ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីព្រះសង្ឃ និងពុទ្ធបរិស័ទ មកពីបណ្តាវត្តអារាមនានាទាំងនៅសហរដ្ឋអាមេរិក កាណាដា កម្ពុជា និងកម្ពុជាក្រោមផងនោះ ព្រះតេជគុណឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម បានសម្រេចដល់គោលដៅជោគជ័យដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រវិស័យពុទ្ធសាសនាខ្មែរនៅសហរដ្ឋអាមេរិក។
Your browser doesn’t support HTML5
ព្រះអង្គបានចងក្រងរចនាសម្ព័ន្ធព្រះសង្ឃខ្មែរ នៅក្នុងវត្តជាច្រើននៅទូទាំងសហរដ្ឋអាមេរិកឲ្យក្លាយជាសមាគមមួយ ដែលហៅថា «ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក» ហើយព្រះអង្គផ្ទាល់ត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធានដឹកនាំអង្គការសាសនាមួយនេះ ជាមួយនឹងអនុប្រធានពីរអង្គផ្សេងទៀត គឺព្រះតេជគុណ ព្រះបញ្ញាបទីបោ ប៉ាត សុផល ជាអនុប្រធានទី១ និងព្រះតេជគុណព្រះពុទ្ធញ្ញាណ ហេង ស៊ីថុង ជាអនុប្រធានទី២ ។
មានថេរដីកាទៅកាន់ព្រះសង្ឃនិងពុទ្ធបរិស័ទជាច្រើន ដែលចូលរួមក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក បុណ្យវិសាខបូជា និងបុណ្យសូត្រព្រះត្រៃបិដក ក្នុងវត្តមុនីសុតារាម ក្នុងរដ្ឋមីនីសូតា ព្រះតេជគុណ ម៉ឹង សាង បានប្តេជ្ញាជាមួយនឹងគម្រោងជាច្រើន ក្នុងការធ្វើឲ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនលូតលាស់ដល់កូនចៅជំនាន់ក្រោយ។
ព្រះតេជគុណមានថេរដីកាថា បេសកកម្មរបស់សមាគមនេះនឹងផ្តោតទៅលើការអប់រំអំពីសីល សមាធិ បញ្ញាវិន័យ សម្រាប់ប្រកាន់ខ្ជាប់ដើម្បីស្តារឡើងវិញ ដើម្បីរក្សា និងដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវកិត្យានុភាពល្បីល្បាញនៃព្រះសង្ឃខ្មែរ ដែលជនានុជនទូទៅ តែងតែគោរពយ៉ាងខ្ពង់ខ្ពស់ ខំប្រឹងប្រែងបន្តវេន រក្សាព្រះពុទ្ធសាសនា ទំនៀមទម្លាប់ប្រពៃណី ព្រះត្រៃបិតក សម្រាប់កូនចៅជំនាន់ក្រោយៗទៀត ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីដើមរៀងមក។
«ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិកយើង បានប្រកាសជាផ្លូវការនូវលក្ខន្តិកៈ និងគោលការណ៍សម្រាប់អនុវត្ត ហើយសមាគមរបស់ព្រះសង្ឃយើងបង្កើតហ្នឹង ថាគឺមានបំណងនិងបេសកកម្ម ទិសដៅបង្កើតការសាមគ្គីភាព សហប្រតិបត្តិការគ្នារវាងព្រះសង្ឃនិងវត្តអារាមនៅក្នុងសហរដ្ឋអាមេរិកនេះ ជាពិសេសគឺថាគោលដៅរបស់យើងដើម្បីបង្កើនចំណេះចេះដឹង និងការអភិវឌ្ឍន៍ដល់ព្រះសង្ឃយើង អភិវឌ្ឍតាមវត្តផង ហើយនឹងជួយការផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្នែកខាងសីល សមាធិ បញ្ញា»។
ព្រះតេជគុណបានសង្កត់ធ្ងន់ដែរទៅលើការធ្វើទំនាក់ទំនងជាមួយអន្តរសាសនា និងរដ្ឋាភិបាលអាមេរិកដើម្បីឲ្យមានការទទួលស្គាល់ព្រះពុទ្ធសាសនាខ្មែរ អរិយធម៌ខ្មែរ ដូចពូជសាសន៍ដទៃទៀត ដែលគេបានធ្វើទំនាក់ទំនងនោះ។
«ហើយជាពិសេសទៀតគោលដៅរបស់យើងដើម្បីលើកស្ទួយព្រះពុទ្ធសាសនាក្នុង សហរដ្ឋអាមេរិកហ្នឹងជាមួយនឹងសាសនាដទៃ អន្តរសាសនាហ្នឹងណា មានមហាយានក្តី ហិនយានក្តី យើងមានទំនាក់ទំនង ឲ្យគេដឹងឮស្គាល់ព្រះពុទ្ធសាសនាខ្មែរ យើងនៅសហរដ្ឋអាមេរិកទៀត សូម្បីរដ្ឋាភិបាលអាមេរិកសព្វថ្ងៃគេដឹងហើយ គេជ្រាបថាមានហើយ ប៉ុន្តែឲ្យថាសំឡេងអង្គការ សមាគម ព្រះសង្ឃខ្មែរយើងហ្នឹងគឺបានទៅ ធ្វើទំនាក់ទំនងដល់សេតវិមានក្តី ឬទៅដល់ចូលទៅផ្លូវការនៅក្នុងអង្គការសហប្រជាជាតិក្តី ក៏មិនទាន់សូវមានសំឡេងដូចជាប្រទេសដទៃទេ។ ដូច្នេះយើងធ្វើនេះដើម្បីឲ្យមានការធ្វើម៉េចឲ្យអន្តរជាតិក្តីគេដឹង គេឮព្រះពុទ្ធសាសនា ព្រះសង្ឃខ្មែរយើងនៅសហរដ្ឋអាមេរិកនេះ មានការចងផ្តុំគ្នា មានការរួបរួមគ្នារក្សាប្រពៃណី រក្សាព្រះត្រៃបិដក ហើយរក្សាធម៌វិន័យរបស់យើងហ្នឹងផង»។
ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក បានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៩ នៅក្នុងពេលដែលវត្តមុនីសុតារាម បានធ្វើពិធីបុណ្យវិសាខបូជា រំលឹកគុណព្រះពុទ្ធនិងពិធីបុណ្យសូត្រព្រះត្រៃបិដក ក្នុងពេលតែមួយជាប្រវត្តិសាស្ត្រផងដែរនោះ។
ព្រះតេជគុណ ម៉ឹង សាង ក្នុងព្រះជន្ម៦០ ព្រះវស្សា ត្រូវបានធានាមកសហរដ្ឋអាមេរិក ជាព្រះសង្ឃកាលពីឆ្នាំ១៩៩៦ ដែលមានរយៈពេល២៣ឆ្នាំមកហើយ ហើយព្រះអង្គបានធ្វើទំនាក់ទំនងជាមួយវត្ត ព្រះសង្ឃនានា ពុទ្ធបរិស័ទជិតឆ្ងាយដើម្បីរួមកម្លាំងកសាងវត្តមុនីសុតារាម បង្កើតមូលនិធិជាតិដើម្បីអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជានិងបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក