«ក្មេង​អង្គការ»៖ ប្រែ​ក្លាយ​បទពិសោធន៍​ឈឺចាប់​នៅ​មណ្ឌល​កុមារ​កំព្រា​ទៅ​ជា​ការ​តស៊ូមតិ​ដើម្បី​ការ​ផ្លាស់ប្តូរ

សកម្មភាពជួបជុំប្រចាំឆ្នាំដ៏រីករាយរបស់​ក្មេងអង្គការនៃយុវជនកម្ពុជាក្លឹប​ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី​ ២៦​ ខែធ្នូ​ ឆ្នាំ ២០២១។ (រូបថតដោយក្មេងអង្គការកម្ពុជា)

បាត់ដំបង — កញ្ញា ចាន់ ស៊ីណេត ធ្លាប់​បាន​គិត​ថា មណ្ឌល​កុមារកំព្រា ជាកន្លែង​ដែល​ផ្តល់​ការរស់នៅ និង​អនាគត​ប្រសើរ​សម្រាប់​នាង ប៉ុន្តែ​គំនិត​នេះ​បាន​ផ្លាស់​ប្តូរ បន្ទាប់​ពីស៊ីណេត​រង​ការ​រំលោភ​បំពាន​ជាច្រើន​ទម្រង់ពី​សំណាក់​ប្រធាន​មណ្ឌល​កុមារ​កំព្រា​មួយ​ដែល​មាន​ទីតាំង​នៅ​ខេត្ត​បាត់​ដំបង។

កំពុង​អង្គុយក្នុង​ក្លឹប​ក្មេង​អង្គការ​ដែល​ជា​កន្លែង​ផ្តល់​ការ​គាំទ្រ​ដល់យុវជន​ដែល​ធ្លាប់​ស្នាក់​នៅ​មណ្ឌល​កុមារ​កំព្រា ស៊ីណេត​ និយាយ​ថា នាង​មាន​បងប្អូន​ ៥ នាក់ ដោយ​មាន​ឪពុកម្តាយ​ជា​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ជាង​គេ​ក្នុង​ភូមិ​មួយ នៅ​ខេត្ត​បាត់​ដំបង។ ស៊ីណេត រៀបរាប់​បន្ត​ថា ក្រោយ​ឪពុក​ស្លាប់​ដោយសារ​ជំងឺអេដស៍​ម្តាយរបស់​នាង​ប្រឈម​នឹង​ជីវភាព​យ៉ាង​ខ្លាំង រហូតសម្រេច​ថា​ឲ្យ​កូនៗ​ទៅ​ស្នាក់​នៅ​ក្នុង​មណ្ឌលតាម​ការ​បញ្ចុះ​បញ្ចូល​របស់​ក្រុមការងារ​មណ្ឌល​កុមារ​កំព្រា​ដោយ​រំពឹង​ថា ជីវិត​របស់​ពួកគេ​នឹង​បាន​ប្រសើរ​ជាង​មុន។​

«ក្នុង​ការ​រំពឹង​ទុក​របស់​ពួកយើង​ពួក​យើង​សង្ឃឹមថា ជីវិត​បាន​ល្អ​ប្រសើរ​ជាង​នៅ​ផ្ទះ ដោយសារ​ម្តាយ​យើង​ធ្លាក់​ខ្លួន​ឈឺ។ អ៊ីចឹង​គាត់​អត់​មាន​អ្នកណា​គេ​នៅ​មើល​ថែ ហើយ​អត់មាន​នរណា​គេ អាច​និយាយ​ថា ជួយ​ជា​គោល​ជំហរ​ទំនុកបម្រុង​គ្រួសារ​អ៊ីចឹង​ហ្នឹងណា៎»។

នៅ​ឆ្នាំ​ ២០១០ នៅ​ពេលដែល​បង​ប្អូន​ស៊ីណេត​ត្រូវ​យក​ទៅ​មណ្ឌល​កុមារ​កំព្រា នាង​មាន​អាយុ​ ៩ ​ឆ្នាំ បងៗ​ប្រុស​ស្រី​របស់​នាង​មាន​អាយុ​ជាង​ ១០ ​ឆ្នាំចំណែក​ប្អូន​ប្រុស​ពៅ​របស់​នាង​មាន​អាយុ​ ៥ ​ឆ្នាំ។

