បទ​ចម្រៀង​ពី​ទស​វត្ស​​១៩៥០​ដល់​ដើម​ឆ្នាំ​១៩៧០​ត្រូវ​ចង​ក្រង​ឡើង​វិញ

អាល់ប៊ុម​ថាស​ចម្រៀង​​​របស់​អ្នក​ចម្រៀង​ខ្មែរ​ល្បីៗ​​ពី​សម័យ​មុន​សង្គ្រាម​ ដែល​​នៅ​សេស​សល់​ដល់​សព្វ​ថ្ងៃ។

អ្នក​គាំទ្រ​បទ​ចម្រៀង​សម័យ​ដើម​មួយ​ក្រុម​បាន​ព្យាយាម​ប្រមូល​ថាស​ចម្រៀង​ចាស់ៗ​ក្នុង​អំឡុង​ទសវត្សរ៍១៩៥០​ដល់​ដើម​ឆ្នាំ​១៩៧០​ ​ហើយ​កំពុង​ផលិត​ថាស​ទាំង​នោះ​ឡើង​វិញ​ដើម្បី​រក្សា​តម្លៃ​នៃ​ស្នាដៃ​របស់​អ្នក​និពន្ធ​បទភ្លេង​និង​សំឡេង​ដើម​របស់​អធិរាជ​សំឡេង​មាស​នា​សម័យ​កាល​នោះ។

លោក​ឱក ប៊ុណ្ណារ័ត្ន​កំពុង​រើ​ថាស​ចម្រៀង​ចំនួន​២៧​បន្ទះ​ចេញ​ពី​ប្រអប់​ក្រដាស​មួយ​នៅ​ក្នុង​ផ្ទះ​របស់​លោកក្នុង​ទីក្រុង​ភ្នំពេញ។ ​ថាស​ចម្រៀង​ដែល​បន្ទះ​នីមួយៗ​មាន​ទំហំ​ស្ទើរ​ស្មើ​២​ដង​នៃ​ថាស​ចម្រៀង​ឬ​ CD ​សម័យ​បច្ចុប្បន្ន​មាន​គម្រប​ដាច់​រហែក​និង​ខ្លះ​ទៀត​សឹក​រេច​រឹល​ទៅ​តាម​អាយុ​កាល​នៃ​ថាស​ទាំង​នោះ។

លោកឱក​ ប៊ុណ្ណារ័ត្ន​ ដែល​សព្វថ្ងៃ​បម្រើ​ការ​ងារ​ជា​អនុ​ប្រធាន​ការិយាល័យ​សូន​រូប​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​មាន​ប្រសាសន៍​ថា​ ​លោក​បាន​ដើរ​ប្រមូល​ថាស​ចម្រៀង​ដែល​ផលិត​តាំង​ពី​អំឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៥០​និង​៦០​ទាំង​នេះ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ។

«ពីព្រោះ​ខ្ញុំ​ស្រឡាញ់​បទ​ចម្រៀង​ពីដើម​ ​ស្តាប់​ទៅ​វា​មាន​មនោ​សញ្ចេតនា​ ​ធ្វើ​ឲ្យ​យើង​ស្តាប់​ទៅ​រំជួល​ក្នុង​ចិត្ត។​ ខ្ញុំ​ក៏​បាន​ដាក់ចិត្ត​ស្រឡាញ់។ ​ដល់​អញ្ចឹង​ ​ខ្ញុំ​ដើរ​ប្រមូល​ថាស​ចម្រៀង​ទាំង​នេះ​ ​ឲ្យ​តែ​មាន​ ​ខេត្ត​ណា​ដែល​មាន​ថាស​ចម្រៀង​នេះ​ ​ខ្ញុំ​ចុះ​ទៅ​ហើយ​ ​បាត់ដំបង​ កំពង់ចាម​ ​សៀមរាប។​ ​ឲ្យ​តែ​ស៊ើប​ទៅ​ថា​មាន​ ខ្ញុំ​ចុះ​ទៅ​ភ្លាម។ ចុះ​ទៅ​ទិញ​ប្រមូល​មក។ ខ្លះ​ក៏​គេ​ឲ្យ​ខ្លះ​ដែរ»។

