អាជីវករ​សម្រាប់​រដូវ​​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជួប​ការលំបាក ខណៈ​ពេល​កើត​មាន​ជំងឺ​កូវីដ១៩

ហាង​​លក់​គោម និង​គ្រឿង​តុបតែង​លម្អ​ពេល​ចូល​ឆ្នាំរបស់​អ្នកស្រី​នួន សុខាណារី​នៅ​ជិត​ផ្សារ​អូរឬស្សី​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/VOA) ​​

ជា​ធម្មតា​នៅ​រដូវ​ចូលឆ្នាំ​ខ្មែរ ​ផ្លូវ​មុខផ្សារចាស់​នៅ​ក្រុង​ភ្នំពេញតែងតែ​មាន​អ្នកដំណើរ​អ៊ូអរមក​ឈប់​សំចត​ដើម្បី​ចូល​ទិញ​ផ្កា ផ្លែឈើ និង​គ្រឿងសក្ការៈបូជា​ជា​ដើម។ ប៉ុន្តែឆ្នាំនេះទិដ្ឋភាព​នៃ​ការ​ទិញដូរ​នៅ​មុខ​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុនៗ។

កំពុង​ឈរ​រង់ចាំ​អតិថិជន​មក​ទិញផ្កា​នៅ​កែង​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ទឹកមុខ​មិន​សូវ​ញញឹម​ប៉ុន្មាន​ លោក​ ផុន ភី​ អាយុ ៣៨​ឆ្នាំ ជា​អ្នក​លក់​គ្រឿងសក្ការៈ​បូជា​ និង​ផ្កានៅ​ផ្សារ​នេះ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ។

លោក​ ផុន ភី ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត ​បាន​ប្រាប់​ VOA ថា លោក​បាន​ទិញ​ស្តុក​ទុក​គ្រឿង​សក្ការៈបូជា​គិតជាក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ ១៥០០​ដុល្លារ សម្រាប់​អាជីវកម្ម​គ្រួសារ​នេះ។ ​ហើយ​លោក​សង្ឃឹម​ថា នឹង​អាច​លក់​បាន​យ៉ាងហោចណាស់ ៥០​ភាគរយ​ដែរ​នៅ​អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​។

យ៉ាង​ណា​ក្តី លោក​មាន​ការ​ព្រួយបារម្ភ​ថា អាជីវកម្ម​លោក​អាច​លក់​មិន​ដាច់​នៅ​អំឡុងពេល​បុណ្យ​ចូលឆ្ន​នេះ។

«លំបាក​ខ្លាំង​ដែរ​បង ព្រោះ​លក់​អត់​ដាច់ អ៊ីចឹង​ទៅ​ខូច អ៊ីចឹងទៅ»។

លោកផុន ភីបាន​បន្ត​ថា ជារៀងរាល់ឆ្នាំនៅ​អំឡុងពេល​ថ្ងៃ​បុណ្យ​ធំៗ​ អាជីវកម្ម​របស់​លោក​លក់​ដាច់ ហើយ​អាច​រក​ចំណូល​បាន​យ៉ាងហោច​ណាស់​ក៏​ជាង​ ១០០០​ដុល្លារ​ដែរ។

ប៉ុន្តែ​ដោយសារ​តែ​ការ​រីករាលដាល​ជំងឺ​កូវីដ១៩ លោកនិយាយ​ថា អាជីវកម្ម​របស់​លោក​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក ដោយសារ​តែ​មិនសូវ​លក់​បាន​ច្រើន​ដូច​គ្រាមុនៗ​នោះ​ទេ។

