រូបភាពជុំវិញពិភពលោក ២៨ មិថុនា ២០១៥
រ៉ុកែតគ្មានមនុស្សបើក SpaceX Falcon 9 បានផ្ទុះក្រោយពេលហោះបាន២នាទី បន្ទាប់ពីបង្ហោះចេញពីឆក Cape Canaveral ក្នុងរដ្ឋ Florida ធ្វើឲ្យខូចខាតយានផ្ទុកទំនិញសម្រាប់បង្ហោះទៅកាន់ស្ថានីយយានអវកាសអន្តរជាតិ នេះបើយោងតាមអង្គការអវកាស Nasa។
ប៉ូលីសតួកគីម្នាក់កាន់កាំភ្លើងគ្រាប់កៅស៊ូនៅកណ្តាលចំណោមហ្វូងបាតុករ ដើម្បីបំបែកក្រុមបាតុករដែលបានចូលរួមក្នុងការដើរក្បួនគាំទ្រសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា LGBT នៅក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល។
បុគ្គលិកសន្តិសុខម្នាក់យួរប្រអប់ដាក់ថវិកាចូលទៅសាខាធនាគារជាតិក្នុងរដ្ឋធានីអាតែន ប្រទេសក្រិក។ ដៃគូភាគីអ៊ឺរ៉ុប បានបញ្ចប់ការផ្គត់ផ្គង់ឥណទានឲ្យរដ្ឋាភិបាលប្រទេសនេះ ហើយបានធ្វើឲ្យប្រទេសក្រិកកំពុងប្រឈមមុខនឹងលំនាំបញ្ហាដើម ដែលអាចរុញច្រានប្រទេសនេះចេញពីប្រទេសចាយលុយអ៊ឺរ៉ូ និងបង្កបញ្ហាសេដ្ឋកិច្ចកាន់តែខ្លាំងនៅទូទាំងទ្វីបអ៊ឺរ៉ុប។
ក្មេងៗលេងនៅលើឆ្នេរដែលគ្របដណ្តប់ដោយសារាយសមុទ្រ នៅក្នុងទីក្រុង Haiyangខេត្ត Shandong ប្រទេសចិន។
បុរសម្នាក់លេងចាញ់ការប្រកួតល្បែងជល់ក្បាលនឹងស៊ុត (Russian Egg Roulette) ជាល្បែងមួយក្នុងចំណោមការប្រកួតជើងឯកថ្នាក់ពិភពលោកក្នុងការប្រកួតបោះគ្រាប់ស៊ុត ក្នុងភូមិ Swaton ប្រទេសអង់គ្លេស។
ស្រ្តី២នាក់ ឈរនៅក្បែរអាងស្តុកទឹក Conde del Guadalhorce ដើម្បីទទួលយកខ្យល់ត្រជាក់ បន្ទាប់ពីរលកកម្តៅលើកទីមួយបានបក់មក នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៧ ខែមិថុនា។ សីតុណ្ហភាពបានកើនឡើងរហូតដល់៤២អង្សារ រហូតដល់ថ្ងៃទី៣០ នារដូវក្តៅឆ្នាំនេះ។
ឡានប្រណាំងរបស់លោក Ryan Briscoe (ឆ្វេង) បានប៉ើងចូលវាលស្មៅនៅក្នុងការប្រកួតប្រណាំងឡាន IndyCar នៅក្នុងឯ Auto Club Speedway ក្នុងទីក្រុង Fontana រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។
Tama ជាសត្វឆ្មាមួយក្បាលដែលរស់នៅក្នុងស្ថានីយរថភ្លើងមួយ ទទួលនំខេកសម្រាប់ខួបកំណើតអាយុ១៦ឆ្នាំរបស់វា នៅក្នុងទីក្រុង Kinokawa តំបន់ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។ វាបានស្លាប់កាលពីថ្ងៃទី២២ ខែមិថុនា នៅក្នុងពេទ្យសត្វមួយ នេះបើយោងតាមក្រុមហ៊ុនរថភ្លើង Wakayama Electric Railway Co.។
បាតុករគាំទ្រប្រទេសចិនម្នាក់បានវាយបាតុករប្រឆាំងនឹងចិន ខណៈពេលដែលប៉ូលីសល្បាតតាមផ្លូវឈរមើល ក្នុងតំបន់ផ្សារMongkok ក្នុងទីក្រុងហុងកុង។
អ្នកដែលមានពហុជំនឿ បានបង្ហោះខ្លែងនៅពេលដែលពួកគេដើរក្បួនទៅកាន់បុរីវ៉ាទីកង់ ដើម្បីបង្ហាញការគាំទ្រសាររបស់សម្តេចសង្ឃប៉ាប ហ្រ្វង់ស៊ីស ក្នុងការការពារបរិស្ថានកាលពីពិធីអធិដ្ឋាន Angelus នៅថ្ងៃអាទិត្យ។
អ្នកចូលរួមក្នុងមហោស្រពតន្រ្តី Glastonbury ញញឹមនៅពេលដែលកំពុងដើរក្រោមភ្លៀង នៅឯ Worthy Farm នៅប្រទេសអង់គ្លេស។
លោក Benny Wasserman អាយុ៨១ឆ្នាំ និងអ្នកចូលរួមដទៃទៀត បានតុបតែងខ្លួនឲ្យដូចនឹងលោក Albert Einstein អ្នកប្រាជ្ញរូបវិទ្យា។ ពួកគេបានប្រមូលផ្តុំគ្នា ដើម្បីបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការជួបជុំដ៏ធំបំផុតសម្រាប់លោក Einstein ក្នុងគោលបំណងប្រមូលថវិកាដើម្បីទិញរទេះរុញឲ្យជនពិការនិងការអប់រំសម្រាប់អ្នកគ្មានផ្ទះសម្បែង នៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។
សិល្បករសម្តែងនៅក្នុងពិធីបិទការប្រកួតកីឡាអ៊ឺរ៉ុប ក្នុងរដ្ឋធានី Baku ប្រទេស Azerbaijan។