រូបភាព​ជុំវិញ​ពិភពលោក ១៥ កក្កដា ២០១៨

កីឡាករ​បារាំង​បោះ​លោក Didier Deschamps​ ដែល​ជា​គ្រូ​បង្វឹក​របស់​ពួកគេ​ទៅ​លើ​ ដើម្បី​សាទរ​នូវ​ជ័យជម្នះ​របស់​ពួកគេ នៅ​ពេល​បញ្ចប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​បារាំង និង​ក្រូអាស៊ី សម្រាប់​ពានរង្វាន់ World Cup ២០១៨ នៅ​ស្តាត Luzhniki នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ ប្រទេស​បារាំង​បាន​ឈ្នះ​ពានរង្វាន់ World Cup ជា​លើក​ទី២​របស់​ខ្លួន ដោយ​បាន​យក​ឈ្នះ​ក្រូអាស៊ី​ ជាមួយ​នឹង​ពិន្ទុ៤ទល់២។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron សាទរ​នូវ​ជ័យ​ជម្នះ​របស់​ក្រុម​កីឡាករ​បាល់ទាត់​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​បារាំង និង​ក្រូអាស៊ី សម្រាប់​ពានរង្វាន់ World Cup ២០១៨ នៅ​ស្តាត Luzhniki នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

អ្នក​ជឿ​សាសនា​ហិណ្ឌូ​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ Rath Yatra នៅ​ក្នុង​ក្រុង Ahmadabad ប្រទេស​ឥណ្ឌា។

រូប​តំណាង​ត្រី​បាឡែន​មួយ​ដែល​មាន​កម្ពស់១២ម៉ែត្រ និង​ធ្វើ​ពី​កាកសំណល់​ផ្លាស្ទិក​ប្រមាណ​ជា​៥តោន ដែល​ស្រង់​ចេញ​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ក្រុង Brugges ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់​កម្មវិធី Bruges Triennial ២០១៨។

លោក Chris Froome ជនជាតិ​អង់គ្លេស​ដែល​ជា​អ្នក​ជិះ​កង់​ម្នាក់​របស់​ក្រុម Team Sky ដួល​នៅ​ក្នុង​ការ​ប្រណាំង​កង់ Tour de France ដែល​មាន​ចម្ងាយ​១៥៦,៥គ.ម. ចន្លោះ​ពី​ក្រុង Arras ដល់​ក្រុង Roubaix ប្រទេស​បារាំង។

បុរស​ប៉ាឡេស្ទីន​ម្នាក់​ឈរ​មើល​ក្រសួង​កិច្ចការ​សាសនា​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ដោយ​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង Gaza ប្រទេស​ប៉ាឡេស្ទីន។

យោធា​សែង​ក្តារមឈូស​របស់​លោក Samarn Kunan ដែល​ជា​អតីត​អ្នក​មុជ​ទឹក​របស់​កងទ័ព​ជើង​ទឹក​របស់​ថៃ និង​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្រុម​កីឡាករ​បាល់ទាត់​វ័យ​ក្មេង​ជាប់​នៅ​ក្នុង​រូងភ្នំ នៅ​ក្នុង​ពិធីបុណ្យ​សព​របស់​លោក​នៅ​វត្ត​មួយ​នៅ​ក្នុង​ខេត្ត Roi Et ប្រទេស​ថៃ កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ទាហាន​បារាំង​ដើរ​ក្បួន​នៅ​តាម​ផ្លូវ Champs Elysee ក្នុង​ការ​ដើរ​ក្បួន​ក្នុង​ទិវា Bastille Day នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

សិល្បករ​នៃ​ក្រុម​សៀក​ថ្នាក់​ជាតិ​របស់​ហុងគ្រី (Hungarian National Circus) សម្តែង​នៅ​មាត់​បឹង Lake Balaton នៅ​មុន​កម្មវិធី Night of the Circuses នៅ​ក្នុង​ក្រុង Balatonlelle កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ជន​ទេសន្តរប្រវេសន៍​ម្នាក់​សម្រាក ​នៅ​កំពង់ផែ Algecira កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់​ពី​ទូក​ដែល​មាន​ជន​ទេសន្តរប្រវេសន៍​៩នាក់ ត្រូវ​បាន​ឆ្មាំ​សមុទ្រ​អេស្ប៉ាញ​ជួយ​សង្គ្រោះ​ចេញ​ពី​ឆ្នេរ​សមុទ្រ​អេស្ប៉ាញ។