ជីវិត​នយោបាយ​របស់​លោក កឹម សុខា

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Reuters នៅខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

វ៉ាស៊ីនតោន - [កំណត់​និពន្ធ៖ តទៅ​នេះ​គឺជា​ដំណើរ​ជីវិត​របស់​លោក​ កឹម សុខា ដែល​លោក​បាន​រៀបរាប់​ដោយផ្ទាល់។ លោក កឹម សុខា គឺ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧។ ជីវិត​នយោបាយរបស់​លោក កឹម សុខា ​គឺជា​ជំពូក​មួយ​នៃ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា «‍ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖ អ្នក​ការពារ​សិទ្ធិមនុស្ស​បកស្រាយ» (Seeking Justice in Cambodia: Human Rights Defenders Speak Up) ដែលនិពន្ធដោយអ្នក​ស្រី​ Sue Coffey ដែល​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​នាពេល​ឆាប់ៗ​នេះ។ សៀវភៅ​នេះ​រៀបរាប់​អំពី​ដំណើរ​ជីវិត​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ឆ្នើម​នៅ​កម្ពុជា​ចំនួន​១៥នាក់។ ពី​អ្នក​ការពារ​សិទ្ធិមនុស្ស​ទៅ​ជា​អ្នក​នយោបាយ និង​ចុង​ក្រោយ​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ម្នាក់ លោក​ កឹម សុខា បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុងការ​កំណត់​វប្បធម៌​ និង​បរិបទ​នយោបាយ​នៅ​កម្ពុជា។ លោក កឹម សុខា បាន​សន្ទនា​ជាមួយ​អ្នកស្រី​ Coffey ​ប្រហែលជាមួយ​សប្តាហ៍​មុន​ពេល​លោក​ត្រូវបាន​ចាប់​ខ្លួន​កាលពី​យប់​រំលង​អាធ្រាត​ចូល​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ ពី​បទ​«‍ក្បត់ជាតិ» ដែល​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​និង​សង្គម​កម្ពុជា យល់​ថា ជា​រឿង​នយោបាយ។ លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​មួយ​ឆ្នាំ។ លោក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ព្រឹក​ថ្ងៃច័ន្ទ ទី១០ ខែ​កញ្ញា​នេះ។ សូមអានខ្លឹមសារ​នៃ​ជីវិត​នយោបាយ​របស់​លោក កឹម សុខា ដូចតទៅ។]

Read life story of Kem Sokha in English

ខ្ញុំ​កើត​នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ១៩៥៣ នៅ​ស្រុក ត្រាំកក់ ខេត្ត តាកែវ ភាគ​ខាង​ត្បូង​នៃ​រាជធានី ភ្នំពេញ។ គ្រួសារ​ខ្ញុំ​ជាកសិករ ប៉ុន្តែ ជីតា​ខ្ញុំ​ជា​មេឃុំ។ ពួកគាត់​មក​ពី​ភូមិ​ផ្សេង​គ្នា ប៉ុន្តែ​ជីតា​ខ្ញុំ​ក៏​ជា​មេឃុំ​មួយ​រូប​ផង​ដែរ។ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​ចូល​ដល់​ភ្នំពេញ ខ្ញុំ​មាន​អាយុ​ប្រហែល​២២ឆ្នាំ។ ខ្ញុំ​ត្រូវ​ត្រឡប់ទៅ​ស្រុក​កំណើត​របស់​ខ្ញុំ​វិញ​នៅ​ខេត្ត តាកែវ។ ប្រហែល​ពីរ​សប្តាហ៍​បន្ទាប់​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទីនោះ​ ខ្មែរ​ក្រហម​បាន​ចាប់​ឪពុក​ខ្ញុំយក​ទៅ និង​បាន​សម្លាប់​គាត់។ វា​ជា​រឿងគួរ​ឱ្យ​ខ្លាច​បំផុតសម្រាប់​គ្រួសារ​របស់​យើង។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ត្រូវ​សម្រប​ខ្លួន​ធ្វើការ​ជា​កសិករ​នៅ​ក្នុង​កង​យុវជន​មួយ​នៃ​របប​ខ្មែរ​ក្រហម។

នៅ​ក្នុង​កង​យុវជន យើង​ត្រូវ​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់ ត្រូវ​ខិតខំ​ធ្វើការ​ជាង​មនុស្ស​ចាស់ទៀត។ នៅពេល​នោះ​ យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​នោះ​ទេ។ ខ្ញុំ​ត្រូវ​បាន​តម្រូវ​ឲ្យ​នៅ​ជាមួយ​កង​យុវជន។ យើង​អស់​កម្លាំង​ខ្លាំង​ណាស់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត។ ទន្ទឹម​នឹង​នេះ ​យើង​ស្ថិត​នៅ​ក្រោមការ​គំរាមកំហែង​ដែល​ពួក​ខ្មែរ​ក្រហមអាច​សម្លាប់​យើង​បាន​គ្រប់​ពេល​វេលា។ វា​ជា​ពេលវេលា​ដ៏​លំបាក​និង​គួរ​ឱ្យ​ភ័យខ្លាច។

មុន​ពេល​វៀតណាម​មក​ដល់ ខ្ញុំ​មិន​អាច​រស់នៅ​ក្នុង​ខេត្ដ​របស់​ខ្ញុំ​បាន​ទេ ពីព្រោះ​ខ្មែរ​ក្រហម​បាន​ជម្លៀស​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​នៅ​ឆ្នាំ​១៩៧៨ ទៅ​នៅ​ខេត្ត កណ្តាល។ បន្ទាប់​មក​នៅ​ពេល​ដែល​វៀតណាមបានមក​ដល់កម្ពុជា យើង​បាន​ចេញ​ពី​ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ទៅ​រាជធានី ភ្នំពេញ។

ខ្ញុំ​បាន​ចាប់​ផ្តើម​រស់នៅ​រាជធានី ភ្នំពេញ ចាប់​តាំង​ពី​គ្រា​ដំបូង ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​របប​ខ្មែរ​ក្រហម ​អ្វីៗ​គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង។ ខ្ញុំ​មិន​ខ្វះ​ខាត​សម្ភារៈ​ដើម្បី​រស់នៅ ​ក្នុង​ជីវភាព​សាមញ្ញទេ។ អ្វីៗពិត​ជា​ល្អ​ប្រសើរ​ជាង​កាល​ពី​បួន​ឆ្នាំ​មុន​។ ប៉ុន្តែ​វា​មាន​ការ​លំបាក​ផ្សេង​ទៀត ពីព្រោះ​វៀតណាម​បានដឹង​ថា​ ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ចលនា​តស៊ូ​នៅ​ព្រំដែន​។

ពួកគេ​គឺ​ជា​យុទ្ធជន​ដើម្បី​សេរីភាព មាន​ឈ្មោះ​ថា ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) ដែល​ដឹកនាំ​ដោយ លោក សឺន សាន ហើយ​ខ្ញុំ​បាន​ទាក់ទង​ដោយ​សម្ងាត់​ជាមួយ​ពួកគេ​។ ហេតុអ្វី? ពីព្រោះ​ក្នុង​នាម​ជា​យុវជន ​យើង​មិន​ចង់​ឲ្យ​មាន​ការ​ឈ្លានពាន​ពី​បរទេស​ឡើយ។ ដូច្នេះ ​ខ្ញុំ​ចង់​តស៊ូ​ដើម្បី​សេរីភាព។ វា​មិនមែន​សម្រាប់​តែ​ខ្ញុំ​ទេ តែ​សម្រាប់​ប្រទេស​របស់​យើង។ ប្រទេស​របស់​យើង​បាន​ឆ្លង​កាត់​រឿងរ៉ាវ​ច្រើន​ណាស់ ហើយ​យើង​ចង់​បាន​សេរីភាព​សម្រាប់​ថ្ងៃ​អនាគត។ ដូច្ នេះ​ខ្ញុំ​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​នេះ​ ហើយ​យើង​បាន​ធ្វើ​កិច្ចប្រជុំ​សម្ងាត់​នៅ​កន្លែង​ផ្សេងៗ​ក្នុង​រាជធានី ​ភ្នំពេញ។ ប៉ុន្តែ​វៀតណាម​បាន​ដឹង​អំពី​រឿង​នេះ ហើយ​ពួកគេមិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។

‍នៅ​ខេត្ត​ ព្រះសីហនុ ខ្ញុំ​ត្រូវ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រាបៀរ ដែល​ជា​កន្លែង​គ្មាន​ការងារ​ធ្វើ​ឲ្យ​ពិត​ប្រាកដ​ទេ។ ពួកគេ​មាន​បំណង​ច្បាស់​មួយ ​គឺ​បញ្ជូន​ខ្ញុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ប្រជាជន​និង​សាធារណជន។ ដូច្នេះ​ខ្ញុំ​បាន​ប្តេជ្ញា​ថា ​ខ្ញុំ​ត្រូវ​ធ្វើអ្វី​មួយ​ព្រោះ​តួនាទី​ខ្ញុំ​នៅ​ក្នុង​រោងចក្រ​មិន​សូវ​មាន​ប្រយោជន៍​ទេ។

ពួកគេ​បាន​តាមដាន​យើង ហើយ​ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន។ បន្ទាប់​មក​ពួកគេ​បាន​ដក​ហូត​តួនាទី​របស់​ខ្ញុំ​ជា​មន្រ្តី​ធ្វើការ​នៅ​ក្នុង​សង្កាត់​មួយ​នៅ​រាជធានី ភ្នំពេញ។ នៅ​ឆ្នាំ១៩៧៩ នៅ​ពេល​វៀតណាម​ចូល​មក​ដល់ ខ្ញុំ​ត្រូវ​បាន​ចាត់តាំង​ជា​ចៅ​សង្កាត់​រង​នៅ ភ្នំពេញ។ ដំបូង​ខ្ញុំ​បាន​បម្រើ​ការងារ​នៅ​សាលា​ក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក ​ខ្ញុំ​បាន​ធ្វើការ​នៅ​សង្កាត់​មួយ​ក្នុង​ខណ្ឌ​ទួលគោក។ ប៉ុន្តែ​បន្ទាប់​ពី​ពួកគេ​បាន​ដឹង​អំពី​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ពួក​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព ខ្ញុំ​ត្រូវ​បាន​គេ​កោះ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ។ លោក​ស្នងការ​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទាំង​នេះ ហើយ​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ខ្លះ។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា​ ខ្ញុំ​គ្រាន់​តែចង់​ស្វែង​រក​មធ្យោបាយ​ដើម្បី​ចង់​ដឹង​នរណា​ល្អ នរណា​មិន​ល្អ ​នរណា​នឹង​បម្រើប្រទេស​របស់​យើង។ ហើយ​ស្នងការ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ផ្លាស់ប្តូរ​ចិត្ត​និង​សកម្មភាព​របស់​ខ្ញុំ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​មាន​បញ្ហា​។

