ជីវប្រវត្តិ៖ លោកស្រី​ Kamala Harris ដែល​​ធ្លាប់​ជា​​បេក្ខជន​ប្រធានាធិបតី​​វិល​ត្រឡប់​​ចូលក្នុង​ការ​​ប្រកួត​នេះ​ឡើងវិញ

រូបឯកសារ៖ លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភារដ្ឋ California ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​លើក​ដំបូង​របស់​អ្នកស្រី​សម្រាប់​ប្រជែង​យក​​តំណែងប្រធានាធិបតីនៅ​ក្នុង​ទីក្រុង Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ​២០១៩។

លោកស្រី​ Kamala Harris សមាជិកា​ព្រឹទ្ធសភាសហរដ្ឋអាមេរិក​ព្យាយាម​ឱ្យ​ក្លាយ​ជាស្ត្រី​ទីមួយជាប់​ឆ្នោតជា​អនុប្រធានាធិបតីសហរដ្ឋអាមេរិក​នៅ​ក្រោយ​លោក Joe Biden ដែលបានត្រូវ​សន្មត​ថា​នឹង​ទទួលការ​តែងតាំង​ជាបេក្ខជន​ប្រធានាធិតី​ខាងគណបក្ស​ប្រជាធិបតេយ្យបានជ្រើស​រើស​លោកស្រី​ជាដៃគូរបស់លោក​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។

លោក​ស្រីមានឳពុក​ជាជន​ជាតិ Jamaica ហើយម្តាយ​លោកស្រី​មក​ពី​ប្រទេស​ឥណ្ឌាហើយ​ទាំង​ពីរ​នាក់​នេះជាជន​អន្តោប្រវេសន៍​មក​រស់នៅក្នុង​សហរដ្ឋ​អាមេរិក។ លោកស្រី Kamala Harris ជា​ស្ត្រី​ស្បែក​ខ្មៅ​ទីមួយ និង​ជាជន​ជាតិ​អាមេរិកាំង​មាន​ដើម​កំណើត​អាស៊ី​ខាង​ត្បូង​ទី​មួយដែល​ក្លាយ​ជា​បេក្ខជនអនុប្រធានាធិបតីអាមេរិក។​

ប្រវត្តិការងារ​របស់​លោកស្រី Kamala Harris​ អាយុ ៥៥ ឆ្នាំមាន​ដូចជា ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ស្បែក​ខ្មៅទីមួយនៃរដ្ឋ​ California និង​ជា​ស្ត្រីដំបូង​គេដែល​បានកាន់តំណែងនេះ។ កាល​ពី​ឆ្នាំ២០១៦ ​លោក​ស្រី​បានជាប់ឆ្នោត​ជា​សមាជិកា​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​តំណាងរដ្ឋ California ហើយ​លោកស្រី​ក៏​ក្លាយ​ជា​ស្ត្រី​ទី​មួយ​មានពូជពង្សអាស៊ីខាងត្បូង​ដែល​បានទទួលតំណែង​នេះ។

លោកស្រី​ Kamala Harris ចង់ឲ្យ​លោក Biden ដែល​ជា​អ្នកប្រជាធិបតេយ្យជាប់​ឆ្នោត ជា​ប្រធានាធិបតី ដើម្បីកុំឱ្យលោក Trump ជាប់​ឆ្នោតមួយអាណត្តិទៀត​ ហើយធ្វើ​ឱ្យ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់តំណែង​កំពូល​នៅក្នុង​សេតវិមានវិញ។​ ​យុទ្ធនាការ​របស់លោកស្រី​បានចាប់ផ្តើម​ដោយមាន​ភាពខ្លាំង​ក្លា ដែល​មានមនុស្ស ២ ម៉ឺននាក់ចូល​រួមក្នុងការ​ជួបជុំ​របស់លោកស្រី​នៅ​ក្នុង​ក្រុង​ Oakland រដ្ឋCalifornia។ ​កាល​ពី​ដើម​ខែ​កក្កដា ​ឆ្នាំ២០១៩​ លោកស្រីនៅ​ពី​ក្រោយតែ​លោក​ Biden នៅ​ក្នុង​ការ​ស្ទង់​មតិសាធារណៈ ​បន្ទាប់ពី​លោកស្រីបាន​ទទួល​ការ​សរសើរនៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​មួយ​ជា​មួយបេក្ខជនច្រើននាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី Kamala Harris ដែល​បេក្ខជន​អនុប្រធានាធិបតី​អាមេរិក និង​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​អាមេរិក បង្ហាញ​វត្ដមាន​រួម​គ្នា​ជា​លើក​ដំបូង ក្រោយ​លោក Biden ប្រកាស​ជ្រើសរើស​អ្នកស្រី​ឲ្យ​ឈរឈ្មោះ​រួម​គ្នា។

ក៏​ប៉ុន្តែ​នៅ​ច្រើន​ខែបន្ទាប់​មក តួលេខនៃ​ការ​គាំទ្រលោកស្រី​ក្នុង​ការ​ស្ទង់​មតិបាន​ចុះថយ​ជា​លំដាប់ ហើយកាល​ពី​ដើម​ខែ​ធ្នូ លោកស្រីបានប្រកាស​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត​ប្រជែង​នេះ​ដោយ​និយាយ​យោង​ដល់​ការពិបាករៃ​អង្គាស​ប្រាក់​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកស្រី។

