ព័ត៌មាន​អន្តរជាតិ​សង្ខេប​​ - ០៦ ​កក្កដា (ថ្មី)

រូបភាព​នេះ​ត្រូវ​បាន​គេ​យក​ចេញ​ពី​វីដេអូ​ YouTube ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ហ្វូង​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​រាប់​សែន​នាក់ ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​កកកុញ​នៅ​តាម​ទី​ផ្លូវ​នៅ​កណ្តាល​ក្រុង​ Hama កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ស៊ីរី៖ អង្គការលើក​លែងទោសអន្តរជាតិ (Amnesty ​International) ​ឲ្យដឹង​ថា​ កង​កម្លាំងសន្តិសុខប្រទេសស៊ីរី​ប្រហែលបានប្រព្រិត្តឧក្រិដ្ឋ​កម្មប្រឆាំងនឹងមនុស្ស​ជាតិក្នុងពេលប្រតិបត្តិការ​ដ៏ស្លាប់​រស់កាលពី​ខែមុននៅ​ក្នុងទីក្រុងមួយជិតព្រំដែន​ប្រទេសលីបង់។

លីប៊ី៖ ពួកឧទ្ទាមយ៉ាងហោច​ណាស់១១នាក់​ត្រូវបានសម្លាប់នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នាមួយ​ជា​មួយកង​ទ័ព​គាំទ្ររដ្ឋាភិបាលនៅ​ជិតទីក្រុង​ មីស្រាតា (Misrata) ​ដែលកាន់​កាប់ដោយក្រុមប្រឆាំង។

ជប៉ុន៖ រដ្ឋាភិបាលជប៉ុន​ឲ្យ​ដឹងថា ​ខ្លួននឹងធ្វើតេស្តសាកល្បងម៉ាស៊ីនរ៉េអាក់ទ័រ​នុយក្លេអ៊ែរទាំង​អស់នៅក្នុង​ប្រទេស​ដើម្បីកំណត់​ថាតើម៉ាស៊ីនរ៉េអាក់ទ័រ​ទាំង​អស់​នោះអាចធន់នឹងគ្រោះមហន្តរាយធម្មជាតិដែរឬទេ។

ប៉ាគីស្ថាន៖ គណៈកម្មការមួយរបស់ប៉ាគីស្ថានដែលស៊ើបអង្កេត​ការ​វាយ​ឆ្មក់របស់​សហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹក​នាំ​អាល់កៃដា អូសាម៉ា ប៊ិន ឡាដិន ឲ្យ​ដឹងថា​ គ្រួសាររបស់មេ​ដឹក​នាំភេរវកម្ម ​នឹង​មិនអាចធ្វើមាតុភូមិនិវត្តដោយគ្មានការយល់​ព្រមពីខ្លួនទេ។

សហរដ្ឋ​អាមេរិក៖ លោកប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា ​មាន​ផែនការ​ធ្វើជាម្ចាស់ផ្ទះរៀប​ចំទទួលមេដឹកនាំនៃ​គណបក្សនយោបាយទាំង​ពីរនៅ​សេតវិមាននៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បីបន្តការ​ចរចាស្តី​ពីការ​បង្កើន​កម្រិត​នៃ​ការខ្ចី​ប្រាក់របស់ប្រទេស​ ខណៈដែល​ពេលកំណត់សំខាន់មួយកាន់​តែខិតចូលមកជិត។

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋ​អាមេរិកប៉ារ៉ាក់​ អូបាម៉ា​ មានផែនការឆ្លើយ​សំណួរពី​អ្នកប្រើ​ប្រាស់បណ្តាញសង្គម​ Twitter ​ក្នុង​ការ​ពិភាក្សា​តាមប្រព័ន្ធ​អ៊ិនធឺណិត ​នៅថ្ងៃពុធនេះ។

កូរ៉េខាងត្បូង៖ មន្រ្តី​កូរ៉េខាងត្បូង​ ​និង​គូប្រកួត​ប្រជែងអឺរ៉ុបពីរកំពុងធ្វើ​បទបង្ហាញ​ចុង​ក្រោយបង្អស់របស់ខ្លួនដល់គណៈកម្មា​ធិការអូឡាំពិកអន្តរជាតិនៅ​ក្នុងការ​ប្រកួត​ប្រជែងដ៏ខ្លាំងក្លាមួយដើម្បីសម្រេចថាតើប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះរៀប​ចំកីឡា​រដូវរងាឆ្នាំ២០១៨។

ចិន៖ ក្រុម​ហ៊ុនផលិតស៊ុតដ៏ធំបង្អស់របស់ចិន​ ប្រាប់ឲ្យ​ដឹងថា ​ខ្លួនកំពុងទាមទារឲ្យ​មានការ​សុំអភ័យ​ទោសពី​បណ្តាញទូរទស្សន៍ដែលមានទីតាំងក្នុងសហរដ្ឋ​អាមេរិក​ចំពោះការ​ពិពណ៌នាម្ហូបប្រពៃណីចិនថា ​ជាម្ហូបដ៏គួរឲ្យខ្ពើម​រ​អើមក្នុងពិភពលោក។

