ក្រោយពីសាលារាជធានីភ្នំពេញ ច្រានចោលសំណើរតម្កល់ រូបសំណាក លោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញ នៅទីលានប្រជាធិបតេយ្យ ក្រុមអ្នកគាំទ្រអ្នកវិភាគរូបនេះ បានដង្ហែនាំយករូបសំណាករបស់លោក មកកាន់ស្រុកកំណើតលោកនៅខេត្តតាកែវ កាលពីថ្ងៃអាទិត្យ។
ការដង្ហែរូបសំណាកម្ចាស់ពាក្យសម្តី«ជូតទឹកភ្នែករបស់នាក់ រួចបន្តដំណើរទៅមុខទៀត» បានធ្វើឡើងដោយពុំមានវត្តមានពីភរិយា និងកូនៗរបស់លោក ដូចកាលគ្រាហែសពរបស់លោកពីរាជធានីភ្នំពេញ មកកាន់ខេត្តតាកែវ កាលពីបីខែមុនទេ។
អ្នកចូលរួមក្នុងការដង្ហែរូបសំណាកលោក កែម ឡី ពីវត្តពោធិយ៉ារ៉ាម ហៅវត្តចាស់ក្នុងរាជធានីភ្នំពេញ មកកាន់ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយប្រាប់ VOA ថា ពួកគេចង់ឃើញការធ្វើបុណ្យប្រចាំឆ្នាំរំឮកដល់ការស្លាប់លោក កែម ឡី ដែលមកទល់ពេលនេះ អាជ្ញាធររដ្ឋាភិបាលមិនបានផ្តល់តម្រុយអ្វីថ្មី ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ដែលបានកើតឡើងកាលពីខែកក្កដា។
អ្នកស្រី អាន ធារី វ័យ ៣៤ ឆ្នាំ កម្មការនី មកពីខេត្តព្រៃវែងដែលចូលរួមការដង្ហែរូបសំណាកលោក កែម ឡី និយាយប្រាប់ VOA នៅក្នុងឃុំលាយបូរយ៉ាងដូច្នេះថា៖
«គាត់ជាមនុស្សម្នាក់ដែលហ៊ានលះបង់ខ្ពស់ហ្ហាស់។ អញ្ចឹងគួរតែធ្វើឲ្យគាត់មួយឆ្នាំម្តងៗ អញ្ចឹងណ៎ា។ ហើយបើសិនជាធ្វើខ្ញុំ នឹងមករហូត ព្រោះខ្ញុំក៏មិនមែនជាអ្នកខេត្តហ្នឹងដែរ ខ្ញុំជាអ្នកខេត្តព្រៃវែង។ អញ្ចឹង ខ្ញុំក៏ចង់មកស្គាល់កន្លែងគាត់ ខ្ញុំអាណិតស្រឡាញ់គាត់ ខ្ញុំមើលរូបសំណាកគាត់ ក៏ខ្ញុំមើលអត់បានដែរ ខ្ញុំឃើញ ខ្ញុំយំ នឹកឃើញអាណិតដល់ប្រពន្ធកូនគាត់អញ្ចឹងហ្ហ៎ា។ អញ្ចឹងគួរតែរំឮកគាត់មួយឆ្នាំម្តង»។
កម្មការនីរូបនេះ ក៏ចង់ឃើញមានការតម្កល់រូបសំណាក លោក កែម ឡី នៅទីលានប្រជាធិបតេយ្យផងដែរ។
«ហើយខ្ញុំចង់ឲ្យសំណូមពរ ទៅរដ្ឋាភិបាលឲ្យមានតាំងរូបសំណាកមួយនៅទីលានប្រជាធិបតេយ្យ ព្រោះមិនៗធំ ប៉ុន្មានទេដី ត្រឹមបួនម៉ែត្រ បួនជ្រុងមិនក្រទេ ព្រោះភ្នំពេញដីធំណាស់»។
លោក កែម ឡី អ្នកវិភាគដ៏សំខាន់មួយរូបរបស់កម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់កាលពីថ្ងៃ ទី១០ ខែកក្កដា នៅក្នុងហាងលក់ទំនិញមួយស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈ Caltex ក្បែរស្តុបបូកគោ ក្នុងខ័ណ្ឌចំការមន។
