ចៅក្រម​មិន​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ក្តី​០០៤

​​មាន​ពលរដ្ឋ​​យ៉ាង​​តិច​​​​​៣២.០០០​នាក់​​ត្រូវ​ពួក​ខ្មែរ​​ក្រហម​​កេណ្ឌ​​យក​​ទៅ​ធ្វើ​ការ​​នៅ​អាង​ទំពាំងថ្ម​ខេត្ត​បន្ទាយមានជ័យ​ដោយ​បង្ខំ​ក្នុង​ចន្លោះ​​​​ឆ្នាំ​១៩៧៧​និង​​១៩៧៩។

សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​មិន​ឆ្លើយ​តប​នឹង​លិខិត​ចំហ​របស់​ក្រុម​ជន​រងគ្រោះ​ពី​ការ​លើក​ទំនប់​បឹង​ត្រពាំង​ថ្ម​ ខេត្ត​បន្ទាយ​មានជ័យ​ទេ។ លិខិត​ចំហ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​សំណុំ​រឿង​០០៤​ដ៏​ចម្រូង​ចម្រាស់។ ​ក៏​ប៉ុន្ដែ​ សាលាក្តី​ខ្មែរ​ក្រហម​ឲ្យ​ដឹង​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​តែ​បន្ដ​ស៊ើប​អង្កេត​សំណុំ​រឿងនេះ​នៅ​ឡើយ។

កាល​ពីថ្ងៃទី២៩ ​មិថុនា​ ប្រជាពលរដ្ឋចំនួនប្រាំរូបដែលអះ​អាងថា ​ខ្លួន​តំណាង​ឲ្យ​ជន​រងគ្រោះដោយរបបខ្មែរក្រហមចំនួន៥៥០គ្រួសារ​ ក្នុង​ឃុំជីក​ ​ឃុំប៉ាយចា​ ​និងឃុំភ្នំជីក​ ​ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ បានផ្ញើលិខិតចំហមួយច្បាប់ជូនសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីក ប៊្លុង ដោយស្នើឲ្យសហចៅក្រមស៊ើបអង្កេតជំរុញការងាររបស់ខ្លួន​លើ​សំណុំ​រឿង​០០៤ ប្រកប​ទៅ​ដោយឯករាជ្យភាព។

ក្រុម​ប្រជាពលរដ្ឋ​អះអាងថា ខ្លួន​គឺ​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ការ​លើក​ទំនប់​អាង​ត្រ​ពាំង​ថ្ម​ដែល​នៅទីនោះមានប្រជាពលរដ្ឋយ៉ាងតិចចំនួន៣២.០០០​នាក់ត្រូវ​ពួក​ខ្មែរ​ក្រហមកេណ្ឌយកទៅ​ធ្វើ​ការ​ដោយ​បង្ខំ​ក្នុង​ចន្លោះឆ្នាំ​១៩៧៧ ​និង​ឆ្នាំ​១៩៧៩។ មនុស្ស​ជាច្រើនពាន់​នាក់​បានស្លាប់ និងត្រូវបានសម្លាប់​នៅ​ទី​នោះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​សរ​សេរ​នៅ​ក្នុងលិខិតចំហ​ថា​ ពួក​គេព្រួយបារម្ភថា សំណុំរឿង​០០៤​ ដែល​គ្រប​ដណ្ដប់​វិសាលភាព​លើតំបន់​អាង​ត្រពាំង​ថ្ម​នេះ​ត្រូវ​ទាត់​ចោល។ ពួកគេ​បានស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំ​រឿងនេះ។

