លោក​កែម ឡី ​ត្រូវបាន​ចង​ចំា​ចំពោះ​ការ​បំផុស​ស្មារតី​សង្គម​និង​ភាព​ក្លាហាន

រូបឯកសារ៖ ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បានចូលរួមហែសពរបស់លោក កែម ឡី អ្នកវិភាគសង្គមនិងនយោបាយដ៏ល្បីឈ្មោះម្នាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

បើទោះបី​លោក​កែម ឡី​ ជា​មនុស្ស​​គ្មាន​ឋានៈ​ខ្ពង់ខ្ពស់​នៅ​ក្នុង​ស្ថាប័នរដ្ឋ ​ប៉ុន្តែ​ពិធីបុណ្យ​សព​របស់​លោក​មាន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ចូលរួម​ដង្ហែរ​តាំងពី​រាជធានី​ភ្នំពេញ​រហូត​ដល់​កន្លែង​បញ្ចុះសព​នៅ​ស្រុក​កំណើត​ក្នុងខេត្ត​តាកែវ។

វ៉ាស៊ីនតោន — រយៈពេល​បីឆ្នាំ​ក្រោយពី​លោក​បណ្ឌិត កែម ឡី អតីត​អ្នកវិភាគ​នយោបាយ​និង​សង្គម​ ត្រូវ​បាន​ឃាតក​សម្លាប់​ ក្រុម​អ្នក​គាំទ្រ​និង​អ្នក​មាន​សមានចិត្ត​នៅ​តែ​ចងចាំ​ពី​សេចក្តី​ក្លាហាន និង​ការ​បណ្តុះ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចូលរួម​ក្នុង​ឆាក​នយោបាយ។​

អ្នក​គាំទ្រ​ទាំងនោះ​និង​អង្គការ​សិទ្ធិ​មនុស្ស​ក៏បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ និង​ធ្វើការ​ស៊ើប​អង្កេត​ឯករាជ្យ​ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​យក​មក​កាត់​ទោស​ផង​ដែរ។

លោក​សួង នាគព័ន្ធ អ្នក​ដឹកនាំ​ការ​រៀបចំ​ពិធី​រំលឹក​ដល់​លោក​បណ្ឌិត​កែម ឡី​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​រំលឹក​នូវ​ការ​បាញ់សម្លាប់​ហ្នឹង​ដោយ​មិន​មាន​យុត្តិធម៌​សម្រាប់​គាត់​ យើង​និយាយ​សារ​មួយ​ទៅ​រដ្ឋាភិបាល​ ឱ្យ​រដ្ឋាភិបាល​វែក​មុខ​ឃាតក​ពិត​ ឃាតក​ដែល​គាត់​ចាប់​បាន​គឺជា​ឃាតក​សិប្បនិម្មិត ​ជា​ឃាតក​ក្លែងបន្លំ ​ជា​ឃាតក​ដូរ​មនុស្ស​ មិនមែន​យើង​មិន​ដឹង​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​វែកមុខ​រក​ឃាតក​ពិត​មក​ថា​នៅ​ពីក្រោយ​ខ្នង​ជា​អ្នកណា‍»។

លោក​កែម ឡី​ ដែល​ជា​អ្នករិះគន់​មិន​សំចៃ​មាត់​លើ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវ​បានខ្មាន់​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​ដល់​កៅអី​អង្គុយ ​ក្នុង​ពេល​ដែល​លោក​កំពុងទទួលទាន​កាហ្វេ​នៅ​ពេល​ព្រឹក​ក្នុង​ហាង​កាហ្វេនៅ​ស្ថានីយ៍​សាំង​កាលតិច​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពីថ្ងៃទី​១០​ ខែកក្កដា ឆ្នាំ​២០១៦។

រូបឯកសារ៖ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​សង្គមឯករាជ្យ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​សាធារណៈនេះ ​កំពុង​ពិភាក្សា​លើ​ប្រ​ធាន​បទអំពី​ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អនុ​តំបន់ទន្លេ​មេគង្គ។ (នូវ ពៅលក្ខិណា/VOA)

