ពលរដ្ឋខ្មែរជិត១០០នាក់ដែលបានជួបជុំគ្នាក្នុងការបង្ហាញតន្ត្រីបង្សុកូលនៅមជ្ឈមណ្ឌលអប់រំក្រុង Lowell រដ្ឋ Massachusetts កាលពីល្ងាចថ្ងៃពុធ ទី៦ ខែធ្នូនេះ បានចាប់អារម្មណ៍នឹងពិណខ្មែរគឺជាឧបករណ៍ភ្លេងដែលបាត់មុខមាត់ច្រើនសតវត្សរ៍មកហើយនោះ។
ក្នុងកម្មវិធីតន្ត្រីបង្សុកូលនេះ អ្នកចូលរួមបានស្វាគមន៍មន៍និងបានសំណេះសំណាលជាមួយលោកបណ្ឌិតហ៊ឹម សុភី ទីប្រឹក្សារាជបណ្ឌិតសភាកម្ពុជា និងជាទីប្រឹក្សាគណៈកម្មការផ្នែកវប្បធម៌វិចិត្រសិល្បៈលោកព្រីម ភ្លឿន
នាយកប្រតិបត្តិសិល្បៈខ្មែរអមតៈនិងសិល្បៈករផ្សេងទៀត ដែលបកស្រាយអំពីការរក្សាកេរតំណែលសិល្បៈខ្មែរ ជាពិសេសការធ្វើពិណខ្មែរដែលបាត់បង់ជិត១០០០ឆ្នាំមកហើយនោះ។ កម្មវិធីនេះក៏មានការស្មូតនិងការលេងភ្លេងកំដរផងដែរ។
លោក ព្រីម ភ្លឿន
នាយកប្រតិបត្តិអង្គការសិល្បៈខ្មែរអមតៈឲ្យដឹងថាក្នុងដំណើរសម្តែងតន្ត្រីបង្សុកូលនិងការសម្តែងផ្សេងៗទៀតនៅទីក្រុងNew York ទីក្រុងBoston និងក្រុង Lowell រដ្ឋ Massachusetts នេះទស្សនិកជនចាប់អារម្មណ៍នឹងឧបករណ៍ខ្មែរ ជាងឧបករណ៍បរទេស ជាពិសេសនោះគឺ៖
«ឧបករណ៍ពិណ ដោយសារជាឧបករណ៍ថ្មីដែលបានបាត់បង់ជាង៩០០ឆ្នាំមកហើយ ហើយទើបតែឃើញមានការសម្តែងប្រើឡើងវិញ។អីចឹងខ្ញុំឃើញថា ទស្សនិកជនច្រើនដែលគាត់មានចំណាប់អារម្មណ៍អ្នកលេងពិណ ពិណខ្មែរ»។
ច្រើនឆ្នាំមកហើយដែលមន្ត្រីក្រសួងវិប្បធម៌និងក្រុមសិល្បៈខ្លះមានគំនិតចង់បង្កើតពិណខ្មែរឡើងវិញ តែមិនមានចេញជារូបរាងជាក់ស្តែងទេ។រហូតមកដល់ឆ្នាំ២០១៣ លោកហ៊ឹម សុភីនិងក្រុមសិល្បៈខ្មែរអមតៈបានចាប់ផ្តើមសកម្មភាពស្រាវជ្រាវដើម្បីបង្កើតឧបករណ៍នេះឡើងវិញ។
លោកហ៊ឹម សុភីបាននិយាយថា រូបរាងពិណខ្មែរដែលធ្វើឡើងវិញក្រោយពីបាត់បង់ច្រើនរយឆ្នាំមកនេះគឺធ្វើឡើងតាមរចនាបទខ្មែរដែលមានបង្ហាញតាមជញ្ជាំងប្រាសាទនានា គឺមិនមែនធ្វើតាមការនឹកឃើញនោះទេ។ «ប្រភពស្រាវជ្រាវធ្វើពិណខ្មែរទីមួយគឺសិលាចារិកនៅតាមជញ្ជាំងប្រសាទខ្មែរដែលមាន១ពាន់៧៥ប្រាសាទ។ ប្រាសាទធំៗ ដែលយើងឃើញមានពិណខ្មែរច្រើនជាងគេដែលឆ្លាក់នៅតាមជញ្ជាំងគឺប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយសម្រែ។ សូម្បីតែនៅបណ្តុំប្រាសាទសម្បូរព្រៃគុហ៍ដែលមានប្រាសាទរាប់រយតាំងពីសតវត្សរ៍ទី៦នោះក៏មានរូបចម្លាក់ពិណនៅតាមផ្តែរ»។