លោក​ឱក​ ប៊ុណ្ណារ័ត្ន​ មាន​ម៉ាស៊ីន​ចាក់​ថាស​ចម្រៀង​ដ៏​ចាស់​ទ្រុឌ​ទ្រោម​មួយ​ ដែល​លោក​បាន​រក្សា​ទុក​សម្រាប់​ចាក់​ស្តាប់​បទ​ចម្រៀង​ពី​ថាស​ដែល​លោក​ខិតខំ​ដើរ​ប្រមែ​ប្រមួល​ទាំង​នេះ។

ស្ថិត​ក្នុង​វ័យ​៤៨​ឆ្នាំ​ ​ហើយ​ជា​វិចិត្រករ​ខាង​គំនូរ​ផង​ដែរ​នោះ​ ​លោក​ប៊ុណ្ណារ័ត្ន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ​ការ​ដែល​លោក​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​តាម​ថាស​សម័យ​ដើម​នេះ​ គឺ​ដោយសារ​គុណភាព​ភ្លេង​ច្បាស់​ ​ហើយ​សំឡេង​ច្រៀង​ជា​សំឡេង​ដើម​ (Original)​ ឥត​មានការ​កែ​ច្នៃ​ ឬ​បញ្ចេញ​បញ្ចូល​បន្ថែម​ឡើយ។

«Original​ វា​ច្បាស់។​ សំឡេង​ពិត​ ​អត់​មាន​បញ្ចេញ​បញ្ចូល​ភ្លេង​បន្ថែម​ ​ដូច​ភ្លេង​ឥឡូវ​គេ​ធ្វើ​ទេ។​ ប្អូន​ស្តាប់​នៅ​ផ្សារ​ស្តាប់​អត់​កើត​ទេ។​ ស៊ីន​ ស៊ី​សាមុត​ លែង​ជា​ស៊ីន​ ស៊ី​សាមុត​ ​ហើយ​ទៅ​ជា​មនុស្ស​ខ្ទើយ​ច្រៀង​ហើយ​រាល់ថ្ងៃ​នេះ។​ វា​ម្ញែក​អស់​ហើយ។​ វា ​mix ​សារ​ថ្មី​ ​លែង​ស្អាត​ហើយ។​ អា​នេះ​គេ​ធ្វើ​មក​ ​វា​ត្រូវ​តែ​ម្តង​ ​ស្តាប់​មក​ ​រក​កន្លែង​រិះ​គន់​អត់​បាន​ទេ។​ វា​ត្រូវ​សង់​តង់​គេ​ទាំងអស់​តែ​ម្តង»។

តន្រ្តី​ ឬ​ចម្រៀង​ខ្មែរ​បាន​ស្គាល់យុគ​សម័យ​មាស​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​ទស​វត្សរ៍១៩៦០​និង​ដើម​ឆ្នាំ​១៩៧០​ នៅ​ពេល​ដែល​អ្នក​និពន្ធ​បទ​ភ្លេង​និង​សិល្បករ​ចម្រៀង​ដ៏​អស្ចារ្យ​ជាច្រើន​បាន​លេច​រូបរាង​ឡើង​ ជាពិសេស​គឺអធិរាជ​ និង​រាជនី​សំឡេង​មាស ​លោក​ស៊ិន ស៊ីសាមុត​ និង​លោកស្រីរស់ សិរី​សុទ្ធា​ ដែល​ទឹកដម​សំឡេង​របស់​លោក ​និង​លោក​ស្រី​នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​សព្វ​ថ្ងៃ។

ប៉ុ​ន្តែ​ថាស​ចម្រៀង​របស់​សិល្បករ​ ​សិល្ប​ការិនី​ដ៏​ល្បីល្បាញ​ទាំង​នេះ​បាន​បាត់​បង់​និង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​សើ្ទរ​គ្មាន​សល់​ដោយសារ​សង្រ្គាម​និង​ភាព​វឹកវរ​ក្នុង​ស្រុក​ដែល​អូស​បន្លាយ​ពេល​អស់​ជិត​៣​ទស​វត្សរ៍​ ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍១៩៧០​មក។