ការ​បាញ់​សម្លាប់​កើតឡើង​ក្រោយ​ពី​លោក​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ក្នុង​ការ​ចេញ​ផ្សាយ​មួយ​របស់​អង្គការ​ការពារ​បរិស្ថាន​ Global Witness​ ដែល​រិះគន់​អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោកកែម ឡី ​គឺជា​ជន​រងគ្រោះ​ចុងក្រោយ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​លេចធ្លោ​ក្នុង​សង្គម។ កន្លងមក​មាន​ជន​រងគ្រោះ​ដទៃ​ទៀត​ដែល​បាន​ធ្វើ​សកម្មភាព​សង្គម​ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​ដែរ​ ​ដែល​មានដូចជា​លោក​ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ លោក​ជា វិជ្ជា សកម្មជន​សិទ្ធិ​កម្មករ និង​ព្រះសង្ឃ​សំ ប៊ុនធឿន​ ជាដើម។

បើទោះបី​លោក​កែម ឡី​ ជា​មនុស្សគ្មាន​ឋានៈ​ខ្ពង់ខ្ពស់​នៅ​ក្នុង​ស្ថាប័នរដ្ឋ ​ប៉ុន្តែ​ពិធីបុណ្យ​សព​របស់​លោក​មាន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ចូលរួម​ដង្ហែរ​តាំងពី​រាជធានី​ភ្នំពេញ​រហូត​ដល់​កន្លែង​បញ្ចុះសព​នៅ​ស្រុក​កំណើត​ក្នុងខេត្ត​តាកែវ។ រីឯ​នៅ​ក្រៅប្រទេស​វិញ​ ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ប្រារព្ធ​ពិធី​នេះ ហើយ​គ្រាន់តែ​នៅ​សហរដ្ឋ​អាមេរិក​មួយ​ គឺ​មាន​ពិធីសាសនា​ជាច្រើន​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​និង​ស្នាដៃ​របស់​លោក។

លោក​កែម ឡី បាន​ធ្វើ​បទវិភាគ​លើ​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម​ដែល​មាន​ដូច​ជា​បញ្ហា​ព្រំដែន សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ បរិស្ថាន បក្ស​ពួក​និយម​ និង​អំពើ​ពុករលួយ​ក្នុង​សង្គម​ជាដើម។

សកម្មជន​សិទ្ធិ​មនុស្ស​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​នយោបាយ​ដូច​ជា​ លោក​យ៉េង វីរៈ​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ជា​គណបក្ស​មួយ​ចូលរួម​បង្កើត​ដោយ​លោក​បណ្ឌិត​កែម ឡី នៅ​ចងចាំ​ពី​គោលការណ៍​របស់​អតីត​អ្នក​វិភាគ​រូបនេះ​ ដែល​ទទូច​ឱ្យ​ថ្នាក់ដឹកនាំ​ការពារ​បូរណភាព​ទឹកដី​ទប់ទល់​នឹង​ការ​ឈានពាន​ពីប្រទេស​ជិតខាង។ រីឯ​ក្រុម​យុវជនខ្លះចងចាំ​ពី​ការ​បំផុស​លើក​ទឹកចិត្ត​ពួកគេ​ឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​និង​សង្គម។​

លោក​សួង នាគព័ន្ធ ដែល​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត បញ្ញវន្ត​ខ្មែរ​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«កាលពី​គាត់​នៅ​មាន​ជីវិត ​គឺ​គាត់​បណ្តុះបណ្តាល​ពួកខ្ញុំ​ឱ្យ​ចូលរួម​កិច្ច​ការងារ​សង្គម​ជាតិ​ ឱ្យ​ចេះ​ធ្វើ​នយោបាយ​ដើម្បី​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ជា​ធំ នីតិវិធី​ក្នុងការ​ធ្វើ​ការងារ​សង្គម​ជាតិ​ យើង​និយាយ​ការពិត​មិន​និយាយ​ការពារ។ យើង​សិក្សា​ស្រាវជ្រាវ យើង​មាន​ឯកសារ​យោងត្រឹមត្រូវ យើង​មាន​របៀប​ក្នុងការ​ធ្វើការ​របស់​យើង មិន​ផ្កាប់មុខ បក្ស​នេះ​បក្ស​ «ក‍» បក្ស​«ខ‍»។​ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ។ នេះ​ជា​គោលបំណង​ធំ​របស់​គាត់​ដែល​គាត់​ថា​ យុទ្ធសាស្ត្រ​ទឹក​ត្រជាក់​ ត្រី​កុំ»។