លោក យ៉ង់ សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់ VOA ថា ដើម្បីរក្សាតម្លៃនៃការលះបង់របស់លោក កែម ឡី ក្នុងការខិតខំថ្លែងរិៈគន់រាជរដ្ឋាភិបាល ក្នុងគោលដៅតែម្យ៉ាង គឺនាំមកនូវយុត្តិធម៌សង្គមដល់ប្រជារាស្ត្រខ្មែរ ការធ្វើពិធីចងចាំជារៀងរាល់ឆ្នាំដល់លោកកែម ឡីគឺជាសេចក្តីចាំបាច់មួយ។
«បាទ យើងៗ នឹងធ្វើ នៅពេលគ្រប់ខួបមួយឆ្នាំ យើងនឹងធ្វើខួបហ្នឹងជារៀងរាល់ឆ្នាំ ទៅមុខទៀត ដើម្បីជា ការចូលរួម ទីមួយដើម្បីរំឮក ដល់លោកបណ្ឌិត កែម ឡី ទីពីរជាការ ជាថ្ងៃមួយ ដែលយើងគោរពរំឮកទៅដល់ សេរីភាព យុត្តិធម៌សង្គមបាទ»។
លោក យ៉ង់ សាំងកុមារ អតីតនាយកប្រតិបត្តិអង្គកាសេដាក ថ្លែងបន្តថា ក្រុមបញ្ញាវ័ន្តខ្មែរ ក៏ដូចជាអ្នកគោរពគាំទ្រ លោកកែម ឡី នឹងធ្វើការកសាងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងជជែកអំពីបញ្ហាសេរីភាព ប្រជាធិបតេយ្យ នៅក្នុងលំនៅដ្ឋានលោកកែម ឡី ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកបន្ថែមថា អ្នកវិភាគនានា ព្រមទាំងប្រជារាស្ត្រខ្មែរសាមញ្ញទូទៅ ត្រូវហ៊ាននិយាយពីការណ៍ពិត ដើម្បីរួមចំណែកដល់ការស្ថាបនាប្រទេសទៅថ្ងៃអនាគត។
ការបាញ់សម្លាប់លោក កែម ឡី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។
លោក សៅ កុសល្យ សមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ សពលោក កែម ឡី និយាយថា គណៈកម្មការនឹងពិចារណាទៅលើការរៀបចំពិធីរំឮកដល់ការស្លាប់លោក កែម ឡីជារៀងរាល់ឆ្នាំ។ លោកប្រាប់ VOA បន្ថែមថា កិច្ចការបន្ទាន់ដែលគណៈកម្មការត្រូវធ្វើ គឺការរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ ការកសាងរូបសំណាកលោក កែម ឡី និងការកសាងចេតិយ។
«ចំពោះការបុណ្យខួបប្រចាំឆ្នាំនោះ យើងមិនទាន់បានពិភាក្សាគ្នានៅឡើយទេ ប៉ុន្តែបើសិនជា មានការសំណូមពរពីបងប្អូនជនរួមជាតិ ក៏ដូចជាអាណាព្យាបាល ហើយនិងម្តាយរបស់លោកបណ្ឌិត ហើយនិងភរិយា លោកបណ្ឌិត យើងនឹងចូលរួម បន្តការងារនេះបន្តទៅទៀតបាទ»។