ដែលមានការអបអរសាទរខ្លាំងពីក្រុមអ្នកចូលរួមនិងពលរដ្ឋនៅក្នុងរដ្ឋមីនីសូតា និងពលរដ្ឋនៅប្រទេសផ្សេងៗទៀតរួមទាំងនៅកាណាដា កម្ពុជា និងដែនដីកម្ពុជាក្រោមផងដែរ បន្ថែមលើគម្រោងការផ្សេងៗទៀតសម្រាប់ព្រះពុទ្ធសាសនានៅតាមរដ្ឋនានានៃសហរដ្ឋអាមេរិក និងកម្ពុជា ក្រៅពីការធ្វើបុណ្យធំៗ រួមបញ្ចូលគ្នាក្នុងពេលតែមួយជារៀងរាល់ឆ្នាំ ដូចដែលបានធ្វើរួមគ្នានៅក្នុងវត្តមុនីសុតារាមនេះ។
«ហើយយើងមានគម្រោង៥យ៉ាងទៀត។ ទី១ យើងនឹងរៀបចំឲ្យមានទិវាសម្តេចព្រះសង្ឃរាជជួន ណាត ដែលជាព្រះបិតាសង្ឃ បិតាអក្សរសាស្ត្រ ព្រះពុទ្ធសាសនាដែលមានកិត្តិគុណកត្តិសព្ទដ៏ខ្ពង់ខ្ពស់នៅលើឆាកជាតិ និងអន្តរជាតិ ឲ្យមានទិវាសម្តេចព្រះសង្ឃរាជហ្នឹងជារៀងរាល់ឆ្នាំ ហើយឲ្យមានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សូមឲ្យអនុម័តធ្វើទិវាបុណ្យសម្តេចព្រះសង្ឃរាជជួន ណាតហ្នឹងជាផ្លូវការនៅប្រទេសកម្ពុជាទៀត បានឬមិនបានយើងមានគោលការណ៍ ហើយទី២ គឺយើងមានគម្រោងទំនាក់ទំនងសាមណនិស្សិតដែលរៀននៅឧត្តមសិក្សាហ្នឹងដើម្បីមកសិក្សានៅសហរដ្ឋអាមេរិកផង មួយជួយកិច្ចការសមាគមផង ជួយកិច្ចការតាមវត្តនានា ហើយទី៣ យើងគម្រោងធ្វើសិក្ខាសាលា ឲ្យព្រះសង្ឃនៅក្នុងសហរដ្ឋអាមេរិកឲ្យបានយល់ដឹងពីច្បាប់សហរដ្ឋអាមេរិក ច្បាប់រស់នៅសហរដ្ឋអាមេរិក និងច្បាប់ BR, B1, B2 ច្បាប់ R1 ច្បាប់អន្តោប្រវេសន៍ ការរស់នៅយ៉ាងដូចម្តេចដើម្បីឲ្យសមស្រប ហើយទី៤ យើងគម្រោងធ្វើមនុស្សធម៌ សមាគមព្រះសង្ឃយើងអាចធ្វើពិធីផ្សេងៗរៃបច្ច័យហ្នឹងជួយជាមនុស្សធម៌ ជួយជាសង្គមកិច្ច ជួយដល់អ្នកក្រីក្រ ឬក៏យ៉ាងណាៗ យើងអាចជួយដូចជាសាលារៀនជាដើម ហើយទី៥ទៀត យើងមានគម្រោងធ្វើបុណ្យផ្កាក្តី បុណ្យកថិនទានក្តី ដើម្បីប្រមូលបច្ច័យខ្លះៗដើម្បីជួយតាមវត្តនៅក្នុងសហរដ្ឋអាមេរិក វត្តដែលខ្វះខាត វត្តដែលកំពុងជួបប្រទះនូវការសាងសង់ជាដើម រឿងហ្នឹងក៏ជាគម្រោងនៅក្នុងឆ្នាំ២០២០ដែរ»។
ព្រះតេជគុណ ម៉ឹង សាង៖ ប្រវត្តិតស៊ូដើម្បីការផ្លាស់ប្តូរវិជ្ជមានក្នុងព្រះពុទ្ធសាសនា