សកម្មភាព​មួយ​ទៀត​របស់​លោក​កែម ឡី គឺ​ការស្រាវជ្រាវ​និង​ចងក្រង​បញ្ហា​ធំៗ​នៅ​ក្នុង​សង្គម​តាម​រយៈកម្មវិធី​១០០រាត្រី​ ដែល​តម្រូវ​ឱ្យ​ក្រុម​សិក្សា​ស្រាវជ្រាវ​ចុះ​ដល់​មូលដ្ឋាន។

សកម្មជន​យុវជននៃក្រុម​ការងារ​១០០រាត្រី ​របស់​លោក​បណ្ឌិត​កែម ឡី នៅតែ​បន្ត​ការងារ​ដែល​មក​ដល់​ពេលនេះ​ឈាន​មកដល់​រាត្រី​ទី​៤៧ ​ដែល​ផ្តោតលើ​បញ្ហា​ព្រំដែន​កម្ពុជា បញ្ហា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​បឹង​ទន្លេសាប​ វប្បធម៌​នយោបាយ​ លទ្ធិប្រជាធិបតេយ្យ​យុត្តិធម៌ និងនីតិរដ្ឋ។

លោក​មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត បញ្ញវន្ត​ខ្មែរ​ដែល​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​បានបញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«របាយការណ៍​ហ្នឹង​ទៀតសោត​ក្រុមការងារ​១០០​រាត្រី​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន បណ្តាញ​សង្គម យូធូប ហ្វេសប៊ុក ហើយ​មាន​របាយការណ៍​មួយ​ចំនួន​ដែល​ទាក់ទិន​នឹង​លទ្ធិប្រជាធិបតេយ្យ យើង​បាន​ដាក់ជូន​ទៅ​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ និង​ស្ថានទូត​នានា​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ឱ្យ​ជួយ​ជំរុញ​លើក​កម្ពស់​យុត្តិធម៌ ការ​គោរព​នីតិរដ្ឋ ការ​គោរព​ច្បាប់ ហើយ​នឹង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​យើង‍»។​

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

រូបឯកសារ៖ អ្នក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ម្នាក់ កាន់​រូបភាព​លោក កែម ឡី នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​សព​របស់​លោក កាលពី​ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។

ប៉ុន្តែ​ក្នុងការ​បំពេញ​ការងារ​នេះ​ពួកគេ​បាន​ត្អូញត្អែ​ពីការគាប​សង្កត់​ហាមឃាត់ ​ការ​គំរាម​កំហែង និង​ការ​តាមដាន​សកម្មភាព​ពីអាជ្ញាធរ​មូលដ្ឋាន​ជាច្រើន។

លោក​មួង សូនី​ បាន​បន្ថែម​ទៀតថា៖

«ទាំងនេះ​ជាបញ្ហា​ដែល​យើងបាន​ជួប​ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ​ យុវជន​យើង​អត់មាន​រាថយ​ទេ​គឺ​យើង​នៅ​តែ​ធ្វើ​តាម​កាលៈទេសៈ ដើម្បី​យើង​ចូលរួម​ជួយ​ប្រទេស​ជាតិ​ យើង​ឱ្យ​មាន​ការរីក​ចម្រើន ហើយ​ពួកខ្ញុំ​ដែល​ជា​ក្រុម​ការងារ​១០០រាត្រី​ ក៏​យើង​មិនបន្ទោស​រដ្ឋាភិបាល​ ឬ​ក៏អាជ្ញាធរ​ដែល​គាត់​បំបិទ​សិទ្ធិ​សេរីភាព​យើង​ទេ។ យើង​ចេះតែ​ព្យាយាម​ពន្យល់​គាត់​ឱ្យ​យល់​ពីច្បាប់​និង​លទ្ធិប្រជាធិបតេយ្យ​វិញ‍»។​