កញ្ញា ចាន់ ស៊ីណេត​ អ្នក​សម្រប​សម្រួលក្លឹបយុវជនក្មេង​អង្គការ​កម្ពុជា និង​ជា​អតីត​កុមារ​ស្នាក់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ​ផ្តល់​សម្ភាសន៍​ឲ្យវីអូអេ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ ​នៅ​អង្គការ​ទំនុក​ចិត្ត​កុមារ​កម្ពុជា​ ខេត្ត​បាត់​ដំបង។ ​(កាន់ វិច្ឆិកា/វីអូអេ)

ស៊ីណេត បាន​រំលឹក​ថា នាង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​បាន​ទៅ​នៅ​ក្នុង​មណ្ឌល​កុមារ​ពេល​នោះ ដោយសារ​នាង​មាន​អាហារ​ហូប និង​មាន​សម្លៀក​បំពាក់​ស្អាតៗ។ ប៉ុន្តែពេល​ស្នាក់​នៅ​ទីនោះ​បាន​មួយ​រយៈ ស្ថានភាព​នៅ​ទីនោះ​ត្រូវ​បាន​ផ្លាស់​ប្តូរ ដោយ​សារ​ប្រធានមណ្ឌល​ឈប់​ឲ្យ​ក្មេងៗ​ស្លៀក​ពាក់​ស្អាតបាតដូច​មុន ហើយ​បាន​បង្ខំឱ្យ​ពួកគេ​ធ្វើ​ស្រែ​ចម្ការ រក​ត្រី និងវាយដំ​នៅ​ពេល​ដែល​ពួកគេ​លួច​អាហារ​ហូបដោយសារភាព​ស្រេក​ឃ្លាន។​

«កាលហ្នឹង​ពួក​យើង​ក្មេងៗ​ឃ្លាន លួច​ចាប់​ត្រី ​លួច​ចាប់​ត្រី​នៅ​អណ្តូង ប៉ុន្តែ​ក្រោយ​មកប្រធាន​អង្គការ​គាត់វាយ គាត់​អត់​ឲ្យ​ញ៉ាំទេ។ ព្រោះ​អី​សមិទ្ធផល​ទាំងអស់​នោះ គឺ​ត្រូវ​តែ​លក់​នៅ​ទីផ្សារ ក្មេង​ៗ​គឺ​មិន​ឲ្យ​ញ៉ាំទេ។ហើយ​ក្មេងៗ​ដែលនៅ​ទីនោះ​ធ្វើ​ការ រៀន​បាន​តិច ហើយ​ស៊ីអត់​ស៊ីឃ្លាន​ទៀត។​អ៊ីចឹងនៅ​ពេល​ដែល​យើងនៅ​ទីនោះ​ក្រៅ​ពី​ញ៉ាំ​អត់​បាន​ដិត​ដល់​ហើយ​គេ​វាយ​ធ្វើ​បាប​ទៀត។​គេ​វាយ​ធ្វើ​បាប ហើយ​មានការ​គំរាម​កំហែង​អី​អ៊ីចឹង»។

ក្រៅ​ពី​ការ​រំលោភ​កម្លាំង​ពលកម្ម និង​ប្រើហិង្សា ក្មេងៗ​នៅ​មណ្ឌល​កុមារ​កំព្រាដែល​ស៊ីណេត​ស្នាក់​នៅ ត្រូវ​បាន​ប្រធាន​មណ្ឌល​នោះ​ប្រើ​ដើម្បីទទួល​បាន​ជំនួយ​ពី​សម្បុរស​ជន ប៉ុន្តែ​ស៊ីណេត​ថា ក្មេងៗ​មិន​ដែល​បាន​ប្រើ​សម្ភារៈដែល​ជាជំនួយពី​សប្បុរស​ជន​ទាំងនោះ​ទេ ដោយសារ​ប្រធាន​អង្គការ​បាន​យក​សម្ភារៈទាំង​នោះ​ទៅ​លក់​នៅ​ឯផ្សារ​។

«មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ យើង​ពាក់​ខោអាវ​ទាល់តែ​រហែក។ បើសិនជា​ពួកយើង​ដែល​ជា​ក្មេង​ពេញ​វ័យវិញ ជា​ស្រីៗវិ​ញ​ សំឡីអនាម័យ​ដែល​យើង​ប្រើ គឺ​យើង​អត់​បាន​ប្រើទេ គឺយើង​កាត់​អាវ​កាត់​អី ក្រណាត់​មក​ធ្វើ​ជា​សំឡី​អនាម័យ។ សូម្បី​តែស្បែក​ជើង​វិញ គឺលក្ខណៈថា​ស្បែក​ជើង​ផ្ទាត់ហ្នឹង​គឺ​យក​លួស​យកខ្សែមក​ចង​ពាក់​រាប់​ឆ្នាំ»។

យុវតី​សម្បុរ​ស្រអែម​វ័យ​ ៣០ ​ប្លាយ​រូប​នេះ​បន្ត​ថា នៅ​ពេល​នាង​មាន​អាយុ​ជាង ​១០ ​ឆ្នាំ នាង​ត្រូវ​បាន​ប្រធាន​មណ្ឌល​ទីនោះ​រំលោភ​និង​គំរាម​មិន​ឲ្យ​និយាយ​ប្រាប់​គេ។​រហូត​មក​ដល់​ពេល​នេះ ស៊ីណេត ថា ប្រធាន​មណ្ឌល​ម្នាក់​នោះ​កំពុង​ស្ថិត​ក្រៅ​សំណាញ់​ច្បាប់​ដដែល។

«គាត់​អត់​មាន​ជាប់​ទោស​ទេ។ សូម្បី​តែ​ការ​បើក​មណ្ឌលខុសច្បាប់រំលោភ​បំពាន​កុមារ សូម្បី​តែ​ករណី​របស់​ខ្ញុំអី ក៏​អត់​មានការ​ដាក់​ទោស​ទណ្ឌ​លើ​គាត់​ដែរ។ អាហ្នឹង​វាគឺជាការ​សោក​ស្តាយ​មួយ។ ដោយសារ​គាត់​ធ្វើ​ខុស ប៉ុន្តែ​គាត់​អត់​បាន​ទទួល​រង​នូវ​ការ​កាត់​ទោស​ក្នុង​ផ្លូវ​ច្បាប់​ទេ»។

សកម្មភាពជួបជុំប្រចាំឆ្នាំដ៏រីករាយរបស់​ក្មេងអង្គការនៃយុវជនកម្ពុជាក្លឹប​ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី​ ២៦​ ខែធ្នូ​ ឆ្នាំ ២០២១។ (រូបថតដោយក្មេងអង្គការកម្ពុជា)

ស៊ីណេត ​បាន​ចាក​ចេញ​ពី​មណ្ឌល​កុមារ​កំព្រានោះនៅ​ឆ្នាំ ២០១៧ ហើយ​ពេល​បច្ចុប្បន្ន​ស៊ីណេត គឺ​ជា​អ្នក​សម្រប​សម្រួលក្លឹបយុវជនក្មេង​អង្គការ​កម្ពុជា ស្ថិត​ក្នុងអង្គការ​ទំនុក​ចិត្ត​កុមារ​កម្ពុជា។ នាង​និយាយ​ថា នៅ​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បាន​បិទ​អង្គការ​នោះ ដោយ​បាន​រក​ឃើញ​ថាបាន​ប្រព្រឹត្ត​ខុស​ពីគោលការណ៍​របស់​ក្រសួង​សង្គមកិច្ច។​

មិនមែន​មាន​តែ ស៊ីណេត ​ម្នាក់ទេ​ដែល​បាន​ឆ្លង​កាត់​នូវ​បទពិសោធន៍​ជូរចត់ និង​ខកចិត្ត​ដោយ​សារ​ការ​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា។​ ប៉ុន្តែ​ក៏​មានយុវជន​មួយ​ចំនួន​ទៀត​បាន​ឆ្លងកាត់​បទពិសោធន៍​ស្នាក់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ដោយ​ត្រូវ​រង​ហិង្សា​ការ​បាក់​ទឹក​ចិត្ត​និង​ការ​កេង​ប្រវ័ញ្ចកម្លាំង​ពលកម្មនេះ​ផង​ដែរ​។