ប៉ុន្តែ​ ខ្ញុំ​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​នេះ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ដឹង​ពី​រឿង​នេះ ពួកគេ​បាន​ដក​ខ្ញុំ​ចេញ​ពី​មុខតំណែង ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​តាមដាន​ជាប់​ជានិច្ច។ នៅ​ឆ្នាំ ១៩៨១ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​នៅ​បាន​ទៀត​ទេ ព្រោះ​វា​មាន​គ្រោះថ្នាក់​ណាស់។ ខ្ញុំ​ចង់​ទៅ​ឆ្ងាយ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ដំណើរ​ដ៏​គ្រោះ​ថ្នាក់​ឆ្លងកាត់​ព្រំដែន​ឡើយ។ នៅ​គ្រា​នោះ រដ្ឋាភិបាល​កំពុង​ជ្រើសរើស​និស្សិត​ល្អៗ​ឱ្យ​ទៅ​ប្រទេស​សង្គម​និយម ដើម្បី​សិក្សា​បន្ត។ ​ដូច្នេះ ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្រឡង។ ខ្ញុំ​បាន​ប្រឡង​ជាប់ បន្ទាប់​មក​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ឆេកូស្លូវ៉ាគី (Czechoslovakia) ​ដែល​ជា​ប្រទេស​កាន់​របប​សង្គម​និយម។

ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ​អំពី​មុខ​វិជ្ជា​ដែល​ខ្ញុំ​គួរ​រៀន ហើយ​មិត្ត​របស់ខ្ញុំ​បាន​ផ្តល់​យោបល់​ខ្ញុំ​ឱ្យ​រៀន​យកសញ្ញាបត្រ​បច្ចេកទេស។ មុន​ពេល​ខ្មែរក្រហម​បាន​កាន់កាប់​អំណាច​ ខ្ញុំ​ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​ពីរ ​ផ្នែក​នីតិសាស្រ្ត​នៅ​មហាវិទ្យាល័យនីតិសាស្រ្ត​ ក្នុង​រាជធានី ​ភ្នំពេញ។ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​បញ្ចប់​ការ​សិក្សា​នេះ​ទេ។ ដំបូន្មាន​ដែល​ខ្ញុំ​ទទួល​បាន ​គឺ​ថា​របបកុម្មុយនីស្ត​មិន​ត្រូវ​ការ​មេធាវី​ឡើយ ប៉ុន្តែ​ពួកគេ​ត្រូវការ​អ្នក​បច្ចេកទេស។ ប្រសិន​ជា​ខ្ញុំ​រៀន​ផ្នែក​ច្បាប់​ឬ​នយោបាយ ខ្ញុំ​នឹង​ពិបាក​រក​ការងារ​ធ្វើ​មិន​ខាន​ឡើយ។ ដូច្នេះ​ ខ្ញុំ​បាន​សម្រេចចិត្ត​រៀន​ផ្នែក​គីមីសាស្ត្រ។ ខ្ញុំ​បាន​សិក្សា​ផ្នែក​គីមីសាស្ត្រ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​នៅ​ទីក្រុង ប្រាហ្គ (Prague) ហើយ​បន្ទាប់​មក​ ខ្ញុំ​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ ១៩៨៦។

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណៈកម្មការសិទ្ធិមនុស្សប្រចាំរដ្ឋសភា និយាយទៅកាន់អ្នកសារព័ត៌មាន នៅពេលដែលលោកបានចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៨។

​ប៉ុន្តែ​ ក្រោយ​ពី​ខ្ញុំ​បាន​ត្រឡប់​មក​មាតុប្រទេស​វិញ ពួកគេ​នៅ​តែ​បន្ត​តាមដាន​ខ្ញុំ។ ​ខ្ញុំ​បាន​ធ្វើការ​នៅ​ក្រសួង​ឧស្សាហកម្ម ហើយ​រដ្ឋមន្រ្តី​មាន​ទំនាក់​ទំនង​ល្អ​ធម្មតា​ជាមួយ​ខ្ញុំ ប៉ុន្តែ​អនុរដ្ឋមន្រ្តី​មិន​ធ្វើ​ល្អ​ចំពោះ​ខ្ញុំទេ។ អនុរដ្ឋមន្រ្តី​នោះ គឺ​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​នៅ​ក្នុង​ក្រសួង គឺ​លោក ​សុខ ឥសាន ដែល​បច្ចុប្បន្ន​នេះ​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គាត់​បាន​បញ្ជា​ឱ្យ​គេ​តាមដាន​ខ្ញុំ ​ហើយ​ពួកគេ​មិន​បាន​ផ្តល់​មុខ​តំណែង​ល្អដល់​ខ្ញុំ​ឡើយ ទោះ​បី​ជា​ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ក៏​ដោយ។ ខ្ញុំ​មាន​សញ្ញាបត្រ​វិស្វកម្ម​គីមីសាស្ត្រ ប៉ុន្តែ​ពួកគេ​មិន​ផ្តល់​មុខ​តំណែង​ជាន់ខ្ពស់​ឲ្យ​ខ្ញុំ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពួកគេ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ឆ្ងាយ​ពី​ក្រសួង​នៅ​រាជធានី ភ្នំពេញ។

នៅ​ខេត្ត​ ព្រះសីហនុ ខ្ញុំ​ត្រូវ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រាបៀរ ដែល​ជា​កន្លែង​គ្មាន​ការងារ​ធ្វើ​ឲ្យ​ពិត​ប្រាកដ​ទេ។ ពួកគេ​មាន​បំណង​ច្បាស់​មួយ ​គឺ​បញ្ជូន​ខ្ញុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ប្រជាជន​និង​សាធារណជន។ ដូច្នេះ ​ខ្ញុំ​បាន​ប្តេជ្ញា​ថា ​ខ្ញុំ​ត្រូវ​ធ្វើអ្វី​មួយ​ព្រោះ​តួនាទី​ខ្ញុំ​នៅ​ក្នុង​រោងចក្រ​មិន​សូវ​មាន​ប្រយោជន៍​ទេ។ ដូច្នេះ ​ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន​សិស្ស។ នៅ​ពេល​នោះ ខេត្ត​ព្រះសីហនុ​មាន​តែ​សាលា​បឋមសិក្សា​មួយ​ប៉ុណ្ណោះ​ គ្មាន​វិទ្យាល័យ​ឡើយ។ ដូច្នេះ ​យុវជន​មិន​អាច​ឈោង​ចាប់​ការ​សិក្សា​នៅ​កម្រិត​ខ្ពស់​ជាង​នេះ​ ដើម្បី​ទទួល​បាន​សញ្ញាបត្រ​បាក់ឌុប​បាន​ឡើយ ​ពីព្រោះ​ពុំ​មាន​គ្រូ​បង្រៀន។

ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្រៀន​មុខ​វិជ្ជា​រូបវិទ្យា គីមីវិទ្យា និង​គណិតវិទ្យា។ បន្ទាប់​មក​ពួកគេ​បាន​បើក​សាលារៀន​សម្រាប់​ឱ្យ​សិស្ស​សិក្សា​ថ្នាក់​វិទ្យាល័យ ដូច្នេះ​ខ្ញុំ​ចាប់ផ្តើម​បង្រៀន​សិស្ស​លើ​មុខវិជ្ជា​ទាំងអស់​នេះ។ អភិបាលខេត្ត​បាន​ដឹង​ថា ​ខ្ញុំ​ស្ម័គ្រចិត្ត​ផ្តល់​សេវា​បង្រៀន ​ដូច្នេះ​ហើយ​ពួកគេ​បាន​ផ្តល់​ដី​ខ្លះ​ឱ្យ​មក​ខ្ញុំ ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ខ្ញុំ​បាន​ដាំ​ម្រេច​ និង​ចាប់​ផ្ដើម​ធ្វើការ​ជាមួយ​កសិករ​ក្នុង​ស្រុក ព្រម​ទាំងបង្រៀន​សិស្ស។ ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​ខ្លាំងលើ​វិស័យ​ទាំង​ពីរ។

ខ្ញុំ​គិត​ថា​បញ្ហា​សិទ្ធិមនុស្ស​គឺ​ជា​បញ្ហា​ធំ​ជាង​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា។ ប្រសិន​ជា​យើង​ចង់​អភិវឌ្ឍ​ប្រទេស អ្វី​ដែល​យើង​ត្រូវការ​ដំបូង​និង​ចម្បង​បំផុត​គឺ​គួរ​តែ​ជា​ការ​គោរព​សិទិ្ធមនុស្ស។

នៅ​ឆ្នាំ ១៩៨៩ ខ្ញុំ​បាន​ដឹង​ពី​ការ​ចរចា​សន្តិភាព​កំពុង​ដំណើរការ ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស។ ខ្ញុំ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ហើយ​បាន​ស្នើ​សុំ​ត្រឡប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ ​ព្រោះ​ខ្ញុំ​បាន​ឮ​អំពី​ការ​ចរចា។ ​ខ្ញុំ​រំភើប​ចំពោះ​លទ្ធភាព​នៅ​ពេល​ខាង​មុខ។ ដូច្នេះ ​ខ្ញុំ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ស្រា​នៅ​ភ្នំពេញ។ ការងារ​របស់​ខ្ញុំ​នា​គ្រា​នោះ គឺ​ខ្ញុំ​បាន​បង្កើត​ស្រា​មួយ​ប្រភេទ​ឈ្មោះ​ថា​«ស្រា​មេគង្គ‍»។ វា​ជា​រូបមន្ត​ដែល​ខ្ញុំ​បាន​បង្កើត។