ពួកគេ​ប្តេជ្ញា​បន្ត​ការងារ​នេះ​យ៉ាងហោចណាស់​ចំនួន​ពីរឆ្នាំ​ទៀត​ មុន​នឹង​បញ្ចប់​ហើយ​នឹង​ផ្តោត​លើ​បញ្ហា​សន្តិសុខ​ព្រំដែន វប្បធម៌​នយោបាយ​ ជីវភាព​ពលរដ្ឋ​ កសិកម្ម ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ វប្បធម៌​អរិយធម៌​ខ្មែរ​សុរិន្ទ​និង​កម្ពុជាក្រោម​ និង​កម្រង​កោះ​ទាំង​៦៤​របស់​កម្ពុជា​ និង​ប្រទេស​ប្រជាធិបតេយ្យ​ពិភពលោក ពលរដ្ឋ​ខ្មែរ​នៅជុំ​វិញ​ពិភពលោក​ដែល​បាន​ជួយ​ជំរុញឱ្យ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​សួង នាគព័ន្ធ​ បាន​ប្តេជ្ញា​ថា​ ការស្រាវជ្រាវ​ដើម្បី​ឆ្លុះបញ្ចាំង​ពីបញ្ហា​នៅក្នុង​សង្គម​ និង​ការចង់​បាន​របស់​ពលរដ្ឋ៖

«ជា​គោលបំណង​យើង​ យើង​ត្រូវមាន​ការ​ផ្លាស់ប្តូរ​ គោល​បំណង​ប្រជាពលរដ្ឋ​ចង់​មាន​បំណង​ផ្លាស់​ប្តូរ​អ្នក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ​ពីព្រោះ​ដោយសារតែ​ជាង​៣០ឆ្នាំ​ហើយ ​យើង​អត់​អាច​ទទួល​យក​បាន​ទេ យើង​ចង់​ផ្លាស់​ប្តូរ​ពីរ​អណត្តិ​បក្ស​មួយ ពីរ​អណត្តិ​បក្ស​មួយ​ដើម្បី​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ចូលរួម​អភិវឌ្ឍ​ប្រទេស​ចូលរួម​គិត​គំនិត​ដែល​ប្រជាពលរដ្ឋ​ចង់​បាន‍»។

រហូត​មក​ដល់​ពេលនេះ ការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាតលោក​បណ្ឌិត​កែម ឡី​ ស្ទើរ​តែក្លាយ​ជា​បញ្ហា​រសើបដែល​អ្នក​បញ្ចេញ​មតិ​ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ត្រូវ​ប្តឹង​ឡើង​តុលាការ​ និង​រត់ភៀស​ខ្លួន​ចេញ​ពី​ប្រទេស។ មាន​មនុស្ស​ចំនួន​៥នាក់​បាន​ជាប់ទោស​ និង​រត់ភៀសខ្លួន​ ក្នុងនោះ​មាន​លោក ផែង វណ្ណៈ មន្ត្រី​ប៉ូលិស​ថ្នាក់​វរសេនីយ៍ទោត្រូវជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ ដោយសារតែពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ភ្ជាប់​លោក ហ៊ុន សែន ទៅ​នឹង​សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ​ ក្រោយ​ពីធ្វើ​លិខិត​សុំ​ទោស​លោក​នាយក​រដ្ឋ​មន្ត្រី។

មនុស្ស ៤ នាក់​ទៀតមាន​លោក​សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ លោកស្រី​ថាក់ ឡានី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក​គឹម សុខ អ្នកវិភាគ​នយោបាយ​និង​សង្គម​និង​អ្នកលេង​ហ្វេស​ប៊ុក​ឈ្មោះ ហេង លក្ខណា ត្រូវ​មាន​ទោស​និង​ភៀសខ្លួន​ព្រោះតែ​ការរិះគន់​ថា លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​មាន​ជាប់​ទាក់ទិន​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

