សាស្ត្រាចារ្យ Alex Hinton៖ យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​ខ្មែរ​មាន​ឫស​គល់​ក្នុង​ព្រះពុទ្ធសាសនា

មហាជន​ចូល​រួម​ទស្សនា ​និង​ស្ដាប់​សវនាការ​ស្ដាប់​ចម្លើយ​មួយ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ឯ​សាលា​ក្ដី​ខ្មែរ​ក្រហម។ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)

សៀវភៅ​នេះ​លើក​ឡើង​​ថា ការ​យល់​ថា​សហគមន៍​អន្តរជាតិ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជាជន​ខ្មែរ​បាន​នោះ​ វា​ដូចជា​របាំង​ខាង​ក្រៅ​មួយ ដែល​បិទ​បាំង​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​មួយ ដែល​កប់​នៅ​ពី​ក្រោយ​តុលាការ​នេះ ហើយ​និង​​ផ្នត់​គំនិត​ដែល​ប្រជាជន​កម្ពុជា​មាន​ក្នុង​ការ​បកស្រាយ​អត្ថន័យ​នៃ​ពាក្យ «យុត្តិធម៌» និង​រឿង​រ៉ាវ​ទាក់ទង​នឹង​ខ្មែរ​ក្រហម​និង​សាលា​ក្ដី​ខ្មែរ​ក្រហម។

វ៉ាស៊ីនតោន––កំណត់និពន្ធ៖ សាលា​ក្ដី​ខ្មែរ​ក្រហម ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្វែងរកយុត្តិធម៌​តាម​ស្តង់ដារ​អន្តរជាតិ​ដល់​ជនរងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ និង​ដើម្បី​ក្លាយ​ជា​គំរូ​ប្រព័ន្ធ​យុត្តិធម៌​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​សាស្ត្រាចារ្យ Alex Hinton នៃ​សាកលវិទ្យាល័យ Rutgers ផ្នែក​សង្គម​វិទ្យា​និង​នរវិទ្យា​នៅ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ក្នុង​សៀវភៅ​ថ្មី​របស់​លោក​អំពី​សាលា​ក្ដី​ខ្មែរ​ក្រហម ដែលបាន​បោះពុម្ព​ផ្សាយ​ក្នុង​ខែ​ឧសភា​ឆ្នាំ២០១៨ ថា យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​ប្រជាជន​កម្ពុជា ដែល​មាន​ឫស​គល់​ក្នុង​ព្រះពុទ្ធសាសនា មាន​អត្ថន័យ​ខុស​ពី យុត្តិធម៌​តាម​ស្តង់ដារ​អន្តរជាតិ។ លោក​សាស្ត្រាចារ្យ Alex Hinton ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​មេ​ខ្មែរ​ក្រហម កាំង ហ្គេកអ៊ាវ ហៅ ឌុច ហើយ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​សាក្សី​ជំនាញ​ក្នុង​សំណុំ​រឿង​០០២ ដំណាក់​កាល​ទី២ នៃ​តុលាការ​ខ្មែរ​ក្រហម​ផង​ដែរ។ លោក ចាប ចិត្រា នៃ VOA បាន​សម្ភាសន៍​លោក​សាស្ត្រាចារ្យ​ Alex Hinton កាល​ពី​ពេល​ថ្មីៗ​នេះ អំពី​សៀវភៅ​ថ្មី​របស់​លោក ដែល​មាន​ចំណង​ជើង​ថា៖ «របាំង​យុត្តិធម៌៖ សវនាការ​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា» ឬ​ជា​ភាសា​អង់គ្លេស​ថា៖ «Justice Facade: Trials of Transition in Cambodia‍»។​

Your browser doesn’t support HTML5

បទសម្ភាសន៍ VOA៖​ នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​ខ្មែរ​មាន​ឫស​គល់​ក្នុង​ព្រះពុទ្ធសាសនា

លោក​សាស្ត្រាចារ្យ Alex Hinton អ្នកនិពន្ធសៀវភៅ៖ «Justice Facade: Trials of Transition in Cambodia‍»។ (រូប​ផ្ដល់​ឲ្យ​ដោយ Lawrence Lerner)

​​​ជំរាប​សួរ​លោក​សាស្ត្រាចារ្យ Alex Hinton! សូម​អរគុណ​ដែល​លោក​បាន​ចំណាយ​ពេល​ជាមួយ​នឹង​ VOA ដើម្បី​ជជែក​អំពី​សៀវភៅ​ថ្មី​របស់​លោក។

បាទ សូម​អរគុណ សម្រាប់​ការ​ចាប់​អារម្មណ៍​របស់​ VOA លើ​សៀវភៅ​នេះ។

លោក​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​អំពី​សាលា​ក្តី​ខ្មែរ​ក្រហម ហើយ​លោក​បាន​ដាក់​ឈ្មោះ​សៀវភៅ​នេះ​ថា «របាំង​យុត្តិធម៌ ឬ្ Justice Facade»។ តើ​ចំណង​ជើងនេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?

