សវនាការ​សំខាន់​នៃ​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ចាប់​ផ្តើម

កម្រង​រូបថត​នេះ​បង្ហាញ​ពី​​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​៤​រូប​​​​ដែល​ នៅ​រស់​រាន​មាន​ជីវិត (ពី​ឆ្វេង​ទៅ​ស្តាំ)៖ នួន​ ជា ជា​មេ​មនោគមវិជ្ជា​របស់​ក្រុម​ខ្មែរ​ក្រហម ខៀវ សំផន អតីត​ប្រធាន​រដ្ឋ​​និង​ជា​មុខមាត់​សាធារណៈ​របស់​ខ្មែរ​ក្រហម អៀង សារី អតីត​រដ្ឋមន្ត្រ

ប្រជាពលរដ្ឋ​កម្ពុជា​បាន​រង់ចាំ​អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ​នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ក្រហម​រស់​រាន​មាន​ជីវិត​បាន​លេច​មុខ​នៅ​ក្នុង​តុលាការ​ ដែល​ចោទ​ពួក​គេ​ពី​បទ​ឧក្រិដ្ឋ​នានា​ ដូច​ជា​ អំពើ​ប្រល័យ​ពូជ​សាសន៍​ បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ បទ​មនុស្សឃាត។ បទ​ចោទ​នេះ​គឺ​វែង​ណាស់។

ជន​ជាប់​ចោទ​ទាំង​បួន​រូប​នោះ​រួម​មាន​៖ នួន​ ជា​ ដែល​ស្គាល់​ថា​ជា​ បង​ធំ​ទី២​ និង​ជា​មេ​ខាង​មនោគមន៍​វិជ្ជា​ ខៀវ​ សំផន​ អតីត​ប្រធាន​រដ្ឋ​ អៀង​ សារី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ និង​ ប្រពន្ធ​របស់​គាត់​ អៀង​ ធីរិទ្ធ​ ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច។

ជនជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២​នេះ​បាន​បដិសេធ​រាល់​បទ​ចោទ​ទាំង​នោះ។

នេះ​គឺ​ផ្ទុយ​គ្នា​ស្រឡះ​ពី​សំណុំ​រឿង​០០១​ ដែល​អតីត​ប្រធាន​គុក​ទួល​ស្លែង​កាំង​ ហ្គេក​អ៊ាវ​ ហៅ​ឌុច​ បាន​ទទួល​កំហុស​ពី​តួនាទី​របស់​ខ្លួន​ និង​សន្យា​ថា​សហការ​ជា​មួយ​តុលាការ។

ឌុច​បាន​ដឹកនាំ​មន្ទីរ​សន្តិសុខ​ ស​ ២១​ដ៏​អសោច​នៅ​ទីក្រុង​ភ្នំពេញ​ដែល​នៅ​ទី​នោះ​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ និង​ កុមារ​ចំនួន​១៤.០០០​នាក់​បាន​ត្រូវ​ធ្វើ​ទារុណកម្ម​ និង​ចុង​ក្រោយ​ត្រូវ​បាន​សម្លាប់​ដោយ​ចោទ​ថា​ជា​សត្រូវ​របស់​បដិវត្តន៍។

ឌុច​ បាន​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​និង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​៣៥​ឆ្នាំ។ ​ឌុច​បាន​ប្តឹង​ឧទ្ធរណ៍​ពី​សេចក្តី​សម្រេច​នេះ។

ក្នុង​សំណុំ​រឿង​នេះ​ ឌុចត្រូវ​បាន​ចោទ​ពី​បទ​អនុវត្ត​នយោបាយ​ ដែលជាប់​ពាក់ព័ន្ធ​នឹងការធ្វើ​ទារុណ​កម្ម​និង​ការសម្លាប់​នានា​ដើម្បី​កាត់​ផ្តាច់​ខ្សែ​រយៈ​ក្បត់​ដែល​របប​នេះ​ជឿ​ថា​ បាន​កំពុង​ព្យាយាម​ផ្តួល​រំលំ​បដិវត្តន៍។ ​ក៏​ប៉ុន្តែ​ជនជាប់​ចោទ​បួន​នាក់​ទៀត​ក្នុង​សំណុំ​រឿង​០០២​ ត្រូវ​ឡើង​សវនាការ​ក្នុង​ការបង្កើត​នយោបាយ​មួយ​ដែល​ធ្វើ​ពួក​គេ​មិន​ជាប់​ព័ន្ធនឹង​ការ​សម្លាប់​នានា។

