រូបភាព​ជុំវិញ​ពិភពលោក ០១ កក្កដា ២០១៨

ទាហាន​កិត្តិយស​ឈរ​ជុំវិញ​ក្តារមឈូស​របស់​អតីត​អ្នក​នយោបាយ​បារាំង​គឺ​អ្នកស្រី Simone Veil និង​ស្វាមី​របស់​អ្នកស្រី ខណៈ​ដែល​មាន​មនុស្ស​ម្នា​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​ពួកគាត់ បន្ទាប់​ពី​មាន​កម្មវិធី​បុណ្យ​នេះ​នៅ​អគារ Pantheon ក្នុង​ក្រុង​ប៉ារីស។

កសិករ​ឥណ្ឌា​ខំ​ទប់​គោ​របស់​ខ្លួន ខណៈ​ដែល​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​ប្រណាំង​គោ នៅ​ក្នុង​វាលស្រែ​មួយ​ក្នុង​ភូមិ Herobhanga ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

បេក្ខជន​ចូលរួម​ប្រកួត​ម្នាក់​លោត​ចូល​ក្នុង​ទឹក​ក្នុង​កម្ពស់​២៧ម៉ែត្រ ពី​លើ​ស្ពាន La Salve ក្នុង​ពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត Red Bull Cliff Diving នៅ​ក្នុង​ក្រុង Bilbao ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

មនុស្ស​ម្នា​ត្រៀម​ចាំ​ចាប់​របស់របរ​ដែល​ក្រុម​កុលសម្ព័ន្ធ Tengger បោះ​ឲ្យ​ពួកគេ​ នៅ​ក្នុង​ក្រហូង​ដី​នៃ​ភ្នំភ្លើង Bromo នៅ​ក្នុង​ក្រុង Probolinggo ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នេះ​ជា​ផ្នែក​នៃ​ពិធីបុណ្យ Yadnya Kasada ដែល​ធ្វើ​នៅ​ថ្ងៃទី១៤ នៃ​ខែ Kasada ដោយ​យោង​តាម​ប្រតិទិន​ប្រពៃណី​ហិណ្ឌូ។

ព្រះ​អាទិត្យ​រះ​នៅ​ពី​ក្រោយ​បូជនីយដ្ឋាន​វ៉ាស៊ីនតោន ខណៈ​ដែល​សត្វ​ក្ងាន​ហែល​ទឹក​លេង​នៅ​ទន្លេ Potomac River នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មនុស្ស​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន LGBT Pride Barcelona ២០១៨ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

រូបភាព​នេះ​បង្ហាញ​ពី​ការ​ផ្ទុះ​រ៉ុក្កែត MOMO-2 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ Interstellar Technologies នៅ​ក្នុង​ក្រុង Hokkaido ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ កន្លែង​ដែល​ក្មេង​ប្រុស​១២​ និង​គ្រូ​បង្វឹក​របស់​ពួកគេ​បាន​បាត់​ខ្លួន នៅ​ក្នុង​ស្រុក Mae Sai ខេត្ត Chiang Rai ភាគ​ខាង​ជើង​ប្រទេស​ថៃ។ កិច្ច​ប្រឹងប្រែង​រុករក​ពួកគេ​នៅ ក្នុង​រូងភ្នំ​អស់​រយៈពេល​មួយ​សប្តាហ៍​មាន​ភាព​ល្អប្រសើរ​ជាង​មុន ដោយសារ​តែ​ការ​ផ្អាក​ភ្លៀង​បាន​កាត់​បន្ថយ​បញ្ហា​ទឹក​ជំនន់​នៅ​ក្នុង​ប្រព័ន្ធ​រូងភ្នំ ហើយ​អ្នក​ជំនាញ​កាន់​តែ​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​នៅ​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​នេះ។

ភ្លើង​ឆាបឆេះ​តំបន់​មួយ​នៅ​ក្បែរ​រមណីយដ្ឋាន​កាស៊ីណូ Cache Creek Casino Resort នៅ​ក្នុង​ក្រុង Capay រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

កីឡាករ Romano Fenati របស់​ក្រុម Marinelli Snipers ដួល​ម៉ូតូ​ក្នុង​ពេល​ប្រកួត​ម៉ូតូ Moto2 នៅ​ទីលាន TT​ ក្នុង​ក្រុង Assen ប្រទេស​ហូឡង់។

មនុស្ស​ម្នាក់​បញ្ជា​គោ​របស់​គាត់​ ខណៈ​ដែល​គាត់​ប្រកួត​ក្នុង​ការ​ប្រណាំង​គោ នៅ​ជាយ​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន។