អ្នកស្រី Kamala Harris ត្រូវព្យាករណ៍ថានឹងឈ្នះឆ្នោតក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូងបង្អស់របស់អាមេរិក 

  • ​Reuters

រូបឯកសារ៖ អ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលត្រូវបានព្យាករណ៍​ថាឈ្នះការបោះឆ្នោតក្លាយជាអនុប្រធានាធិបតីអាមេរិក ថ្លែងនៅក្នុងកម្មវិធីយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅទីក្រុង Detroit រដ្ឋ Michigan កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

វ៉ាស៊ីនតោន — អ្នកស្រី Kamala Harris បាន​បង្កើត​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ឈ្នះ​ការបោះឆ្នោត​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ដែល​ឈរ​ឈ្មោះ​ជាមួយ​នឹង​លោក​អតីត​អនុប្រធានាធិបតី Joe Biden ដែល​ត្រូវ​បាន​ព្យាករណ៍​ថា ​ឈ្នះ​ការ​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី។

អ្នកស្រី Kamala Harris​ នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​ជាប់​ឆ្នោត​ជា​ស្ត្រី​ដំបូង​បង្អស់ ជា​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ដំបូង​បង្អស់ និង​ក៏​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ដំបូង​បង្អស់ ដែល​បាន​ឈ្នះ​ចូល​កាន់​តំណែង​ខ្ពស់​បំផុត​ទី​ ២ នៅ​សហរដ្ឋអាមេរិក​នេះ​ផង​ដែរ។

អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​នឹង​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​យ៉ាង​ប្រាកដ​ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០២៤ ខាង​មុខ ប្រសិនបើ​លោក Joe Biden ដែល​នឹង​មាន​អាយុ ៧៨ ឆ្នាំ នៅ​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ខាង​មុខ​នេះ សម្រេច​ចិត្ត​ថា លោក​មិន​ចង់​ចូលរួម​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី ២ របស់​លោក​នោះ។ ប៉ុន្តែ​ អ្នកស្រី Kamala Harris មិន​បាន​បញ្ចេញ​យោបល់​ជា​សាធារណៈ​លើ​ការ​យល់ឃើញនេះ​ទេ។

វិទ្យាស្ថាន​ស្រាវជ្រាវ Edison Research និងបណ្តាញ​ទូរទស្សន៍​ធំៗ​របស់​សហរដ្ឋអាមេរិក ​កាល​ពី​ថ្ងៃសៅរ៍ បាន​ព្យាករណ៍​ពី​ជ័យ​ជម្នះ​របស់​អ្នកស្រី Kamala Harris និងលោក Joe Biden ដោយ​ផ្អែក​លើ​លទ្ធផល​ចុង​ក្រោយ​ក្រៅ​ផ្លូវ​ការ​ បើ​ទោះ​បី​ជា​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច​គឺ​លោក Donald Trump មក​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​ប្តេជ្ញា​បន្ត​ការ​ប្រជែង​ដោយ​ដាក់ពាក្យ​បណ្តឹង​ផ្សេងៗនៅ​តុលាការ​ក៏​ដោយ។

ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​មក​ពី​រដ្ឋ California អ្នកស្រី Harris មាន​ប្រវត្តិការងារ​ដែល​បំបែក​កំណត់​ត្រា​នានា។ អ្នកស្រី​បាន​បម្រើ​ការងារ​ជា​មេធាវី​ស្ត្រី​ដំបូងបង្អស់​នៅ​ទីក្រុង San Francisco និង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូងបង្អស់​ក្នុង​រដ្ឋ California ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គរដ្ឋអាជ្ញា​នៅ​ក្នុង​រដ្ឋនោះ។

បទពិសោធន៍​របស់​អ្នកស្រី Harris​ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ឧក្រិដ្ឋកម្ម អាច​ជួយ​រដ្ឋបាល របស់​លោក Biden ដោះស្រាយ​បញ្ហា​សមភាព​ជាតិ​សាសន៍​និង​បញ្ហា​ភាពឃោរឃៅរបស់​ប៉ូលិស បន្ទាប់​ពី​ប្រទេស​នេះ​ត្រូវ​បាន​ជួប​ការតវ៉ា​ជាច្រើន​នៅឆ្នាំនេះ។ អ្នកស្រី Harris ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​អ្នកប្រឹក្សា​ជាន់​ខ្ពស់​បំផុត​ម្នាក់ ក្នុង​ការ​តែង​តាំង​ចៅ​ក្រម​នានា។

អ្នកស្រី Harris ដែល​ម្តាយ​និង​ឪពុក​បាន​ធ្វើអន្តោប្រវេសន៍​ពី​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ហ្សាម៉ាអ៊ីក​មក​សហរដ្ឋអាមេរិក មាន​គោល​បំណងចង់​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បង្អស់​របស់​សហរដ្ឋអាមេរិក នៅ​ពេល​ដែល​អ្នកស្រី​បាន​ប្រកួត​ប្រជែង​ជាមួយ​លោក Joe Biden និង​អ្នកផ្សេងទៀត សម្រាប់​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​នេះ។ ប៉ុន្តែ​អ្នកស្រី​បាន​ធ្លាក់​ចេញ​ពី​ការប្រកួត​ជម្រុះ​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន។

លោក Biden ​បាន​បំភ្លេច​ចោល​ពាក្យពេចន៍​រិះគន់​ធ្ងន់ធ្ងរ​ ក្នុង​យុទ្ធនាការរបស់​អ្នកស្រី Harris មកលើរូព​លោក ហើយ​បាន​សម្រេច​ចិត្ត​ជ្រើសរើស​អ្នកស្រី​ ធ្វើជា​ដៃ​គូ​ កាល​ពី​ខែ​សីហា ដើម្បី​ឈរ​ឈ្មោះ​ជាមួយ​នឹង​លោក សម្រាប់​តំណែងជាអនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អ្នកស្រី Harris​ បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​គេ​ឃើញ​ថា ​អ្នកស្រី​គឺជា​ដៃ​គូ​ដ៏​មាន​តម្លៃ​ និងមាន​សមត្ថភាព​ម្នាក់ ដែល​អាច​ទាក់ទាញ​យក​ការ​គាំទ្រ ជាពិសេស​ពីស្ត្រី​ពី​អ្នកបោះឆ្នោត​គាំទ្រ​នយោបាយ​កំណែ​ទម្រង់​ និង​ពី​អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ​នានា ដែល​សំឡេង​ឆ្នោត​របស់​ពួកគេ​ទាំងអស់​សុទ្ធ​តែ​មាន​សារៈសំខាន់ ចំពោះ​ក្តី​សង្ឃឹម​នៃ​ការបោះឆ្នោត​របស់គណបក្ស​ប្រជាធិបតេយ្យ៕