លោក​ ផុន ភី​ អាយុ ៣៨​ឆ្នាំ ជា​អ្នក​លក់​គ្រឿងសក្ការៈ​បូជា​ និង​ផ្កានៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ទប់ទល់​ជាមួយ​នឹង​ការ​រីករាលដាល​ជំងឺ​កូវីដ ១៩ ​ អាជីវករ​លក់​គ្រឿងសក្ការៈ​បូជា និង​គ្រឿង​សំណែន​សម្រាប់​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ​ ​ប្រឈម​និង​ការ​ខាតបង់​ជាមួយ​នឹង​ការ​ធ្លាក់ចុះ​ចំនួន​អតិថិជន។ អ្នក​លក់​ខ្លះ​បាន​កាត់​បន្ថយ​ចំនួន​អីវ៉ាន់​ដើម្បី​ចៀសវាង​ការ​ខាតបង់ ខណៈ​អ្នក​លក់​ខ្លះ​ទៀត​ត្រូវ​កាត់បន្ថយ​ចំណាយ​ប្រចាំ​ថ្ងៃ។

ដោយសារការ​លុកលុយ​នៃ​ជំងឺ​កូវីដ​ ១៩ នា​ពេល​បច្ចុប្បន្ន​ ដូច​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើពិភពលោក សេដ្ឋកិច្ច​កម្ពុជាកំពុង​រងការ​ប៉ះទង្គិច ខណៈតម្រូវការទំនិញ និង​សេវាកម្ម​ផ្សេងៗ​មាន​ការ​ធ្លាក់ចុះ​អំឡុងពេល​ពលរដ្ឋខ្មែរ​ទូទៅត្រូវ​បាន​ជំរុញ​ឲ្យ​រក្សា​គម្លាតសង្គម​ ដូចជា ​ធ្វើការ​ពី​ផ្ទះ​ និង​កាត់បន្ថយ​ការ​ចេញក្រៅ​ជា​ដើម​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ។

កំពុង​អង្គុយ​រង់ចាំ​អតិថិជន​នៅ​ក្នុង​តូប​លក់​គ្រឿង​សក្ការៈ​បូជា​មួយ​នៅ​ចំហៀង​ផ្សារ​ចាស់ អ្នកស្រី​ប៊ុន ចាន់​ធី អាយុ ៥​៥​ឆ្នាំ ជា​អ្នក​លក់​គ្រឿង​សក្ការៈបូជាមួយ​រូប​ទៀត​នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ។ ​

ចាប់​តាំង​ពី​ពេល​មាន​ផ្ទុះ​ជំងឺ​កូវីដ១៩​មក ចំនួន​អតិថិជន​ដែល​ភាគច្រើន​ជា​អ្នក​មក​ពីខេត្ត​និង​ក្រុង​ផ្សេងៗ​មានការ​ថយ​ចុះ​ ហើយ​ចំណូល​របស់​អ្នកស្រី​ក៏​មាន​ការ​ថយចុះ​ដូចគ្នា​ផងដែរ។ ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​ការ​លក់​ អ្នកស្រី​ចាន់​ធី​បាន​បន្ត​ថា អ្នកស្រី​ប្រហែល​ត្រូវ​បន្ថយ​ចំណាយ​លើ​ការ​ធ្វើ​បុណ្យ​ទាន និង​ការ​ដើរកម្សាន្ត​ផ្សេងៗ​ផងដែរ​។​

«ពី​មុន​ដូច​យើង​ចាយ​វាយ​អី​ទៅ យើង​ចេះ​តែ​ធូររលុង​ទៅ​ណា។ ដល់​ពេល​ឥឡូវ​ដូចថា ទៅ​បុណ្យ​ទៅ​ទាន​អី ដូច​យើង រាង​ធូ​អី​អញ្ចឹង​ធ្វើ​បុណ្យ​ធំៗ​អី​វាស្រួល។ ហើយ​ឥឡូវ​អត់​ទេ​ ប្រហែល​ជា​ឆ្នាំ​ហ្នឹង​មិនសូវ​ហ៊ាន​ទៅ​ស្រុក​ផង​ក៏​មិនដឹង​ដែរ ព្រោះស្ងាត់​អញ្ចឹង​ហ្អា»។