ទោះជាមានសកម្មភាពច្រើនក្នុងការជួយជ្រោមជ្រែងដល់ព្រះពុទ្ធសាសនា និងការលះបង់ខ្ពស់ដូច្នេះក្តី ព្រះតេជគុណ ម៉ឹង សាង បានកើតក្នុងត្រកូលកសិករ ហើយខិតខំតស៊ូក្នុងវ័យកុមារភាព ដោយបានចាប់ផ្តើមធ្វើជាសក្ខលោក ដើម្បីសិក្សារៀនសូត្រអក្សរសាស្ត្រខ្មែរ គម្ពីរសាស្ត្រាស្លឹករឹតនៅវត្តវេឡុវ័ន ក្នុងស្រុកកំណើតក្នុងភូមិនិងឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ជាទឹកដីកម្ពុជាក្រោម ដែលគ្រប់គ្រងដោយវៀតណាមសព្វថ្ងៃ ចាប់តាំងពីបារាំងបានកាត់ឲ្យវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ។
«ពេលដែលខ្ញុំព្រះករុណា អាត្មាភាពអាយុ ៦ឆ្នាំ ពេលនោះគឺញោមស្រី បានធ្វើមរណកាលទៅ នៅតែញោមប្រុស ហើយនឹងបង ហើយនឹងលោកយាយដែលបានថែទាំ ថែរក្សានៅក្នុងវត្ត នៅក្នុងផ្ទះសម្បែងនោះ ហើយអាយុ៧ឆ្នាំ បានចូលទៅសិក្សានៅក្នុងវត្ត ដែលបើក ដែលនៅកាលនោះ គេហៅថាថ្នាក់កុមារដ្ឋាន បរិវច្ចនដ្ឋាន អធិកដ្ឋាន មជ្ឈឹមដ្ឋាន ឧត្តមដ្ឋានជាដើម»។
ព្រះតេជគុណ ដែលមានរាងកាយមាំមួន តាំងចិត្តខ្ពស់ ម៉ត់ចត់ និងទឹកមុខញញឹមអង្គនេះបានបួសជាសាមណេនៅវត្ត ពោធិនាគ ហៅវត្ត រាជមល់ កាលពីឆ្នាំ១៩៧៥ ក្នុងវ័យ១៦ ឆ្នាំរហូតមក ហើយបន្តរៀនក្នុងពុទ្ធិកវិទ្យាល័យ និងបន្តទៅសិក្សានៅសាលា គរុកោសល្យចេះដឹងច្រើនហើយ ក៏បានត្រូវគេជ្រើសរើសឲ្យធ្វើជាគ្រូបង្រៀនសាលាបាលី។
«ដូច្នេះឆ្នាំ១៩៨២ អាត្មាភាពក៏សប្បាយរីករាយ បានទៅបង្ហាត់បង្រៀនសាលាបាលីឆ្នាំទី២ នៅវត្ត វេឡុវ័ន ឫស្សីស្រុក ហើយឆ្នាំ១៩៨៣ បង្ហាត់បង្រៀនសាលាបាលីថ្នាក់ទី៣ ហើយឆ្នាំ១៩៨៤ ឆ្នាំ១៩៨៥ បង្ហាត់បង្រៀនសាលាពុទ្ធិកវិទ្យាល័យឆ្នាំទី១ ទៀតជាឧទ្ទេសាចារ្យ ឬអាចារ្យបង្រៀន តែដោយកាលៈទេសៈទីនោះអាត្មាភាពមិនអាចគង់នៅបានក៏សម្រេចចេញចាកអំពីវត្ត វេឡុវ័ន ឫស្សីស្រុក ជាមួយមិត្តភក្តិឈ្មោះ ញ៉ា សំណាង បច្ចុប្បន្នលាចាកសិក្ខាបទហើយ»។
ព្រះតេជគុណ ម៉ឹង សាង បានភៀសខ្លួនពីស្រុកកំណើតដែនដីកម្ពុជាក្រោមមកគង់នៅភូមិព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម អស់រយៈពេល៥ឆ្នាំ ដោយព្រះតេជគុណមិនបានបញ្ជាក់ថាជាបញ្ហាអ្វីនោះទេ តែក្រោយមកព្រះតេជគុណនិមន្តមកគង់នៅក្នុងវត្តដំបូកខ្ពស់ និងវត្តសន្សំកុសល ក្នុងរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩១ មក។
ទោះជាយ៉ាងណាក្តី ព្រះតេជគុណក៏ធ្លាប់ជាជនរងគ្រោះ ដែលនៅមានជីវិតពីសង្គ្រាមវៀតណាមដោយផ្ទាល់ផងដែរ ក្នុងសម័យសង្គ្រាមនៅទសវត្សរ៍១៩៧០ ដោយបានឆ្លងកាត់សង្គ្រាមនិងរួចផុតជីវិតពីគ្រាប់ផ្លោងធ្លាក់ជិតៗ ហើយត្រូវរបួស និងឃើញផ្ទាល់ភ្នែកនៅពេលរត់លូនពេលនោះ។
«ហើយ អាត្មាភាពជាកុសលមួយ គឺគ្រាប់ដែលវាហើរហ្នឹង បើហើរត្រូវខ្លួនវាស្លាប់កាលពីពេលនោះហើយ តែវាហើរត្រូវដាច់ខ្នង គ្រាប់គឺថាត្រូវខ្នងគឺដាច់ឈាមខ្នងតែម្តង។ ដល់ពេលត្រូវហើយ ត្រូវគ្រាប់ហើយហ្នឹងអាត្មាភាពគឺរត់អត់ដឹងខ្លួនទេ ពេលត្រូវគ្រាប់រំសេវ អត់ដឹងខ្លួនទេ»។
ដោយឡែកក្នុងសម័យខ្មែរក្រហម ដែលមានសង្គ្រាមស៊ីវិលនៅកម្ពុជា ព្រះតេជគុណក៏បានដឹងព័ត៌មានពីសង្គ្រាមតាមរយៈវិទ្យុ VOA ផងដែរ ក្នុងពេលគង់នៅក្នុងស្រុកកំណើតដែនដីកម្ពុជាក្រោមពេលនោះ។
«ហើយស្តាប់តាម VOA ហ្នឹងឯង អាត្មាចូលចិត្តតាំងពីនៅក្មេងម្ល៉េះស្តាប់គេហៅថា វិទ្យុសំឡេង (សហរដ្ឋអាមេរិក) ជាខេមរភាសា ផ្សាយនៅ (រដ្ឋធានី) វ៉ាស៊ីនតោន សហរដ្ឋអាមេរិកហ្នឹងណាស់ គឺតាំងពីលោកស្រី អាំង ខេន លោក មាស ចន ហើយលោក ឈឹម សុម៉េធ ជាដើមហ្នឹង គឺស្តាប់វិទ្យុព័ត៌មានហ្នឹងតាំងពីនៅកម្ពុជាក្រោមតាំងពីនៅតូចមក ដឹងព័ត៌មាន»។
ការតស៊ូក្នុងជីវិត ការលះបង់ និងសកម្មភាពចម្រុះផ្នែកសាសនារបស់ព្រះតេជគុណឥទ្ធិមុនី ម៉ឹង សាង មិនអាចមានការមើលរំលង ឬបំភ្លេចបានទេ ពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋជាច្រើនបានទេ។ ជាសក្ខីភាព ព្រះតេជគុណត្រូវបានគេជ្រើសរើសជាព្រះគ្រូចៅអធិការវត្ត មុនីសុតារាម និងជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិក។
ការជឿទុកចិត្តលើសមត្ថភាពរបស់ព្រះអង្គពីពុទ្ធបរិស័ទ
ថ្លែងប្រាប់ VOA ក្នុងពេលនិមន្តចូលរួម ពិធីបុណ្យវិសាខបូជា នៅវត្តមុនីសុតារាម កាលពីចុងខែឧសភា ព្រះតេជគុណ ស ស៊ុម និមន្តមកពីវត្តសន្សំកុសល រាជធានីភ្នំពេញ ស្គាល់ព្រះតេជគុណ ម៉ឹង សាង តាំងពីកុមារភាព ដោយសាររស់នៅក្នុងស្រុកភូមិកំណើតតែមួយ និងធ្លាប់ជាកូនសិស្សសាលាបាលីនៅវត្តសន្សំកុសល។ ព្រះតេជគុណ ស ស៊ុម បានមានសង្ឃដីកាថា៖
