ខេត្តកែប — រដ្ឋបាលខេត្តកែបកំពុងសម្រុកចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែបក្នុងរយៈពេលជាងមួយខែមកហើយ។ វាជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដែលអាជ្ញាធរខេត្តអះអាងថាដើម្បីធ្វើសួនច្បារវិថីចូលសមុទ្រ និងឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់។
ប៉ុន្តែគម្រោងចាក់ដីចូលសមុទ្រប្រវែង១៣០ម៉ែត្រពីឆ្នេរចាស់នេះ និងមានបណ្តោយប្រវែង២.៧០០ម៉ែត្រក៏នាំឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនអំពីការរកស៊ីរបស់ពួកគេនៅតាមឆ្នេរសមុទ្រនិងការបាត់បង់សម្រស់ឆ្នេរធម្មជាតិ។
ជាអ្នកនេសាទជាង១០ឆ្នាំមកហើយ លោក អ៊ុត សុភា អាយុ៣២ឆ្នាំ និងមានកូន៣នាក់ ថ្លែងថាលោកមិនពេញចិត្តនឹងការអភិវឌ្ឍនេះឡើយដោយសារលោកចង់ឃើញឆ្នេរធម្មជាតិ ខណៈការលុបឆ្នេរនេះក៏ប៉ះពាល់ប្រជាពលរដ្ឋផងដែរ។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «បើខ្ញុំ ខ្ញុំចូលចិត្តអ្វីដែលធម្មជាតិអ្វីដែលយើងមិនគួរណាដែល[លុប]អញ្ចឹង យើងមិនចាំបាច់ទេ វាធម្មជាតិ។ យើងត្រូវការធម្មជាតិជាង។ បើចំពោះខ្ញុំ ខ្ញុំអត់សូវពេញចិត្តការអភិវឌ្ឍនេះទេ ព្រោះអីវាប៉ះពាល់រៀងច្រើនដែរដល់ប្រជាជននៅខេត្តកែបយើងនេះ»។
លោក អ៊ុត សុភា អាយុ៣២ឆ្នាំ ប្រជានេសាទម្នាក់ក្នុងខេត្តកែប កំពុងបញ្ជាទូករបស់លោកតាមសមុទ្រ។ (ស៊ុន ណារិន/វីអូអេ)
ប្រជានេសាទបើកទូករបស់ពួកគេនៅក្បែរផ្សារក្តាម ក្រុងកែប កន្លែងចាក់ដីលុបឆ្នេរសមុទ្រក្នុងខេត្តកែប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
រហូតមកដល់ពេលនេះ ប្រជានេសាទរូបនេះមិនមានព័ត៌មានច្បាស់លាស់នៅឡើយទេថាតើអាជ្ញាធរនឹងអភិវឌ្ឍតំបន់ចាក់ដីលុបឆ្នេរសមុទ្រប្រវែងជិត៣គីឡូម៉ែត្រទៅជាអ្វីឡើយ។
លោកបន្ថែមថា៖ «ចំពោះខ្ញុំការបារម្ភ មិនមានអីទេ។ គ្រាន់តែថាបើថាគេចាក់ទៅ អភិវឌ្ឍខេត្តយើងឲ្យល្អ យើងជួយអរ។ ខ្លាចតែគេចាក់ហើយគេអត់អភិវឌ្ឍ គេយកដីហ្នឹងសម្រាប់ជាលក់ ឬក៏ធ្វើជារបស់ឯកជន។ ខ្ញុំបារម្ភតែប៉ុណ្ណឹងទេបង។ ហើយណាមួយ ខ្លាចតែពេលគេចាក់ទៅ អត់មានកន្លែងយើងសម្រាប់រកស៊ីរកអី បាត់កន្លែងលក់ដូរអីចឹងបង»។
ការចាក់ដីលុបឆ្នេរសមុទ្រនេះប៉ះពាល់តំបន់ទឹករាក់ ដែលជាកន្លែងត្រី និងក្តាមកូនផងដែរ។ នេះបើតាមលោក អ៊ុត សុភា ដែលជាប្រជានេសាទ។
