ជីវប្រវត្តិ​៖ ខៀវ សំផន ​អតីត​អ្នក​សេដ្ឋកិច្ច​និង​ប្រមុខរដ្ឋ​មាន​តែ​ឈ្មោះ​របស់​ខ្មែរ​ក្រហម

អតីត​ប្រមុខ​រដ្ឋ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ លោក ​ខៀវ ​សំផន កាល​ពី​ឆ្នាំ​២០០៣។ លោក​​ ស្ថិត​នៅ​ក្នុង​ចំណោម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន​៤​រូប​ដែល​នឹង​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​ជំនុំ​ជម្រះ​​បឋម​នៅ​ពេល​ខាង​មុខ។

លោក​ខៀវ សំផន ​មាន​ឈ្មោះ​នៅ​សម័យ​ខ្មែរក្រហម​គឺ​ មិត្ត ហែម។ កើតនៅ​ថ្ងៃទី​២៧​ខែ​កក្កដា​ឆ្នាំ​១៩៣១​ នៅ​ក្នុង​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង​ ខៀវ សំផន​ គឺជា​កូន​ប្រុស​ច្បង​នៃ​គ្រួសារ​មួយ​ដែល​មាន​បងប្អូន​ប្រុសស្រី​ប្រាំ​នាក់។ ក៏ប៉ុន្ដែ​គេមិន​ដឹង​ពី​ភូមិ​កំណើត​ពិត​ប្រាកដ​របស់​គាត់​នោះ​ទេ។

គាត់​គឺ​ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ដែល​គាត់​មាន​សញ្ញាប័ត្រ​និង​ចំណេះ​ដឹង​យ៉ាង​ជ្រៅជ្រះ​បំផុត។

លោក​ ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ឲ្យដឹង​ថា ​ខៀវ សំផន ​គឺជា​អ្នកគូស​វាស​គោលនយោបាយ​របស់​ពួក​ខ្មែរក្រហម​ដែល​បាន​រុញច្រាន​ឲ្យ​មាន​វិនាសកម្ម​ដល់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ។

«គាត់​គឺជា​អ្នក​ដែល​ចូលរួម​ក្នុង​ការ​សម្រេច​នូវ​គោលនយោបាយ​របស់​មជ្ឈិមបក្ស​កុម្មុយនីស្ត​កម្ពុជា ​ដែល​ធ្វើឲ្យ​ប្រជាជន​ជាង​ពីរ​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត»។

ឪពុក​របស់​លោក​ ខៀវ សំផន ​គឺជា​ចៅក្រម​ម្នាក់​នៅ​ខេត្ត​កំពត ​ដែល​បាន​រៀបការ​ជាមួយ​ម្ដាយ​របស់​គាត់​នៅ ស្រុក​ជីហែ​ខេត្ត​កំពង់ចាម។ ​គាត់​បាន​ស្លាប់​នៅពេល​ដែល​លោក​ខៀវ សំផន ​មាន​អាយុ១៦ឆ្នាំ។ ម្ដាយ​របស់​លោក​ខៀវ សំផន ​ជា​ឈ្មួញ​ប្រហុក​ម្នាក់​នៅ​ខេត្ត​កំពង់ចាម។

បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្រុង​ភ្នំពេញ​ ខៀវ សំផន ​បាន​ចាកចេញ​ទៅ​បន្ដការ​សិក្សា​នៅ​ប្រទេស​បារាំង​នៅឆ្នាំ​១៩៥៣។ នៅទី​នោះ​គាត់​បាន​ជួប​ជាមួយ ប៉ុល ពត ​មេស្ថាបនិក​របប​កម្ពុជា​ប្រជា​ធិបតេយ្យរ​បស់​ពួក​ខ្មែរក្រហម​និង​ជួប​ជាមួយ ​អៀង សារី​ នៅក្នុង​ពេលនោះ​ដែរ។ គាត់​ក៏​បាន​ចូលរួម​ក្នុង​ចលនា​កុម្មុយនីស្ដ​និយម​ជាមួយ​ អៀង សារី ​និង ប៉ុល ពត​ នៅក្នុង​ប្រទេស​បារាំង។