បន្ទាប់​ពី​ខ្ញុំ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ ១៩៨៩ មនុស្ស​មួយ​ចំនួន​មក​ពី​ចលនា​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ ក្រោម​ការ​ដឹកនាំ​របស់ លោក សឺន សាន បាន​មក​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​នៅ​អំឡុង​ឆ្នាំ ១៩៩០។ បន្ទាប់​មក កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា ហើយ​មន្រ្តី​អង្គការ​សហប្រជាជាតិ​បាន​ចាប់ផ្ដើម​បញ្ជូន​មក​កម្ពុជា។ ខ្ញុំ​មិនទាន់​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ឡើយ​ទេ​ពេល​នោះ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩១ ខ្ញុំ​បាន​បង្កើត​អង្គការ​សិទិ្ធ​មនុស្ស​មួយ​ឈ្មោះ​ថា​ អង្គការ​ការពារ​សិទិ្ធ​មនុស្ស​កម្ពុជា (Human Rights Vigilance of Cambodia)។ ខ្ញុំ​បាន​សម្រេច​បង្កើត​អង្គការ​នេះ ​ដោយសារ​តែ​ខ្ញុំ​ជឿ​ថា​ បញ្ហា​ធំ​ជាងគេ​សម្រាប់​ប្រទេស​ គឺ​បញ្ហា​សិទ្ធិ​មនុស្ស។ ការរំលោភ​បំពាន​សិទិ្ធ​មនុស្ស​មាន​នៅ​គ្រប់​ទី​កន្លែង​ ហើយ​ខ្ញុំ​គិត​ថា ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចាប់ផ្តើម​ដោះ​ស្រាយ​បញ្ហា​នេះ។ ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ពិត​ជា​យក​ចិត្ត​ទុកដាក់​ចំពោះ​សិទ្ធិ​មនុស្ស។

ឆ្លង​តាម​ប្រវត្តិសាស្ត្រ​កម្ពុជា ខ្ញុំ​ដឹង​បាន​ថា ​ក្រោម​របប​ខ្មែរ​ក្រហម​និង​វៀតណាម ប្រជាជន​រងទុក្ខ​លំបាក​វេទនា​យ៉ាង​ខ្លាំង។ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់ ចាប់ខ្លួន និង​សម្លាប់​ប្រជាជន ដូច្នេះ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ខ្លាំង​មក​លើ​ជន​ទាំងឡាយ​ណា​ដែល​រិះគន់​រដ្ឋាភិបាល។

ខ្ញុំ​គិត​ថា​ បញ្ហា​សិទ្ធិមនុស្ស​គឺ​ជា​បញ្ហា​ធំ​ជាង​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា។ ប្រសិន​ជា​យើង​ចង់​អភិវឌ្ឍ​ប្រទេស អ្វី​ដែល​យើង​ត្រូវការ​ដំបូង​និង​ចម្បង​បំផុត ​គឺ​គួរ​តែ​ជា​ការ​គោរព​សិទិ្ធមនុស្ស។ សិទ្ធិមនុស្ស​បាន​ធ្លាក់ក្នុង​ស្ថានភាព​ដ៏​អាក្រក់បំផុត​នៅ​ក្រោម​របប ប៉ុល ពត ហើយ​ក៏​មាន​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ក្រោម​រដ្ឋាភិបាល​មុនៗ​ដែរ។ ខ្ញុំ​មិន​ចង់​ឱ្យ​ស្ថានការណ៍​នេះ​កើត​ឡើង​ម្តង​ទៀត​នៅ​ប្រទេស​កម្ពុជា​ឡើយ។ ប្រជាជន​មិន​មាន​អំណាច​អ្វី​ទេ។

ដូច្នេះ​ នៅ​ពេល​ខ្ញុំ​បង្កើត​អង្គការ​សិទិ្ធ​មនុស្ស​នេះ ខ្ញុំ​ចង់​រៀន​សូត្រ​អំពី​ប្រធានបទ​នេះ​ហើយ​បេសកកម្ម​ឈាន​មុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNAMIC) បាន​បញ្ជូន​ខ្ញុំ​ទៅ​សិក្សា​នៅ​ទីក្រុង ហ្សឺណែវ។ នៅ​ពេល​នោះ បេសកកម្ម​ឈាន​មុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (UNAMIC) បាន​មក​ដល់​ ដើម្បី​រៀបចំ​បេសកកម្ម​ពេញលេញ​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (អ៊ុនតាក់)។ លោក ដេនីស ​ម៉ាកណាម៉ារ៉ា (Denis McNamara) គឺ​ជា​ប្រធាន​អង្គភាព​សិទ្ធិ​មនុស្ស​នៃ​បេសកកម្ម​ឈាន​មុខ​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​។ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​លោក​និង​ជាមួយ លោក បាស៊ីល ​ហ្វឺណាន់ដូ (Basil Fernando)​ ផង​ដែរ ដែល​លោក​គឺ​ជា​អនុប្រធាន​អង្គភាព​នេះ ​ហើយ​បច្ចុប្បន្ន​នេះ​លោក​គឺ​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ាន​នៅ​ទីក្រុង ​ហុងកុង។ តាមរយៈការ​ធ្វើការ​ជាមួយ​មន្រ្តី​ទាំងពីរ​នាក់ ខ្ញុំ​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​អំពី​អត្ថន័យ​នៃ​សិទ្ធិ​មនុស្ស​។

នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទីក្រុង ហ្សឺណែវ មាន​សន្និសីទ​ធំ​មួយ។ ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​អ្នកតំណាងប្រទេស​ជា​ច្រើន ដូច​ជា​ប្រទេស​ជប៉ុន​និង​ប្រទេស​ដទៃទៀត ដោយ​ស្នើ​សុំ​ឱ្យ​បញ្ជូន​តំណាង​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិ​មនុស្ស។ ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន ហើយ​ខ្ញុំ​បាន​លើក​ឡើង​ពី​បញ្ហា​និង​សារៈសំខាន់​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា។ នៅ​ទី​បំផុត​ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​បញ្ជូន​តំណាង​ពិសេស​មួយ​រូប​មក​កម្ពុជា ​ហើយ​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​ដូច​គ្នា​ដែរ។ បន្ទាប់​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​លើក​ទី​មួយ​ទៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៩២។ ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន​មក​ពី​អង្គការដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​មនុស្ស ដូចជា​អង្គការ​ Amnesty International អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ជាដើម។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ខ្ញុំ​មាន​ការ​គាំទ្រ​ជាច្រើន​ពី​អ្នក​ដែល​ធ្វើ​ការងារ​លើ​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​ ខ្ញុំ​បាន​ចាប់ផ្ដើម​គិត​ថា ប្រសិន​បើ​ខ្ញុំ​នៅ​ធ្វើការ​នៅ​ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ស្ថានការណ៍​របស់​កម្ពុជា​បែប​នេះ ខ្ញុំ​នឹង​មិន​មាន​អំណាច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឡើយ។ ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​មួយ។ គោលបំណង​របស់​ខ្ញុំ​ គឺ​ត្រូវ​តែ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ហើយ​ខ្ញុំ​ក៏​មាន​ឱកាស​ចូលរួម​ជាមួយ​គណបក្ស​របស់​លោក​តា សឺន សាន នៅ​ឆ្នាំ ១៩៩២។

រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​កាន់​អត្តសញ្ញាណបណ្ណ ដើម្បី​ចូល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨។ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ចូលរួម​បោះឆ្នោត​ជាតិ​អាណត្តិ​ទី២ បន្ទាប់​ពី​យុទ្ធនាការ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំង និង​ក្រុម​សិទ្ធិមនុស្ស​បាន​ចាត់ទុក​ថា ត្រូវបាន​ធ្វើ​ឡើង​ដោយ​មិន​ស្មើភាព។

នៅ​មហា​សន្និបាត​បក្ស​លើក​ដំបូង និង​ដោយសារ​តែ​ខ្ញុំ​ធ្លាប់​គាំទ្រ​គណបក្ស​នេះ​ពី​មុន គណបក្ស​នេះ​បាន​បោះឆ្នោត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អនុវត្តន៍​របស់​គណបក្ស​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ។

ដូច្នេះ​ ខ្ញុំ​បាន​ចូលរួម​ក្នុង​គណបក្ស ហើយ​នៅ​ពេល​ការ​បោះឆ្នោត​សភាធម្មនុញ្ញ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ ១៩៩៣ ខ្ញុំ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​មណ្ឌល​ខេត្ត តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​។ ខ្ញុំ​បាន​ជាប់ឆ្នោត​និង​បាន​ក្លាយ​ជា​សមាជិក​សភា​ធម្មនុញ្ញ ពីព្រោះ​ពេល​នោះ ​យើង​មិន​ទាន់​មាន​រដ្ឋសភា​ជាតិ​នៅ​ឡើយ​ទេ។​ យើង​បាន​ជួយ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា ហើយ​ជំពូក​ទី​៣ ពី​មាត្រា​ទី៣១ដល់​មាត្រា​ទី៥០ គឺ​ចែង​អំពី​សិទ្ធិ​មនុស្ស។ ខ្លឹមសារ​ភាគ​ច្រើន​នៃ​ជំពូក​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​គំនិត​របស់​ខ្ញុំ។

រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​ព្រាង​ឡើង​ក្នុង​ឆ្នាំ ១៩៩៣ បន្ទាប់​ពី​ការ​បោះឆ្នោត ហើយ​ក្នុង​នាម​ជាសមាជិក​មួយ​រូប​នៃ​គណៈកម្មការ​ព្រាង​រដ្ឋធម្មនុញ្ញ ខ្ញុំ​បាន​ពិភាក្សា​បញ្ហា​ជាច្រើន​ជាមួយ លោក ម៉ាកណាម៉ារ៉ា (McNamara) និង លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando)។ ពួកគាត់​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​គំនិត​ជាច្រើន​ ហើយ​ខ្ញុំ​បាន លើក​បញ្ហា​ទាំង​នេះ​ និង​បញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​គណៈកម្មការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ។ ជារឿយៗ នៅ​ក្នុង​កិច្ចពិភាក្សា​លើ​សេចក្តីព្រាង ​សមាជិក​ផ្សេង​ទៀត​ពិត​ជា​មិន​ដឹង​ច្រើន​អំពី​បញ្ហា​ទាំង​នោះ​ឡើយ ប៉ុន្តែ​ពួកគាត់​បាន​ទទួល​យក​គំនិត​ដែល​ខ្ញុំ​បាន​លើក​ឡើង លើកលែង​តែ​នៅ​ក្នុង​វិស័យ​សំខាន់ៗ។ ខ្ញុំ​ចង់​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឈ្មោះ​ថា​ «គណៈកម្មាធិការ​ជាតិ​ឯករាជ្យ​ស្តី​ពី​សិទ្ធិ​មនុស្ស‍»។

ខ្ញុំ​បាន​លើក​ឡើង​នូវ​គំនិត​នេះ ប៉ុន្តែ​ពួកគេ​មិន​បាន​យល់​ស្រប​ជាមួយ​ខ្ញុំ​ឡើយ​ ហើយ​គំនិត​នេះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​បោះឆ្នោត។ ក្នុង​ចំណោម​មនុស្ស​១២០នាក់ មាន​តែ​មនុស្ស​ប្រហែល​ជា​២០នាក់​ប៉ុណ្ណោះ​បាន​គាំទ្រ​ខ្ញុំ។ ពួកគេ​មិន​យល់​ថា​ ហេតុអ្វី​បាន​ជា​រឿង​នេះ​សំខាន់​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​បន្ត​លើក​ឡើង​ពី​គំនិត​នេះ​ ដោយ​មាន​ការ​ពិភាក្សា​លើ​គ្រប់​មាត្រា។ នៅ​ទី​បំផុត រដ្ឋសភា​មិន​អាច​ធ្វើការ​បាន​ដោយ​រលូន​ឡើយ​ ពីព្រោះ​ខ្ញុំ​នៅ​តែ​បន្ត​លើក​ឡើង​នូវ​ការ​ទាមទារ​នេះ ដូច្នេះ​អ្នក​នយោបាយ​បាន​ធ្វើការ​រួម​គ្នា​ដើម្បី​រក​វិធី​មួយ​ឆ្ពោះ​ទៅ​មុខ។

ពួកគេ​បាន​ហៅ «គណៈកម្មការទី១‍» ថា ជា​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​ ហើយ​ពួក​គេ​បាន​យល់​ព្រម​បោះឆ្នោត​ឱ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធាន​ ពីព្រោះ​ពួកគេ​បាន​ដឹង​ថា ​ខ្ញុំ​នឹង​ពុះពារ​យ៉ាង​ខ្លាំងក្លា​ការពារ​ប្រជាពលរដ្ឋ​ដែល​មិន​យល់​អំពី​សិទ្ធិ​មនុស្ស​ឬ​ស្ថាប័ន​នេះ។

មេដឹកនាំ​នៃ​គណបក្ស​ទាំង​បី គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​រណសិរ្ស​សាមគ្គី​ជាតិ​ដើម្បី​ឯករាជ្យ អព្យាក្រឹត សន្តិភាព​និង​សហប្រតិបត្តិការ​កម្ពុជា (ហ៊្វុនស៊ិនប៉ិច) និង​គណបក្ស​របស់​លោក​តា សឺន សាន ដែល​មាន​ឈ្មោះ​ថា «គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា‍» (BLDP) បាន​ពិភាក្សា​អំពី​បញ្ហា​នេះ ហើយ​បាន​ចរចា​អំពី​វិធី​ឆ្ពោះ​ទៅ​មុខ ខណៈ​ដែល​ខ្ញុំ​បន្ត​លើក​ពី​បញ្ហា​នេះ​ជា​ប្រចាំ។

នៅ​ទី​បំផុត ពួកគេ​បាន​យល់​ព្រម​បញ្ចូល «គណៈកម្មាធិការ​សិទិ្ធ​មនុស្ស‍» ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​វា​មិនមែន​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ទេ។ ពួកគេ​បាន​ហៅ «គណៈកម្មការទី១‍» ថា ជា​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស នៅ​ក្នុង​រដ្ឋ​សភា​ជាតិ​ ហើយ​ពួក​គេ​បាន​យល់​ព្រម​បោះឆ្នោត​ឱ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធាន​ ពីព្រោះ​ពួកគេ​បាន​ដឹង​ថា ​ខ្ញុំ​នឹង​ពុះពារ​យ៉ាង​ខ្លាំងក្លា​ការពារ​ប្រជាពលរដ្ឋ​ ដែល​មិន​យល់​អំពី​សិទ្ធិ​មនុស្ស​ឬ​ស្ថាប័ន​នេះ។ មនុស្ស​ជា​ច្រើន​ដែល​មក​ពី​គណបក្ស​របស់​ខ្ញុំ​ផ្ទាល់ និង​អ្នក​ដទៃទៀត​ ក៏​មិន​យល់​អំពី​ផលប្រយោជន៍​របស់​គណៈកម្មាធិការ​នេះ​ដែរ។ ខ្ញុំ​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មាធិការ​នេះ​រយៈពេល​ប្រាំ​ឆ្នាំ ហើយ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​សកម្ម។

ខ្ញុំ​ត្រូវការ​ទីប្រឹក្សា​ម្នាក់ ​ហើយ​នៅ​ពេល​នោះ​មូលនិធិ​អាស៊ី (TAF) និង​ទីភ្នាក់ងារសហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​គាំទ្រ​គណៈកម្មាធិការ​របស់​ខ្ញុំ។ ពួកគេ​បាន​ផ្តល់​មូលនិធិ​ ហើយ​ក៏​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ទីប្រឹក្សា​សិទិ្ធ​មនុស្ស​មួយ​រូប​ផង​ដែរ​គឺ​លោក ប្រេដ អាដាម ​(Brad Adams) ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)។ លោក​បាន​ធ្វើការ​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​បាន​រៀនសូត្រ​យ៉ាងច្រើន​ពី​លោក។ កាល​នោះ​ ខ្ញុំ​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ទេ​ ប៉ុន្តែ​មូលនិធិ​អាស៊ី​បាន​ផ្តល់​ការ​បណ្តុះបណ្តាល និង​អ្នក​បកប្រែ​ភាសា​ម្នាក់​ឲ្យ​ខ្ញុំ។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ទីប្រឹក្សា​ផ្នែក​ច្បាប់​មួយ​រូប​ផង​ដែរ។

នៅ​ក្នុង​តួនាទី​នេះ​ដំបូង ខ្ញុំ​បាន​រៀបចំ​វេទិកា​សាធារណៈ​នានា ព្រោះ​ខ្ញុំ​យល់​ថា​វា​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​បង្រៀន​សាធារណជន និង​សិក្សា​រៀន​សូត្រ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។ នេះ​ជា​វេទិកា​ដំបូង​គេ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ជាច្រើន និង​បាន​រៀបចំ​វេទិកា​នៅ​ទីនោះ​ ហើយ​បាន​លើក​ទឹកចិត្ត​ប្រជាជន​ឱ្យ​លើក​ឡើង​អំពី​បញ្ហា​របស់​ពួកគេ។ បញ្ហា​ទី​មួយ​គឺ​ជម្លោះ​ដីធ្លី ការ​បណ្តេញ​ចេញ​ពី​ដីធ្លី និង​ការ​ដណ្តើម​យក​ដីធ្លី។ កាល​គ្រា​នោះ ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាច្រើន ហើយ​ខ្ញុំ​បាន​ស្នើ​សុំ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា និង​ហ៊្វុនស៊ិនប៉ិច​ឱ្យ​ជួយ​គាំទ្រ។

ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​លោក​រដ្ឋមន្រ្តី ស ខេង និង​អភិបាល​ខេត្ត​ជាច្រើន​នាក់ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ខ្ញុំ​បាន​ចុះ​ទៅ​ខេត្ត កំពង់ចាម ដើម្បី​រៀបចំ​វេទិកា​សាធារណៈ ​ពីព្រោះ​មានពាក្យ​បណ្តឹង​ជាច្រើន​នៅ​ទីនោះ ដែល​ថា​អាជ្ញាធរ​បាន​យក​ដី​ពី​ប្រជាពលរដ្ឋ។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​បង​ប្រុស​របស់លោក ហ៊ុន សែន​ គឺ​លោក ហ៊ុន ណេង ហើយ​គាត់​និង​លោក ស ខេង បាន​ជួយ​ខ្ញុំ​រៀបចំ​វេទិកា​សាធារណៈ។ ដំណោះស្រាយ​គឺ​ត្រូវ​ប្រគល់​ដី​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​វិញ​ ហើយ​បន្ទាប់​មក​ទៀត ​ខ្ញុំ​បាន​ចុះ​ទៅ​ខេត្ត ព្រៃវែង និង​បាន​បន្ត​ធ្វើ​កិច្ចការ​ដូចគ្នា។ ពេល​ខ្លះ​មាន​ការ​ប្រឈម​មុខ​ជាមួយ​យោធា​ដែល​បាន​យក​ដី​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ខ្ញុំ​បាន​ទៅ​បន្ទាយ​យោធា។​ ខ្ញុំ​ចង់​ពិភាក្សា​ជាមួយ​មន្រ្តី​យោធា​អំពី​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ដំណោះស្រាយ​មិន​ងាយស្រួល​ឡើយ។