អ្នកស្រី​ ប៊ុន ចាន់​ធី អាយុ ៥​៥​ឆ្នាំ ​អ្នក​លក់​គ្រឿង​សក្ការៈបូជា​នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នកស្រីចាន់ធី​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​អីវ៉ាន់​ក្នុង​ស្តុក​តម្លៃ​ប្រមាណ​ជាង​ពីរ​ពាន់​ដុល្លារ។ យ៉ាង​ណាក្តី​អ្នកស្រី​មិនទាន់​ដឹង​ច្បាស់​ថា អ្នកស្រី​នឹង​អាច​លក់​ដាច់​នោះ​ទេ​នៅ​អំឡុងពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។

«វា​ជួប​លំបាក​ហ្នឹង​វា​ច្រើន​ហ្អា យើង​ស្តុក​អីវ៉ាន់​ អញ្ចឹង​ទៅ​យើង​មិន​អាច​វេរ​ឲ្យ​គេ​វិញ ហើយ​ម្យ៉ាង​យើង​រក​ថវិកា​ជូន​គេ​ក៏​មិន​ទាន់»។ ​

អ្នកស្រី​ចាន់ធី​បាន​លើក​ឡើងថា ​មក​ទល់​ពេល​ឥឡូវ​នេះ ក៏​មិនទាន់​ឃើញ​មាន​ ការ​បញ្ចុះ​តម្លៃ​តូប​នៅ​ឡើយទេ​ ពី​ថៅកែ​ផ្សារ​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំនូវ​ផែនការ​ផ្សេងៗ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ អំឡុងពេល​មាន​ការ​កើត​មាន​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា។

តូប​លក់គ្រឿង​សក្ការៈបូជា​នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ខណៈ​ពេល​មាន​ការ​កើត​មាន​ជំងឺ​កូវីដ១៩ ​អ្នករាយការណ៍​ VOA បាន​សង្កេត​ឃើញ​ថា អំឡុងពេល​កៀក​នឹង​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ តូប​អាជីវកម្ម​ពី​ ២០​ទៅ​៣០​ភាគរយ​នៅ​ផ្សារ​ចាស់​បាន​បិទ ដោយ​មាន​តូប​ខ្លះ​បាន​ដាក់​ស្លាក​ថា «តូបលក់»។

អ្នក​ស្រី សុខ សម្ផស្ស អាយុ​ ៤៥​ ឆ្នាំ ​កំពុង​អង្គុយ​ឆ្កឹះទង​ចេញ​ពី​ផ្លែ​ក្រូច​ដើម្បីដាក់លក់ ដោយ​មានពាក់ម៉ាសនិងទឹកអាកុល​ដាក់​នៅ​ជិត​ខ្លួន​។

អ្នកស្រី​សម្ផស្ស ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃវែង ប្រកប​អាជីវកម្ម​លក់​ផ្លែឈើ​នៅ​ផ្សារ​កណ្តាល​ក្នុង​ក្រុង​ភ្នំពេញ អស់​រយៈ​ពេល​ជាង​ ១០ឆ្នាំ​មក​ហើយ។ តែ​បន្ទាប់​ពី​មាន​ករណី​ឆ្លងជំងឺ​កូវីដ ១៩​នៅ​កម្ពុជា អ្នកស្រី​មាន​ការ​បារម្ភ​ពី​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​របស់​អ្នកស្រី។

ហើយ​អំឡុងពេល​រដូវ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នកស្រី​អត់​បាន​ទិញ​ផ្លែ​ឈើ​មក​ស្តុក​ទុក​នោះ​ទេ ពីព្រោះ​អ្នក​ស្រី​មិន​សង្ឃឹម​ថា នឹង​មាន​អ្នក​មក​ទិញ​ច្រើន​នោះ​ទេ។ ​

