ពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងតំបន់រដ្ឋធានី Washington សាទរចំពោះការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ពីការធ្វើមាតុភូមិនិវត្តន៍ ទោះបីជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិរូបនេះ មិនបានឈានជើងជាន់ដីប្រទេសកម្ពុជាក៏ដោយ។ ក្រៅពីការសាទរនេះ ក៏មានអ្នកខ្លះសម្ដែងការសោកស្ដាយ ដោយសារលោក សម រង្ស៊ី ត្រូវបានគេបំបិទសិទ្ធិសេរីភាពក្នុងការធ្វើដំណើរចូលក្នុងប្រទេសរបស់ខ្លួន។
កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុម បានរៀបចំវេទិកាសហគមន៍មួយនៅក្នុងភោជនីយដ្ឋាន Harvest Moon ក្នុងទីក្រុង Falls Church រដ្ឋ Virginia ដើម្បីជួបសំណេះសំណាលជាមួយលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលទើបតែវិលត្រឡប់ពីការធ្វើមាតុភូមិវិវត្តន៍កាលពីពេលថ្មីៗនេះ។
នៅក្នុងវេទិកានេះ ពលរដ្ឋខ្មែរភាគច្រើនមកចូលរួមដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសម្ដែងក្ដីសាទរចំពោះការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។ ប៉ុន្តែអ្នកខ្លះ សម្ដែងការសោកស្ដាយ ព្រោះថា លោក សម រង្ស៊ី ត្រូវបានគេរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ សូម្បីតែការធ្វើដំណើរនេះ ជាការធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន។
លោក មករា អាយុ ៣០ឆ្នាំ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ បានលើកឡើងពីការមកចូលរួមក្នុងវេទិកាសហគមន៍នេះថា៖
«ចំពោះខ្ញុំ ខ្ញុំយល់ថាកម្មវិធីនេះ គឺជាការលើកទឹកចិត្តដល់ សកម្មជនគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក ឲ្យមានការទុកចិត្តទៅលើលោកប្រធាន សម រង្ស៊ី ដែលគាត់មានទំនុកចិត្តធ្វើមាតុភូមិនិវត្តន៍ចូលក្នុងស្រុកវិញ នេះជាការលើកទឹកចិត្តសម្រាប់ពួកខ្ញុំ ឬ អ្នកខ្លះដែលបាន ឬ មិនបានទៅ»។
ទោះបីជាដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មិនបានឆ្លងដែនចូលប្រទេសកម្ពុជា ដោយសារត្រូវបានរដ្ឋាភិបាលកម្ពុជាប្រើគ្រប់រូបភាពដើម្បីរារាំងនោះ លោក មករា យល់ថា វាជាជោគជ័យមួយ ដោយសារដំណើរមាតុភូមិនិវត្តន៍នេះ ស្ដែងឲ្យឃើញពីការរួមរួមសាមគ្គីគ្នារបស់ប្រជាជនខ្មែរ ទាមទារឲ្យមានការផ្លាស់ប្ដូរបែបប្រជាធិបតេយ្យ។
លោក មករា និយាយថា៖
«នេះគឺជាការណ៍ល្អមួយ ជាការណ៍ឲ្យឃើញច្បាស់ពីការរួបរួមរបស់ខ្មែរយើង ដើម្បីឲ្យមានការផ្លាស់ប្ដូរលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ដើម្បីឲ្យគេឃើញថា យើងនឹងចង់ផ្លាស់ប្ដូរ សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ មិនថាខ្ញុំនៅសហរដ្ឋអាមេរិក ឬ បងប្អូននៅប្រទេសណាទេ គាត់ចង់បានសេរីភាពដូចគ្នា អ៊ីចឹងហើយបានជាគាត់ [លោក សម រង្ស៊ី] ធ្វើមាតុភូមិនិវត្តន៍ ដើម្បីឲ្យអន្តរជាតិមើលឃើញថា បងប្អូនខ្មែរយើង គឺចង់បានសិទ្ធិលទ្ធិប្រជាធិបតេយ្យពេញលេញ»។
លោក ហេង អាយុ ៦៩ ឆ្នាំ រស់នៅក្នុងទីក្រុង Burke រដ្ឋ Virginia ក៏គិតថា ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី គឺជាជោគជ័យមួយផងដែរ។ បុរសចូលនិវត្តន៍រូបនេះ ដែលកាលនោះ បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីរង់ចាំលោក សម រង្ស៊ី បាននិយាយថា៖