«តាមការសង្កេតរបស់អាត្មា លោកមានអធ្យាស្រ័យច្រើន មានគុណធម៌ច្រើន ហើយការរាប់អានពីសំណាក់ព្រះអង្គគ្រូគ្រប់ឋានានុក្រមទាំងអស់ ទាំងប្រសក់ក្តី ទាំងព្រះសង្ឃក្តី លោកអត់ប្រកាន់ទេ ស្រឡាញ់រាប់អានស្មើៗគ្នាទាំងអស់។ អីចឹងលោកទៅដល់ទីកន្លែងណាក្តីក៏លោក មានញាតិ ទាំងផ្នែកព្រះសង្ឃក្តី ទាំងផ្នែកបរិស័ទ គ្រហស្ថស្រឡាញ់រាប់អានលោកគ្រប់កន្លែង ហើយលោកតែងតែជួយដល់ការសិក្សាព្រះសង្ឃដែលខ្វះខាត ប្រសក់ក្តីដែលមានការខ្វះខាតដូចជានៅតាមសាលារៀន មន្ទីរពេទ្យ លោកតែងតែមានការបរិច្ចាគដូចជា សៀវភៅ កុំព្យូទ័រជាដើម»។
នៅក្នុងវត្តសន្សំកុសលក៏ដូចជាវត្តផ្សេងៗទៀត ព្រះតេជគុណ ម៉ឹង សាង ត្រូវបានចាត់តាំងឲ្យបង្រៀនធម៌ វិន័យ បាលី ពីសម្តេចព្រះធម្មលិខិត លាស់ ឡាយ ដែលជាព្រះគ្រូចៅអធិការវត្តសន្សំកុសល និងជាសង្ឃកំពូល១ ព្រះអង្គចេះដឹងធម៌វិន័យជ្រៅជ្រះក្នុងព្រះរាជាណាចក្រកម្ពុជា។
«លោកជាឧទ្ទេសាចារ្យ បង្រៀននៅក្នុងវត្តសន្សំកុសល ជំនួសសម្តេចព្រះធម្មលិខិត។ សម្តេចព្រះធម្មលិខិត លាស់ ឡាយ ជាព្រះគ្រូចៅអធិការវត្តសន្សំកុសល ហើយលោកក៏ជាប្រធានថេរសភាសង្ឃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូអនុគណខណ្ឌមានជ័យ និងជាព្រះគ្រូចៅអធិការ ហើយព្រះអង្គឥទ្ធិមុនី ម៉ឹង សាង លោកនិមន្តទៅស្នាក់នៅវត្តសន្សំកុសល ហើយក៏មានការចាត់តាំងពីសម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះអង្គឲ្យបង្រៀនជំនួសព្រះអង្គ»។
ព្រះតេជគុណ ស ស៊ុម បានមានសង្ឃដីកាបន្ថែមថា តួនាទីជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅសហរដ្ឋអាមេរិក គឺសាកសមនឹងព្រះតេជគុណ ម៉ឹង សាង ដែលមានការជ្រើសរើសក្នុងចំណោមបេក្ខភាពជាច្រើន ដោយព្រះសង្ឃនៅទូទាំងសហរដ្ឋអាមេរិក។
«ចំពោះអាត្មាជាកូនសិស្សផ្ទាល់របស់ព្រះអង្គក៏មានសេចក្តីត្រេកអរ ហើយមោទនភាពដែរ ដែលព្រះអង្គបានលះបង់ពេលវេលាចេញចាកពីភូមិកំណើត ពីស្រុកកំណើតយ៉ាងឆ្ងាយ រសាត់អណ្តែត តាំងពីទឹកដីកម្ពុជាក្រោម រហូតមកដល់ដែនដីកម្ពុជា រហូតរសាត់មកដល់ប្រទេសសហរដ្ឋអាមេរិកដែលជាប្រទេសជឿនលឿនមួយ ហើយព្រះ អង្គក៏បានទទួលតួនាទីជាច្រើនសព្វថ្ងៃ»។
សមាជិកគណៈកម្មាការវត្តដែលជាក្រុមអភិបាលវត្តមុនីសុតារាមមួយរូប គឺលោក អ៊ូ ប៉េង សាន បានថ្លែងប្រាប់ VOA ថា ព្រះតេជគុណ ម៉ឹង សាង ជាព្រះសង្ឃមានការតាំងព្រះទ័យមុតស្រួច។
