្រឹមតែជួយអ្នកសល់ពីស្លាប់ទទួលបានការទទួលស្គាល់អំពីការឈឺចាប់របស់គេ និងការបញ្ចប់ទំព័រប្រវត្តិដ៏ជូរចត់ប៉ុណ្ណោះទេ ប៉ុន្តែលោកស្រីមានប្រសាសន៍ថា វាក៏បានបន្សល់នូវកេរ្តិ៍ដំណែលដ៏មានប្រយោជន៍សម្រាប់បច្ចុប្បន្ន និងសម្រាប់ក្មេងជំនាន់ក្រោយផងដែរ។
ពីរថ្ងៃក្រោយពីសាលក្រមរបស់គាត់ត្រូវបានចេញ មនុស្សជាច្រើនទន្ទឹងរង់ចាំទទួលបានអនាគតភ្លឺស្វាង ដែលក្នុងនោះភាពមហន្តរាយ ដែលឌុច និងអ្នកផ្សេងទៀតបានបង្កើតឡើងនៅកម្ពុជា ក្នុងមធ្យោបាយមួយ ដែលត្រូវបានជួសជុលកែលំអឡើងវិញ៕
ប្រែសម្រួលដោយលោក អ៊ឹម សុធារិទ្ធ