ហើយ​នៅ​ខួប​លើកទីបី​នៃ​ការ​ធ្វើ​ឃាត​លោកកែម ឡី​ ក៏​មាន​មនុស្ស​រហូត​៧នាក់ ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាកា រ​ដោយសារ​តែ​ជម្នះ​ធ្វើ​ពិធីនេះ​នៅ​កន្លែង​ដែល​លោក​ត្រូវ​បាន​សម្លាប់និង​លក់​អាវយឺត​ដែល​មាន​រូប​និង​សម្តី​ដើម​របស់​លោក។ ក្នុងនោះ​មាន​លោក​ សួង នាគព័ន្ធ និង​លោក​គង់​ រ៉ៃយ៉ា ដែលនឹង​ត្រូវ​ប្រឈម​នឹង​ចំណាត់ការ​របស់​តុលាការ។

នៅខួប​លើកទីបី​នេះ ពិធី​បុណ្យ​រំលឹកដល់លោក​បណ្ឌិត កែម ឡី ក៏​មានប្រារព្ធ​ធ្វើនៅ​ប្រទេស​ដទៃ​ទៀត​ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក បារាំង កូរ៉េខាងត្បូង និង​អូស្ត្រាលី​ជាដើម តាំងពី​ដើម​ខែ​កក្កដា​រហូតមក។

នៅ​សហរដ្ឋ​អាមេរិក សកម្មជន​សហគមន៍​ខ្មែរ-​អាមេរិកាំង​ដែល​មាន​សមានចិត្ត​នឹង​លោក​បណ្ឌិតកែម ឡី​ អតីត​អ្នកវិភាគនយោបាយ​និង​សង្គម​ បាន​ជួបជុំ​គ្នា​ធ្វើ​ពិធី​រំលឹក​ដល់​លោកនៅ​តាម​រដ្ឋ​មួយ​ចំនួន។​

​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ សកម្មជន​សហគមន៍​បាន​ជួបជុំគ្នា​នៅ​ភោជនីយដ្ឋាន​សំពៅ​មាស​ក្នុង​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សាឈូសិត។ សកម្មជន​ទាំងនេះ​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​និង​សហគមន៍​អន្តរជាតិ​ខិតខំ​ការពារ​អ្នក​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ ក្នុងការ​បញ្ចេញមតិ​និង​លទ្ធិ​ប្រជាធិបតេយ្យដទៃ​ទៀត​ ដែល​នៅ​រស់​រាន​មាន​ជីវិត​ផងដែរ។

លោក​ប៉ែន សុខផល អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ក្នុង​គោលបំណង​ដែល​សំខាន់​បំផុត​ គឺ​យើង​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​រក្សា​នូវ​សេចក្តី​គោរព​ស្រឡាញ់​នូវគុណូបការៈ​របស់​លោកដែល​ជា​បុរស​ម្នាក់​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ទូទាំង​ប្រទេសយល់​អំពី​សិទ្ធិ​សេរីភាព​ និង​ការតស៊ូ​បញ្ចេញ​មតិ​ ក៏​ដូច​ជា​ការ​ប្រើ​នូវ​ឧត្តម​គំនិត​ខ្លួនឯង​ហ្នឹង​ឱ្យ​មាន​ប្រយោជន៍​ដល់​ជាតិ​បាន‍»។​

លោក​ប៉ែន សុខផល បាន​សំណូមពរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជួយ​ថែរក្សា​ការពារ​និង​លើកស្ទួយ​អ្នក​ដែល​មាន​ស្មារតី​ជាតិ​ និង​សេចក្តីក្លាហាន​ដោយ​កុំ​ធ្វេស​ប្រហែស​ទាល់តែ​ពួកគេ​បាត់បង់​ជីវិត​ហើយ​ ទើប​នឹង​ស្តាយ​ស្រណោះ​ដែល​ក្នុងនោះ​មាន​លោក​មាស នី​ អតីត​មិត្តភក្តិ​ជិតស្និទ្ធ​របស់​លោក​កែម ឡី​ហើយ​បាន​ចេញមុខ​មក​ធ្វើ​ការ​វិភាគបន្ត។​