«Facade‍ ឬ របាំង» គឺ​ជា​ផ្នែក​ខាង​ក្រៅ មាន​ន័យ​ថាយើង​អាច​មើល​ឃើញ​តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ យើង​មិន​អាច​មើល​ឃើញ​ថា​មាន​អ្វី​នៅ​ផ្នែកខាង​ក្នុង​នោះ​ទេ។ សៀវភៅ​នេះ​លើក​ឡើងថា ការ​យល់​ថា​សហគមន៍​អន្តរជាតិ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជាជន​ខ្មែរ​បាន​នោះ​ វា​ដូចជា​របាំង​ខាង​ក្រៅ​មួយ ដែល​បិទ​បាំង​រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​មួយ ដែល​កប់​នៅ​ពី​ក្រោយ​តុលាការ​នេះ ហើយ​និងផ្នត់​គំនិត​ដែល​ប្រជាជន​កម្ពុជា​មាន​ក្នុង​ការ​បកស្រាយ​អត្ថន័យ​នៃ​ពាក្យ «យុត្តិធម៌» និង​រឿង​រ៉ាវ​ទាក់ទង​នឹង​ខ្មែរ​ក្រហម​និង​សាលា​ក្ដី​ខ្មែរ​ក្រហម។ ដូច្នេះ​សៀវភៅ​នេះ​បង្ហាញ​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​មើល​រំលងរបាំង​ខាង​ក្រៅ​នេះ ហើយ​ព្យាយាម​ស្វែង​យល់​ពី​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋសាមញ្ញ​ខ្មែរ​ អំពី​ដំណើរការ​ស្វែងរក​យុត្តិធម៌នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​នេះ។ បំណង​របស់​ខ្ញុំ​គឺ​ ព្យាយាម​ជជែក​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ រួម​ទាំង​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ហើយ​ព្យាយាម​យល់​ថាតើ​ពួកគេ​យល់​ពីអត្ថន័យ​នៃ​យុត្តិធម៌​អន្តរជាតិ​ដូចម្ដេច​ខ្លះ។ ពាក្យ «យុត្តិធម៌អន្តរជាតិ​‍» តែងតែ​ប្រើ​ជាមួយ​នឹង​ពាក្យ «អន្តរកាលយុត្តិធម៌» ដែល​ជាប់​ទាក់ទង​នឹង​កិច្ច​ខំ​ប្រឹង​ប្រែង​ដូចជា​ ការ​ផ្តល់​យុត្តិធម៌ សន្តិភាព ការ​ផ្សះផ្សារ និង​ការ​ធ្វើ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។ ខ្ញុំ​បាន​គិត​ត្រៀម​សរសេរ​សៀវភៅ «របាំង​យុត្តិធម៌ ឬ Justice Facade‍» នេះ តាំង​ពី​មុន​ខ្ញុំ​សរសេរ​និង​បោះពុម្ព​សៀវភៅ «មនុស្ស ឬ បិសាច ឬ Man or Monster» អំពី​លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច មក​ម្ល៉េះ។

សៀវភៅ «‍Justice Facade Trials of Transition in Cambodia»។ (រូបថតថតពីគេហទំព័រ)

តើ​លោក​ចង់​និយាយ​ថា ពលរដ្ឋ​ខ្មែរ​ឲ្យ​អត្ថន័យ​ពាក្យ​យុត្តិធម៌​ ខុស​ពី​សហគមន៍​អន្តរជាតិ​មែន​ទេ?