«ទីមួយ ដែលខ្ញុំចាប់អារម្មណ៍បំផុត ដែលយើងបានចូលរួម [ចូលដល់កម្ពុជា] ប៉ុន្តែជោគជ័យដែលយើងបាន ឃើញថាធំជាង យើងបានចូល [ដល់កម្ពុជា] ព្រោះថាទីមួយគោលបំណងដែលយើងចង់ធ្វើមាតុភូមិនិវត្តន៍ហ្នឹងគឺ ដើម្បីឲ្យអន្តរជាតិមានការចាប់អារម្មណ៍ ដើម្បីគេគាំទ្រយើងកាន់តែខ្លាំងឡើង។ ស្រុកដែលនៅជុំវិញអាស៊ាន ស្រុកម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ដែលគេមិនដឹងពីនយោបាយស្រុកខ្មែរ ឥឡូវនេះគេដឹង គេមកចាប់អារម្មណ៍ គេមកគាំទ្រយើង នេះគឺជាជោគជ័យមួយសំខាន់បំផុតដែលយើងបានធ្វើ»។
យ៉ាងណាក៏ដោយ ក៏មានពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនសម្ដែងការសោកស្ដាយចំពោះការមិនបានឈានជើងចូលទឹកដីខ្មែររបស់លោក សម រង្ស៊ី។ ការសោកស្តាយត្រង់ថា សិទ្ធិសេរីភាពក្នុងការធ្វើដំណើរត្រឡប់ចូលក្នុងប្រទេសរបស់ខ្លួន របស់លោក សម រង្ស៊ី ត្រូវបានគេរំលោភ ដើម្បីផលប្រយោជន៍នយាបាយពីសំណាក់គណបក្សកាន់អំណាច។
លោក Robert Saro Sam អាយុ ៤១ ឆ្នាំ បុគ្គលិកផ្នែកសុខាភិបាលយោធា មកពីទីក្រុង Richmond រដ្ឋ Virginia បាននិយាយថា៖
«ធម្មតាខ្ញុំគឺតូចចិត្ត ព្រោះជាកន្លែងនេះគឺជា ការបដិសេធសិទ្ធិរបស់គាត់ ក្នុងនាមជា អ្នកនយោបាយ ជាអ្នកដឹកនាំ គេកៀបសិទ្ធិរបស់គាត់ មិនឲ្យគេធ្វើការងាររបស់គាត់។ ធម្មតា យើងនៅស្រុកអាមេរិក យើងនៅក្រៅស្រុក យើងដឹងពីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ យើងដឹងថាការរឹតត្បិតសិទ្ធិនេះ ពិតជាមិនត្រូវ ហើយនេះ គឺជាការខុសឆ្គង»។
ចំណែក អ្នកស្រី Bounchanh Senthavong ពលរដ្ឋឡាវម្នាក់ ដែលមានតួនាទីជាប្រធានអង្គការ Union for Lao Nation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានចូលរួមក្នុងវេទិកាសហគមន៍នេះ ហើយអ្នកស្រីបានកត់សម្គាល់ថា៖
«ខ្ញុំបានដឹងរឿងសំខាន់ៗ ជាពិសេស គឺស្ថានភាពនយោបាយនៅកម្ពុជា ហើយ លោក សម រង្ស៊ី លោកមានទស្សនៈវិស័យថា ប្រទេសកម្ពុជា នឹងមានការផ្លាស់ប្ដូរក្នុងពេលដ៏ខ្លីខាងមុខនេះ។
អ្នកស្រី Senthavong បានបន្តថា៖
«ទស្សនៈវិស័យរបស់លោក សម រង្ស៊ី នៅតែដដែល ដរាបណារដ្ឋាភិបាលកម្ពុជាមិនដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ លោកនៅតែប្រយុទ្ធដើម្បីប្រទេសរបស់លោក»។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាអ្នកដឹកនាំរៀបចំឲ្យមានវេទិកាសហគមន៍នេះឡើងបានទទូចឲ្យប្រជាពលរដ្ឋរដ្ឋខ្មែរដែលអ្នកស្រឡាញ់ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ កុំឲ្យបែកបាក់ និងឈ្លោះប្រកែកជាមួយគ្នាឯង ដើម្បីទាញយកប្រជាប្រិយភាព លោកស្នើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងអស់ក្រោកឈរ និងសាមគ្គីគ្នា តស៊ូដើម្បីយកឈ្នះ រដ្ឋាភិបាលផ្ដាច់ការ។ លោកបន្ថែមថា ស្ថិតក្នុងស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន ទោះបីជាអ្នកគាំទ្របក្សជំទាស់សាមគ្គីគ្នាក៏នៅមិនទាន់ឈ្នះបក្សកាន់អំណាច ទម្រាំតែអ្នកគាំទ្របក្សជំទាស់បែកបាក់គ្នា តើពេលណា និងដោយវិធីណាទើបអាចយកឈ្នះបក្សកាន់អំណាចបាននោះ៕