កញ្ញា ហួត ស្រីយ៉ីត អតី​ត​កុមារ​ស្នាក់​នៅ​ក្នុងមណ្ឌល​កុមារ​កំព្រាដែរ​នោះ​បាន​ប្រាប់​ VOA​ថា បង​ប្អូន​របស់​នាង ៥​នាក់​ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​ដាក់​ក្នុងមណ្ឌល​កុមារ​កំព្រា​នៅ​ពេល​ដែល​ឪពុកម្តាយ​របស់​នាង​ស្លាប់​ដោយសារ​ជំងឺ នៅពេល​នាង​មាន​អាយុ​ ១០​ឆ្នាំ។​ អំឡុង​ពេល​ដែល​ស្រី​យ៉ីត​កំពុង​នៅ​ក្នុង​មណ្ឌល បងស្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ ហើយ​បង​ប្រុស​ម្នាក់​ទៀតលួច​រត់ចេញ​ពី​មណ្ឌល។

ទៅ​ដល់​មណ្ឌល​កុមារ​កំព្រា ស្រីយ៉ីត សង្ឃឹម​ថា នាង​និង​បងប្អូន​នឹង​ទទួល​បាន​ជីវិត​ល្អប្រសើរ។ ក៏​ប៉ុន្តែ​រយៈពេល ​១០ ឆ្នាំ ដែល​ស្នាក់​នៅមណ្ឌល​កុមារកំព្រា នាង​ទទួល​បាន​បទពិសោធន៍​ខុស​ពី​អ្វី​ដែល​នាង​បាន​រំពឹង​ទុ​កទាំង​ស្រុង។

ស្រី​យ៉ីត ដែល​ពេល​នេះ​មាន​អាយុ​ ២២​ឆ្នាំ និង​កំពុង​រៀន​ថ្នាក់​ចុង​ភៅ​ផង​នោះ ប្រាប់​ថា នាង​តែង​រងនូវ​សម្ពាធ និង​រស់​នៅ​ដោយ​ភាព​កណ្តោចកណ្តែង រហូត​មានបញ្ហា​បាក់​ទឹក​ចិត្ត​ក្នុង​អំឡុង​ពេលរស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា។​

កញ្ញា ហួត ស្រីយ៉ីត ​អតីត​កុមារ​ស្នាក់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ​ផ្តល់​សម្ភាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ ​នៅ​អង្គការ​ទំនុក​ចិត្ត​កុមារ​កម្ពុជា​ ខេត្ត​បាត់​ដំបង។ ​(រូប​ថត៖ កាន់ វិច្ឆិកា/វីអូអេ)

«ពេល​ដែល​យើង​រស់​នៅ​ក្នុង​មណ្ឌល​អ៊ីចឹងវាមាន​សម្ពាធ​ត្រង់​ថា អ្នក​មើល​ថែ​យើង​គាត់​មិនមែន​ជា​ម្តាយ​បង្កើត​របស់យើង​ទេ។ អ៊ីចឹងការ​ស្រលាញ់​ក៏មិន​ដូចគ្នា ព្រោះ​គាត់​មានកូន​គាត់​ក្នុង​ហ្នឹង​ដែរ។ ហើយ​ពេល​យើង​ធ្វើ​ខុស​អី​អ៊ី​ចឹង គាត់​វាយអី​អ៊ីចឹង​ទៅ។ ហើយ​ពេល​ខ្លះ​គាត់​អត់​និយាយ​ជា​ពាក្យ​សម្តី​ប្រដៅ​យើង​ទេ​ភាគ​ច្រើន​គាត់​ប្រើជា​អំពើ​ហិង្សា។ លក្ខណៈ​ថាគាត់​មើល​ថែ​យើង តែ​មិនមែន​ដូច​កូន​បង្កើត​របស់​គាត់ ឲ្យយក​ចិត្ត​ទុក​ដាក់។ អ៊ីចឹង​ទៅវា​ប៉ះពាល់​អារម្មណ៍​ផ្លូវ​ចិត្ត»។

ស្រីយ៉ីត ​សោក​ស្តាយ​ដែល​សម្រេច​ទៅ​ស្នាក់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ហើយ​មិន​ទៅនៅ​ជាមួយ​សាច់​ញាតិខាង​ឪពុក ឬ​ខាងម្តាយ។​នាង​ចង់​ឃើញ​កុមារ​នៅ​មណ្ឌល​កុមារ​កំព្រា រស់​នៅ​ជាមួយសាច់​ញាតិ​របស់​ពួកគេ ជាជាង​រស់នៅ​មណ្ឌល។​