«ខ្ញុំ​សូម​ឱ្យ​យើង​ហ្នឹង​មេត្តា​ជួយជ្រោមជ្រែង​ដល់​ស្មារតី​ ឬក៏​អស់លោក​ ឬ​បញ្ញវ័ន្ត​ណា​មាន​បេះដូង​ស្រឡាញ់​ជាតិ ស្នេហាជាតិ​ពិតប្រាកដ​ដូច​លោក​កែម ឡី​ ដូច​លោក​មាស នី អីចឹង​សូម​កុំ​ឱ្យ​នឹក​សោកស្តាយ​នឹក​ចងចាំ​នៅពេល​ដែល​បាត់​បង់​ជីវិត បាត់បង់​របស់​ដែល​មាន​តម្លៃ​ទៅ។ អីចឹង​អ្វី​ដែល​សំខាន់​គឺ​ពួកគាត់​កំពុងតែ​មាន​ជីវិត​រស់នៅ​បច្ចុប្បន្ន​ ហើយ​គាត់​កំពុងតែ​ជួប​គ្រោះ​លំបាក​យ៉ាង​ដូច្នេះ​ ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា ​ហើយ​ជាពិសេស​ក្នុង​នាម​គាត់​ជា​អ្នក​បាន​ជ្រោម​ជ្រែង​លទ្ធិប្រជាធិបតេយ្យ​ដែរ ដូច្នេះ​សូម​ឱ្យ​យើង​ជួយ​គ្នា​ឡើង ចេះ​ជួយ​យក​អាសារ​គ្នា​ឡើង តិច​ច្រើន​ ខាង​ទឹកចិត្ត​ក្តី​ កម្លាំង​ថវិកា​ក្តី​ គឺ​យើង​ត្រូវ​ហ៊ាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចង​ជា​សម្ព័ន្ធភាព​ ចងជា​កម្លាំង​ដើម្បី​ឱ្យ​យើង​មាន​កម្លាំង​កាន់តែ​ខ្លាំង​ដើរ​ទៅមុខ‍»។​

នៅ​ប្រទេស​បារំាង​ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ក៏បាន​មក​ជួបជុំ​គ្នា​នៅវត្ត​ធម្មរង្ស៊ី ក្រុង​បាញើ ដែល​ស្ថិតនៅ​ក្បែរទីក្រុង​ប៉ារីស​ កាលពីថ្ងៃអាទិត្យ​ ដើម្បី​ធ្វើ​ពិធី​រំលឹក​ដល់​លោក​បណ្ឌិត​កែម ឡី​ ផងដែរ។

កញ្ញា​លឹម កណ្ណិកា ប្រធាន​ចលនា​យុវជន​នៃ​សាខា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង​ បានប្រាប់​វីអូអេ​ថា ក្រុម​យុវជន​សោក​ស្តាយ​ដែល​បាត់បង់​មនុស្ស​ដែល​សំខាន់​ដូចលោក​បណ្ឌិត​កែម ឡី៖

«សំឡេង​ពី​ខាង​យុវជន​យើង​ យើង​ស្តាយ​ណាស់ យើង​បាត់​មនុស្ស​ដែល​សំខាន់​សម្រាប់​ប្រទេសកម្ពុជា។ មិនមែន​តែ​សម្រាប់​ប្រទេស​កម្ពុជា​ទេ​ គឺ​យើង​ស្តាយ​មនុស្ស​ដែល​ជា​សកម្មជន​នយោបាយ​ ដែល​គាត់​បាន​ធ្វើ​ការងារ​ច្រើន​សម្រាប់ឱ្យ​យុវជន​ជំនាន់​ក្រោយ​យល់នូវ​នយោបាយ»។

កញ្ញា​ លឹម កណ្ណិកា បាន​បញ្ជាក់​ថា​ សិទ្ធិ​សេរីភាព​នៃ​ប្រទេស​មួយ​ត្រូវបាន​វាស់​ស្ទង់​តាម​រយៈ​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​ដោយ​សេរី​ដោយ​គ្មាន​ការ​សងសឹក៖

«យើង​យល់​ថា ​បើសិន​ជាយើង​មិន​អាចធ្វើ​វិភាគ​ខាងនយោបាយ​ ហើយ​គេ​មក​សម្លាប់​យើង​ ឬ​មក​សម្លាប់​មនុស្ស​ដែល​គេ​គ្រាន់តែធ្វើ​ការ​[វិភាគ] យើង​យល់​ថា​ អត់​មាន​សិទ្ធិ​សេរីភាព​ទេ​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​មិន​អាច​ទៅមុខ​ទៀត​ដូច​អីចឹង​ទេ​ ព្រោះ​ថា​យើង​ត្រូវ​តែ​គិត​អនាគត​សម្រាប់​យុវជន​ក្រោយ​ទៀត‍»។​