ក្នុងអំឡុងពេលដង្ហែរូបសំណាកលោក កែម ឡី មន្ត្រីរដ្ឋាភិបាល មិនត្រូវគេឃើញ មានវត្តមាននោះទេ គឺមានតែក្រុមមន្ត្រីនៃគណបក្សប្រឆាំងមួយចំនួន និងតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប គឺលោក អ៊ូ ច័ន្ទរ័ត្ន ដែលបានស្នើឲ្យមានការតម្កល់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ តែសំណើរលោកត្រូវបានច្រានចោលដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា ការធ្វើបុណ្យរំឮកដល់ការស្លាប់លោក កែម ឡី ជារៀងរាល់ឆ្នាំ ត្រូវតែធ្វើឡើង ដើម្បីចងចាំអំពីទស្សនៈរបស់អ្នកវិភាគរូបនេះ។ លោកអះអាងថា ក្រៅពីការធ្វើពិធីបុណ្យរំឮកដល់វិញ្ញាណក្ខន្តលោក កែម ឡីជារៀងរាល់ឆ្នាំនោះ លោកនឹងបន្តសហការជាមួយក្រុមសមាជិកនៃគណៈកម្មការរៀបចំពិធីបុណ្យ ធ្វើការតស៊ូមតិឲ្យមានការតម្កល់រូបសំណាក លោក កែម ឡីនៅទីលានប្រជាធិបតេយ្យ។
«ទោះបីជារូបនេះ មកដល់កន្លែងនេះ ក៏ដោយ ក៏ប៉ុន្តែ យើងនឹងសហការជាមួយគណៈកម្មការបុណ្យសព ព្រោះយើងបានជជែកគ្នាហើយថា បើសិនជាកាលៈទេសៈណាប្រែប្រួល ឱកាសមានសម្រាប់តម្កល់រូបសំណាក លោក បណ្ឌិតកែម ឡី យើងនឹងសាងសង់រូបសំណាកមួយទៀត ដង្ហែយកទៅដាក់នៅទីលានប្រជាធិបតេយ្យបាទ»។
លោក កែម ឡី ត្រូវគេដឹងថា បានទទួលការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងតាមរយៈការអធិប្បាយវិភាគមិនសំចៃមាត់លើបញ្ហារសើបនានា ទៅតាមចំណេះដឹង និងគំនិតជ្រៅជ្រះរបស់លោក ដើម្បីធ្វើការវែកញែកចំណោទបញ្ហាក្នុងសង្គម រួមទាំងសកម្មភាពទាំងឡាយរបស់លោកក្នុងការចូលរួមរកដំណោះស្រាយបញ្ហាទាំងនោះ។
បញ្ហាដែលលោកច្រើនលើកឡើងតាមការសម្ភាសន៍ជាមួយបណ្ដាញព័ត៌មានមិនលំអៀងទៅរដ្ឋាភិបាល រួមមានវិបត្តិដីធ្លី បំណុលកសិករ ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ការការពារបូរណភាពទឹកដី និងជំហរនយោបាយអន្តរជាតិកម្ពុជារវាងប្រទេសកុម្មុយនិស្តចិន និងសហរដ្ឋអាមេរិកជាដើម។
លោកក៏ធ្លាប់ព្យាករណ៍ថា បដិវត្តន៍មិនអាចកើតមានទេ វាលែងតែវាជាបដិវត្តន៍ក្លែងក្លាយ។
នៅក្នុងពិធីដង្ហែរូបសំណាករូបលោក កែម ឡីដដែលនោះ ប្រជារាស្ត្រខ្មែរជាច្រើនម៉ឺននាក់បានចូលរួមតាំងពីរាជធានីភ្នំពេញ មកដល់ខេត្តតាកែវ។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការរៀបចំការបុណ្យខួបគម្រប់១០០ថ្ងៃ សពលោកកែម ឡី។ រូបសំណាកលោក កែម ឡី បានទៅដល់ស្រុកកំណើតលោក នៅគ្រាដែលភរិយារបស់លោក គឺលោកស្រី ប៊ូ រចនា ហើយនិងកូនៗកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយសារតែបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន៕