«ព្រួយ​បារម្ភ​ហ្នឹង​គឺ​ព្រួយបារម្ភ​ណាស់​ អារឿង​បញ្ហា​ប្រទេស​ជាតិ ដូចថា​ កើត​អា​រោគ​ហ្នឹង​មក​ មិន​ថា តែ​យើង​ទេ។ អ្នក​មក​ផ្សារ​ហ្នឹង​ក៏​ភ័​យ អ្នក​មក​ទិញ​អីវ៉ាន់​ហ្នឹង​ក៏​ភ័យ​ដែរ។ សព្វ​កន្លែង​ទាំង​អស់។ មិន​ហ៊ាន​ទិញ​អីវ៉ាន់​អី​ច្រើន​លក់​ទេ។ ទិញ​បន្តិចៗ​ហ្នឹង»។

ជា​ទូទៅ ជា​ពិសេស​ថ្ងៃ​សីលឬ​អំឡុងពេល​បុណ្យ​ទាន​ធំៗ​ អាជីវកម្ម​លក់​ផ្លែឈើ​របស់​អ្នកស្រី​មាន​អតិថិជនឡើង​រហូត​ដល់​ទៅ ៦០​នាក់​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ឥឡូវ​នេះ ចំនួន​អតិថិជន​មក​ទិញ​មាន​តិច​ជាង ១០​នាក់ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

អ្នកស្រី​សម្ផស្ស​បានប្រាប់ VOA ដោយ​សម្តីស្រងូតស្រងាត់​ថា ​ជា​មួយ​នឹង​ការ​ថយ​ចុះ​នៃ​ចំនួន​អតិថិជន​ ដូច្នេះ​ការ​លក់​របស់​អ្នកស្រី​បាន​ថយ​ចុះ​ប្រមាណ ៧០​ភាគរយ​ផងដែរ។ ​

ខណៈ​ពេល​ដែល​អាជីវកម្ម​របស់​អ្នកស្រីសម្ផស្ស​ក៏ដូចជា អាជីវកម្ម​អ្នក​លក់​ផ្លែឈើ​ដទៃ​ទៀត​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក អ្នកស្រី​សម្ជស្ស​ក៏​បាន​សុំ​ឲ្យ​មាន​ជំនួយ​ពី​សំណាក់រដ្ឋាភិបាល​ផងដែរ។

«អំពាវនាវ​រដ្ឋាភិបាល​ជួយ​មើល​ផង។ អ្នក​អត់ៗ​ហ្នឹង​គ្នា​ពិបាក​ណាស់។ ប្រឹង​មក​ទាំងត្រដាបទាំង​ត្រដួស​ភ្នែក​ស​ភ្នែក​ខ្មៅ​ហើយ មក​លក់​ដូរ​អង្គុយ​ហើយ​គ្មាន​មនុស្ស​ទៀត​ ស្ងាត់»។

អ្នក​ស្រី សុខ សម្ផស្ស អាយុ​ ៤៥​ ឆ្នាំ អ្នកលក់​ផ្លែឈើ​នៅ​ផ្សារ​កណ្តាល​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជា​ឲ្យ​បិទ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ពី​ថ្ងៃ​០៩ ដល់​ថ្ងៃ​១៦ ខែ​មេសា​ ជា​អំឡុង​ពេល​នៃ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ និង​ការ​លុបចោល​ការ​ឈប់សម្រាក​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ជា​ផ្នែក​មួយ​នៃ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺកូវីដ ១៩ នៅ​ក្នុង​ប្រទេស។​

អ្នកស្រី នួន ​សុខាណារី អាយុ​ ៤៥​ឆ្នាំ ជា​អាជីវករ​លក់​គោម​ និង​គ្រឿង​តុបតែង​ពេល​ចូលឆ្នាំ​ តាម​ផ្ទះ​មួយ​រូប​ នៅ​ជិត​ផ្សារ​អូរឫស្សី​ក្នុង​ក្រុង​ភ្នំពេញ។