លោកស្រី​ ក្លែរ​ ដាហ្វហ្វី (Clair​ Duffy)​ អ្នកឃ្លាំ​មើល​តុលាការ​ក្នុង​នាម​អង្គការ​ Open​ Society​ Justice​ Initiative​ ដែល​ផ្តល់ជំនួយ​ដោយ​មូលនិធិ​ Soros​ បាន​និយាយ​ថា​ ការខុស​ប្លែក​គ្នា​នឹង​ទំនង​ជា​បង្ហាញ​ក្នុង​ទឡ្ហីករណ៍​របស់​មេធាវី​ការពារ​ក្តី។

«នៅ​ពេល​យើង​ឃើញ​ជន​ជាប់​ចោទ​ជា​មេ​ដឹកនាំ​ទាក់ទង​ក្នុង​សវនាការ​ដែល​មាន​ទំហំ​ធំ​ដូច​នេះ​ជា​ធម្មតា​ការដោះសារ​ការពារ​ខ្លួន​ជា​ទូទៅ​ គឺថា​ពួក​គេ​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ​ដែល​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​បង្កើត​និង​ដាក់​ចេញ​ ឬ​ក៏​ពួក​គេ​មិន​បាន​ដឹង​ពី​អ្វី​នឹង​កើត​ឡើង​ចេញ​ពី​លទ្ធផល​នយោបាយ​នានា​ដែល​ពួក​គេ​បាន​បង្កើត​ឡើង​នោះ​ទេ​ ឧទាហរណ៍​ដូច​ជា​ ការសម្លាប់​ និង​ការធ្វើ​ទារុណកម្ម​ជាដើម»។

នៅ​ពេល​ដែល​តុលាការ​បិទ​សំណុំ​រឿង​០០២​ មន្រ្តី​តុលាការ​និយាយ​ថា​ មាន​ ឯកសារ​៣៥.០០០​ក្នុង​សំណុំ​រឿង​ដែល​ធ្វើ​ឲ្យ​មាន​ការស្មុគ​ស្មាញ​បំផុត​ចាប់​តាំង​ពី​សវនាការ​នៃ​ពួក​ណាហ្ស៊ី​នៅ​ Nuremberg។

ហើយ​មាន​ភាព​ស្មុគ​ស្មាញ​ដទៃ​ផ្សេង​ទៀត​ដែរ។ ជា​បឋម​នោះ​គឺ​ក្នុង​ពេល​ថ្មី​នេះ​តុលាការ​នេះ​ត្រូវ​បាន​រំខានដោយ​ការបែងចែក​សំណុំ​រឿង​បន្ថែម​ពីរ​ទៀត​ ដែល​គេ​ស្គាល់​ថា​ សំណុំ​រឿង​០០៣​ និង​០០៤។ ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ជា​យូរ​មក​ហើយ​ថា​ សំណុំ​រឿង​ចុង​ក្រោយ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរការ​ទេ ​ពីព្រោះ​ការបន្ត​ដំណើរការ​នេះ​នឹង​អាច​នាំ​ឲ្យ​មាន​ការគំរាម​កំហែង​ដល់​ស្ថិរភាព​របស់​ ប្រទេស​ ហើយ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ត្រូវ​គេ​ចោទ​ពី​បទ​បង្អាក់​ដំណើរ​ការ​សំណុំ​រឿង​ទាំង​ពីរ​នេះ​ដោយសារ​សម្ពាធ​នយោបាយ។

ជា​លទ្ធផល​មាន​មន្រ្តី​ខាង​អង្គការ​សហ​ប្រជាជាតិ​មួយ​ចំនួន​បាន​សុំ​ឈប់​ពី​ការងារ​ ពី​ការិយាល័យ​ចៅ​ក្រម​ស៊ើប​អង្កេត​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​មាន​ការព្រួយ​បារម្ភ​ថា​ ការដោះស្រាយ​សំណុំ​រឿង​០០៣​និង​០០៤​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការងារ​របស់​តុលាការ។

ការ​ប្រឈម​មួយ​ទៀត​គឺ​ថា​ ជនជាប់​ចោទ​ទាំង​បួន​រូប​សុទ្ធ​តែ​មាន​វ័យ​ចាស់​ ក្នុង​អាយុ​រវាង​ ៧៩​ ទៅ​៨៥​ឆ្នាំ​ ហើយ​ពួក​គេ​សុទ្ធ​តែ​មាន​សុខភាព​ទ្រុឌទ្រោម។​ សវនាការ​នេះ​នឹង​អាច​ទំនង​ជា​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​ ហើយ​មាន​ការបារម្ភ​ថា​ ជន​ជាប់​ចោទ​ម្នាក់​ឬ​ច្រើន​អាច​ស្លាប់​មុន​ពេល​ដំណើរការ​ក្តី​ត្រូវ​បញ្ចប់។