លោក​សេង តារា ​គឺជា​អ្នក​ប្រមែ​ប្រមូល​ថាស​ចម្រៀង​ពី​សម័យ​ដើម​មួយ​រូប​ដែរ បច្ចុប្បន្ន​ជា​អ្នក​និពន្ធ​សៀវភៅ​ហើយ​ជា​ពិធីករ​និង​ជាអ្នក​អត្ថាធិប្បាយ​បទ​ចម្រៀង​ពី​សម័យ​ដើម​នៅ​ក្នុង​កម្ម​វិធី​វិទ្យុ​ក្នុង​ស្រុក​មួយ។ លោក​សេង តារា​ ​វ័យ​២៩​ឆ្នាំ​ ​បាន​ប្រមូល​ថាស​ចម្រៀង​សម័យ​ដើម​បាន​ជាង​១០០​ថាស​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក។

លោកតារា​មាន​ប្រសាសន៍​ថា​ ​ការ​ដែល​លោក​ព្យាយាម​ប្រមូល​ទុក​ថាស​ចម្រៀង​ចាស់ៗ​ទាំង​នេះ​គឺ​ដើម្បី​រក្សា​តម្លៃ​នៃ​ស្នាដៃ​របស់​អ្នក​និពន្ធ​បទ​ចម្រៀង​ ​បទ​ភ្លេង​ ​និង​ជាពិសេស​សំឡេង​ដើម​របស់​អ្នក​ចម្រៀង​ល្បីៗ​នា​សម័យ​កាល​នោះ​ឲ្យ​នៅ​គង់​វង្ស។

«ជំនាន់​នេះ​គេ​ហៅ​ថា​ ជា​សម័យ​សាកល​ភាវូបនីយ​កម្ម​ អញ្ចឹង​អ្វីៗ​បាន​លុកលុយ​ចូល​ក្នុង​សង្គម​យើង​ច្រើន។​ ប៉ុន្តែ​អ្វី​ទាំង​នោះ​មិន​បាន​បម្រើ​ដល់​សិល្បៈតន្រ្តី​ខ្មែរ​ចំ​ទេ។​ ភាគច្រើន​គឺ​វា​បម្រើ​វប្បធម៌​បរទេស​ទៅវិញ។​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ស្តាយ​ស្រណោះ​ ​យក​ពេល​វេលា​ទាំង​អស់​ហ្នឹង​ទៅ​ស្រាវ​ជ្រាវមរតក​ចម្រៀង​ជំនាន់​លោក​ស៊ីន ស៊ី​សាមុត​ហ្នឹង​ ​ព្រោះ​ជំនាន់​នោះ​គេ​និពន្ធ​មក​គឺ​បម្រើ​ឲ្យ​វប្បធម៌​ខ្មែរ​១០០%​ ​គ្មាន​បទ​ចម្រៀង​ណា​ដែល​បម្រើ​វប្បធម៌​បរទេស​ទេ។​ ទោះ​មាន​បទ​ចម្រៀង​មួយ​ចំនួន​លោក​យក​ចេញ​ពី​បរទេស​មែន​ ​ក៏​ប៉ុន្តែ​លោក​រចនា​ឲ្យ​ទៅជា​បទ​ភ្លេង​ខ្មែរ​ ទំនុក​ច្រៀង​ក៏​ខ្មែរ​ ​ហើយ​មាន​លក្ខណៈ​រូប​ ​ក្លិន​ ​ពណ៌​ ​សម្បុរ​ជា​ខ្មែរ​ទៀត​ផង»។

លោក​សេង តារា ​មាន​ប្រសាសន៍​បន្ថែម​ថា​ ​ចម្រៀង​សម័យ​ដើម​មាន​តម្លៃ​គួរ​ឲ្យ​ថែ​រក្សា​ទុក​នេះ​គឺ​ដោយសារ​អ្នក​និពន្ធ​បទ​ភ្លេង​ ​និង​ទំនុក​ច្រៀង​ ​ហើយ​អ្នក​ចម្រៀង​ផ្ទាល់​នា​សម័យ​នោះ​សុទ្ធ​តែ​មាន​ទេព​កោសល្យ​ ​និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ផ្នែក​ដូរ្យ​តន្ត្រី។