បាទ នេះ​ជា​សំណួរ​ល្អ​ណាស់។ សៀវភៅ​របស់​ខ្ញុំ​វិភាគ​ច្រើន​លើ​ការ​យល់​ឃើញ​តាម​បែប​ព្រះពុទ្ធ​សាសនា ដែល​ជួយ​ផ្សារភ្ជាប់​បទ​ពិសោធន៍​របស់​អ្នក​ដែល​កំពុង​ធ្វើ​សក្ខីកម្ម​ ហើយ​ថា​តើ​តុលាការ​ខ្មែរ​ក្រហម ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ពួកគេ។ ខ្ញុំ​សូម​ផ្តល់​ឧទាហរណ៍​ខ្លី​មួយ។ នៅ​ក្នុង​បន្ទប់​សវនាការ​ ខ្ញុំ​បាន​សួរ​ពួកគេ «ហេតុអ្វី​បាន​ជា​អ្នក​ផ្តល់​សក្ខីកម្ម? តើ​ការ​ផ្ដល់​សក្ខីកម្ម​នេះ មាន​ន័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​អ្នក?» ពួកគេ​ជារឿយៗ​និយាយ​ថា «ខ្ញុំ​ចង់​បាន​យុត្តិធម៌»។ តែ​ពាក្យ​ «យុត្តិធម៌‍» នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ន័យ​ក្នុង​គោល​ការណ៍​ព្រះពុទ្ធ​សាសនា។ ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​និយាយ​ថា អ្នក​ទាំង​អស់​គ្នា​មិន​ត្រឹម​តែ​ចង់​បាន​យុត្តិធម៌​នោះ​ទេ ប៉ុន្តែ​ពួកគេ​ចង់​បាន​យុត្តិធម៌​សម្រាប់​ព្រលឹង​របស់​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​ពួកគេ​យល់​ថា ការ​ផ្តល់​សក្ខីកម្ម​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ខ្លួន​គេ និង​សម្រាប់​សាច់ញាតិ​ដែល​បាត់បង់​ជីវិត​ផង​ដែរ គឺ​ជួយ​ដល់​ការ​ចាប់​ជាតិ​ថ្មី​របស់​សាច់​ញាតិ​ទាំងនោះ។ អ្នក​ដើម​បណ្តឹង​ខ្លះ​បាន​និយាយ​ថា ព្រលឹង​អ្នក​ស្លាប់​នៅ​វិលវល់​ពេញ​បន្ទប់​សវនាការ។ មនុស្ស​ម្នាក់​ថែម​ទាំង​កាន់​រូប​របស់​បង​ប្រុស​របស់​គាត់​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​គុក​ទួលស្លែង ហើយនិយាយ​ថា «បងប្រុស បង​នៅ​ទីនេះ​ជាមួយ​ខ្ញុំ​ក្នុង​បន្ទប់​សវនាការ​នេះ។ ខ្ញុំ​មក​ផ្តល់​សក្ខីកម្ម​នេះ​ដើម្បី​បង»។ នេះ​ជា​អត្ថន័យនៃ​ពាក្យ «យុត្តិធម៌» ក្នុង​គោល​ការណ៍​ព្រះពុទ្ធ​សាសនា ដូច្នេះ​វា​មាន​ភាព​ស៊ីជម្រៅ​និង​ភាព​ស្មុគស្មាញ​លើស​ពី យុត្តិធម៌​អន្តរជាតិ ឬ អន្តរកាល​យុត្តិធម៌ ខ្លាំង​ណាស់។

ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)

តើ​លោក​អាច​បញ្ជាក់​ម្តង​ទៀត​អំពី​អត្ថន័យ​នៃ​ពាក្យ​យុត្តិធម៌​តាម​បែប​ព្រះពុទ្ធ​សាសនា? តើ​វា​ខុស​ពី​អត្ថន័យ​នៃ​ពាក្យ​យុត្តិធម៌​ក្នុង​បរិបទ​អន្តរជាតិ​យ៉ាង​ដូចម្តេច​ខ្លះ?

បាទ ប្រាកដ​ជា​បាន។ នេះ​ជា​សំណួរ​ដ៏​ល្អ​មួយ។ យុត្តិធម៌​អន្តរជាតិ​គឺ​សំដៅ​ទៅ​លើ​យុត្តិធម៌ សន្តិភាព ការ​ផ្សះផ្សារ និង​ការ​ធ្វើ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ។ រី​ឯ​ក្នុង​ព្រះពុទ្ធសាសនា​វិញ យើង​អាច​មើល​ឃើញ​បាន​តាមរយៈ​ទ្រឹស្ដី ‍«កម្មផល‍»។ សកម្មភាព​នៅ​ក្នុង​អតីតកាលកំណត់​រឿងរ៉ាវ​នៅ​ពេល​អនាគត។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​អ្នក​និយាយ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នក​ខ្លះ ហើយ​បាន​សួរ​ថា៖ «តើ​ពួក​គេ​យល់​ថា​ចាំបាច់​មាន​តុលាការ​នេះ​ឬ​ទេ‍?» ពួកគេ​ឆ្លើយ​ថា៖ ‍«អត់​ចាំ​បាច់​ទេ‍! តាម​ពិត​ទៅ មនុស្ស​ដែល​ធ្វើ​អាក្រក់​ ដូចជា​មេដឹកនាំ​ខ្មែរ​ក្រហម នឹង​ត្រូវ​បាន​ដាក់​ទោស​នៅ​ពេល​អនាគត ឬ​ជាតិ​ក្រោយ‍»។ អ្នក​ខ្លះ​ក៏​និយាយ​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​ ហើយ​សូម្បី​តែ​អ្វី​ដែល​កើត​ឡើង​ចំពោះ​ជនរងគ្រោះ​ក៏​ជា​អ្វី​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​សកម្មភាព​កាលពី​អតីតកាល​ដែរ។ ខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​គុក ​ស២១ ហើយ​ពួក​គេ​ប្រាប់​ខ្ញុំ​និយាយ​ថា កាលពី​អតីតកាល ពួកគេ​ប្រហែល​ជា​បាន​ធ្វើ​អំពើ​អាក្រក់ជាច្រើន ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ ឌុច ដែល​ជា​ប្រធាន​គុក ស២១ ទើប​មាន​កម្ម​ពារ​ជាមួយ​ ឌុច។ នេះ​ជា​អ្វី​ដែល​បាន​ជះ​ឥទ្ធិពល​លើ​ស្ថានភាព​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ បើ​និយាយ​ពី​ការ​ចាប់​ជាតិ​ថ្មី​វិញ ពួកគេ​ជឿ​ថា ការ​ឧទ្ទិស​ផល​បុណ្យ​ឲ្យ​អ្នក​ស្លាប់​នឹង​ជួយ​ឲ្យអ្នក​ទាំង​នោះឆាប់​បាន​ចាប់​ជាតិ​ថ្មី។ ពួកគេ​មក​តុលាការ​គឺ​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ទៅ​ឲ្យ​ព្រលឹង​អ្នក​ស្លាប់​ដើម្បី​ជួយ​អ្នក​ទាំង​នោះ ​បាន​ទៅ​ចាប់​ជាតិ​នៅ​កន្លែង​ល្អ​ជាង​មុន។