«និយាយដោយសង្ខេបគឺលោកជាអ្នកស្វាហាប់ មិនរាថយ ក្នុងការបំពេញគោលបំណង គោលដៅ ឲ្យមានការរីកចម្រើននៅក្នុងទីវត្ត គោលដៅធំមួយទៀតគឺការរីកចម្រើនផ្នែកព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ លោកមានមេត្តាករុណាខ្ពស់ លោកមិនសូវខឹងច្រឡោត លោកជាអ្នកញញឹមញញែមទៅរកពុទ្ធបរិស័ទផងទាំងពួង ជាអ្នកទន់ភ្លន់ប្រកបដោយចិត្តមេត្តាករុណា»។
លោក អ៊ូ ប៉េង សាន បានអះអាងថា ព្រះតេជគុណ ម៉ឹង សាង បានធ្វើសកម្មភាពច្រើនចាប់តាំងពីបាននិមន្តមកដល់វត្តមុនីសុតារាម ដែលពេលនោះពុទ្ធបរិស័ទបានទិញដី ចំនួនប្រមាណ ៤២ acres ឬស្មើនឹង ១៧ ហិកតា រួមមានទាំងផ្ទះចាស់ និងរោងមួយតែប៉ុណ្ណោះ។
«ដូច្នេះគឺលោកចាប់និមន្តមកដល់ភ្លាមគឺលោកចាប់ធ្វើការកសាងពីត្រឹមហ្នុងមក។ ការកសាងរបស់លោក គឺថាមុនដំបូងបង្អស់គឺកសាងព្រះវិហារ និយាយឲ្យខ្លីទៅលោកមានដំណើរការកសាងតាំងពីនិមន្តមកដល់ភ្លាម លោកធ្វើធម្មយាត្រាទៅណេះទៅណោះ សុទ្ធតែក្នុងកិច្ចការស្វែងរកកិច្ចការរីកចម្រើនក្នុងទីវត្តទាំងអស់ ចាប់ផ្តើមធ្វើវត្តបានហើយ លោកស្រម័យឃើញថា បានជាទីតាំងជាព្រះវិហារធំដុំសម ជាវត្តដើម្បីឆ្លើយទៅតាមសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទទាំងឡាយ ដោយត្រូវការធ្វើបុណ្យធ្វើទានរួចហើយ នឹកឃើញថាទីវត្តអារាម បើមានតែប៉ុណ្ណឹងមិនទាន់សព្វគ្រប់ លោកធ្វើការទាក់ទងឲ្យបានជាព្រះបរមសារីរិកធាតុ សក្យមុនីហ្នឹង និមន្តមកតាំងដម្កល់នៅក្នុងវត្តមុនីសុតារាម ដូច្នេះលោកក៏បាននិមន្តទៅប្រទេសស្រីលង្កា ដើម្បីធ្វើការទាក់ទងជាមួយព្រះសង្ឃជាន់ខ្ពស់ អាជ្ញាធរព្រះសង្ឃនៅទីនោះ ដើម្បីឲ្យបានព្រះបរមសារីរិកធាតុ ហើយខ្ញុំបានដង្ហែលោកទៅប្រទេសស្រីលង្កាដែរ បាននាំព្រះបរមសារីរិកធាតុមកដង្កល់នៅទីនេះ។ ព្រះបរមសារីរិកធាតុនឹងដម្កល់នៅលើចេតិយដ៏ប្រណិត តែសព្វថ្ងៃធ្វើចេតិយហ្នឹងមិនទាន់ហើយ លោកបានឃើញស្រាប់ តែប្រហែលហើយស្រេចនៅឆ្នាំក្រោយៗ»។
លោក ស្រ៊ុន តាំងហ៊ាង ដែលជាពុទ្ធសាសនិកជនមួយរូបនៅមិនឆ្ងាយប៉ុន្មានពីវត្តមុនីសុតារាម រដ្ឋមីនីសូតា បានកោតសរសើរពីបុគ្គលិកលក្ខណៈរបស់ព្រះតេជគុណ ម៉ឹង សាង ដែលលោកធ្លាប់និមន្តទៅសូត្រមន្ត ធ្វើពិធីបុណ្យតាមព្រះពុទ្ធសាសនានៅផ្ទះរបស់លោក និងបរិច្ចាគជាច្រើនរួមចំណែកក្នុងការកសាងវត្តដូចជាក្លោងទ្វារវត្ត រូបសំណាកព្រះអង្គចូលបរិនិព្វានជាដើម។
