ការ​ជ្រើស​រើស​គណៈ​វិនិច្ឆ័យ​​កាត់​ទោស​អ្នក​ដាក់គ្រាប់​បែក​នៅ​បូស្តូន​បាន​ចាប់​ផ្តើមហើយ

គំនូរ​ព្រាង​​បន្ទប់​កាត់​ក្តី​លើ​ជន​សង្ស័យ​ Dzhokhar Tsarnaev (រូប​ទី​ពីរ​រាប់​ពី​ស្តាំ) ក្នុង​ការ​ដាក់​គ្រាប់​បែក​នៅ​ក្នុង​ការ​រត់​ Marathon​ នៅ​ Boston​ ត្រូវ​បាន​គូរ​ឡើង​ដោយ​មាន​មេធាវី​ការពារ​ (ឆ្វេង)​ និង​ចៅក្រម​ George O'Toole Jr​ (ស្តាំ)​ នៅ​ខណៈ​ដែល​ ចៅ​ក្រម​ O'Toole​ ផ្លែង​ទៅ​កាន់គណៈ​វិនិច្ឆ័យ។

ការ​ជ្រើស​រើស​គណៈ​វិនិច្ឆ័យ​ដើម្បីកាត់​ទោស​ Dzhokar Tsanaev ​ជន​សង្ស័យ​ដាក់​គ្រាប់​បែក​ក្នុង​ការ​រត់​ប្រណាំង​ Marathon​ នៅ​ក្រុង​បូស្តូន​(Boston)​កំពុង​ធ្វើ​ឡើង។

ដំណើរការ​ជ្រើសរើសគណៈ​វិនិច្ឆ័យដែល​មាន​សមាជិក​១២​រូបនិងសមាជិក​បម្រុង​៦​រូប​បាន​ចាប់​ផ្តើម​ហើយនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​នៅពេល​ដែល​ Tsarnaev ​បាន​អង្គុយ​ជាមួយ​មេធាវី​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​ប្រជុំ​គណៈ​វិនិច្ឆ័យនៅ​តុលាការ​ទីក្រុង​បូស្តូន​រដ្ឋ ​Massachusetts។

លោក​ George O’Toole ​ចៅ​ក្រម​ដែល​ធ្វើ​ជាអធិបតី​ភាព ​បាន​ពន្យល់​ទៅ​កាន់​សមាជិក​គណៈ​វិនិច្ឆ័យ​ដ៏​មាន​ឥទ្ធិពល​ថា ​ពួកគេប្រហែល​ជា​បានយល់​ច្បាស់​ពី​ការ​ផ្ទុះ​គ្រាប់​បែក ​ក៏ប៉ុន្តែ ​ពួក​គេ​នឹង​ត្រូវ​សម្រេច​រឿង​ក្តី​នេះ​ដោយ​ផ្អែក​លើ​ភស្តុតាងដែលបាន​ដាក់​ជូន​តុលាការ។

Tsarnaev ​បាន​ទទួល​រងការ​ចោទ​ប្រកាន់​ពីការ​ល្មើស​ច្បាប់​ចំនួន​៣០​នៅ​ក្នុង​ការ​ស្លាប់​មនុស្ស​៣​នាក់​ហើយ​នឹង​រង​របួស​២៦០​នាក់​ផ្សេង​ទៀត​ បន្ទាប់​ពី​គ្រាប់​បែកផលិត​នៅ​ក្នុង​ស្រុក​២​គ្រាប់​បាន​ផ្ទុះ​នៅ​ខ្សែ​បន្ទាប់​ផ្តាច់​ព្រាត់​នៃ​ការ​រត់​ Marathon​ កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​មេសា ​ឆ្នាំ​២០១៣។

​Tsarnaev ​ប្រឈម​នឹង​ទោស​ប្រហារ​ជី​វិត ​ប្រសិនបើ​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស។ ​ជន​នោះ​មិន​បាន​សារភាព​ទទួល​កំហុស​ចំពោះការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ​ទេ។

​ការកាត់​ទោស​នឹង​ត្រូវ​ចាប់​ផ្តើមនៅ​ថ្ងៃ​ទី​២៦ ខែ​មករា ​ហើយ​ត្រូវ​គេ​រំពឹងថានឹង​មាន​រយៈ​ពេល​ពី​៣​ទៅ​៤​ខែ។

Tsanaev ​មានដើម​កំណើត​មក​ពីតំបន់​កូកាស​ខាង​ជើង​(North Caucasus)​នៃប្រទេស​រុស្ស៊ី​ ហើយ​បាន​ក្លាយ​ជាពល​រដ្ឋ​អាមេរិកាំង​តាមរយៈ​ការ​ចូល​សញ្ជាតិ​អាមេ​រិកាំង។ ជន​នេះ​ ក៏​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពីការ​បាញ់​សម្លាប់​មន្រ្តី​ប៉ូលិស​សាកល​វិទ្យាល័យ​ម្នាក់​ ៣ថ្ងៃ​ក្រោយពី​ការ​ផ្ទុះ​គ្រាប់​បែក ​នៅពេល​ដែល​ជន​នេះហើយ​និងបងប្រុស​របស់​ខ្លួន​ឈ្មោះ​ Tamerla ​បាន​ព្យាយាម​រត់​គេច​ខ្លួន​ពី​តំបន់​នោះ​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណថា​ជា​ជន​សង្ស័យ។ Tamerlan Tsarnaev ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​បាញ់​តបត​ជា​មួយ​ប៉ូលិស៕