ខៀវ សំផន ​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​នៅឆ្នាំ​១៩៥៩​ ហើយ​បាន​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ។

នៅ​ពេល​នោះ​ខៀវ សំផន ​បាន​ធ្វើ​ជាសាស្ដ្រាចារ្យ​ភាសា​បារាំង​នៅ​វិទ្យាល័យ​កម្ពុជា​បុត្រ ​និង​ធ្វើជា​សាស្ដ្រាចារ្យ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ។ គាត់​បាន​បង្កើត​កាសែត​មួយ​ឈ្មោះ​ថា​កាសែត​ Observateur ​ដែល​មាន​និន្នាការ​ឆ្វេងនិយម។

ជាប់​ឆ្នោត​ជា​តំណាងរាស្ដ្រ​នៅ​ខែមិថុនា​ឆ្នាំ​១៩៦២​ សម្រាប់​មណ្ឌល​ខេត្ត​កណ្ដាល​ លោក​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​មុន​នឹង​បាន​រត់​គេចខ្លួន​ពី​ទីក្រុង​ភ្នំពេញ​ទៅដោយ​ការ​គំរាម​ចាប់​ខ្លួន​ពីសំណាក់​សម្តេច ​នរោត្តម សីហនុ ​ពី​ការចោទ​ប្រកាន់​ថា ​បាន​បង្ក​ការបះ​បោរ​នៅ​ស្រុក ​សំឡូត​ជាមួយ​លោក ហ៊ូ នឹម ​និង ​លោក ហ៊ូ យន់។

ភៀស​ខ្លួន​ដល់​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ ​គាត់​បាន​ជួប​ជាមួយ​តា ម៉ុក​ ដែល​ជា​អនុលេខា​តំបន់​និរតី។​ តាម៉ុក ពេលនោះ​ ស្លៀកពាក់​ឯកសណ្ឋាន​ខ្មៅ​បង់ក​ក្រមា​ក្រហម។ អតីត​និស្សិត​ស្រុក​បារាំង​រូបនេះ ​បាន​ចាប់ផ្ដើម​បោះ​ជំហាន​ចូល​ក្នុង​ចលនា​ប្រដាប់​អាវុធ។ ប្រាំបី​ខែក្រោយ​ពី​ស្នាក់នៅ​ក្នុង​ខេត្ត​តាកែវ​ គាត់​បាន​បាន​ចូល​ធ្វើ​ទ័ព​ព្រៃ​នៅ​តំបន់​ភ្នំឱរ៉ាល់​ និង​ព្រៃធំ ​ខេត្ត​កំពង់ស្ពឺ។

ខៀវ សំផន ​ត្រូវ​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​ចន្លោះ​ពីខែ​ឧសភា ​ឆ្នាំ១៩៧០​ ដល់​ខែមេសា​ឆ្នាំ១៩៧៥​នៅតំបន់​រំដោះ​និង​ត្រូវ​តែងតាំង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ប្រជាជន​រំដោះ​ជាតិ​កម្ពុជា​ពីខែ​មិថុនា​ឆ្នាំ​១៩៧១​ដល់​ឆ្នាំ​១៩៧៥។ នេះ​បើ​ផ្អែក​តាម​ឯកសារ ​ដែល​មាន​ឈ្មោះ​ថា​វចនានុក្រម​ខ្មែរ​ក្រហម​របស់​លោក​សូឡូម៉ុង កាន ​(Solomon Kan) ​និង​គេហទំព័រ​ដែល​មាន​ឈ្មោះ​ថា​យុត្តិធម៌​សម្រាប់​កម្ពុជា។

ពីខែ​មេសា​ឆ្នាំ១៩៧៥​និង​ខែមេសា ​ឆ្នាំ១៩៧៦​ ខៀវ​ សំផន​ បាន​ត្រូវតែង​តាំង​ជា​មេដឹកនាំ​គណៈ​កម្មការ​ធម្មនុញ្ញ ​និង​ចាប់ផ្ដើម​តាក់តែង​ធម្មនុញ្ញ​ថ្មី​ ដោយ​មាន​ការចូលរួម​ឲ្យ​យោបល់​ពី​សមាជិក​បក្ស​កុម្មុយនីស្ដ​កម្ពុជា។