សារ​អេឡិចត្រូ​និច​ពី​ការិយាល័យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ដែល​វីអូអេ​ខ្មែរ​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បញ្ជាក់​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​នឹង​មិន​ឆ្លើយតប​លិខិត​ចំហ​បែប​នេះ​ទេ​ដោយ​ហេតុ​ថា​ ការ​ស៊ើប​អង្កេត​គឺ​ជា​ការ​សម្ងាត់ ​ហើយ​សហ​ចៅក្រម​ស៊ើប​អង្កេត​កំពុង​តែ​ស៊ើប​អង្កេត។ ឧក្រិដ្ឋកម្ម​ដែល​ក្រុមប្រជាពលរដ្ឋ​បាន​លើក​ឡើង​ក្នុង​លិខិត​ចំហ​ទាក់​ទង​នឹង​សំណុំ​រឿង​០០៤​នោះ គឺ​ជាផ្នែក​មួយ​របស់​សំណុំរឿង​០០២ដែល​កំពុង​រង់ចាំ​ការ​បើក​សវនាការ។

លោក​ហុង គឹមសួន​ ដែល​ជា​មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ប្រាំ​មួយ​រូប​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤ និងដែល​បាន​ជួយ​សម្រួល​លិខិតចំហ​នេះ​ទៅ​កាន់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​មាន​ប្រសាសន៍​ថា​ រូប​លោក​និង​ក្រុម​ប្រជា​ពលរដ្ឋ​ម្ចាស់​លិខិត​ចំហ​នឹង​រង់ចាំ​តាម​ដាន​ការ​វិវត្តន៍​នៃ​សំណុំ​រឿង​០០៤​នេះ​តទៅ​ទៀត។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង​ជូន​ព័ត៌មាន​តាម​ការ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ដែល​គាត់​ឮ​ថា​ តុលា​ការ​នេះ​នឹង​ច្រានចោល​ករណី០០៤​ ទើប​គាត់​ធ្វើ​លិខិត​ចំហ​ដើម្បី​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​កង្វល់ គាត់​ចង់​ចូល​រួម​បន្ដ​ក្នុង​ករណី​០០៤​ នេះ។ ប្រជាពល​រដ្ឋ​ក៏​គាត់​ចាំ​មើល​ដែរ​ថា ​ប្រសិន​បើ​មិន​មាន​ការបោះ​បង់ ​ឬ​ក៏​ច្រានចោល​ករណី​០០៤​ទេ​ ពួក​គាត់​នឹង​ត្រៀម​ខ្លួន​ចាំ​ចូល​រួម​ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ឬ​ជា​សាក្សី»។

សាលាក្តី​ខ្មែរ​ក្រហមបាន​បញ្ចប់​ការ​កាត់​ក្ដី​សំណុំ​រឿង​០០១​ កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១១នេះ​នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ដោយ​រង់​ចាំ​តែ​ការ​ប្រកាស​សាលដីការ​តែ​ប៉ុណ្ណោះ។ សំណុំ​រឿង​០០២​ដែល​មាន​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បួន​នាក់​គ្រោង​នឹង​បើក​សវនាការ​ពេញអង្គ​សេចក្ដី​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ។

ក្រុមអ្នកតាមឃ្លាំមើល​សាលា​ក្ដីខ្មែរក្រហមបាន​បន្ទោស​ថា ការ​ស៊ើប​អង្កេត​ឬ​ក៏ព័ត៌មាន​ស្ដី​ពី​សំណុំរឿង​០០៣ ​និង​០០៤ ​បាន​ស្ថិត​នៅ​ក្នុង​ភាព​សម្ងាត់​ជា​ខ្លាំង ហើយ​ជន​រងគ្រោះ​មិន​អាច​ទទួល​ព័ត៌​មាន​ជា​ដុំ​កំភួន ​និង​ជាក់លាក់​សម្រាប់ចូល​រួម​នៅក្នុង​ដំណើរការរឿង​ក្ដី​នេះ​ទេ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ សហ​ព្រះរាជអាជ្ញា​បរទេស​ លោក​ អ៊ែនឌ្រូ ខេលី​ បានស្នើឲ្យសហចៅ​ក្រម​ស៊ើបអង្កេត​បន្ថែម​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​សំណុំ​រឿង​០០៤ ទាក់​ទងទៅនឹងឧក្រិដ្ឋកម្មដែលត្រូវបាន​ប្រព្រឹត្ត​លើ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោមនៅក្នុង​ខេត្ត​តាកែវ និងនៅក្នុងខេត្ត​ពោធិ៍សាត់៕