«ហេតុ​អ្វី​បាន​ជា​ចម្រៀង​សម័យ​ដើម ​កន្លះ​សត​វត្សរ៍​ទៅ​ហើយ​ប្រជាជន​ខ្មែរ​ស្តាប់​នៅ​តែ​ពីរោះ​ ​នៅតែ​ល្បី​ ​ហើយ​ចម្រៀង​បច្ចុប្បន្ន​ ​យើង​ស្តាប់​បាន​ត្រឹម​តែ​មួយ​អាទិត្យ​ ​កន្លះ​ខែ​ ឬ​មួយ​ខែ​ ​បាត់​ទៅ​វិញ។​ វា​មាន​កន្លែង​ត្រង់ណា?​ អានេះ​កន្លែង​យើង​គួរ​ពិចារណា។​ ពី​ដើម​ ​អ្នក​និពន្ធ​ ​អ្នក​ភ្លេង​ ​គឺ​សុទ្ធតែ​ចេញ​ពី សាលា​ភ្លេង​ ចេញ​ពី​សាកល​វិទ្យាល័យ​សិល្បៈ​ ​ដូរ្យតន្រ្តី​ ​អញ្ចឹង​ហើយ​ទេព​កោសល្យ​ដែល​គាត់​បាន​បញ្ចេញ​ហើយ​ថត​ជា​ចម្រៀង​នេះ​គឺ​មាន​លក្ខណៈ​ Logic ​ច្បាស់​ណាស់»។

បច្ចុប្បន្ន​ ​ថាស​ចម្រៀង​ដែល​លោក​សេង តារា​ និង​លោក​ឱក ប៊ុណ្ណារ័ត្ន​ បាន​ព្យាយាម​ប្រមូល​ទុក​ទាំង​នេះ​ ​កំពុង​ត្រូវ​បាន​រៀបចំ​ផលិត​ឡើង​វិញ​ ​តាម​ប្រព័ន្ធ​ឌីជីថល​ ​ដោយ​រក្សា​ធាតុ​ដើម​ទាំង​ស្រុង។

លោក​អ៊ុំ រតន​ឧត្តម​ គឺ​ជា​អ្នក​រៀបចំ​គម្រោង​ផលិត​ឡើង​វិញ​នូវ​ថាស​ចម្រៀង​របស់​សិល្បករ​ និង​សិល្ប​ការិនី​ល្បីៗ​នៅ​ក្នុង​អំឡុង​ទស​វត្សរ៍១៩៥០​ដល់​ដើម​ទស​វត្សរ៍១៩៧០​នោះ។

«ខ្ញុំ​ផលិត​ថាស​ហ្នឹង​ឡើង​វិញ​គឺ​ខ្ញុំ​ចង់​ប្រាប់​ថា​ ​អរិយ​ធម៌​ខ្មែរ​យើង​កាល​ដើម​ឡើយ​ ​សិល្បៈ​ចម្រៀង​បុរាណ​របស់​ខ្មែរ​យើង​គឺ​ខ្លាំង​ណាស់។​ នៅ​ Southeast ​Asia ​ហ្នឹង​អត់​មាន​អ្នក​ណា​ដល់​ប្រទេស​ខ្មែរ​យើង​ទេ។​ សូម្បី​តែ​ថៃ​ វៀតណាម​ ឡាវ​ក៏​អាច​ចាញ់​យើង​ដែរ​ ​ព្រោះ​អ្នក​ចម្រៀង​របស់​យើង​ ​គាត់​មាន​ថ្វី​ដៃប៉ិន​ប្រសប់​នៃ​ការ​តែង​បទភ្លេង​ជាដើម​ មាន​អត្ថន័យ​ជ្រាល​ជ្រៅ។​ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​ថាស​ហ្នឹង​លក់​ក្នុង​ទីផ្សារ​ ​ហើយ​ចង់​ឲ្យ​ថាស​ហ្នឹង​បាន​ទៅ​ដល់​ដៃ​របស់​អ្នក​ស្នេហា​សិល្បៈ​ពីដើម​ ដែល​គាត់​មាន​អារម្មណ៍​ស្រឡាញ់​ ​ហើយ​អភិរក្ស​ដូច​ពួក​ខ្ញុំ​អញ្ចឹង»។