គាត់​ឡើង​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​នៅឆ្នាំ​ ១៩៧៦ ​ជំនួសឲ្យ​សម្ដេច​សីហនុ​ ដែល​បានលា​លែង​ពី​តំណែង។ បន្ទាប់​មក​គាត់​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​គណៈកម្មាធិការ​កណ្ដាល​ ដែល​គាត់​មិនត្រឹមតែ​ចូលរួម​ប្រជុំ​តែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​គាត់​ក៏បាន​ចូលរួម​ផ្ដល់​សេចក្ដី​សម្រេចចិត្ត​នយោ​បាយ​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ពាសពេញ​ប្រទេស​ផងដែរ។

លោក​ ឆាំង យុ​ មាន​ប្រសាសន៍​ថា​ លោក​ខៀវ សំផន​ មាន​ការ​ទទួលខុស​ត្រូវ​ពេញ​លេញ​ ចំពោះ​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។

«តាំងពី​ឆ្នាំ១៩៧៣​ ពេល​ដែល​មាន​សង្គ្រាម​ជាមួយ​របប​សាធារណរដ្ឋ​នៅ​ឡើយនោះ​ គឺថា​គាត់​តែងតែ​ចេញ​មុខ​សហការ​ជាមួយ​វៀតណាម​ ក្នុង​ការពិនិត្យ​មើល​តំបន់​សហករណ៍ ​តំបន់​រំដោះ​ ដែល​គេ​ចាប់ផ្តើម​អភិវឌ្ឍ​នោះ។ ​គាត់​មើល​ថា ​តើ​គោល​នយោបាយ​របស់​បក្ស​ធ្វើ​បាន​ដល់​កម្រិត​ណា​ មិន​ចាំបាច់​គាត់​យក​ដៃ​ទៅ​សម្លាប់ ​យក​កាំភ្លើង​ទៅសម្លាប់​មនុស្ស​ម្នាក់ ​ហើយ​យើង​បាន​ថា​ គាត់​មាន​កំហុស​ទេ។ ឯកសារ​កំណត់ហេតុ​របស់ មជ្ឈិម​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ​ដែល​និយាយ​អំពី​កម្ចេច​សត្រូវ​ផ្ទៃក្នុង ​និង​សត្រូវ​ខាងក្រៅ​ក៏មាន​គាត់​ចូលរួម​ដែរ។ អញ្ចឹង​ គឺ​ទាំងអស់​នេះ​ វា​គ្រប់គ្រាន់​បង្ហាញ​ ឬក៏​ដាក់​ឲ្យគាត់​ទទួល​ខុសត្រូវ​ជា​បុគ្គល»។

ខៀវ​ សំផន ​បាន​ហោះ​ទៅកាន់​ក្រុង​ប៉េកាំង​មុន​កងទ័ព​វៀតណាម​ចូល​មក​ដល់​ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃរំដោះ​ប្រទេស​ជាតិ​ថ្ងៃ​៧មករា​ឆ្នាំ១​៩៧៩។ ហើយ​មួយឆ្នាំ​ក្រោយ​មក​គាត់​បាន​ឡើងកាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជំនួស​ប៉ុល ពត។

ខៀវ សំផន​ គឺជា​អ្នក​ចូលរួម​ជា​ភាគី​ចរចា​សន្ដិភាព​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ខែតុលា ​ឆ្នាំ ១៩៩១ ​ក្រោម​ការជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហ​ប្រជាជាតិ។ ប៉ុន្ដែ​ក្រោយ​មក​ក្រុម​កងទ័ព​ព្រៃ​ខ្មែរក្រហម​ធ្វើ​ពហិការ​មិន​ទទួល​ស្គាល់​កិច្ចព្រមព្រៀ​ងនេះ​ទេ។