លោកបន្ថែមថា៖ «ដែលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ខ្ញុំ មិនមានអីសំខាន់ប៉ុន្មានទេ គ្រាន់តែថាចាក់លុបនៅកន្លែងទឹករាក់ៗអញ្ចឹង វាធ្វើឲ្យតំបន់ត្រីពង ឬមួយក៏ក្តាមមកញាស់មកអី។ វាប៉ះពាល់ដល់ជីវៈចម្រុះច្រើន ព្រោះអីយើងចាក់ទៅរៀងឆ្ងាយដែរ»។
ឆ្នេរសមុទ្រនៅក្បែរផ្សារក្តាមខេត្តកែប ក៏រងផលប៉ះពាល់ផងដែរ។ អាជីវករនៅផ្សារក្តាមដែលដីត្រូវបានចាក់មកដល់កន្លែងពួកគេរកស៊ីនិយាយថាពួកគេដឹងថាអាជ្ញាធរនឹងអភិវឌ្ឍផ្សារឲ្យទំនើប ប៉ុន្តែពួកគេមិនទាន់ដឹងថាអាជ្ញាធរនឹងរៀបចំឲ្យពួកគេលក់នៅកន្លែងណា ហើយនៅពេលណាឡើយ។
អ្នកស្រី ទុយ ចន្ធា អាយុ៣៨ឆ្នាំ ជាអ្នកលក់ម្ហូបអាហារនៅផ្សារក្តាមតាំងពីអ្នកស្រីអាយុ៨ឆ្នាំ ថ្លែងថាអ្នកស្រីចង់ឲ្យមានការរៀបចំផ្សារសម្រាប់អាជីវកម្មលក់ដូរ ប៉ុន្តែអ្នកស្រីបារម្ភថាមានការជួលតូបថ្លៃជាងបច្ចុប្បន្នដែលអ្នកស្រីចំណាយតែ២ពាន់រៀលប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ថ្លៃភាស៊ី។ អ្នកស្រីក៏បារម្ភលែងបានរកស៊ីនៅទីនោះ ដែលវានឹងប៉ះពាល់កូន៣នាក់ដែលកំពុងរៀនថ្នាក់ទី១២ ទី១១ និងទី៤ ដែលអ្នកស្រីត្រូវផ្គត់ផ្គង់។
អាជីវកររូបនោះ ក៏ចង់ឃើញឆ្នេរធម្មជាតិ ហើយមិនចង់បានការអភិវឌ្ឍចាក់ដីលុបឆ្នេរដូចនេះឡើយ។
អ្នកស្រីបន្តថា៖ «ក្នុងអារម្មណ៍ដូចជាអត់ចង់ឲ្យគេចាក់អញ្ចឹង។ ចង់ឲ្យធម្មជាតិៗ [ដូច]ពីដើមមកអញ្ចឹង។ អត់ចង់ឲ្យចាក់។ ក្នុងអារម្មណ៍ខ្ញុំគិតអញ្ចឹង»។
ចំណែកអាជីវករជួលតូបអង្គុយលេងនៅតាមឆ្នេរសមុទ្រក៏រងផលប៉ះពាល់ផងដែរ ខណៈភ្ញៀវបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងរយៈពេលចុងក្រោយនេះ។
រថយន្តដឹកដីបើកបរនៅកន្លែងចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី គង់ ពៅ អាយុ៤៩ឆ្នាំ អាជីវករជួលតូប និងលក់អាហារនៅក្រុងកែប ខេត្តកែប បង្ហាញក្តីបារម្ភមិនមានភ្ញៀវចូលមកលេង ខណៈមានការចាក់ដីលុបឆ្នេរ ។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី គង់ ពៅ អាយុ៤៩ឆ្នាំជាអាជីវករជួលតូប និងលក់អាហារនៅក្រុងកែប ប្រាប់វីអូអេថា៖ «អារម្មណ៍ពិបាកចិត្ត លក់អត់បាន អត់មានសប្បាយចិត្តដូចមុនទេ…សូម្បីតែថ្ងៃធម្មតាមួយរយលុយខ្មែរអត់បានផង»។
រហូតមកដល់ពេលនេះ អ្នកស្រីមិនទាន់ដឹងថាតើអាជីវករនឹងត្រូវអនុញ្ញាតឲ្យលក់បន្តនៅទីនោះឬយ៉ាងណា បើទោះមានការប្រកាសរបស់អាជ្ញាធរថាអាជីវករអាចលក់នៅកន្លែងដដែល។ អ្នកស្រីបញ្ជាក់ថាបើទោះមិនមានការដេញនៅពេលនេះប៉ុន្តែអាជីវករខ្លះបានបោះបង់ការរកស៊ីរួចទៅហើយ ដោយឈប់ជួលតូបពីម្ចាស់ដើម។