តើ​លោក​ចង់​និយាយ​ថា ពួកគេ​ជឿ​ថា តុលាការ​ខ្មែរ​ក្រហម​អាច​ផ្ដល់​កុសល​បុណ្យ​ឲ្យ​ព្រលឹង​អ្នក​ស្លាប់​បាន​ មែន​ទេ?

ពិត​ណាស់។ វា​ដូចជា​ពិធីបាំងស្កូល​ដ៏​ធំ​មួយ​អញ្ចឹង សម្រាប់​មនុស្ស​មួយ​ចំនួន។ ដូច្នេះ​តុលាការ​បាន​ធ្វើ​រឿង​រ៉ាវ​ជាច្រើន ប៉ុន្តែ​មួយ​ក្នុង​ចំណោម​នោះ​គឺ​រៀបចំ​ពិធី​បាំងស្កូល ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់។ សៀវភៅ​នេះ​ក៏​និយាយ​លម្អិត​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា និង​តុលាការ​ផ្ទាល់​ក្នុង​ការ​ព្យាយាម​បកស្រាយ​អត្ថន័យ​ពាក្យ​ថា យុត្តិធម៌​អន្តរជាតិ ទៅ​ជា​ពាក្យ​ងាយ​យល់​សម្រាប់​ពលរដ្ឋ ពិសេស​ក្នុង​បរិបទ​ព្រះ​ពុទ្ធសាសនា។ ខ្ញុំ​បាន​និយាយ​អំពី​រឿង​នេះ​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ។ នេះ​ជា​វិធី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់ និង​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​នឹង​តុលាការ។ អ្នក​ខ្លះ​ក៏​បាន​ភ្ជាប់​តុលាការ​ទៅ​នឹង​ការ​ឧទ្ទិស​កុសល​បុណ្យ​ដល់​ព្រលឹង​អ្នក​ស្លាប់។

តើ​ពលរដ្ឋ​ខ្មែរ​យល់​យ៉ាង​ណា​ចំពោះ​យុត្តិធម៌​អន្តរជាតិ ហើយ​តើ​ពួកគេ​គិត​ថា សាលាក្ដី​ខ្មែរ​ក្រហមជោគជ័យ​ក្នុង​ការផ្ដល់​យុត្តិធម៌​តាម​ន័យ​ព្រះពុទ្ធ​សាសនា​ដល់​ពួកគេ​ដែរ​ឬ​ទេ?