រឿង​នេះ​បាន​កើត​ឡើង​រួច​មក​ហើយ​នៅ​តុលាការ​កាត់​ទោស​អតីត​មេដឹកនាំ​ ស៊ែប៊ី​ Slobodan​ Milosevic​ នៅ​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ​ និង​ដូច​គ្នា​ផង​ដែរ​ជា​មួយ​នឹង​ជន​ជាប់​ចោទ​មួយ​ចំនួន​នៅ​ក្នុង​តុលាការ​អន្តរជាតិ​ រៈវ៉ាន់ដា។

លោក​ ស្រី​ ដាហ្វហ្វី​ នៃ​អង្គការ​ OSJI​ បាន​មាន​ប្រសាសន៍​ថា​ ច្បាប់​ថ្មី​នឹង​អាច​ឲ្យ​ជនជាប់​ចោទ​មាន​ទោស​ឬ​រួច​ផុត​ពី​ការផ្តន្ទាទោស​ក្នុង​ពេល​ដំណើរ​ការ​រឿង​ក្តី។ ដូច្នេះ​ប្រសិន​បើ​ជនជាប់​ម្នាក់​បាន​ស្លាប់​មុន​គេ ពួក​គេ​អាច​ត្រូវ​បាន​ដាក់​ទោស​ឬ​ដាក់​ឲ្យ​រួច​ទោសពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​មុន​ពេល​ការបញ្ចប់​រឿង​ក្តី​ទាំង​នោះ។

«គោល​បំណង​នោះ​គឺ​ ពង្រួញ​តុលាការ​ឲ្យ​មាន​ទំហំ​តូច​ហើយ​ធ្វើ​ឲ្យ​ការសម្រេច​ក្តី​ដំណើរការ​ទៅ​តែ​មួយ​ម្តងៗ​ជាជាង​មាន​សវនាការ​ធំ​មួយ​ដែល​កាត់​ក្តី​ជនជាប់​ចោទ​ទាំង​បួន​នាក់​ដោយ​ព្រម​គ្នា​ដែល​អាច​នឹង​បន្ត​រាប់​សិប​ឆ្នាំ​ និង​ការសម្រេច​ក្តី​គឺ​នឹង​មិន​អាចធ្វើ​ឡើង​សម្រាប់​ជន​ជាប់​ចោទ​ម្នាក់​ឬ​ជន​ជាប់​ចោទ​ទាំងអស់​នោះ»។

នួន​ ជា​ មាន​អាយុ​ ៨៤​ឆ្នាំ​ ជា​អនុ​ប្រធាន​របស់​ ប៉ុល​ ពត​ គឺ​ជា​ជនជាប់​ចោទ​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​គេ​ទី​ពីរ។ ពី​មុន​មក​គាត់​បាន​ចោទ​រាល់​ការកើត​ឡើង​ខុស​ឆ្គង​នានា​ក្នុង​កំឡុង​ការ​គ្រប់គ្រង​របស់​គាត់​ទាំង​ស្រុង​ទៅ​លើ​សត្រូវ​ចាស់​គឺ ប្រទេស​វៀតណាម។

លោក ​ម៉ាយឃើល ផេសមែន (Michael ​Pestman)​ មេធាវី​ការពារ​ក្តី​របស់​ នួន ជា ​និយាយ​ថា​ គាត់​មិន​មាន​សុទិដ្ឋិ​និយម​ចំពោះ​កូន​ក្តី​របស់​គាត់​ថា​នឹង​ទទួល​បាន​នូវ​ការកាត់​ក្តី​ដ៏​យុត្តិធម៌​នោះ​ទេ។

«តាម​យើង​ដឹង​សញ្ញា​ភ្លើង​គឺ​ក្រហម​ដាក់​យើង​ជានិច្ច។ យើង​មាន​ការព្រួយ​បារម្ភ​ថា​ តុលាការ​នេះ​មិន​អាច​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ទេ​ នោះ​គឺ​ការផ្តល់​នូវ​ការកាត់​ទោស​មួយ​ដ៏​យុត្តិធម៌»។