ព័ត៌មាន​ពីពេល​មុន​នេះ៖

ពលរដ្ឋ​ហ្វីលីពីន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រុង​ម៉ានីល ក្នុង​រឿង​ទំនាស់​ដែន​សមុទ្រ​កោះ​ Spratly ជាមួយ​ប្រទេស​ចិន។

ហ្វីលីពីន៖ ពួក​មន្ត្រី​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ហាមប្រាម​អ្នក​ការទូត​ចិន​ម្នាក់​មិន​ឱ្យ​ចូលរួម​ប្រជុំ​ ក្រោយ​ពី​លោក​បាន​បញ្ចេញ​អាកប្បកិរិយា​គ្រោតគ្រាត​នៅ​ក្នុង​កិច្ច​ចរចា​គ្នា។

អាហ្វហ្គានីស្ថាន៖ បេសកកម្ម​របស់​អង្គការ​អូតង់​ (NATO) នៅ​ក្នុង​ប្រទេស​អាហ្វហ្គានិស្ថាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ដោយ​ពួក​ឧទ្ទាម​បាន​ធ្វើ​ឱ្យ​ទាហាន​ពួក​គេ​បួន​នាក់​ស្លាប់​នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ទៅ​ទស្សនា​ក្រុង​កាប៊ុល​ហើយ​បាន​សន្យា​ថា​នឹង​បង្កើន​ជំនួយ​អង់គ្លេស​ដល់​ប្រទេស​នេះ។

អេហ្ស៊ីប៖ តុលាការ​អេហ្ស៊ីប​មួយ​បាន​កាត់ក្តី​ឱ្យ​រួច​ខ្លួន​អតីត​រដ្ឋមន្ត្រី​៣នាក់​របស់​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី​ Hosni Mubarak​ ពី​បទ​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ។

អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​ហាមប្រាម​ការ​ដឹក​ជញ្ជូន​ចូល​ក្នុង​ប្រទេស​នូវ​គ្រាប់​បន្លែ​មក​ពី​ប្រទេស​អេហ្ស៊ីប​ ក្រោយ​ពី​បាន​សន្មត​ថា​គ្រាប់​បន្លែ​ fenugreek​ ដែល​បាន​ត្រូវ​ដឹក​មក​ពី​ប្រទេស​នេះ​ទំនង​ជា​ប្រភព​នៃ​មេរោគ​បាក់តេរី​ E. Coli ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤៩នាក់​ស្លាប់។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ពួក​ជន​សកម្មប្រយុទ្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទម្លាយ​ការ​រាំង​ខ្ទប់​តំបន់​សមុទ្រ​ទល់មុខ​នឹង​តំបន់​ហ្កាហ្សា​ដោយ​អ៊ីស្រាអែល​ បាន​ទទួល​ការ​ចំណេញ​ដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ​ នៅ​ពេល​ដែល​នាវា​សម្រាប់​ជិះ​កម្សាន្ត​មួយ​គ្រឿង​របស់​បារាំង​បាន​បើក​ចេញ​ពី​ដែនទឹក​នៃ​ប្រទេស​ក្រិក​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បើក​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ប៉ាឡេស្ទីន។

អ៊ីរ៉ាក់៖ គ្រាប់បែក​ពីរ​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​អគារ​មួយ​របស់​រដ្ឋាភិបាល​នៅ​ខាង​ជើង​ក្រុង​បាកដាត​ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣៥នាក់​ស្លាប់។

លីប៊ី៖ មាន​ពួក​ឧទ្ទាម​លីប៊ី​យ៉ាង​តិច​ណាស់​១១នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​នៅ​ជិត​ក្រុង​ Misrata​ ដែល​កាន់កាប់​ដោយ​ក្រុមឧទ្ទាម។

សូម៉ាលី៖ ទីភ្នាក់ងារ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន​និយាយ​ថា​នៅ​ពេល​នេះ​ការ​រាំងស្ងួត​និង​អំពើ​ហិង្សា​បាន​រុញច្រាន​មួយភាគបួន​នៃ​ពលរដ្ឋ​សូម៉ាលី​៧,៥លាន​នាក់​ឱ្យ​ចេញ​ពី​ផ្ទះ​សម្បែង​ពួក​គេ​ទៅ​កាន់​ជំរំ​នៅ​ក្នុង​ប្រទេស​ឬ​ជំរំ​ជន​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស។

ស៊ីរី៖ កងកម្លាំង​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ស៊ីរី​បាន​បាញ់​កាំភ្លើង​នៅ​ក្នុង​ក្រុង​ហាម៉ានា​ កណ្តាលប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​៦នាក់​ស្លាប់។

សហប្រជាជាតិ៖ អ.ស.ប.​បាន​ព្រមាន​ថា​ ក្រុម​កសិករ​ក្នុង​ពិភពលោក​នឹង​ត្រូវ​បង្កើន​២ដង​ចំនួន​ម្ហូបអាហារ​ដែល​ពួក​គេ​ផលិត​ដើម្បី​តាម​ឱ្យ​ទាន់​ចំនួន​មនុស្ស​ដែល​កើន​ច្រើន​ទ្បើងៗ​យ៉ាង​លឿន។