​«ខ្ញុំ​ចង់​ផ្តាំឲ្យ ដូចជា​សាច់ញាតិ ឪពុក​ម្តាយ ដែល​គាត់​មុននឹង​សម្រេច​ចិត្ត​យក​កូន​មក​ដាក់​ក្នុង​មណ្ឌល​អី​អ៊ីចឹង ឲ្យគាត់​បាន​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ពី​អនាគត​របស់​កូន​គាត់ កុំ​ឲ្យកូន​គាត់​ក្លាយជាមនុស្ស​ម្នាក់​ដូចជា​ខ្ញុំ បាក់ទឹក​ចិត្ត ហើយ​និង​ជួប​រឿង​អំពើ​ហិង្សា​អីអ៊ីចឹង​ទៅ»។​

ចំណែក​យុវជន ចាន់ ណាចារ ដែល​បាន​ស្នាក់​នៅ​មណ្ឌល​កុមារ​កំព្រា​កាល​ពី​អាយុ​៥ ​ឆ្នាំ និយាយ​ថា ក្នុង​មណ្ឌល​កុមារ​កំព្រា​ដែល​ខ្លួន​ស្នាក់​នៅ​អស់​រយៈពេល​៨ ​ឆ្នាំនោះ​ តែង​មានការ​ប្រើហិង្សា​លើ​កុមារ បង្អត់​អាហារ និង​មិន​បាន​ផ្តល់​តម្រូវការ​មូលដ្ឋាន​ចាំបាច់​ផ្សេងៗ​ដល់​កុមារ​នោះទេ។

«ពេលខ្លះ​ធ្វើការ​ហួស​កម្លាំង ពេល​ខ្លះ​ដល់​ថ្នាក់​ឈឺ​ក៏​មាន​ដែរ។​ហើយ​ពេល​ខ្លះ​ពេល​យើង​ទៅ​លេ​ង​ស្រែ​អី ពេល​យើង​មក​វិញ​ព្រលប់ៗ ឃើញ​យើង​ចូល​អង្គការ​រៀង​ព្រលប់ចឹងគេ​ហៅ​យើង​មក​សួរ ធ្វើ​អីធ្វើ​អ៊ីចឹង។ ពេល​ខ្លះគេ​យក​ខ្សែភ្លើង​វាយយើង យក​រំពាត់​វាយយើង ផ្តៅ​អី​ហ្នឹង។ ហើយ​រឿង​រៀន​អី​មិន​សូវ​បាន​រៀន​ប៉ុន្មាន​ទេ»។​

យុវជន​វ័យ​ ២៥ ​ឆ្នាំ​រូប​នេះ​បន្ត​ថា​ភាគច្រើន​ក្មេង​ៗនៅ​មណ្ឌលកុមារ​កំព្រា​សុទ្ធ​តែ​មាន​សាច់ញាតិ។ ណាចារ​ ថា ពួកគេ​គួរ​តែ​រស់​នៅ​ជាមួយ​សាច់ញាតិ ជាជាង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា។​

យុវជន ចាន់ ណាចារ អតីត​កុមារ​ស្នាក់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា ​ផ្តល់​សម្ភាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ ​នៅ​អង្គការ​ទំនុក​ចិត្ត​កុមារ​កម្ពុជា​ ខេត្ត​បាត់​ដំបង។ ​(រូប​ថត៖ កាន់ វិច្ឆិកា/វីអូអេ)

«ខ្ញុំគិត​ថា​រដ្ឋាភិបាល​ឲ្យ​គាត់​បិទ​អង្គការ [មណ្ឌលកុមារកំព្រា] ចោ​ល។ ត្រូវ​ជួយ​តាម​សហគមន៍ ឬ​តាម​គ្រួសារ​វិញល្អ​ជាង ព្រោះ​បើ​យើង​ជួយ​តាម​គ្រួសារ កុមារ​នឹង​បាន​នៅ​ជាមួយ​គ្រួសារ​ទៅវា​មាន​ភាព​ក​ក់​ក្ដៅ​ជាង។​ដូចជា​ករណី​ខ្ញុំ​អ៊ីចឹង វា​ពិបាក បើ​យើង​នៅ​អង្គកា​រ​វា​អត់​សូវ​មាន​ភាព​កក់ក្តៅ។​ពេល​ខ្លះគេ​ធ្វើបាប​ធ្វើអី​អ៊ីចឹង»។​

