កូនស្រីច្បងរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិយាយថា ការសម្រេចចិត្តរបស់តុលាការបញ្ជូនសំណុំរឿងលោកទៅកាត់ទោសពីបទសន្និដ្ឋិភាពគឺបង្ហាញពីចេតនាអាក្រក់របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ព្រោះដីកាបញ្ជូនចុះថ្ងៃទី២ខែធ្នូឆ្នាំ២០១៩នេះធ្វើឡើងចំពេលការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបលើមុខទំនិញអ្វីៗទាំងអស់លើកលែងតែអាវុធEverything But Arms កំពុងប្រឈមនឹងការដកចេញហើយសភាអាមេរិកក៏កំពុងជំរុញឲ្យស.រ.អា.ចាត់វិធានការមួយចំនួនផងដែរ។
នាងកឹម មនោវិទ្យាប្រាប់ទីភ្នាក់ងារព័ត៌មានReutersថា ឥរិយាបទរបស់របបនេះមិនអាចជួយដល់ស្ថានការណ៍បានទេ។
លោកកឹម សុខាធ្លាប់បាននិយាយថា ការចោទប្រកាន់លោកគ្មានន័យទេ។
សហភាពអឺរ៉ុបនិងតំណាងរាស្ត្រស.រ.អា.បានទាមទារឲ្យដោះលែងលោកកឹម សុខានិងរិះគន់ការបង្ក្រាបលើគណបក្សប្រឆាំង សង្គមស៊ីវិល បណ្តាញព័ត៌មានឯករាជ្យជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចេញថ្ងៃ២ខែធ្នូសរសេរថា«ចៅក្រមស៊ើបសួរពិនិត្យឃើញថាមានភស្តុតាងគ្រប់គ្រាន់ដាក់បន្ទុកជនត្រូវចោទឈ្មោះកឹម សុខាពីបទសន្និដ្ឋិភាពជាមួយបរទេស»។
តុលាការមិនទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយ។មេធាវីរបស់លោកកឹម សុខាបានប្រាប់វីអូអេថា លោកសម្រេចប្តឹងឧទ្ធណ៍ឲ្យតុលាការទម្លាក់ការចោទប្រកាន់។
លោកកឹម សុខាត្រូវបានដោះលែងពីការឃុំឃាំងក្នុងផ្ទះកាលពីពីរសប្តាហ៍មុន តែគ្មានសិទ្ធិធ្វើនយោបាយទេ។
ភ័ស្តុតាងតែមួយគត់ចោទប្រកាន់លោកកឹម សុខាគឺការអត្ថាធិប្បាយរបស់លោកនៅជំនួបសាធារណៈដែលលោកបាននិយាយថា លោកទទួលបានដំបូន្មានពីពលរដ្ឋអាមេរិកាំងអំពីយុទ្ធសាស្ត្រការបោះឆ្នោតនៅមុនការបោះឆ្នោតឆ្នាំ២០១៣មកម៉្លេះ៕