នេះ​ជា​សំណួរ​ដ៏​ពិបាក​មួយ។ ខ្ញុំ​មិន​ចង់​ឆ្លើយជំនួស​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ​នេះ​ជា​ការ​យល់​ឃើញ​របស់ពួក​គេ ​ដូច្នេះ​វា​សក្តិសម​បំផុត​ដែល​ទុក​ឲ្យ​ពួកគេ​ឆ្លើយ។ ប៉ុន្តែ​មាន​ភាគី​ច្រើន​ក្នុង​បញ្ហា​នេះ។ បើ​សំដៅ​លើ​មេដឹកនាំ​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល ដែល​កំពុង​រស់​នៅ​អន្លង់វែង ឬ​ប៉ៃលិន ឬ​តំបន់​ផ្សេងៗ​ទៀត ពួកគេ​ភាគច្រើន​និយាយ​ថា មិន​ចាំបាច់​មាន​តុលាការ​នោះ​ទេ។ មិន​មែន​គ្រប់​គ្នា​និយាយ​អញ្ចឹង​ទេ ប៉ុន្តែ​ភាគច្រើន​និយាយ​ដូច្នេះ។ បើ​សិន​អ្នក​សួរ​មនុស្ស​ចាស់ៗ​ ដូចជា​យាយជី​ដែល​ស្នាក់នៅ​វត្ត ពួកគាត់​អាច​នឹង​ឆ្លើយ​ថា មិន​ចាំបាច់​មាន​តុលាការ​នោះ​ទេ ដោយសារ​អ្នក​ទាំង​នេះ​នឹង​ត្រូវ​ចាប់​កំណើត​ថ្មី។ យើង​ត្រូវ​ផ្ដាច់​និស្ស័យ​ពី​អ្នក​ទោស​ខ្មែរ​ក្រហម​ទាំង​នោះ។ កម្មពារ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ។ មាន​អ្នក​ខ្លះ​ទៀត​ដែល​ពិត​ជា​ចង់​បាន​យុត្តិធម៌​ខ្លាំង ទាមទារ​ឲ្យ​តុលាការ​កាត់​ក្តី​ដាក់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ។ ការ​យល់​ឃើញ​បែប​នេះ​ចាប់​ផ្តើម​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​សញ្ញាណ​នៃ​យុត្តិធម៌​អន្តរជាតិ។ ​ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​គ្នា​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​ លើក​ឡើង​ពី​ការ​ឧទ្ទិស​កុសល​បុណ្យ​ឲ្យ​ព្រលឹង​អ្នក​ស្លាប់។ លោក រាជ សម្បត្តិ ដែល​ជា​អតីត​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ បាន​បង្កើត​កម្មវិធី​នាំ​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​ទិសទី​ក្នុង​ប្រទេស​ មក​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​បាន​ប្រាប់​ខ្ញុំ​ដោយ​ផ្ទាល់​ថា ឈ្មោះ​ហៅ​ក្រៅ​របស់​លោក​គឺ «អ្នក​ចូល​រូប»។ លោក​ផ្ទាល់​បាន​បាត់បង់​សមាជិក​គ្រួសារ ហើយ​លោក​យល់​ថា ការ​ចូលរួម​របស់​លោក​គឺ​ដើម្បី​ភ្ជាប់​ជាមួយ​នឹង​ព្រលឹង​សមាជិក​គ្រួសារ​លោក​ដែល​នៅ​តែ​តាម​លោក។ ព្រលឹង​របស់​ពួកគេ​នៅ​វិលវល់។ ដូច្នេះ សារ​ជា​ថ្មី អ្នក​នាំពាក្យ​ផ្លូវការរបស់​សាលាក្ដី​ខ្មែរ​ក្រហមយល់​ពី​យុត្តិធម៌​តាម​បែប​ព្រះពុទ្ធសាសនា​នេះ ហើយ​ក៏​យល់​ពី​អត្ថន័យ​នៃ​យុត្តិធម៌​របស់​លោក​ខាង​លិច​ផង​ដែរ។ លោក​មើល​ឃើញ​ថា​តួនាទី​របស់​តុលាការ​ស្ថិត​ក្នុង​បរិបទ​ទាំង​ពីរ​នេះ។

តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ តើ​លោក​វាយតម្លៃ​សមិទ្ធិផល​របស់​តុលាការ​ខ្មែរ​ក្រហម​យ៉ាង​ដូច​ម្ដេច?

ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​ការ​យល់​ឃើញ​ចំពោះ​សំណួរ​នេះ ដោយសារ​តែ​មាន​គំនិត​ផ្សេងៗ​គ្នា​ច្រើន ដូច្នេះ​ខ្ញុំ​មិន​ចង់​តំណាង​ឲ្យ​អ្នក​មក​ពី​ក្រៅ​ប្រទេស​ផ្សេងៗ​ ដោយ​គ្រាន់​តែ​មើលតាម​រយៈ​សមិទ្ធិផល​របស់​តុលាការ​នោះ​ទេ។ មាន​សវនាការ​ពីរ​ដែល​បាន​ធ្វើ​រួច​ និង​ក៏​បាន​ចេញ​សាលដីកា​រួច​ហើយ​ដែរ។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​សវនាការ​ទី៣ គឺ​សំណុំរឿង​០០២​ដំណាក់កាលទី២ ដែល​រួម​មាន​ការ​កាត់​ទោស​ដ៏​សំខាន់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍ ហើយ​ខ្ញុំ​បាន​ធ្វើ​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី​ជំនាញ នៅ​ក្នុង​សំណុំរឿង​០០២​ដំណាក់កាលទី២​នេះ។ សំណុំ​រឿង​នេះ​ជិត​ចប់​ហើយ ដែល​គេ​រំពឹង​ថា នឹង​មាន​សាលក្រម​នៅ​ក្នុង​ឆ្នាំ​នេះ។ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​ចាប់​តាំង​ពី​ដំបូង​មក នៅ​ពេល​ខ្ញុំ​បាន​ចាប់​ផ្តើម​គម្រោង​របស់​ខ្ញុំ។ ខ្ញុំ​ជា​អ្នក​ជំនាញនរវិទ្យា​ផ្នែក​ច្បាប់។ ខ្ញុំ​រៀន​បាន​ច្រើន។ មេរៀន​ទី១​របស់​ខ្ញុំ​គឺ​ ថា​ការ​ទទួល​បាន​យុត្តិធម៌​គឺ​ជា​ដំណើរការ​យឺត​មួយ ហើយ​យើង​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​តុលាការ​នេះ​តែ​ម្តង។ ច្បាស់​ណាស់ មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន​ទាក់ទង​នឹង​គំនាប​នយោបាយ​ ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ ដែល​កំពុង​តែ​បន្ត​កើត​មាន​ និង​ការ​រិះគន់​ថា តុលាការ​នឹង​មិន​បន្ត​សំណុំ​រឿង​បន្ទាប់​ពី​ជន​សង្ស័យ​ទាំង​៥នាក់​ដំបូង​នោះ​ទេ។ ទោះ​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ក៏​ដោយ មនុស្ស​ម្នា​និយាយ​ថា សាលាក្ដី​នេះទំនង​នឹង​ត្រូវ​បិទ​ បន្ទាប់​ពីសំណុំរឿង​០០២​ដំណាក់កាលទី២ ខ្ញុំ​គិត​ថា តុលាការ​មាន​ចំណុច​ខ្វះ​ខាត ប៉ុន្តែ​ក៏​មាន​សមិទ្ធិផល​ផង​ដែរ។ តាម​អត្ថន័យ​យុត្តិធម៌​អន្តរជាតិ គ្រប់​គ្នា​ពេញ​ចិត្ត​នឹង​លទ្ធផល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នេះ។

លោក កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីតប្រធានមន្ទីរសន្តិសុខ​ស​-២១ ​ក្នុងសវនាការ​ កាល​ពី​ដើម​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)

តាម​លោក​យល់ ហេតុអ្វី​បាន​ជា​តុលាការ​ខ្មែរ​ក្រហម​នឹង​មិន​បន្ត​ដំណើរការ?