«ទី១ ដោយយល់ឃើញថា វត្តមុនីសុតារាម អ្នកស្រុកមុនីសូតា គឺជាតំណាង (culture) វប្បធម៌ខ្មែរយើង តំណាងខ្មែរយើងនៅសហរដ្ឋអាមេរិក គឺថាការជោគជ័យក្នុងការកសាងវត្តមុនីសុតា គឺជាស្នាដៃរបស់លោក ព្រះតេជគុណ ម៉ឹង សាង ហើយប្រជាពលរដ្ឋចំណុះជើងវត្តនិងនៅរដ្ឋដទៃ គឺមានជំនឿលើលោក ដល់អីចឹងគេនាំគ្នាឧបត្ថម្ភដើម្បីកសាង។ ដល់អីចឹងយើងអាចធ្វើជាមជ្ឈមណ្ឌល ជាតំណាងខ្មែរមួយ (culture) វប្បធម៌ខ្មែរមួយ ដែលថាខ្មែរយើងមានការលូតលាស់ ខ្មែរយើងមិនមែនជាមនុស្សព្រៃទេ ឲ្យឃើញថា ឃើញទេ ខ្មែរយើងមានវប្បធម៌មួយខ្លាំងណាស់។ អីចឹងទេបើយើងកសាងមានដូចជាក្លាងទ្វារវត្តព្រោះថា វាមានរូបចម្លាក់ចេញជាខ្មែរមក ដើម្បីឲ្យឃើញថា គេមើលមកឃើញថា អូ!នេះជារបស់ខ្មែរ ហេតុដូចនេះជាតំណាងខ្មែររយៈពេល១០០ឆ្នាំ ២០០ឆ្នាំទៅមុខទៀត គឺថាខ្មែរនៅទីនេះ»។
លោក ខេង គឹមស្រ៊ាន ជាពុទ្ធបរិស័ទវត្តមុនីសុតារាម ហើយជាអ្នកធ្លាប់បួសជាច្រើន ឆ្នាំដែរនោះ បានថ្លែងថា ព្រះតេជគុណ ម៉ឹង សាង មានព្រះទ័យសម្បុរស រាក់ទាក់ប្រកបដោយសមត្ថភាព ដែលអាចដឹកនាំវត្តនិងពុទ្ធិកសមាគមថ្មីមួយឲ្យមានការរីកចម្រើនទៅមុខ ក្នុងវិស័យព្រះពុទ្ធសាសនា។
«ខ្ញុំគិតថា នឹងអាចព្រោះតាមសមត្ថភាពព្រះតេជគុណម៉ឹង សាង ផ្ទាល់ ហើយព្រះតេជគុណក៏ធ្វើជាគំរូដល់ព្រះសង្ឃផ្សេងៗទៀត ហេតុដូច្នេះ ខ្ញុំក៏ជឿជាក់ថា ព្រះសង្ឃផ្សេងៗទៀត ដែលនិមន្តមកសហរដ្ឋអាមេរិកសុទ្ធតែមានសមត្ថភាពខ្ពស់ៗ តែហេតុអ្វីបានជារើសរើសព្រះតេជគុណម៉ឹង សាង ឲ្យធ្វើជាប្រធានពុទ្ធិកសមាគមនេះ ដោយសារខ្ញុំគិតថា ដូចខ្ញុំបានបញ្ជាក់ហើយថា សម្លឹងទៅមើលសមត្ថភាពផ្ទាល់ខ្លួនទី២ លើប្រជាប្រិយភាព បានន័យថា ទាល់តែលោកមានសមត្ថភាពគ្រប់គ្រាន់បានអាចដឹកនាំវត្តនេះបានរីកចម្រើនប៉ុណ្ណេះ។ ប្រសិនបើលោកមិនមានសមត្ថភាពគ្រប់គ្រាន់ ប្រហែលជាមិនអាចដឹកនាំវត្តមុនីសុតារាមនេះឲ្យបានរីកចម្រើនទេ ដូចអស់លោកឃើញហើយ ការរីកចម្រើននេះបានមកពីស្នាដៃរបស់ព្រះតេជគុណឥទ្ធិមុនី ម៉ឹង សាង ផ្ទាល់ហើយក៏ខ្ញុំជឿជាក់ថា ព្រះតេជគុណនឹងអាចដឹកនាំឲ្យពុទ្ធិកសមាគមហ្នឹងឲ្យរីកចម្រើនបានដែរ»។
វត្តព្រះពុទ្ធសាសនាខ្មែរមានចំនួន១៤១ ដែលមានការទទួលស្គាល់តាមច្បាប់ពេញ លេញនៅលើទឹកដីសហរដ្ឋអាមេរិក ដែលគេចាត់ទុកថាជាប្រទេសមានសេរីភាព ពេញលេញខាងផ្នែកជំនឿសាសនានេះ៕