លោក ប៉ុន ជេដ្ឋា នាយក​អង្គការ​ទំនុកចិត្ត​កុមារ​កម្ពុជា (CCT) លើក​ឡើង​ថា បើ​ទោះបី​ជា​មណ្ឌល​កុមារ​កំព្រា​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ស្ថាប័ន​គាំទ្រ​កុមារ និង​យុវជន​ជំនួស​វិញ​ក្តី ក៏​នៅ​តាម​មណ្ឌល​សេសសល់​មួយ​ចំនួន​នៅតែ​មាន​ការ​កេង​ប្រវ័ញ្ច ការ​ប្រើ​ហិង្សា និង​ការ​រំលោភ​បំពាន​ផ្សេងៗ​នៅ​ឡើយ។

លោក​ ប៉ុន ជេដ្ឋា បន្ថែម​ថា កុមារ​អាច​ទទួល​បាន​ការ​អភិវឌ្ឍ​ល្អ​បំផុត​នៅ​ពេល​ដែល​ពួកគេ​រស់​នៅ​ជាមួយ​គ្រួសារ និង​សាច់ញាតិ​ដោយសារ​ពួកគេ​ត្រូវ​ការភាព​កក់ក្តៅ និង​មនុស្ស​ជា​គំរូ​សម្រាប់​អនាគត​របស់​ពួកគេ។

​«កុមារ​គឺអភិវឌ្ឍន៍​បាន​ល្អ​បំផុត​នៅ​ពេល​ដែល​ពួកគេ​រស់​នៅ​ជួបជុំ​ជាមួយ​គ្រួសារ​របស់​ពួកគេ។ ហើយ​កុមារ​ត្រុវ​ការ​អ្នក​មើល​ថែ​តែមួយ​ទេ។ ចង់​និយាយ​ថា​មនុស្ស​ដដែល មនុស្ស​តែ​មួយ មិន​មែន​ព្រឹក​អ្នក​ផ្សេង ល្ងាច​អ្នក​ផ្សេង យប់​អ្នក​ផ្សេង​ទេ។ ហើយ​គ្រួសារ​ជាកន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ការ​ចិញ្ចឹម​កុមារ​ទាំងអស់​»។

លោក ប៉ុន ជេដ្ឋា បន្ថែមថា ការធំធាត់​ក្នុង​មណ្ឌល​កុមារ​កំព្រា ឬមណ្ឌល​ថែទាំ ធ្វើ​ឲ្យ​កុមារ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​បញ្ហា​ក្នុងការ​បង្កើន​ការ​ទំនាក់​ទំនង​ពី​កុមារ ទៅ​ជា​មនុស្ស​ពេញ​វ័យ ការ​អភិឌ្ឍរាងកាយ និង​ខួរ​ក្បាលមាន​ភាព​យឺត​យ៉ាវ​ជាដើម។​

នាយក​អង្គការ​ទំនុកចិត្ត​កុមារ​កម្ពុជារូប​នេះ​បន្ថែម​ថា ជម្រើស​ចុង​ក្រោយ​បំផុត​មុន​ពេល​ដែល​កុមារត្រូវបញ្ជូន​ទៅ​មណ្ឌលកុមារ​កំព្រា គឺ​កុមារ​អាច​រស់​នៅ​ជាមួយ​សាច់​ញាតិ មិត្តភក្តិ​របស់​សាច់ញាតិ អ្នក​ជិត​ខាង និង​សហគមន៍​ជាដើម។ វិធីសាស្រ្ត​នេះ​អាច​ធ្វើទៅ​បាន​លុះ​ត្រា​តែ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធផ្តល់​ការ​គាំទ្រ​ទៅ​ពួកគេ ជា​សម្ភារៈ ថវិកា និង​បច្ចេកទេស។​

សម្រាប់​មណ្ឌល​កុមារ​កំព្រា​ដែល​នៅ​សេស​សល់​សម្រាប់​កុមារ​ដែល​គ្មាន​ជម្រើស​លោក ប៉ុន ជេដ្ឋា និយាយ​ថា រដ្ឋាភិបាល​គួរ​តែ​ធានា​ថា​មណ្ឌល​ទាំង​នោះ​មាន​កម្រិត​ស្តង់​ដា​ខ្ពស់​បំផុត។​