មូលហេតុ​ដែល​គេ​ផ្តល់​ឲ្យ​គឺ​ដោយសារ​តែ មិន​មាន​ឆន្ទៈ​នយោបាយ។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ជាច្រើន​ថា តុលាការ​នឹងកាត់​ក្ដីតែ​ជន​សង្ស័យ​៥នាក់​ដំបូង​ប៉ុណ្ណោះ។ មាន​ការ​មិន​យល់​ស្រប​គ្នា​ជា​សាធារណៈ​រវាង​តួលេខ​ដែល​សហគមន៍​អន្តរជាតិ​បាន​លើក​ឡើង និង​តួលេខ​ដែល​លោក សុខ អាន លោក ហ៊ុន សែន និង​អ្នក​ផ្សេង​ទៀត​ដែល​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នៅ​ខាង​កម្ពុជា​បាន​លើក​ឡើង។ សម្រាប់​ភាគី​កម្ពុជា ពួកគេ​និយាយ​ថា គោល​បំណង​គឺ​កាត់​ទោសត្រឹម​តែ​មនុស្ស​មួយ​ចំនួន​តូច ហើយ​៥នាក់​គឺ​គ្រប់គ្រាន់​ហើយ។ កម្ពុជា​ត្រូវ​ការ​បន្ត​ដំណើរ​ទៅ​មុខ ដើម្បី​ការ​ផ្សះផ្សារ​សម្រាប់​សន្តិភាព និង​សន្តិសុខ។ សម្រាប់​ភាគី​អន្តរជាតិ មាន​ការ​អះអាង​ថា ចំនួន​នេះ​មិន​មែន​ជា​អ្វី​ដែល​គេ​ចង់​ឃើញ​នោះ​ទេ ហើយ​តាមពិត​ទៅ​ ពួកគេ​ចង់​បាន​ជន​សង្ស័យ​ជាង​១០នាក់​អាច​ថា ១៨នាក់ ឬ​ច្រើន​ជាង​នេះ ត្រូវ​បាន​កាត់​ទោស។ ដ្នច្នេះ មាន​គំនិត​ពីរ​ផ្សេង​គ្នា​អំពី​ចំណុច​នេះ​ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​តុលាការ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន ដោយសារ​តែ​មិន​ចង់​កាត់​ទោស​សំណុំ​រឿង​បន្ថែម​ទៀត តុលាការ​នឹង​មិន​អាច​បន្ត​ដំណើរ​ទៀត​បាន​នោះ​ទេ។ ដូច្នេះ វា​ទំនង​ថា តុលាការ​នេះ​នឹង​ត្រូវ​បិទ​ទ្វារ។ តើ​អាច​មាន​ជា​ស្ថានភាព​ល្អ​ជាង​នេះ​ទេ? ខ្ញុំ​គិត​ថា តាម​ទម្លាប់​នៃ​ការ​សម្រុះសម្រួល​របស់​កម្ពុជា គេ​អាច​នឹង​កាត់​ទោសសំណុំ​រឿង​យ៉ាង​ហោច​ណាស់​មួយ​ ឬ​ពីរ​ទៀត ហើយ​សំណុំ​រឿង​នោះ​អាច​ជា​ ជន​សង្ស័យ ​អោ អាន ហៅ​ តាអាន ដោយសារ​តែ​មាន​ភស្តុតាង​ច្រើន ហើយ​គាត់​ត្រូវ​បាន​ជាប់​ចោទ​លើ​ទង្វើ​ជាច្រើន​ដែល​ប៉ះពាល់​ដល់​មនុស្សជាតិ រួម​ទាំង​ការ​កាន់កាប់​នៅ​តំបន់​៤១ ដែល​ជា​ទីតាំង​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​ ក្នុង​នាម​ជា​និស្សិត​ថ្នាក់​ឧត្តមសិក្សា។ ខ្ញុំ​យល់​ថា យ៉ាង​ហោច​ណាស់​គួរ​តែ​មាន​មួយ​សំណុំ​រឿង​ទៀត ឬ​អាច​ថា​ពីរ។ សំណុំ​រឿង​នោះ​នឹង​មាន​ដំណើរការ​យឺត​ ហើយ​ការណ៍​នេះ​នឹង​ជា​លទ្ធផល​ល្អ​មួយ ប៉ុន្តែ​ប្រសិនបើ​ឲ្យ​ខ្ញុំ​ភ្នាល់​ដោយ​ដាក់​ប្រាក់​ផ្ទាល់​ខ្លួន​នោះ​ ខ្ញុំ​នឹង​ភ្នាល់​ថា នឹង​មិន​មាន​សំណុំ​រឿង​បន្ត​នោះ​ទេ នៅ​ពេល​ដែល​សំណុំ​រឿង​០០២​ដំណាក់កាលទី២ចប់​ទៅ។

អ្នក​ទស្សនា​កំពុង​តាមដាន​មើល​កសណិសាក្សី​របស់​ជនរងគ្រោះ នៅ​ចំពោះមុខ​ចៅក្រម​របស់​សាលាក្តី​ខ្មែរក្រហម។ ពិព័រណ៍ «‍ខ្ញុំ​ចង់​បាន​យុត្តធម៌» បង្ហាញកិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ឧក្រិដ្ឋជន​នៃ​របប​ដ៏​សាហាវ​យង់​ខ្នង​នេះ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ (រូបថត៖ ទែន សុខស្រីនិត/VOA Khmer)

តើ​លោក​មាន​ចំណុច​សំខាន់​អ្វី​ចង់​បន្ថែម​ទាក់ទង​នឹង​សៀវភៅ​របស់​លោក ឬ​អំពី​ប្រធានបទ​ទាំងឡាយ ដែល​យើង​បាន​ពិភាក្សា​ខាង​លើ​ដែរ​ឬ​ទេ?