នៅខែ​វិច្ឆិកា ​ឆ្នាំ១៩៩១​ គាត់​បាន​ធ្វើ​ទស្សនកិច្ច​ជាផ្លូវការ​នៅក្រុង​ភ្នំពេញ ​ហើយ​ត្រូវបាន​កម្លាំង​មហាជន​វាយ​សង្រ្គប់​បែកក្បាល​ ដែល​ធ្វើ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ពាសពេញ​ពិភព​លោក។

ខៀវ សំផន ​បាន​គេច​ផុត​ពីការ​បោសសម្អាត​ផ្ទៃក្នុង​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៩៧​ គឺ​នៅពេល​នោះ​ប៉ុល ពត ​បាន​បញ្ជា​ឲ្យ​សម្លាប់​សុន សេន ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ។​ ហើយ​ក្រោយ​មក​ ប៉ុល ពត ​ខ្លួន​ឯង​ត្រូវ​តា ម៉ុក​ ចាប់​ខ្លួន​វិញ​ម្តង។

ទីបំផុត​នៅ​ថ្ងៃទី ​២៦ ខែធ្នូ​ឆ្នាំ១៩៩៨ ​ខៀវ សំផន​ បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ជាមួយ​អតីត​បង​ធំ​ទី២ នួន ជា​ ផងដែរ។

គាត់​ត្រូវ​ចាប់​ខ្លួន​ដោយ​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃទី១៩​វិច្ឆិកា​ឆ្នាំ​២០០៧ ​បន្ទាប់​ពី​ចេញពី​មន្ទីរ​ពេទ្យកាល់​ម៉ែត​ គាត់​ត្រូវ​បានចោទ​ប្រ​កាន់​ដូចគ្នា​នឹង​ការចោទ​លើ​នួន ជា អៀង​ សារី ​និង​អៀង ធីរិទ្ធ​ ក្នុង​សំណុំរឿង​០០២ ​ពី បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាស​ន៍​ដែល​ទាក់ទង​ នឹង​ការធ្វើ​ទារុណកម្ម ​និង​ការធ្វើទុក្ខ​បុកម្នេញ​ខាង​ផ្នែក​សាសនា ​ការធ្វើ​មនុស្ស​ឃាត​ និង​ការចោទ​ប្រកាន់ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។ បទ​ចោទ​ទាំង​នេះ​ដែល​ទាក់ទង​ទៅនឹង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ យ៉ាងតិច​ ១,៧​លាន​នាក់ ​ចន្លោះ​ពី ​ឆ្នាំ ​១៩៧៥​ ដល់​ឆ្នាំ ​១៩៧៩។

មុន​ការចាប់​ខ្លួន​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ លោក ​ខៀវ សំផន ​បាន​ផ្ដល់​បទសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ ​VOA​ ជា​ខេមរភាសា​ដោយ​លោក​ចោទប្រកាន់​ការ​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ថា​កើត​ឡើង​ដោយសារ​កម្លាំង​បង្កប់​របស់​ប្រទេស​វៀត​ណាម។

«ដូច្នេះ​ខាង​វៀតណាម​ មិន​ចូល​ជ្រក​ជាមួយ​កម្ពុជា​ទេ ​លូក​ដៃកកូ​ចូលជ្រៅ​ក្នុង​កម្លាំង​តស៊ូ​កម្ពុជា​ឆ្នាំ​១៩៧៥​និង​១៩៧៦​ រឿង​អត់បាយ​ដាច់ពោះ។ ​អារឿង​ស្លាប់​រឿង​អ្វី​ហ្នឹង ​វា​មក​ពីស្អី​ខ្លះ ​ខ្ញុំ​យល់​ឃើញ​ថា ​មិនមែន​មក​ពី​ ប៉ុល ពត​ ទេ​ វា​កើត​ចេញ​ពី​មេ​ស្តេច​ត្រាញ់។ហើយ​ស្តេច​ត្រាញ់​ទាំងអស់​សុទ្ធតែ​ធ្លាប់​នៅ​ជាមួយ​យួន»។