កាលពីខែ​មីនា​ ក្រោយ​ពេល​លោក Biden មាន​ការគាំទ្រច្រើន​ជាង ​សមាជិក​ព្រឹទ្ធសភា​ស.រ.អ.លោក​ Bernie Sanders ហើយលោក​បានឈ្នះនៅក្នុង​ការ​បោះឆ្នោត​បឋមក្នុងរដ្ឋ​មួយ​ចំនួន​មក លោកស្រី​ Harris បាន​ផ្តល់​ការ​គាំទ្រ​របស់​លោកស្រី​ដល់​លោក Biden នៅ​ក្នុង​ការប្រកួត​ប្រជែងដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​ ដោយ​លោកស្រី​បាន​មានប្រសាសន៍​ថា៖ «ខ្ញុំជឿ ទុក​ចិត្ត​ Joe»។

លោក​ស្រី​ Harris បាន​និយាយថា៖ «អ្វី​មួយ​ក្នុង​បណ្តាអ្វីៗដែល​យើង​ត្រូវការនៅ​ពេល​នេះគឺ​យើង​ត្រូវការ​មេដឹកនាំ​ម្នាក់​ដែល​គិតគូរដល់​ប្រជារាស្ត្រនិង​ដែល​អាចបង្រួបបង្រួម​ប្រជារាស្ត្រ​បាន។​ហើយខ្ញុំមានជំនឿ​ថា​ Joe អាចធ្វើការ​នេះបាន»។

នៅក្នុងការប្រកាសថា​លោកស្រី Harris ជា​ជម្រើស​របស់​លោកក្នុង​ការ​ចូល​រួមជា​មួយ​លោក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ លោក Biden បាន​ព៌ណនា​លោកស្រី​កាលពី​ថ្ងៃ​អង្គារទី១១​សីហា​ថា​ជា«អ្នក​ប្រយុទ្ធ​ម្នាក់​គ្មានការ​ភ័យ​ខ្លាច​សម្រាប់​មនុស្ស​តូចតាច​ហើយ​ជាអ្នក​រដ្ឋការម្នាក់​ក្នុង​បណ្តាពួកអ្នក​រដ្ឋការល្អ​ប្រសើរ​បំផុតរបស់​ប្រទេស»។​

លោក​ស្រី​ Harris បាន​ទទួលបរិញ្ញាបត្រ​ពីសាកល​វិទ្យាល័យ Howard ក្នុង​រដ្ឋធានី Washington D.C. ដែល​ជា​សាកល​វិទ្យាល័យជន​ស្បែក​ខ្មៅ​ជា​ប្រពៃ​ណី។​ បន្ទាប់​មក​លោកស្រីបាន​ទទួលបរិញ្ញាបត្រ​ខាង​ច្បាប់​ពី​សាកលវិទ្យាល័យរដ្ឋ California ក្នុង​ក្រុង Hastings នៅ​មុន​ពេល​លោកស្រី​ទៅ​ធ្វើការនៅ​ឯ​ការិយាល័យមេធាវីក្នុង​ស្រុក​ Alameda។

លោក​ស្រី Harris ​បាន​បម្រើការពីរ​អាណត្តិ​ជាមេធាវី​ស្រុកនៃ​ក្រុង San Francisco នៅមុន​ពេល​លោកស្រី​ជាប់​ឆ្នោត​ជារដ្ឋមន្ត្រី​យុត្តិធម៌​នៃ​រដ្ឋ California។​

​ប្រវត្តិ​ការងារ​ទាំង​នេះ​របស់​លោកស្រី​ Harris នៅ​ក្នុង​រដ្ឋ California ជា​ទីដៅ​នៃ​ការ​ត្រួត​ពិនិត្យដោយ​មានការ​រិះគន់​ថាលោកស្រី​មិន​បាន​ធ្វើការកែទម្រង់​ខាង​ព្រហ្មទណ្ឌ ហើយ​មិន​បាន​ចាត់​វិធានការ​ឱ្យ​បាន​គ្រប់គ្រាន់ដើម្បី​ស៊ើប​អង្កេតអំពី​ការ​បាញ់​ដោយ​ពួក​ប៉ូលិស។

ដោយសារបញ្ហា​ទាំង​នោះមានសារៈសំខាន់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយក្រុម​បាតុករ​បាន​ធ្វើ​បាតុកម្មច្រើន​ខែ​មក​ហើយប្រឆាំង​នឹង​អំពើ​ហិង្សា​ដោយ​ពួក​ប៉ូលិសនិង​វិសមភាព លោកស្រី Harris ​ឋិត​នៅ​ក្នុង​ចំណោម​ពួក​សមាជិក​សភា​សហរដ្ឋ​អាមេរិក ដែល​ជំរុញ​ឱ្យ​មានសេចក្តី​ព្រាង​ច្បាប់​សម្រាប់​ធ្វើ​កំណែ​ទម្រង់ប៉ូលិស​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