ដំបូង​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទាយ​យោធា​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ពន្យល់​ថា ខ្ញុំ​គ្រាន់​តែ​ចង់​ដោះស្រាយ​បញ្ហា​ ដូច្នេះ​យើង​បាន​ចរចា​គ្នា។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​អភិបាល​ខេត្ត និង​រដ្ឋមន្ត្រី​។ នៅ​ទីបំផុត​ប្រជាពលរដ្ឋ​ទទួល​បាន​ជ័យជម្នះ។ នៅ​ពេល​នោះ​ដែរ យើង​បាន​រក​ឃើញ​កន្លែង​ឃុំឃាំង​អ្នកទោស​ខុស​ច្បាប់​នៅ​ខេត្ត​ បាត់ដំបង ​ដែល​យើង​បាន​ស្គាល់​ទីតាំង​នោះ​ជា «កន្លែង​ឃុំ​ឃាំង​ឈើ​ខ្មៅ»។ អតីត​រដ្ឋាភិបាល​វៀតណាម​បាន​បង្កើត​ពន្ធនាគារ​សម្ងាត់​ ដើម្បី​ឃុំឃាំង​មនុស្ស​នៅ​ព្រំដែន​ដែល​លួច​ចូល​ក្នុង​ប្រទេស និង​បាន​ធ្វើ​ទារុណកម្ម​ពួកគេ។ មនុស្ស​ទាំងនោះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​រថក្រោះ​ដែល​ក្តៅ​ខ្លាំង ហើយ​ពួកគេជាច្រើននាក់​បាន​ស្លាប់។

នៅ​ពេល​ខ្ញុំ​បាន​ចុះ​ទៅ​ខេត្ត បាត់ដំបង នៅ​ក្នុង​តំបន់​មួយ​ដែល​គេ​ហៅ​ថា «អាងកំពីងពួយ» ខ្ញុំ​បាន​ជួប​ទាហាន​មួយ​ចំនួន ហើយ​នៅ​ពេល​ខ្ញុំ​សួរ​កន្លែង​ដែល​ពួកគេ​ធ្វើការ ពួកគេ​បាន​ប្រាប់​ខ្ញុំ​អំពីពន្ធនាគារ​សម្ងាត់។ ខ្ញុំ​បាន​សួរ​ពួកគេ​អំពី​រឿងរ៉ាវ​នៅ​ទីនោះ ហើយ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ទាំងអស់​អំពី​អ្នក​ទោស​ក្នុង​ពន្ធនាគារ​សម្ងាត់ និង​អំពី​ការ​ធ្វើ​ទារុណកម្ម ​ដែល​មាន​មនុស្ស​១៦នាក់​នៅ​ទីនោះ ហើយ​មនុស្ស​ជាច្រើន​បាន​ស្លាប់។

នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ភ្នំពេញ​វិញ ខ្ញុំ​បាន​ពិភាក្សា​បញ្ហា​ពន្ធនាគារ​នេះ​ជាមួយ​ទីប្រឹក្សា​អង្គការ​សហប្រជាជាតិ​របស់​ខ្ញុំ​ និង​រិះរក​វិធី​បញ្ឈប់​ពន្ធនាគារ​នោះ។ បញ្ហា​នេះ​កើត​ឡើង​នៅ​ឆ្នាំ១៩៩៤ ហើយ​ខ្ញុំ​គិត​ថា តើ​ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា? ប្រសិន​បើ​ខ្ញុំ​ជជែក​ជាមួយ​រដ្ឋាភិបាល ខ្ញុំ​មិន​គិត​ថា ​រដ្ឋាភិបាល​អាច​នឹង​ចង់​ដឹង​អំពី​រឿង​នេះ​ទេ។

រូបឯកសារ៖ មេដឹកនាំ​នយោបាយ​កម្ពុជា (ពី​ឆ្វេង​ទៅ​ស្តាំ) ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ មេដឹកនាំ​គណបក្ស​ប្រឆាំង លោក ជា ស៊ីម ប្រធាន​បក្ស​កាន់​អំណាច គណបក្ស​ប្រជាជន​កម្ពុជា ព្រះបាទ​ នរោត្តម សីហនុ លោក ហ៊ុន សែន មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​មួយ​ទៀត ថត​រូប​រួម​គ្នា បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៨។

ដូច្នេះ ​ខ្ញុំ​បាន​សរសេរ​លិខិត​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ដើម្បី​ទូល​ថ្វាយ​ព្រះ​អង្គ​អំពី​បញ្ហា​នេះ ហើយ​ព្រះអង្គ​បាន​បញ្ជូន​លិខិត​របស់​ខ្ញុំ​ទៅ​នាយករដ្ឋមន្រ្តី។ ដូច្នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ បាន​ជ្រាប​ថា ​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ។​ បន្ទាប់​មក ​សហការី​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​ដំបូន្មាន​ថា ឥឡូវ​នេះ​លោក ​ហ៊ុន សែន ​ដឹង​ថា​ខ្ញុំ​បាន​ដឹង​ពី​ស្ថានការណ៍នេះ ​ដូច្នេះ​វា​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​បន្ត​រស់នៅ​ក្នុង​ប្រទេស។ សហការី​ខ្ញុំ​បាន​និយាយ​ថា ពួកគេ​មាន​គម្រោង​ធ្វើអ្វី​មួយ​មក​លើ​រូប​ខ្ញុំ ហើយ​អាច​សម្លាប់​ខ្ញុំ​នៅ​ថ្ងៃ​បុណ្យចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ នៅ​ឆ្នាំ១៩៩៥ ដោយ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក ​ឬ​ក៏​តាមវិធី​ផ្សេង​ស្រដៀង​គ្នា​នេះ។ ខ្ញុំ​ត្រូវ​បាន​គេ​ផ្តល់​យោបល់​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ហេតុ​នេះ​ខ្ញុំ​បាន​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​មួយ​រយៈ រហូត​ដល់​មាន​សុវត្ថិភាព​ទើប​វិលត្រឡប់​មក​កម្ពុជា​វិញ។

ខ្ញុំ​កាន់​តួនាទី​ដដែល​ដល់​ឆ្នាំ១៩៩៨ ដែល​ជា​ឆ្នាំ​ខ្ញុំ​បាន​បញ្ចប់​អាណត្តិ​នោះ​ ហើយ​បន្ទាប់​មក​មាន​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ពីរ​នៅ​ឆ្នាំ ១៩៩៨។ គណបក្ស​របស់​ខ្ញុំ គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា​ (BLDP) បាន​ចាញ់​នៅ​ក្នុង​ការបោះឆ្នោត ហើយ​ទោះ​បី​ជា​មាន​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក៏​ដោយ ក៏​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​នៅ​តែ​ចាញ់ដដែល។ នៅ​ចុងបញ្ចប់ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​សម រង្ស៊ី បាន​ចរចា​លើ​លទ្ធផល​បោះឆ្នោត និង​បាន​យល់ព្រម​ចូលរួម​នៅ​ក្នុង​រដ្ឋសភា។ ប៉ុន្តែ​ខ្ញុំ​បាន​បាត់បង់​អភ័យឯកសិទ្ធិ​សភា។ ពេល​នោះ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​តាម​ទូរទស្សន៍ជា​សាធារណៈថា​ ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៨។ នៅ​ពេល​ខ្ញុំ​បាន​ស្តាប់​ឮ​រឿង​នេះ ខ្ញុំ​បាន​សុំ​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក ហើយ​ពួក​គេបាន​ផ្តល់​ទីជម្រក​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​នៅ​រាជធានី ភ្នំពេញ អស់​រយៈពេល​៥០​ថ្ងៃ។

ទីបំផុត​ស្ថានការណ៍​ត្រូវ​បាន​ដោះស្រាយ​ដោយ​មាន​ការចូលរួម​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ខ្ញុំ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​លោក ហ៊ុន សែន​ និង​ព្រះ​អង្គម្ចាស់ នរោត្តម រណឫទ្ធិ ​បាន​យល់​ព្រម​ដោះលែង​ខ្ញុំ​ក្រោម​លក្ខខណ្ឌ​មួយ​ដែល​ខ្ញុំ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​ទេ។

ខ្ញុំ​បាន​បដិសេធ​ចំពោះ​លក្ខខណ្ឌ​នេះ ហើយ​ថា​ ខ្ញុំ​ត្រូវ​តែ​បន្ត​សកម្មភាព​របស់​ខ្ញុំ។ ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​ខ្ញុំ​ជ្រើស​យក​ជម្រើស​ទីពីរ។ ប្រសិន​បើ​ខ្ញុំ​ចង់​ធ្វើ​សកម្មភាព​នយោបាយ​ នោះ​ខ្ញុំ​ត្រូវ​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ដូច្នេះ​ ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ នៅ​ឆ្នាំ១៩៩៩ ខ្ញុំ​បាន​ទទួល​តួនាទី​ជា​អគ្គលេខាធិការរង​នៃ​គណបក្ស​នេះ។​ ខ្ញុំ​បាន​ស្នើសុំ​គណបក្ស​ឲ្យ​តែងតាំង​ខ្ញុំ​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទិ្ធមនុស្ស​ផងដែរ។ ខ្ញុំ​បាន​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​តែ​ចូលរួម​ក្នុង​កិច្ចការ​សិទ្ធិ​មនុស្ស។

មេដឹកនាំ​កម្ពុជា​មិន​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​នោះ​ទេ លុះត្រា​តែ​ពួកគេ​ធ្វើតាម​ការ​ចង់​បាន​របស់​ប្រជាជននៅ​មូលដ្ឋាន។ សម្រាប់​ខ្ញុំ អ្វីៗ​គ្រប់យ៉ាង​ចាប់ផ្តើម​ពី​កម្រិត​មូលដ្ឋាន ហើយ​ពេលនោះ​ប្រជាពលរដ្ឋ​អាច​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ។