លោកឲ្យដឹងថា ពិណដែលយកមកសម្តែងនេះគឺពិណក្បាលនាគនិងពិណក្បាលគ្រុឌ លេងដោយកូនសិស្សរបស់លោកពីរនាក់ក្នុងចំណោមសិស្ស៥នាក់ដែលលោកបានបង្រៀន។
ក្រោយពីការលំបាកក្នុងការសិក្សាអំពីរូបរាងពិណខ្មែរ នៅមានការលំបាកមួយទៀតគឺខ្សែ និងសំឡេងពិណ ដែលមិនអាចធ្វើបានតាមរយៈការសិក្សាអំពីរូបចម្លាក់លើជញ្ជាំងប្រាសាទនោះឡើយ។ ដូច្នេះ ក្រុមសិល្បៈករត្រូវសិក្សាអំពីទំនាក់ទំនងប្រវត្តិសាស្ត្រនៃឧបករណ៍ពិណនេះ។ ការស្រាវជ្រាវបង្ហាញថា ពិណខ្មែរមានសំឡេងស្រដៀងនិងពិណភូមា។ ដូច្នេះអ្នកអ្នកស្រាវជ្រាវត្រូវសិក្សាអំពីការធ្វើខ្សែពិណរបស់ភូមាតែត្រូវកែច្នៃធ្វើខ្សែដែលបន្លឺសំឡេងជារបៀបភ្លេងពិណខ្មែរ។
លោកព្រឹម ភ្លឺនថ្លែងថា៖
«មិនមែនមានតែរូបភាពឯណា ត្រូវការសំឡេងចេញឲ្យត្រូវ។តាមពិត ការសិក្សាពិណហ្នឹង យើងទៅរកពិណដែលមាន ដូចថា ប្រហាក់ប្រហែលពិណខ្មែរ មែនទែនដែលនៅមានការប្រើនៅប្រទេសភូមា។ នៅភូមាដែលយើងទៅរកឃើញថា នៅមានការលេងពិណបែបយ៉ាងម៉េច?ពិណរបស់គាត់មិនមែនដូចរបស់យើងទេ តែសំឡេងរបស់គាត់វាប្រហាក់ប្រហែលគ្នាដោយសារក្នុងអាស៊ីអាគ្នេយ៍របស់យើង១០០០ឆ្នាំកន្លងមកមានទំនាក់ទំនងគ្នា»។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមសិល្បៈសិល្បៈខ្មែរអមតៈការសម្តែងសិល្បៈនៅតាមរដ្ឋនានានៅស.រ.អា.។
ស.រ.អា.មានគោលនយោបាយជួយគាំទ្រការអភិរក្សសិល្បៈបុរាណជាជាងសិល្បៈបែបសម័យ។ នេះបើតាមការឲ្យដឹងពីលោករឿន សេងហាប់ នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំក្រុង ឡូវែល Lowell Education Centerដែលធ្លាប់ធានាក្រុមសិល្បៈសម័យនិងបុរាណ។
«ការធានាចំពោះសិល្បៈមានការលំបាកណាស់ឥឡូវនេះ ជាពិសេសតន្ត្រីសម័យ យើងធានាមានធ្លាក់ច្រើន ធ្លាក់ច្រើនមែនទែន រហូតដល់ឥឡូវនេះ សឹងតែអត់មានអ្នកណាហ៊ានធានា ដោយសារវាអស់លុយច្រើនពេកធានាមក»។
លោកបន្តថា ចំពោះសកម្មភាពនេះ ក្រុមសិល្បៈករអាចសុំទិដ្ឋាការ និងអាចមកសម្តែងសិល្បៈនៅស.រ.អា. ដោយមានការធានាត្រឹមត្រូវ ដោយសារជាសិល្បៈបុរាណដែលស្របនឹងគោលការស.រ.អា.ជួយអភិរក្សសិល្បៈបុរាណដែលប្រឈមនឹងការបាត់បង់៕