លោក ​Pestman ​បាន​ចោទ​ការិយាល័យ​ចៅក្រម​ស៊ើប​អង្កេត​ដែល​ជា​ការិយាល័យ​ធ្វើការ​រក​ភស្តុតាង​នានា​ដើម្បី​បញ្ជាក់​ថា​មាន​កំហុស​ ឬ​គ្មាន​កំហុស​ តែ​ការិយាល័យ​នេះ​បែរ​ជា​ចង់​រក​តែ​ព័ត៌មាន​ដែល​អាច​គ្រាន់​តែ​ដាក់​បន្ទុក​ ជា​ជាង​ដោះ​បន្ទុក​ទៅ​លើកូន​ក្តី​គាត់។

លោក​និយាយ​ថា​ ធ្វើ​ដូច​នេះ​គឺ​មិន​បាន​ផ្តល់​ការកាត់​ក្តី​ដ៏​យុត្តិធម៌​សម្រាប់​ នួន​ ជា​ ទេ។

«ហើយ​យើង​បាន​ព្យាយាម​ធ្វើការ​មាន​ការផ្លាស់ប្តូរ​ក្នុង​ការស៊ើប​អង្កេត​នេះ ក៏​ប៉ុន្តែ​រាល់​សំណើ​របស់​យើង​ទាំងអស់​ដែល​យើង​ចង់​ឮ​ពី​សាក្សី​ផ្សេងៗ​នោះ​ ត្រូវ​បាន​គេ​បដិសេធ​ចោល។ ​ហើយ​យើង​សង្ឃឹម​ថា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​អនុញ្ញាតឲ្យ​សាក្សី​ទាំង​នោះ​និយាយ។ ហើយ​យើង​នឹង​រង់ចាំ​ថា​តើ​ ពួក​គេ​មាន​បំណង​ចង់​ធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឬ​ទេ​ ក៏​ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ថា​ ពួក​គេ​មិន​ចាប់​អារម្មណ៍​ដូច​ដែល​យើង​បាន​គិត​នោះ​ទេ»។

រាល់​ភស្តុតាង​ជា​ច្រើន​ប្រឆាំង​នឹង​ជនជាប់​ចោទ​ទាំង​បួន​រូប​នោះ​គឺ​បាន​មក​ពី គម្រោង​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​បាន​ផ្តល់​ឯកសារ​ប្រហែល​ជា​ប្រាំ​សែន​ច្បាប់​ទៅ​តុលាការ។

លោក​ ឆាំង​ យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​កំពុង​តែ​រង់ចាំ​អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ។ លោក​ ឆាំង​ យុ​ មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​ទី​២​នេះ​គឺ​ជា​កម្លាំង​ចលករ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ចាត់​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​របស់​ពួក​គេ។

«ដូចេ្នះ​ ខ្ញុំ​គិត​ថា​ សំណុំ​រឿង​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ខ្ញុំ​ ក៏​ដូច​ជា​អ្នក​រស់​រាន​មាន​ជីវិត​ដទៃ​ទៀត​ដែរ​ ពីព្រោះ​យើង​ទាំង​អស់​គ្នា​ស្គាល់​អ្នក​ទាំង​បួន​នាក់​នោះ​ហើយ។ ខណៈ​ដែល​យើង​រាល់​គ្នា​ដឹង​ថាពួក​គេ​មិន​បាន​ទទួល​ស្គាល់​នូវ​អ្វី​ដែល​បា​នកើត​ឡើង។ ពួក​គេ​បាន​ចោទ​ទៅ​អ្នកថ្នាក់​ក្រោម​របស់​ពួក​គេ ​និង​ពួក​គេ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​មាន​សំណុំ​រឿង​នេះ។ យើង​ចង់​ឮ​តើ​ពួក​គេ​នឹង​និយាយ​ថា​យ៉ាង​ដូចម្តេច​ទៅ»។

មិន​ថា​លទ្ធផល​យ៉ាង​ដូចមេ្តច​ទេ​ មិន​ថា​ជន​ជាប់​ចោទ​ណា​ម្នាក់​ ឬ​ទាំង​អស់​អាច​រស់​ដល់​ពេល​កាត់​ទោស​ចប់​ទេ​ ថ្ងៃ​ច័ន្ទ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់។ មេ​ដឹកនាំ​នៃ​របប​នយោបាយ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​មួយ​ក្នុង​សតវត្សរ៍​ទី​២០​នេះ​នឹង​ឡើង​សវនាការ​ ទទួល​ខុស​ត្រូវ​នូវ​បទ​ឧក្រិដ្ឋ​នានា​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ក្នុង​នាម​បដិវត្តន៍​របស់​ពួកគេ»៕

ប្រែ​សម្រួល​ដោយ​ ហ៊ុយ​ សម្ផស្ស