អ្នកស្រីបន្ថែមថា៖ «បើសិនជាគេកសាងធ្វើសួនឲ្យយើងលក់ដដែលយើងសប្បាយចិត្តហើយខ្លាចតែយើងមិនបានលក់អញ្ចឹង។ តែគេនិយាយ យើងមិនដឹងម៉េចដែរតែគេនិយាយថាគេធ្វើសួន គេឲ្យយើងលក់ដដែល គេអត់ដេញយើងផង»។
អ្នកស្រីឲ្យដឹងទៀតថាអាជ្ញាធរខេត្តមិនបានពិភាក្សាជាមួយអាជីវករអំពីបញ្ហាចាក់ដីលុបឆ្នេរនេះឡើយ។
នៅពេលចាក់ដីលុបឆ្នេរនេះ អាជីវកម្មកន្លែងកម្សាន្តរមណីដ្ឋាន កន្លែងស្នាក់នៅតាមឆ្នេរសមុទ្រមួយចំនួនក៏រងផលប៉ះពាល់រួចទៅហើយ។ ដូចជារមណីដ្ឋានថ្ងៃបាំងឆត្រ ឬ Sailing Club ដែលគេតែងទៅមើលថ្ងៃលិច ត្រូវបានចាក់លុបរួចទៅហើយ ហើយត្រូវរុះស្ពានដែលអាចដើរឆ្លងកាត់ទៅទឹកសមុទ្របាន។
កន្លែងមើលថ្ងៃលិច Sailing Club ឬថ្ងៃបាំងឆត្រ ក្នុងក្រុងកែប ក្រោយចាក់ដីលុបឆ្នេរ។ (ស៊ុន ណារិន/វីអូអេ)
លោក លី កុសល អាយុ២៩ឆ្នាំ ធ្វើការនៅ Sailing Club ប្រមាណ៤ឆ្នាំ អះអាងថាមានភ្ញៀវធ្លាក់ចុះប្រមាណ៤០%ទៅ៥០% ក្រោយមានការចាក់ដីលុបឆ្នេរ។ លោកថ្លែង ថារហូតមកដល់ពេលនេះ រូបលោកផ្ទាល់មិនទាន់អាចវាយតម្លៃថាតើគម្រោងលុបឆ្នេរនេះនឹងទៅជាយ៉ាងណាឡើយ ដោយលោករង់ចាំការអភិវឌ្ឍចប់សព្វគ្រប់ទើបអាចវាយតម្លៃបាន។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «ខ្ញុំអត់ទាន់ថាអាក្រក់ឬក៏ល្អទេបង ព្រោះខ្ញុំអត់ទាន់ឃើញ អញ្ចឹងខ្ញុំអត់ទាន់ហ៊ាននិយាយទេបង។ ខ្ញុំអត់ទាន់ហ៊ាននិយាយថាគម្រោងហ្នឹងឬអត់ល្អ គឺអត់ទាន់ទេបង។ ចាំពេលចេញជារូបរាង។ អាហ្នឹងយើងចាប់ផ្តើមមានមតិសរុប»។
ប៉ុន្តែអ្វីដែលលោក លី កុសល កំពុងព្រួយបារម្ភគឺទាក់ទងនឹងការបាត់បង់ការងារ ប្រសិនបើម្ចាស់រមណីដ្ឋានត្រូវកាត់បុគ្គលិកនៅពេលខាងមុខ។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋប្រាប់វីអូអេថាការចាក់ដីលុបឆ្នេរនេះជាគម្រោងមួយដែលមាន«សារប្រយោជន៍សម្រាប់ប្រទេសជាតិ»ក្នុងវិស័យទេសចរណ៍។
លោកបញ្ជាក់ថា៖ «អញ្ចឹងអនាគតនេះ នៅឆ្នាំ២០២២ខាងមុខនេះ គម្រោងនេះ ហើយបងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិអាចមកលេងកម្សាន្តពង្រីកសក្តានុពលតំបន់ឆ្នេររបស់យើងកាន់តែច្រើនកន្លែងនិងធំទូលាយ»។
លោកបន្ថែមថាការអភិវឌ្ឍនេះមាន«ការគិតគូរច្បាស់លាស់»ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាបាននិរន្តរភាពបរិស្ថាន។
អភិបាលខេត្តកែបរូបនេះបន្ថែមថារហូតមកដល់ពេលនេះ មិនទាន់មានគម្រោងអភិវឌ្ឍជាសំណង់អគារធំៗនៅលើឆ្នេរនៅឡើយទេ។