លោក​រតនឧត្តម​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ​គោល​បំណង​មួយ​ទៀត​នៃ​ការ​ផលិត​ថាស​ចម្រៀង​សម័យ​ដើម​ទាំង​នេះ​ឡើង​វិញ គឺដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​សិល្បករ​និង​សិល្ប​ការិនី​ដ៏​ល្បីល្បាញ​ទាំង​នោះ​ ​ដែល​បច្ចុប្បន្ន​មាន​ជីវភាព​យ៉ាប់​យ៉ឺន។

«ក្រុម​ហ៊ុន​មួយ​ចំនួន​យក​បទ​ចម្រៀង​របស់​ឪពុក​ម្តាយ​គាត់​ ​ជីដូន​ជីតា​គាត់​ ​មីងមា​គាត់​មក​ច្រៀង​ ហើយ​លក់​យក​លុយ​ចូល​ហោ​ប៉ៅ​ទៅ។ ​គាត់​អត់​បាន​គិត​ថា​ ​ម្ចាស់​គ្រួសារ​អ្នក​ចម្រៀង​ហ្នឹង​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ។​ អញ្ចឹង​ខ្ញុំ​ចង់​លក់​ថាស​ចម្រៀង​ហ្នឹង​ដើម្បី​ស្វែង​រក​មូល​និធិ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដែល​នៅ​រស់​ ​ដូច​ជា​គ្រួសារ​របស់លោក​ស៊ីន ស៊ីសាមុត​ ​គ្រួសារ​របស់​អ្នក​ស្រី​រស់​ សិរីសុទ្ធា ​ជាដើម។​ គាត់​ក្រណាស់​ ខ្ញុំ​ទៅដល់​ផ្ទះ​គាត់​ ​ខ្ញុំ​សួរ​គាត់​ផ្ទាល់។​ ខ្ញុំ​សម្ភាសន៍​គាត់​ផ្ទាល់។​ ក្នុង​បេះ​ដូង​ខ្ញុំ​ ​ឈឺចិត្ត​ដោយ​ថា​ ​គាត់​មាន​ប្អូន​ស្រី​ម្នាក់​ដែល​ច្រៀង​ចម្រៀង​ល្បី​ទូទាំង​ប្រទេស​ប៉ុន្តែ​ ​មើល​បង​ស្រី​គាត់​កំព្រា​ពិការ​ ​វេទនា​ ​អត់​មាន​នរណា​យក​ភ្នែក​មើល​គាត់​ទេ»។

ប៉ុន្តែ​តើ​គម្រោង​របស់​លោក​រតន​ឧត្តម​អាច​នឹង​សម្រេច​ទៅ​បាន​ទេ​ ​នៅ​ពេល​ដែល​បច្ចុប្បន្ន​នេះ​ ម៉ាស៊ីន​ចាក់​ថាស​ចម្រៀង​ពី​សម័យ​ដើម​នេះ​ស្ទើរ​តែ​គ្មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ?

លោក​រតនឧត្តម​មាន​ប្រសាសន៍​ថា​ ​ជា​ជំហាន​ដំបូង​ ​ថាស​ចម្រៀង​ពី​សម័យ​ដើម​ដែល​លោក​កំពុង​ផលិត​ឡើង​វិញ​នេះ​ នឹង​ត្រូវ​លក់​នៅ​ក្រៅ​ប្រទេស​ដែល​នៅ​រក្សា​ម៉ាស៊ីន​ចាក់​ថាស​បុរាណ​បែប​នេះ​ ប៉ុន្តែ​លោក​សម្តែង​ក្តី​សង្ឃឹម​ថា​ ​ម៉ាស៊ីន​ចាក់​ថាស​ចម្រៀង​ពី​សម័យ​ដើម​នេះ​នឹង​មាន​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ប្រើ​ប្រាស់​ថាស​ចម្រៀង​ពី​សម័យ​ដើម​ឡើង​វិញ​បាន៕