«បើសិន​ជារដ្ឋ ឬ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​បាន​បង្កើត​គោលការណ៍​ហ្នឹង​ជា​វិធាន​សម្រាប់ធានា​ថា​មណ្ឌលកុមារ​កំព្រា​ទាំងអស់​ហ្នឹង​គាត់​បាន​ដើរ​តាម​ខ្ញុំ​គិត​ថា​ជា​ការ​មួយ​ល្អ​ប្រសើរ​ថែម​ទៀត​សម្រាប់ឲ្យមណ្ឌល​ថែ​ទាំ​ដែលនៅ​មាន ឲ្យ​គាត់​ធ្វើការងារ​កាន់​តែ​ប្រសើរ​ឡើង។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ខាងមុខ​ទៅ​វា​នឹង​អស់ ឬ​ក៏​តិចទៅៗ​នៃ​មណ្ឌល​កុមារ​កំព្រា មានន័យ​ថា​ នៅ​មាន​តិច​តួច ហើយ​អា​តិច​តួច​ហ្នឹង​គឺ​ជា​មណ្ឌល​ដែល​ល្អ​បំផុត»។

បើតាម​របាយការណ៍​របស់​ក្រសួង​សង្គម​កិច្ច​ចេញ​កាល​ពីខែមីនា ឆ្នាំ​ ២០១៦ ស្តីពី​ការ​កំណត់​ទីតាំង​មណ្ឌល​ថែទាំ​ជំនួស​ បញ្ជាក់​ថា កុមារ​ភាគ​ច្រើន​ដែល​នៅ​មណ្ឌល​ថែទាំ មិនមែនជា​កុមារ​ដែល​កំព្រា​ឬ​ត្រូវ​បាន​គេបោះបង់នោះ​ទេ។ ពួកគេ​ជា​កុមារ​មកពី​គ្រួសារ​ងាយ​រងគ្រោះ​ដែល​ឪពុកម្តាយ ឬ​សាច់ញាតិ​របស់​ពួកគេ​បាន​យក​ទៅ​ដាក់​ទីនោះ​ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ។

របាយការណ៍​ដដែល​នោះ​បន្ថែម​ថា កុមារ​ក្នុង​មណ្ឌល​ងាយ​ប្រឈម​នឹង​ការ​រំលោភ​បំពាន និង​ការ​ប្រើ​ហិង្សា។ ហើយការ​រស់​នៅ​ក្នុង​មណ្ឌល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្នែក​សង្គម ផ្លូវកាយ សតិបញ្ញា និង​ផ្លូវ​ចិត្ត​របស់​កុមារ​ហើយ​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​ក្នុង​ជីវិត​រស់នៅពេល​ពួកគេ​ពេញ​វ័យ។​

លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ប្រាប់ VOA ថា ចាប់​តាំងពី​ឆ្នាំ ២០១៧ មក ក្រសួង​សង្គម​កិច្ច​បាន​រៀប​ចំ​វិធាន​ការ​កាត់​បន្ថយ​មណ្ឌល​កុមារ​កំព្រា ដោយ​បញ្ចូល​ពួកគេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​សហគមន៍ ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ​វិញ។

លោក​ថា មណ្ឌលកុមារកំព្រាមួយ​ចំនួន​បាន​និង​កំពុង​មានការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​កេង​ប្រវ័ញ្ច​ផ្សេង​ៗ រហូត​មានការ​ដក​ប្រធានមណ្ឌលនិង​យក​មក​អប់​រំ​ជាបន្ត​បន្ទាប់​ផង​ដែរ។​

«ព្រោះ​រឿង​ហេតុ​អស់​ហ្នឹង​ហើយ​បាន​យើង​មិន​ចង់​ឲ្យ​មាន​ការ​ចិញ្ចឹម​ក្មេង​ក្នុង​មណ្ឌល។ វា​មាន​ការ​រំលោភ​បំពាន វា​មាន​អំពើហិង្សា ​កេង​ប្រវ័ញ្ច ឧទាហរណ៍​អ៊ីចឹង។ វានៅ​តែមានហ្នឹង​គ្រាន់តែ​តិច ហើយ​និង​ច្រើន​តែប៉ុណ្ណឹង​ទេ។ ក៏​ប៉ុន្តែ​ខ្ញុំកំពុងតែ​តាម។ មាន​វិធានការ​តាម​មើល​តាម​ទប់​ស្កាត់ មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​អី​ផ្តេស​ផ្តាស​បាន​ទេ»។