នៅ​ពេល​ខ្ញុំ​ចូលរួម​ជាមួយ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ និង​ទទួល​បាន​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ចាប់​ពី​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ ២០០២។ អាណត្តិ​របស់​ខ្ញុំ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០០៣។ នៅ​ពេល​នោះ ខ្ញុំ​បាន​សម្រេចចិត្ត​ថា​ ខ្ញុំ​មិន​អាច​នៅ​ជាមួយ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ទៀត​បាន​ទេ ពីព្រោះ​គណបក្ស​នេះ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​តស៊ូ​មតិ​ដើម្បី​បន្ត​ធ្វើ​កិច្ចការ​ក្នុង​វិស័យ​សិទិ្ធ​មនុស្ស​ឡើយ។ ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​និយាយ​ថា ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ ពួកគេ​នឹង​មាន​បញ្ហា​ធំជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ។ ដូច្នេះ​ខ្ញុំ​ក៏​បាន​សម្រេចចិត្ត​មិន​បន្ត​នៅ​ជាមួយ​គណបក្ស​នេះ​ត​ទៅ​ទៀត​ឡើយ ហើយ​ខ្ញុំ​បាន​លាលែង​ពី​តំណែង។ នៅ​ឆ្នាំ ២០០២ ខ្ញុំ​បាន​លាលែង​ពី​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ ប្រធាន​គណៈកម្មាធិការ​សិទិ្ធ​មនុស្ស​ និង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ហើយ​ខ្ញុំ​បាន​សម្រេចចិត្ត​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (Cambodian Human Rights Center)។

គោលដៅ​របស់ខ្ញុំ​ក្នុងការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅឆ្នាំ២០០២ គឺ​ថា ខ្ញុំ​មាន​បំណង​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង និង​រៀនសូត្រ​អំពី​សិទ្ធិមនុស្ស និង​តម្លៃ​របស់​មនុស្ស​ដែល​នេះ​ជា​ទិសដៅ​សំខាន់​របស់​ខ្ញុំ។ ខ្ញុំ​ជឿថា ប្រសិន​ជា​ប្រជាពលរដ្ឋ​មិន​យល់​ពី​តម្លៃ​សិទ្ធិមនុស្ស និង​តម្លៃ​របស់​មនុស្ស​ទេ ខ្ញុំ​គិតថា​ យើង​មិន​អាច​សម្រេច​បាន​នូវ​ការ​ផ្លាស់ប្តូរ​នៅក្នុង​សង្គម​ឡើយ។ អ្នក​មាន​អំណាច​ដែល​មាន​លុយ​ និង​ឥទ្ធិពល គឺ​ពួកគេ​មាន​អំណាច​ទាំងអស់។ ប្រជាពលរដ្ឋ​គ្មាន​អ្វី​ទាំងអស់ ហេតុ​នេះ​ពួកគេ​ត្រូវ​រៀន​សិទ្ធិមនុស្ស។

ដូច្នេះ ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​វេទិកា​សាធារណៈ​ជាថ្មីទៀត ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ពីមុន​មក ប៉ុន្តែ​ខ្ញុំ​មិនអាច​ធ្វើ​កិច្ចការ​នេះ​បាន​គ្រប់គ្រាន់​ឡើយ ប្រសិន​បើ​ខ្ញុំ​ស្ថិត​នៅក្នុង​នយោបាយ។ ដូច្នេះ​ខ្ញុំ​បាន​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​បាន​បញ្ជូន​គម្រោង​ការ​ស្នើ​មូលនិធិ​ទៅ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)។ គម្រោង​ការ​របស់​ខ្ញុំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះដីធ្លី និង​ភាព​ចាំ​បាច់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​សាធារណៈ ​ហើយ​ពួកគេ​ក៏បាន​ផ្តល់​ថវិកា​ឲ្យ។

មាន​បញ្ហា​ធំៗ​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា ​ហើយ​បញ្ហា​ទាំងនោះ​ត្រូវតែ​ចាប់ផ្តើម​ជាមួយ​ប្រជា​ពលរដ្ឋ។ វា​សំខាន់​ណាស់ ដែល​យើង​ចាប់ផ្តើម​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​កម្រិត​មូលដ្ឋាន។ មេដឹកនាំ​កម្ពុជា​មិន​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​នោះ​ទេ លុះត្រា​តែ​ពួកគេ​ធ្វើតាម​ការ​ចង់​បាន​របស់​ប្រជាជននៅ​មូលដ្ឋាន។ សម្រាប់​ខ្ញុំ អ្វីៗ​គ្រប់យ៉ាង​ចាប់ផ្តើម​ពី​កម្រិត​មូលដ្ឋាន ហើយ​ពេលនោះ​ប្រជាពលរដ្ឋ​អាច​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ជាច្រើន​នៅទូទាំង​ប្រទេស ដោយ​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​អំពី​សិទ្ធិមនុស្ស ហើយ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​ភ្ញាក់ខ្លួន។ ស្ថានីយ៍​វិទ្យុ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​របស់​យើង​ដើរ​តួនាទី​ដ៏​សំខាន់​នៅក្នុង​ដំណើរ​ការ​អប់រំ​នេះ។ ប្រជា​ពលរដ្ឋ​មិន​ដែល​មាន​ឱកាស​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​ពី​មុន​មក​ទេ។ ហើយ​ភ្លាម​ៗនោះ​ យើង​អាច​ឲ្យ​ពួកគេ​បញ្ចេញ​មតិ​តាម​វិទ្យុបាន។ ជា​រៀង​រាល់ថ្ងៃ ខ្ញុំ​បាន​និយាយ​តាម​វិទ្យុ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហើយ​ការ​បញ្ចេញ​មតិនេះពិតជា​រឿងថ្មីសម្រាប់​ប្រជាពលរដ្ឋ។ កាលពីមុន ពួកគេ​បាន​តែស្តាប់ឮ​ព្រះ​សង្ឃ​ទេសនា​អំពី​ទ្រឹស្ដីព្រះ​ពុទ្ធសាសនា​តែ​ប៉ណ្ណោះ ​ប៉ុន្តែ​នៅពេល​ពួកគេ​បានឮ​ខ្ញុំ​និយាយ​អំពី​សិទ្ធិមនុស្ស ពួកគេ​បាន​ចាប់ផ្តើម​ស្តាប់​ស្ថានីយ៍ផ្សាយ​វិទ្យុ​របស់​យើង​កាន់​តែ​ច្រើន ដើម្បី​រៀនសូត្រ​អំពី​ប្រធានបទ​សិទ្ធិមនុស្សនេះ។

រូបឯកសារ៖ លោក កឹម សុខា និង​ភរិយា​របស់​លោក បន្ទាប់​ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ នៅ​វត្ត​មួយ​កន្លែង​ក្បែរ​មន្ទីរ​ឃុំឃាំង​ព្រៃស ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០០៦។

រដ្ឋាភិបាល​បាន​ចាប់ខ្លួន​ខ្ញុំ​នៅ​ឆ្នាំ២០០៥ នៅពេល​ខ្ញុំ​បាន​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ។ យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដទៃទៀត​នៅក្នុង​ពហុកីឡាដ្ឋាន​ជាតិ។ នៅក្នុង​ការិយាល័យ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យើង​បាន​រៀបចំ​ឲ្យ​មាន​បដា​ជា​ច្រើន​ ដែល​យើង​បាន​ហៅ​ថា​ «បដាពណ៌លឿង‍» ហើយ​យើង​បាន​អំពាវនាវ​តាម​វិទ្យុ​ឲ្យ​សាធារណជន​ ដែល​ចង់​បញ្ចេញ​យោបល់​របស់​ពួកគេ​មក​កាន់​ការិយាល័យ​របស់​យើង និង​សរសេរ​ពី​ទស្សនៈ​របស់​ពួកគេ ​នៅលើ​បដា​ទាំងនោះ។ ជា​រៀង​រាល់ថ្ងៃ​ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​មក ហើយ​ពួកគេ​ភាគច្រើន​បាន​រិះគន់​រដ្ឋាភិបាល​ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី។

នៅពេល​ដែល​ថ្ងៃទី១០ ខែធ្នូ​ បាន​ឈាន​មក​ដល់ យើង​បាន​ប្រមូល​បដា​ទាំង​នោះ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដឹង​អំពី​រឿងនេះ ពួកគេ​បាន​ថត​រូប និង​ណែនាំ​ទៅ​ប៉ូលិស​ និង​បាន​ជូន​ដំណឹង​ទៅ​លោក ហ៊ុន សែន ហើយខ្ញុំ​ត្រូវបាន​គេ​ចាប់​ខ្លួន​ក្រោម​ហេតុ​ផល​នៃ​បទ​ញុះញង់​ឱ្យ​មាន​ចលាចល ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ។

ខ្ញុំ​បាន​ជាប់​ក្នុង​ពន្ធនាគារ​ប្រមាណ​ជា ១៧ថ្ងៃ ហើយ​វា​មិនមែន​ជា​បទពិសោធន៍​មួយ​ល្អ​ទេ ប៉ុន្តែ​បងប្អូន​ដែល​ជាប់ឃុំ​នៅ​ទីនោះ សូម្បីតែ​ឆ្មាំ​ពន្ធនាគារ នគរបាល និង​ទណ្ឌិត​ដទៃទៀត ផ្តល់​ការ​គោរព​ចំពោះ​ខ្ញុំ។ ខ្ញុំ​គិតថា រដ្ឋាភិបាល​ក៏​បាន​ដឹង​ដែរ​ថា​ សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ស្ថានភាព​របស់​ខ្ញុំ​ ហើយ​គេ​ក៏បាន​ប្រុងប្រយ័ត្ន​អំពី​ការ​ប្រព្រឹត្ត​មក​លើ​រូបខ្ញុំ។ មាន​មនុស្ស​ជា​ច្រើន​បាន​មក​សួរ​សុខទុក្ខ​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ រួម​ទាំង​តំណាង​អន្តរជាតិ ដូចជា​រដ្ឋមន្រ្តី​ស៊ុយអែត​ជាដើម។ ហើយ​ពួកគេ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពីអ្វី​ដែល​បាន​កើត​ឡើង។