លោកប្រាប់វីអូអេថា៖ «នៅកន្លែងហ្នឹង គឺយើងមានផែនការប្លង់មេហើយអស់ហើយគឺសួនច្បារ ហើយនិងកន្លែងកម្សាន្តសាធារណៈ។ អញ្ចឹងការសាងសង់សំណង់រឹងផ្សេងៗនោះ គឺអនុញ្ញាតទៅលើដីកម្មសិទ្ធិឯកជនទេ។ សូមបញ្ជាក់»។
លោកអភិបាលបន្តថាអាជ្ញាធរមានការអធ្យាស្រ័យដល់អាជីវករ ដោយពួកគេអាចបន្តលក់ដូរបាននៅកន្លែងចាស់ ប៉ុន្តែមិនឲ្យពង្រីកសំណង់រឹងឡើយ។
រថយន្តកំពុងចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
រថយន្តកំពុងចាក់ដីលុបឆ្នេរសមុទ្រក្នុងក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
បើតាមផ្លាកព័ត៌មាននៅតាមផ្លូវចូលទៅសមុទ្រគម្រោងចាក់ដីលុបឆ្នេរនេះគ្រប់គ្រងដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោក ជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាប្រធាន។ គម្រោងអភិវឌ្ឍន៍នេះមានឈ្មោះថា«អភិវឌ្ឍរមណីដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់»នៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ព័ត៌មានឲ្យដឹងទៀតថាការចាក់ដីលុបសមុទ្រនេះ នឹងមានការរៀបចំកន្លែងមើលទេសភាពវិថីចូលឆ្នេរសមុទ្របន្ទប់ទឹកសាធារណៈដែលមានហាងកាហ្វេពីមុខ ឆ្នេរសមុទ្រកម្សាន្តសាធារណៈកម្រិតខ្ពស់ សួនច្បារបៃតងសាធារណៈនិងដាំដើមឈើជាដើម។
លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) ថ្លែងថាលោកគាំទ្រការអភិវឌ្ឍដែលមានការជំរុញដំណើរការសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ ប៉ុន្តែលោកជំរុញឲ្យមានការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានឲ្យបានច្បាស់លាស់និងធានាមិនឲ្យមានផលប៉ះពាល់លើជីវភាពរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ការដឹកគ្រឿងចាក់ទៅហើយ បានផ្សព្វផ្សាយ ឬក៏ការទៅចាក់ហើយ នៅពេលដែលមានប្រតិកម្មពីប្រជាពលរដ្ឋ ហើយបានទៅផ្សព្វផ្សាយនោះគឺជាសកម្មភាពនោះគឺជាសកម្មភាពមិនតម្លាភាពទាល់តែសោះចំពោះមុខប្រជាពលរដ្ឋជាពិសេសសហគមន៍មូលដ្ឋាន។ យើងអត់ចង់ឃើញទេ ការអភិវឌ្ឍ ដែលទទួលបានប្រយោជន៍តែក្រុមធុរកិច្ច ឬក៏ក្រុមអ្នកមានអំណាច ប៉ុន្តែវាប៉ះពាល់ ទៅដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនៅទីនោះ»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អះអាងថាពួកគេបានត្រឹមឈរមើល និងរង់ចាំមើលថាតើការអភិវឌ្ឍនេះនឹងទៅជាយ៉ាងណាខណៈអាជ្ញាធរគ្រោងនឹងបញ្ចប់ការលុបឆ្នេរ និងការអភិវឌ្ឍឲ្យចប់សព្វគ្រប់ក្នុងឆ្នាំ២០២២៕