រូបភាពជុំវិញពិភពលោក ២៧ មិថុនា ២០១៦

ស្រ្តី​មូស្លីម​នៅ​តំបន់​កាស្មៀ (Kashmir) ធ្វើ​ការ​បួងសួង នៅ​អំឡុងពេល​ថ្ងៃ​បុណ្យ Martyr Day របស់​ Hazrat Ali ដែល​ជា​ប្អូន​ជីដូនមួយ​ព្យាការី​មូហាម៉ាត់​ នា​ថ្ងៃ​ទី២១ នៃ​ពិធី​បុណ្យ​រ៉ាម៉ាឌន នៅ​អារាម​ Hazratbal Shrine ក្នុង​ក្រុង​ Srinagar តំបន់​កាស្មៀ​គ្រប់គ្រង​ដោយ​ឥណ្ឌា។

នៅ​ក្នុង​រូបថត​បញ្ចេញ​ដោយ​ការិយាល័យ​ព័ត៌មាន​រដ្ឋាភិបាល​ក្រុង​ម៉ាកាវ សត្វ​ខ្លា​ឃ្មុំ​ផេនដា Xin Xin កំពុង​មើល​ថែ​កូន​ទើប​កើត​ចំនួន​ពីរ​ក្បាល​របស់​វា​នៅ​ឯ​សួន Giant Panda Pavilion លើ​កោះ Coloane។

ក្រុម​បាតុករ​ធ្វើ​ការ​អបអរសាទរ​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​ស.រ.អា​ បន្ទាប់​ពី​តុលាការ​នោះ​បាន​លុប​ចោល​ច្បាប់​មួយ​នៅ​រដ្ឋ Texas ដែល​បាន​ដាក់​បទបញ្ជា​តឹងរ៉ឹង​លើ​គ្រូពេទ្យ​ផ្នែក​យក​កូន​ចេញ និង​មជ្ឈមណ្ឌល​នានា​ដែល​អ្នក​រិះគន់​ច្បាប់​នោះ​បាន​ធ្វើ​ការ​អះអាង​ថា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បិទ​គ្លីនិក​ផ្សេងៗ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​នេសាទ​ប្រើប្រាស់​ភ្លើង​ដើម្បី​ទាក់ទាញ​ត្រី​នៅ​ក្រុង New Taipei City កោះ​តៃវ៉ាន់។

អ្នកចាំទី​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​កីឡាករ David De Gea លោត​ទះ​បាល់​ចេញ​នៅ​អំឡុងពេល​ប្រកួត​វគ្គ​ជម្រុះ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​បាល់ទាត់​ Euro 2016 រវាង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី និង​អេស្ប៉ាញ​នៅ​កីឡាដ្ឋាន Stade de France ក្នុង​ក្រុង Saint-Denis ជិត​ក្រុង​ប៉ារីស​ ប្រទេស​បារាំង។

ទាហាន​អាហ្វហ្គានីស្ថាន​ឃ្លាំ​មើល​ស្ថានភាព​នៅ​អំឡុងពេល​មាន​ការ​ប៉ះទង្គិចគ្នា​ជាមួយ​នឹង​ពួកសកម្មប្រយុទ្ធ​រដ្ឋឥស្លាម​នៅ​ស្រុក Kot ខេត្ត Nangarhar កាល​ពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ 

ស្រ្តី​និកាយ​ស៊ីអ៊ីត​ដើរ​កាត់​ជញ្ជាំង​មួយ​ ដែល​មាន​ដាក់រូប​ជនរងគ្រោះ ដែល​ត្រូវ​បាន​សម្លាប់​នៅ​អំឡុងពេល​ការ​ទម្លាក់​គ្រាប់បែក​មួយ​នៅ​តំបន់​ប្រជាជន​រស់​នៅ​កាល​ពី​ខែ​មិនា ឆ្នាំ​២០១៣ ខណៈ​ពេល​មាន​ការ​ដង្ហែ​ក្បួន Shi'ite Youm Ali ក្នុង​ក្រុង​ Karachi ប្រទេស​ប៉ាគីស្ថាន។

តារា​ចម្រៀង Beyonce ធ្វើ​ការ​សម្តែង​បទ​ចម្រៀង «Freedom» ជាមួយ​នឹង​សិល្បករ Dave Free នៅ​ឯ​កម្មវិធី​ប្រគល់​ពានរង្វាន់ BET ឆ្នាំ​២០១៦ ក្នុង​ក្រុង Los Angeles រដ្ឋ​ California ស.រ.អា កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

អ្នក​ទេសចរ​ដើរ​ចុះ​ពី​អគារ «Pegelturm GroBer Goitzschesee» ជិត​ក្រុង Bitterfeld ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

នាង Terralyn Lehman បាន​យំ​ពេល​រំឮក​ពី​ការ​រត់​ភៀសខ្លួន​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ Erskine Fire ខណៈ​ដែល​នាង​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​មណ្ឌល​ជន​ជម្លៀស​ខ្លួន​នៅ​សាលា​បឋមសិក្សា Kernville ក្នុង​ក្រុង Kernville រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ 

ក្រុម​ចម្រៀង Coldplay ធ្វើ​ការ​សម្តែង​នៅ​លើ​ឆាក Pyramid នៅ​ឯ Worthy Farm ក្នុង​ក្រុង Somerset ​អំឡុងពេល​ពិធី​បុណ្យ Glastonbury Festival នៅ​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី០៦ ខែ​មិថុនា ឆ្នាំ​២០១៦។

នាង​ Simone Biles ធ្វើ​ការ​ប្រកួត​នៅ​អំឡុងពេល​កម្មវិធី​ប្រកួតប្រជែង​អត្តពលកម្ម​ផ្នែក​នារី​នៅ​អាមេរិក​ក្នុង​ក្រុង St.Louis រដ្ឋ Missouri កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

តារា​ម៉ូដែល​បង្ហាញ​ម៉ូដ​ច្នៃ​ប្រឌិត​ដោយ​អ្នករចនាម៉ូដ​ជនជាតិ​អាមេរិក​លោក Thom Browne​ នៅ​អំឡុងពេល​សប្តាហ៍​បង្ហាញ​ម៉ូដ​ក្រុង​ប៉ារីស នា​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

អ្នក​ទេសចរ​ដើរ​ពី​មុខ​ពិព័រណ៍​សិល្បៈ​ខាង​ក្រៅ​មួយ​នៅ​ឯ​ហាង​លក់​ទំនិញ​មួយ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។