បើ​តាម​លោក តូច ចាន់នី កាល​ពី​ឆ្នាំ​ ២០១៦​ មណ្ឌលកុមារ​កំព្រា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន ៤០៦​ មណ្ឌល កុមារ​មានជាង​ ១ ម៉ឺន​នាក់ ​តែ​ក្នុង​ពេល​បច្ចុប្បន្ន មណ្ឌលកុមារ​កំព្រា​មាន​ចំនួន​ប្រមាណជា ១៩០​ មណ្ឌល​ចំណែក​កុមារ​កំព្រា​មាន​ប្រមាណជា​ជាង​ ៧ ​ពាន់​នាក់​ប៉ុណ្ណោះ។​

សមាជិកនៃ«ក្មេងអង្គការកម្ពុជា» កំពុងចូលរួមពិភាក្សាក្នុងកម្មវិធីផលិតផតខាសថ៍ដែលមានឈ្មោះថា «ក្មេងអង្គការ»។ (រូបថតដោយក្មេងអង្គការកម្ពុជា)

បន្ទាប់​ពីបាន​ឆ្លង​កាត់​បទពិសោធន៍​យ៉ាង​គ្រោតគ្រាត​ក្នុង​មណ្ឌល​កុមារកំព្រា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ស៊ីណេត នៅ​តែ​រំពឹង​ថា​ក្មេងៗ​ដទៃ​ទៀតនឹង​មិន​ជួប​រឿង​ដ៏​សោកសង្រេងដូច​ជា​នាង​នោះទេ។

«ចាស់ៗ​ពី​សម័យ​មុន​គាត់​គិត​ថា​មណ្ឌល​កុមារ​កំព្រា​ហ្នឹង​ហើយ​វា​ជាជម្រើស​តែ​មួយ​គត់​សម្រាប់​កុមារ​ដែល​ពួកគាត់​ពេល​មាន​បញ្ហាគាត់​គួរ​តែ​នៅ​ហ្នឹងទៅដើម្បី​បាន​អនាគត​ល្អ។តែធាតុ​ពិត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ជួប ខ្ញុំ​អាច​អះអាង​ថា វា​ខុស​ពីការ​រំពឹង​ទុក»។

ដោយសារឆ្លង​កាត់​បទពិសោធន៍​ស្រដៀង​គ្នា អតីត​អ្នក​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ទាំងនេះ ព្រមទាំង​យុវជន​មួយ​ចំនួនទៀត​ដែល​រស់នៅ​ខេត្ត​បាត់ដំបង បាន​បង្កើត​គំនិតមួយ​ដើម្បី​ផលិតសារ​ជាសំឡេង (podcast)​ឈ្មោះ​ថា ក្មេង​អង្គការ

គោលបំណង​នៃ​ផតខាសថ៍​នេះ គឺ​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ដែល​ពួកគេ​បាន​ឆ្លង​កាត់ និង​លើក​កម្ពស់​ការ​យល់ដឹង​របស់​ឪពុកម្តាយ និង​ចាស់ទុំ​ក្នុង​សហគមន៍​អំពី​បទពិសោធន៍​របស់​កុមារ ពេល​រស់នៅ​មណ្ឌល​កុមារ​កំព្រា និង​ដើម្បី​ជួយទប់​ស្កាត់​ការ​ជួញ​ដូរ​ទាសករ​សម័យ​ថ្មី​តាមមណ្ឌល​កុមារ​កំព្រា។

ស៊ីណេត បាន​ថ្លែង​ថា៖ «ដោយសារ​តែ​ពួកយើង​យក​ចិត្ត​ទុក​ដាក់​ចំពោះអ្នក​ដែល​បាន​ចាក​ចេញ​ពី​មណ្ឌល​ថែទាំ ហើយ​ពួកយើងទាំងអស់​គ្នាអាច​រួមគ្នា​ដើម្បី​មាន​ឥទ្ធិពល​ទៅលើការ​តស៊ូ​មតិ​សម្រាប់​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​កំណែទម្រង់​ការ​ថែ​ទាំ​កុមារនៅ​ក្នុងប្រទេស​កម្ពុជា​យើង»៕