អ្នកស្រី​ សុខាណារី ដែល​ប្រកប​របរ​នេះ​អស់​រយៈ​ពេល​ជាង​បី​ឆ្នាំ​មកហើយ​នោះ​បាន​ប្រាប់​វីអូអេ​ថា អំឡុងពេល​មាន​ការ​កើត​មាន​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ ១៩​នៅ​កម្ពុជា មុនពេល​ចូលឆ្នាំ​អាជីវកម្ម​របស់​អ្នកស្រី​ប្រឈម​នឹង​ការ​ថយ​ចុះ​ការ​ទិញ​ប្រមាណ​ ៥០​ ភាគរយ និង​ប៉ះពាល់​ចំណូលប្រមាណ​ ៥០​ភាគរយ​ផង​ដែរ ដែល​ការណ៍​នេះ​ជា​អ្វីអ្នកស្រី​មិន​ធ្លាប់​ដែល​បាន​ជួប​ប្រទះ​ពី​មុន​មក​ទេ។​

«និយាយ​ទៅ​ខុស​គ្នា​ពី​ឆ្នាំ​មុន​ច្រើន ព្រោះ​ឆ្នាំ​នេះ យើង​មាន​បញ្ហា​ជំងឺ​កូវីដ​អី​ហ្នឹង​គឺ​ ពិបាក​។ លក់​អត់​សូវ​ដាច់​ដូច​មុន​ទេ»។

ដូច​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​បាត់បង់​ចំណូល​ដោយសារ​កូវីដ១៩ ដែរ​ អ្នកស្រី​ត្រូវ​កាត់បន្ថយ​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ និង​ចំណាយ​ផ្សេងៗ​ទៀត​ផងដែរ។

«ចង់​និយាយ​ថា ត្រូវ​ចាយ កាត់​បន្ថយ ព្រលឹម​ឡើង​ធ្លាប់​ញាំ​អី​គុយទាវ​ យើង​កាត់​បន្ថយ​មក​ញាំ​បបរសនៅ​ផ្ទះ​អី​អញ្ចឹង​ទៅ។ កុំ​សូវ​ចាយ​អី​ពេក ព្រោះ​អី​យើង​រក​អត់​សូវ​បាន​ ឥឡូវ។ មិន​ថា តែ​គេ​ទេ ទាំង​អស់​ហ្មង​និយាយ​រួម»។ ​

គិត​ត្រឹម​ម៉ោង​ ៧​ព្រឹក​ ថ្ងៃ​ពុធ ទី១៥ ខែ​មេសា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​មាន​វីរុស​កូវីដ​ ១៩ ទាំង​អស់​ចំនួន​ ១២២​នាក់។

ចំពោះ​លោក ​ផុន ភី អាជីវករ​លក់​គ្រឿងសក្ការៈបូជា និងផ្កា​នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ លោក​សង្ឃឹម​ថា អាជីវកម្ម​របស់​គ្រួសារ​របស់​នឹង​មាន​ភាព​ប្រសើរ​ឡើង​ នៅ​ពេល​ស្ថានភាព​វិល​មក​រក​ធម្មតា​វិញ។ យ៉ាងណាក្តី នា​ពេល​បច្ចុប្បន្ន​នេះគ្រួសារ​របស់​លោកត្រូវ​កាត់​បន្ថយ​ចំណាយ​លើ​ការ​ហូប​ចុក និង​ត្រូវ​គិតគូរ​ជាង​មុន​អំពី​ការ​ចំណាយ។

«លែង​សូវ​ចាយ​អី​ខ្លាំង​អញ្ចឹង កូនចៅ​អី​វា​ត្រូវ​កាត់​បន្ថយ​ចាយ។ កាល​ពី​មុន មួយ​ថ្ងៃ​បួនប្រាំ​ម៉ឺន នៅ​សល់​ពីរ​បី​ម៉ឺន អញ្ចឹង​ទៅ»៕​