ខ្ញុំ​គិត​ថា មាន​ប្រធានបទ​ច្រើន​ណាស់​មែនទេ? ដូច្នេះ​ យើង​អាច​ជជែក​គ្នា​យ៉ាង​យូរ។ ខ្ញុំ​គ្រាន់​តែ​ចង់​បន្ថែម​ចំណុច​តូច​មួយ​អំពី​អ្វី​ដែល​អាច​ហៅ​ថា ចំណុច​ល្អ​ដែល​តុលាការ​បាន​ធ្វើ។ តុលាការ​បាន​បង្កើត​លទ្ធភាព​មួយ​សម្រាប់​ប្រជាពលរដ្ឋ។ នេះ​ជា​ចំណុច​ចុង​ក្រោយ​ក្នុង​សៀវភៅ​របស់​ខ្ញុំ។ ប្រសិន​បើ​យើង​មិន​វាយ​តម្លៃ​សាលាក្ដី​ខ្មែរ​ក្រហមតាម​ឧត្ដមគតិ​របាំង​យុត្តិធម៌ ដែល​សំដៅ​លើ​យុត្តិធម៌​អន្តរជាតិ ហើយ​កំណត់​គោល​ដៅ​ទាប​បន្តិច​នោះ យើងអាច​ចាត់​ទុក​ថាតុលាការ​បាន​សម្រេច​កិច្ចការ​សំខាន់​មួយ ដោយបង្កើត​លទ្ធភាព​ផ្សេងៗសម្រាប់​ប្រជាពលរដ្ឋ ក្នុង​ការ​ឲ្យ​អត្ថន័យ​ចំពោះ​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​។ សម្រាប់​អ្នក​ខ្លះ តុលាការ​អាច​កំពុង​ស្វែងរក​យុត្តិធម៌​សម្រាប់​ព្រលឹង​អ្នក​ស្លាប់ ឧទ្ទិស​កុសល​ទៅ​ឲ្យ​អ្នក​ស្លាប់ ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​ទៅ​ចាប់​ជាតិ​នៅ​កន្លែង​ល្អ​ជាង​មុន។ សម្រាប់​អ្នក​ខ្លះ​ទៀត តុលាការ​គ្រាន់​តែ​ជា​អ្វី​ម្យ៉ាង​ដែល​រួម​ចំណែក​ដល់​ការ​ស្រមើល​ស្រមៃ និង​ការ​យល់​ឃើញ​របស់​ពួកគេ​អំពី លទ្ធភាព​នានា​ដែល​រឿង​រ៉ាវ​ខ្មែរ​ក្រហម​អាច​កើត​ឡើង​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង។ សារ​ជា​ថ្មី​ម្តង​ទៀត នេះ​ជា​អ្វី​ដែល​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​មើល​រំលង​របាំង​យុត្តិធម៌ ឬ​យុត្តិធម៌​អន្តជាតិ ហើយ​ស្វែង​យល់​ពី​អត្ថន័យ​នៃ​យុត្តិធម៌​ក្នុង​ផ្នត់​គំនិត​របស់​ប្រជាជន​កម្ពុជា​ ដែល​មាន​ឫសគល់​ក្នុង​ព្រះពុទ្ធសាសនា។

នេះ​ជា​សំណួរ​ចុង​ក្រោយ​របស់​ខ្ញុំ។ តើ​អ្វី​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​លើ​ប្រទេស​កម្ពុជា និង​សរសេរ​សៀវភៅ​ពី​ប្រទេស​កម្ពុជា?

នេះ​កើត​ឡើង​នៅ​ពេល​ខ្ញុំ​ចាប់​អាជីព​ជា​នរវិទូ​មក​ម្លេះ។ ខ្ញុំ​ចាប់​អារម្មណ៍​លើ​ព្រះពុទ្ធសាសនា ហើយ​ពេល​នោះ​ ខ្ញុំ​ចាប់​អារម្មណ៍​លើ​ដែនដី​ទីបេត៍ និង​ប្រទេស​កម្ពុជា។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​រៀប​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ថ្នាក់​បណ្ឌិត​របស់​ខ្ញុំ​នៅ​ដើម​ទសវត្សរ៍​១៩៩០ ខ្ញុំ​មិន​អាច​ចូលទៅ​ក្នុងដែនដី​ទីបេត៍​បាន​ទេ។ នៅ​ពេល​នោះ​ ប្រទេស​កម្ពុជា​ចាប់​បើក​ចំហរ​ស្វាគមន៍​បរទេស ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ១៩៩២ ក្នុង​នាម​ជា​និស្សិត​ថ្នាក់​ឧត្តមសិក្សា​ម្នាក់។ ខ្ញុំ​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ខែ ហើយ​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ចាត់​ទុក​ប្រទេស​កម្ពុជា​ដូច​ជា​ផ្ទះ​ទី២​របស់​ខ្ញុំ​អីចឹង។

សូម​អរគុណ លោក​សាស្ត្រាចារ្យ Hinton។ សូម​ជូន​ពរ​ឲ្យ​សំណាង​ល្អ និង​សូម​អបអរសាទរ​ចំពោះ​ការ​បោះពុម្ព​សៀវភៅ​របស់​លោក។ ចំណង​ជើង​សៀវភៅ​របស់​លោក​មាន​ឈ្មោះ​ថា «របាំង​យុត្តិធម៌៖ សវនាការ​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ឬ Justice Facade: Trials of Transition in Cambodia»។

បាទ សូម​អរគុណ។ ខ្ញុំ​សង្ឃឹម​ថា សៀវភៅ​នេះ​នឹង​ត្រូវ​បកប្រែ​ទៅ​ជា​ភាសាខ្មែរ​នៅ​ថ្ងៃ​ណា​មួយ។

ប្រែសម្រួលដោយ​ ប៊ុន​ ប៉េងហ៊ុយ