សហការីរបស់​ខ្ញុំ គឺ​លោក អ៊ូ វីរៈ បាន​រៀបចំ​ញត្តិ​ទាមទារ​ឲ្យ​ដោះលែង​ខ្ញុំ ហើយ​សហការី​របស់​ខ្ញុំ គឺ​លោក ប៉ា ងួនទៀង ក៏​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ខ្ញុំ​ដែរ។ នៅ​ទីបំផុត​បន្ទាប់​ពី​មានកិច្ច​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ទាំងអស់​នេះ ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក ​លោក គ្រីស្តូហ្វ័រ ​ហ៊ីល (Christopher Hill) បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា និង​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ហើយ​បាន​ពិភាក្សា​អំពី​ស្ថានភាព​របស់​ខ្ញុំ។ បន្ទាប់ពី​ជំនួប​នោះ ខ្ញុំ​ត្រូវបានគេ​ដោះលែង។

នៅក្រោយ​ការ​ដោះលែង​របស់​ខ្ញុំ​នៅ​ឆ្នាំ​២០០៦ ខ្ញុំ​បាន​គិត​ម្តងទៀត​ថា ប្រសិនជា​ខ្ញុំ​នៅ​តែបន្ត​ធ្វើ​ការ​នៅក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល ខ្ញុំ​មិនអាច​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​បាន​ឡើយ។ ខ្ញុំ​គិតថា ប្រជាពលរដ្ឋ​មិន​អាច​សម្រេច​បាន​នូវ​ការ​ផ្លាស់ប្តូរ​ និង​ទទួល​បាន​អំណាច​របស់​ពួក​គាត់ ​ដោយ​គ្មាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​បាន​ឡើយ។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ម្តង​ទៀត និង​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ គឺ «គណបក្ស​សិទ្ធិ​មនុស្ស‍»។

ខ្ញុំ​យល់​ថា ត្រូវ​បន្ថែម​ការ​អប់រំ និង​ការ​លើក​កម្ពស់​ការ​យល់ដឹង​ឲ្យ​ច្រើន​ថែមទៀត ហើយ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​ជា​ខ្ញុំ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ម្តងទៀត។ ខ្ញុំ​បាន​ពិចារណា​ចូលរួម​ជាមួយ​គណបក្សសម រង្ស៊ី ប៉ុន្តែ​នៅ​គ្រានោះ ទស្សនៈ​របស់​ពួកគេ​មិន​ស្រប​ជាមួយ​នឹង​គំនិត​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ។

ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​ស្លាប់​ច្រើន​ដង​មកហើយ ប៉ុន្តែ​ស្មារតី​របស់​ខ្ញុំ ការ​តស៊ូ​របស់​ខ្ញុំ​ដើម្បី​សិទ្ធិ​មនុស្ស​នៅតែ​មាន។ ដូច្នេះ ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ ហើយ​នេះ​ជាអ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បន្ត​ដំណើរ​ទៅមុខ​ទៀត។

ខ្ញុំ​បាន​បង្កើត​គណបក្ស​ថ្មី គឺ «គណបក្ស​សិទ្ធិមនុស្ស‍» នៅ​ឆ្នាំ ២០០៧។ យើង​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០០៨ ហើយ​យើងបាន​ឈ្នះ​បីអាសនៈ​នៅក្នុង​សភា។ ប៉ុន្តែ វា​ពិបាក​ធ្វើឲ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត ហើយ​ចុងក្រោយ​នៅឆ្នាំ​២០១២ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​អាច​នឹង​ប្រសើរ​ជាងនេះ បើសិន​ជា​យើង​ចូលរួម​ជាមួយ​គណបក្ស​សម រង្ស៊ី។ ដូច្នេះ នៅ​ដំណាក់​កាល​នោះ យើង​បាន​រួបរួម​ជាមួយគ្នា​ ដើម្បី​បង្កើត​គណបក្ស​ដ៏​ខ្លាំង​មួយ​គឺ «គណបក្ស​សង្គ្រោះជាតិ‍»។

ចាប់តាំង​ពី​ឆ្នាំ១៩៩៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បាត់បង់​អំណាច និង​កិត្យានុភាព​របស់​ខ្លួន​បន្តិច​ម្តងៗ។ បើ​តាម​ទស្សនៈ​របស់​ប្រជាពលរដ្ឋ គណបក្សនេះ​មិន​បាន​បង្ហាញ​នូវ​ភាព​ជា​អ្នកដឹកនាំ ​ហើយ​គណបក្ស​ប្រឆាំង​បាន​ក្លាយ​ជា​បំណែក​តូចៗ​ជាច្រើន។ គណបក្ស​ប្រឆាំង​បាន​បែងចែក​ជា​ក្រុម​តូចៗ និង​គណបក្ស​នយោបាយ​ជាច្រើន ដូច្នេះ​លុះត្រា​តែ​យើង​រួបរួម​គ្នា​ ទើប​យើង​អាច​ឈ្នះ​បាន។​ នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្សសម រង្ស៊ី ពីព្រោះ​ប្រជាពលរដ្ឋ​ចង់​ឃើញ​គណបក្ស​ប្រឆាំង​ដែល​មាន​ឯកភាព​មួយ ហើយ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​រំភើប ​ដោយសារ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន។ វា​ច្បាស់ណាស់​ថា ប្រជាពលរដ្ឋ​ចង់​ឱ្យ​យើង​រួបរួម​គ្នា។

តាម​ការ​យល់ឃើញ​របស់​ខ្ញុំ ការ​បោះឆ្នោត​ឆ្នាំ២០១៣ គឺ​មិន​សេរី​និង​យុត្តិធម៌​ឡើយ​ ប៉ុន្តែ​ប្រសិន​វា​សេរី និង​ត្រឹមត្រូវ យើង​ប្រាដក​ជា​ឈ្នះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ប្រកាស​នូវ​អ្វី​ដែល​គេចង់​ប្រកាស ដូច្នេះ​យើង​មិន​បាន​ឈ្នះ​ទេ។

ខ្ញុំ​យល់​ថា នៅ​ក្រោយ​ឆ្នាំ១៩៩៣ មាន​វឌ្ឍនភាព​ខ្លះ​ខាង​សិទ្ធិមនុស្ស។ ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​គិត​ថា ​យើង​កំពុង​ដើរ​ថយ​ក្រោយ។ ឥឡូវនេះ​គណបក្ស​សង្គ្រោះជាតិ​មាន​លំហរ​តិចតួច​ណាស់ដើម្បី​ប្រតិបត្តិការ ហើយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​ប្រឈម​ដូចគ្នា​ដែរ។ រដ្ឋាភិបាល​ប្រើ​ប្រាស់​តុលាការ​ដើម្បី​កាត់​ទោស​ប្រជាពលរដ្ឋ ហើយ​តុលាការ​មិន​ឯករាជ្យ​ឡើយ។ ដូច្នេះ នេះ​ជា​ស្ថានការណ៍​ដ៏អាក្រក់​បំផុត​សម្រាប់​សង្គម​ស៊ីវិល។ គ្មាន​យុត្តិធម៌ គ្មាន​សិទ្ធិ​មនុស្ស​ទេ!

រូបឯកសារ៖ លោក⁣ សម រង្សីុ ប្រធានគណបក្សសង្គ្រោះជាតិ (ស្តាំ) និងលោក កឹម សុខា អនុប្រធានគណបក្ស (ឆ្វេង) លើកដៃស្វាគមន៍អ្នកគាំទ្រនៅក្នុងវេទិកាជួបជំុអ្នកគាំទ្របក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

យើង​នៅតែ​មាន​បញ្ហា​ជាច្រើន​ក្នុង​វិស័យ ដូចជា​ជម្លោះ​ដីធ្លី ដែល​ករណី​ជាច្រើន​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ។ យើង​មាន​ការ​តាមដាន​ល្អ​ប្រសើរ​ជាង​មុន ដោយសារតែ​បណ្តាញ​ទំនាក់​ទំនង​សង្គម ដែល​មាន​ការ​ប្រើប្រាស់​យ៉ាង​សកម្ម​ខ្លាំងណាស់​នៅ​ប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន។ ប៉ុន្តែ ចំពោះ​សិទ្ធិ​នយោបាយ​វិញ​ គឺ​អាក្រក់​ខ្លាំង​ណាស់។

បញ្ហា​ធំបំផុត​ដែល​យើង​មាន គឺ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅតែ​មាន​បំណង​កាន់កាប់​អំណាច​រហូត។ លោក​ត្រូវការ​អំណាច​គ្មាន​ដែនកំណត់ ពីព្រោះ​សម្រាប់​លោក ទោះបីជា​ឈ្នះ​ឬ​ចាញ់​ការ​បោះឆ្នោត​ ក៏លោក​បាន​ប្តេជ្ញា​ចិត្ត​នៅតែ​បន្ត​កាន់កាប់​អំណាច។ ឥឡូវនេះ វោហាសាស្រ្ត​របស់​លោក​ គឺ​និយាយ​តែ​ពី​ការ​មាន​សង្រ្គាម ការ​ប្រើប្រាស់​យោធា។ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច។ រដ្ឋាភិបាល​ប្រើ​ប្រាស់​ច្បាប់​ដើម្បី​បំភិតបំភ័យ​ប្រជាពលរដ្ឋ ដែល​វា​ពិតជា​អាក្រក់​ណាស់។

អស់​រយៈពេល​ជាង​ម្ភៃឆ្នាំ ជីវិត​សាធារណៈ​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាច្រើន។ ជួនកាល​យើង​ត្រូវ​បង្ខំ​ចាកចេញ​ពី​មាតុប្រទេស ហើយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​ត្រូវបាន​គេ​គំរាម​កំហែង​ជាច្រើន​លើក។ ភរិយា​ខ្ញុំ​នៅក្នុង​ផ្ទះ​តែ​ម្នាក់ឯង ខណៈ​ដែល​មាន​មនុស្ស ២០០នាក់ រួមទាំង​នគរបាល​បាន​ឡោមព័ទ្ធ​ពី​ខាង​ក្រៅ ដែល​នេះ​ជា​ស្ថានភាព​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​បំផុត។ រថយន្ត​របស់​ភរិយា​ខ្ញុំ​ត្រូវបាន​គេ​បាញ់។ ក្នុង​អំឡុង​ពេល​បោះឆ្នោត​នា​ឆ្នាំ២០១៣ យោធា​បាន​បញ្ឈប់​ឡាន​របស់​ខ្ញុំ ហើយ​យើង​ត្រូវបាន​គេ​តាមដាន​ជាប់​ជា​ប្រចាំ។

ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​ស្លាប់​ច្រើន​ដង​មកហើយ ប៉ុន្តែ​ស្មារតី​របស់​ខ្ញុំ ការ​តស៊ូ​របស់​ខ្ញុំ​ដើម្បី​សិទ្ធិ​មនុស្ស​នៅតែ​មាន។ ដូច្នេះ ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ ហើយ​នេះ​ជាអ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បន្ត​ដំណើរ​ទៅមុខ​ទៀត។

ប្រសិន​ជា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ការ​បោះឆ្នោត យើង​នឹង​ខិតខំ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​សម្រាប់​ប្រទេស​កម្ពុជា។ ប្រសិន​ជា​ប្រទេស​នេះ​គ្មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទេ យើង​គ្មាន​មធ្យោបាយ​ណា​អាច​ធ្វើ​ដំណើរ​ទៅមុខ​បាន​ឡើយ។ នេះ​មាន​ន័យ​ថា យើង​ត្រូវតែ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ដោយ​មាន​ការ​ត្រួតពិនិត្យ និង​តុល្យភាព​រវាង​អង្គនីតិប្រតិបត្តិ​ និង​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវតែ​ឯករាជ្យ។ ប្រសិន​ជា​យើង​មិន​ធ្វើ​កំណែទម្រង់​នេះ​ទេ យើង​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន​ឡើយ។ ហើយ​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​នេះ យើង​ចាំបាច់​ធ្វើឱ្យ​កងទ័ព និង​មន្រ្តី​រាជការ​ស៊ីវិល​ឯករាជ្យ។ បច្ចុប្បន្ន​ពួកគេ​លម្អៀង មិន​ឯករាជ្យ។ តាមពិត​ពួកគេ​ត្រូវតែ​អព្យាក្រឹត្យ។

វា​ជា​កិច្ចការ​ដ៏​ធំ​បំផុត​មួយ។ ទោះជា​យ៉ាងណា​ ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ជួរ​រាជការ​ស៊ីវិល យោធា និង​ប្រព័ន្ធ​តុលាការ ក៏​ចង់​បាន​ឲ្យ​មាន​កំណែ​ទម្រង់​ស្ថាប័ន​ទាំងនេះ​ដែរ។ នៅពេល​បច្ចុប្បន្ន​នេះ​ ពួកគេ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរឹង ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​ចង់​ផ្លាស់ប្តូរ ហើយ​យើង​នឹង​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​នេះ​ដំបូង​គេ​បង្អស់។

តើ​អ្វី​ទៅ​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំ ពី​អនាគត​របស់​ប្រទេស​កម្ពុជា? ខ្ញុំ​គិតថា ប្រទេស​កម្ពុជា​មាន​ធនធាន​ដ៏​អស្ចារ្យ រួមមាន​ធនធាន​ធម្មជាតិ និង​ធនធាន​មនុស្ស។ ...ប្រសិនជា​យើង​គ្រប់គ្រង​ធនធាន​របស់​យើង​បាន​ល្អ ប្រទេសកម្ពុជា​នឹង​មាន​អនាគត​ដ៏ភ្លឺស្វាង។

យើង​នឹង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​មួយ​ជំហាន​ម្តងៗ។ យើង​មិន​អាច​សម្រេច​កិច្ចការ​នេះ​បាន​លឿន​នោះ​ទេ ប៉ុន្ដែ​យើង​អាច​ចាប់​ផ្តើម​បាន។ ទីមួយ យើង​ត្រូវការ​ស្ថិរភាព។ បើ​គ្មាន​ស្ថិរភាពទេ យើង​មិន​អាច​ធ្វើ​កំណែ​ទម្រង់​ណាមួយ​បាន​ឡើយ។ អ្វី​ដែល​សំខាន់​បំផុត​នោះ យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​គណបក្ស​កាន់​អំណាច​យល់ព្រម​ផ្ទេរ​អំណាច។

វា​ក៏​មាន​សារៈសំខាន់​ផងដែរ ដែល​យើង​ខិតខំ​ធ្វើការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន ៨០% គឺជា​កសិករ។ ដូច្នេះ​ពួកគេ​កំពុង​រស់នៅ​តាម​របៀប ដែល​ពួកគេ​ធ្លាប់​រស់នៅកាលពី ១០០​ឆ្នាំមុន។ ពួកគេ​ក្រីក្រ​ខ្លាំង ដោយ​ការ​កាន់កាប់​ដី​ទំហំ​តូច និង​មាន​កូនច្រើន។ ដូច្នេះ​យើង​ត្រូវតែ​រក​វិធី​ផ្តល់​ឱ្យ​ពួកគេ​នូវ​ជម្រើស​ផ្សេង​ទៀត ដូចជា​បង្កើត​ការងារ​ថ្មី។

យើង​អាច​ជួយ​ពួកគេ​នៅ​ថ្នាក់​មូលដ្ឋាន នៅ​កម្រិត​ឃុំ។ យើង​ត្រូវ​កំណត់​អំពី​ចំនួន​មនុស្ស​ដែល​ក្រីក្រ​ខ្លាំង និង​រិះរក​វិធី​ជួយ​ពួកគេ។ យើង​អាច​លើក​ទឹកចិត្ត សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​នឹង​ផ្តល់​ការ​គាំទ្រ និង​ជំនួយ​ប្រាក់​កម្ចី ដូច្នេះ​ពួកគេ​អាច​ធានា​ឲ្យ​មាន​និរន្តរភាព​ដោយ​ខ្លួនឯង​បាន។

យើង​អាច​ចុះ​កិច្ចសន្យា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​បង្កើត​ឲ្យ​មាន​ផែនការ​សម្រាប់​ការ​បង្កើន​ទ្រព្យធន​របស់​កសិករ​ម្នាក់ៗ ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ទិន្នផល​កសិកម្ម​របស់​ពួកគេ​ ការ​ធ្វើ​ពិពិធកម្ម​នៅក្នុង​វិស័យ​ផ្សេង​ទៀត ដូចជា​ជលផល និង​ការ​ស្វែងរក​ការ​បង្កើត​ការងារ​ថ្មី​សម្រាប់​យុវជន។ យើង​ក៏​អាច​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​វិនិយោគទុន​ពី​ក្រុមហ៊ុន​ធំៗ ហើយ​ប្រសិន​ជា​យើង​ធ្វើ​កិច្ចការ​នេះ​ប្រកប​ដោយ​តម្លាភាព និង​នីតិរដ្ឋ វិនិយោគិន​នឹង​មក​វិនិយោគ។

វិនិយោគទុន​ចិន​មាន​ទំហំ​ធំ​នៅ​កម្ពុជា។ វិនិយោគិន​ចិន​ធំៗ​ជាច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ចង់​ចូលរួម​បណ្តាក់​ទុន​នៅ​ប្រទេសនេះ ​ប៉ុន្តែ​យើង​ត្រូវការ​តម្លាភាព ហើយ​យើង​ត្រូវ​ពិភាក្សា​ជាមួយ​វិនិយោគិន​ទាំង​នោះ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​វិនិយោគទុន​ទាំងនោះ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ។ វា​មាន​សារៈសំខាន់​ណាស់ ដែល​យើង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ទាក់ទង​ទៅនឹង​ការ​វិនិយោគ​របស់​ចិន។ ខ្ញុំ​ធ្លាប់​បាន​ពិភាក្សា​បញ្ហានេះ​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​រួចហើយ។ ប្រសិនជា​ប្រជាពលរដ្ឋ​យើង​មាន​អារម្មណ៍​ថា​ ចិន​កំពុង​ព្យាយាម​កេង​ចំណេញ​អ្វីមួយ​ពី​ពួកគេ នោះ​ពួកគេ​នឹង​មិន​ចូលចិត្ត​វិយោគិន​ចិន​ឡើយ។ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវមាន​តម្លាភាព​ក្នុងការ​ធ្វើ​កិច្ចការ​ទាំងនេះ​ជាមួយ​វិនិយោគិន​ចិន។

តើ​អ្វី​ទៅ​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំពី​អនាគត​របស់​ប្រទេស​កម្ពុជា? ខ្ញុំ​គិតថា ប្រទេស​កម្ពុជា​មាន​ធនធាន​ដ៏​អស្ចារ្យ រួមមាន​ធនធាន​ធម្មជាតិ និង​ធនធាន​មនុស្ស។ យុវជន​គឺជា​ក្តី​សង្ឃឹម​ចម្បង​របស់​យើង​នាពេល​អនាគត ហើយ​យើង​ចាំបាច់​ណែនាំ និង​លើក​ទឹកចិត្ត​ពួកគេ។ ប្រសិនជា​យើង​គ្រប់គ្រង​ធនធាន​របស់​យើង​បាន​ល្អ ប្រទេសកម្ពុជា​នឹង​មាន​អនាគត​ដ៏ភ្លឺស្វាង៕

ដោយ កឹម សុខា, ខែសីហា ឆ្នាំ២០១៧

[កំណត់​សម្គាល់៖ ខាង​លើ​នេះ​គឺជា​ជីវិត​នយោបាយរបស់​លោក កឹម សុខា ដែល​ត្រូវបាន​កែ​សម្រួល និង​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ «‍ការ​ស្វែងរក​យុត្តិធម៌​នៅ​កម្ពុជា៖ អ្នក​ការពារ​សិទ្ធិមនុស្ស​បកស្រាយ» (Seeking Justice in Cambodia: Human Rights Defenders Speak Up) ដែលចងក្រងដោយអ្នកស្រី Sue Coffey ដែល​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៨ខាង​មុខ​នេះ ដោយ​ការិយាល័យ​បោះពុម្ព​របស់ Melbourne University Press (MUP)។]