រូបឯកសារ៖ ជួប សម្លាប់​ ឬ​គេ​ស្គាល់​ឈ្មោះ​ពិត​ថា​ អឿត អាង​ (ខាង​ក្រោយ​ខ្នង) នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ តុលាការ​បានសម្រេច​កាត់ទោស​ ជួប សម្លាប់​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

រហូតមក​ដល់​ពេលនេះ​ មាន​មនុស្ស​តែ​ម្នាក់គត់​គឺ​បុរស​ឈ្មោះ អឿត អាង ហៅ​ជួប ​សម្លាប់ ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​បង្ហាញ​ថា ​ជា​អ្នក​លើក​ផែនការ និង​ជា​ជនដៃ​ដល់​សម្លាប់​ដោយ​សារតែ​គំនុំ​ខ្ចីប្រាក់ ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ សវនាការ​នោះ​មិន​មាន​ការចូលរួម​ពី​សមាជិក​ក្រុមគ្រួសារ​លោក​កែម ឡី ​ទេ​ដោយ​សារតែ​ពួកគេ​មិន​ជឿ​ថា ​ជន​នោះជា​ឃាតក​ពិត​ និង​ធ្វើ​សកម្មភាព​ម្នាក់​ឯង ​និង​មូលហេតុ​នៃ​ការ​សម្លាប់​នោះ​ ដោយសារតែ​លោក​កែម ឡី​ ជំពាក់​ប្រាក់​បន្តិចបន្តួច​ឡើយ ​ដោយសារតែ​អ្នក​ទាំងពីរ​នាក់​មិន​ដែល​ស្គាល់​គ្នា​ពីមុនមក​ផង។

អង្គការ​ការពារ​សិទ្ធិមនុស្សជាតិ​និង​អន្តរជាតិ​សំខាន់ៗ​សរុប​ចំនួន​២៤​ រួមមាន​អង្គការ​លីកាដូ​ (Licadho) សមាគម​អាដហុក​ (Adhoc) គណៈកម្មការ ចៅក្រម​អន្តរជាតិ​ (ICJ)​ អង្គការ​ Amnesty International របស់​ប្រទេស​អង់គ្លេស​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch (HRW)​ របស់​សហរដ្ឋ​អាមេរិក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើបអង្កេត «ដោយ​ហ្មត់​ចត់​ និង​មាន​ប្រសិទ្ធភាព»ទៅ​លើ​ការធ្វើ​ឃាតលោក​បណ្ឌិត​ កែម​ ឡី។

​លោកផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ថា ការ​ទទួល​យក​ឬ​មិន​ទទួល​យក​ការ​កាត់​ក្តី​របស់​តុលាការ​អាស្រ័យ​លើ​បុគ្គល​ផ្ទាល់​ខ្លួន៖

«ការ​ពេញចិត្ត​ឬ​ការ​មិន​ជឿ​អាស្រ័យ​ទៅលើ​សិទ្ធិ​ឯកជន​ណាមួយ​ ឬ​ក្រុម​ណាមួយ​ក្នុង​ការ​វិនិច្ឆ័យក្តីនេះ​ ក៏​ប៉ុន្តែ​គេ​មាន​សិទ្ធិ​គ្រប់គ្រាន់​នៃ​ការ​មិនពេញ​ចិត្ត​នេះ​ គួរតែ​ស្វែងរក​ភស្តុតាង​ពិត​ប្រាកដ ដើម្បី​យក​មក​ប្រជែង​នៅក្នុង​សាល​វិនិច្ឆ័យក្តី​នេះ»។​

រីឯ​អាជ្ញាធរ​ប៉ូលិស​បាន​អះអាង​ថា​ ការ​ស៊ើប​អង្កេត​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​ធ្វើ​ឃាត​នេះ​នៅ​បន្ត​នៅ​ឡើយ៕