នៅក្នុង​ឯកសារ​មួយ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​បង្ហាញ​ថា​ ប៉ុល ពត ​នួន ជា ​ខៀវ សំផន ​និង​អៀង​សារី ​សហការ​ជាមួយ​កងទ័ព​វៀត​ណាម ​និង​ជួប​ប្រជុំ​ក្នុង​ក្រុងភ្នំពេញ​ជាមួយ​គណបក្ស​ពលករ​វៀតណាម ​ដោយ​បង្ហាញ​ការប្ដេជ្ញា​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។

ខៀវ សំផន ​នៅ​ឆ្នាំ២០០៤ ​បាន​បោះពុម្ព​សៀវភៅ​មួយ​ ដែល​មាន​ចំណង​ជើង​ថា «ប្រវត្តិសាស្ដ្រ​ថ្មីៗ​របស់​កម្ពុជា​ និង​គោលជំហ​របស់ខ្ញុំ»​នៅក្នុង​សៀវភៅ​នោះ​ដែល​គាត់​និយាយ​ថា​ គាត់​មិនបាន​ដឹង​ពី​ការកាប់​សម្លាប់​ប្រជាជន​កម្ពុជា​នោះ​ទេ។ សៀវភៅ​នោះ​ត្រូវគេ​មើលឃើញ​ថា​ គឺជា​ការ​ប្រឹងប្រែង​បង្ហាញ​នូវ​ភាព​ស្អាតស្អំ​របស់​លោក​ ខៀវ សំផន​ នៅ​ពេល​ដែល​គាត់​ដឹងថា ​គាត់​មិនអាច​គេចផុត​ពី​ការ​កាត់ទោស​ទេ​នោះ។

ជារៀង​រហូតមក​ខៀវ សំផន ​បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ​ដែល​បាន​ទៅ​ធ្វើ​បទ​សម្ភាស​ជាមួយ​គាត់​ថា​ នៅក្នុង​សម័យ​ខ្មែរក្រហម​ លោក​មាន​តែមុខ​តំណែង​តែ​ប៉ុណ្ណោះ ប៉ុន្ដែ​គ្មាន​អំណាច​ទេ​ រីឯ​សិទ្ធិ​សម្រេច​អ្វី​ទាំងអស់​ ស្ថិត​នៅ​លើ​បក្ស​កុម្មុយនីស្ដ​កម្ពុជា។ ​នៅក្នុង​សវនាការ​ប្រឆាំង​នឹង​ការបន្ដ​ការឃុំ​ខ្លួនជាបណ្ដោះ​អាសន្ន​កាលពី​ខែ កុម្ភៈ​ឆ្នាំ២០១០ ​លោក ​ខៀវ សំផន​ បាន​ញែក​ខ្លួន​ចេញ​ពី​ទទួល​ខុសត្រូវ​ឧក្រិដ្ឋកម្ម​លើ​ពលរដ្ឋ​កម្ពុជា​ពីក្រុម​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​បីនាក់​ផ្សេង​ទៀត។

«ខ្ញុំមាន​សិទ្ធិ​អ្វី​សម្រេច​ពីការ​សម្លាប់​មនុស្ស ​បើខ្ញុំ​មាន​អ្វី​ដែល​គេ​ឲ្យខ្ញុំ​ដឹង​ពីរឿង​សម្រេច​ចាប់ចង​នរណាៗ​ វា​ទៅ​ជា​ខ្ញុំ ​លោក​ នួន ជា ​លោក​ អៀង សារី ​លោកស្រី​ អៀង ធីរិទ្ធ ឯណាៗ ​ដូចតែគ្នា​តែ​មួយ»។

នៅពេល​នេះ ​អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម​ត្រៀមខ្លួន​ចូល​រង្វង់​ក្រចក​សេះ​ក្នុង​សវនាការ​បឋម​ជាលើក​ដំបូង​នៅ ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ។ ខៀវ សំផន ​មា​នមេធាវី​បារាំង​ម្នាក់​គឺ​លោក​ Jacques Vergès​ ដែល​លោក​ធ្លាប់​ស្គាល់​គ្នានិង​លោក ​ស សាវ៉ាន ​មេធាវី​កម្ពុជា៕