ស្ថាបនិក ​Cambodia Daily​ ទទួល​មរណភាព​ក្នុង​គ្រា​សេរីភាព​សារព័ត៌មាន​ធ្លាក់ចុះ

រូបថតរបស់​លោក Bernard Krisher ស្ថាបនិក​កាសែត​ ដឹ ខេមបូឌាដេលី ត្រូវ​បាន​ដាក់តាំង​ដល់​អ្នកចូលរួម​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ នៅ​មណ្ឌលថែទាំជំនួស និង​ផ្តល់ជីវិត​ថ្មី​ដល់​កុមារ ដែល​មានទីតាំង​​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩។​

សម្តេច​ ​នរោត្តម សីហនុ​ ​បាន​អញ្ជើញ​លោក​ Krisher​ ​ឲ្យ​មក​លេង​កម្ពុជា។ ចំណង​ទាក់ទង​នៃ​អ្នក​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ឡើង​ក្រោយ​ឆ្នាំ​១៩៩៣​ ​ពេល​លោក​បើក​កាសែត​ ​ឌឹ​ ខេមបូឌា​ដេលី​ និង​អង្គការ​មនុស្សធម៌​ជួយ​ដល់​កម្ពុជា។

ភ្នំពេញ — ស្របពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ​និង​អតីត​បុគ្គលិក​កាសែត​ ​ឌឹ ខេមបូឌា​ដេលី​ (The Cambodia Daily)​ ចូលរួម​មរណ​ទុក្ខ​លោក​ ​Bernard Krisher​ ​ស្ថាបនិក​កាសែត​ជា​ភាសា​អង់គ្លេស​ប្រចាំថ្ងៃ​ដំបូង​គេ​នៅ​កម្ពុជា​ ​សេរីភាព​សារព័ត៌មាន​និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ។​

អ្នក​បង្កើត​កាសែត​ជា​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ​ដំបូង​គេ​ ​ឌឹ ខេមបូឌាដេលី​ ​លោក​ ​Bernard Krisher​ ​បាន​ទទួល​មរណភាព​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​កាល​ពីថ្ងៃទី៥​ ​ខែមីនា​ ឆ្នាំ២០១៩ ​ហើយ​សព​របស់​លោក​ត្រូវ​បាន​បញ្ចុះ​នៅ​ទីក្រុង​ញូវយ៉ក​ ​សហរដ្ឋ​អាមេរិក។​ ​ដំណឹង​នៃ​មរណភាព​របស់​លោក​ត្រូវបាន​ប្រកាស​កាល​ពី​ថ្ងៃចន្ទ​ ​លើ​គេហទំព័រ​របស់​ ឌឹ ខេមបូឌា​ដេលី។​

រីឯ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ​អ្នក​សារព័ត៌មាន​ ​និង​អតីត​បុគ្គលិក​របស់​កាសែត​ ​ឌឹ ខេមបូឌាដេលី​ ព្រម​ទាំង​មិត្តភក្តិ​ ​និងបុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​លោក​ ​Bernard Krisher​ ​បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ក្មេង​កំព្រា​នៃ​អង្គការ​ដែល​លោក​បង្កើត​ ​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ​ដើម្បី​កាន់ទុក្ខ​និង​បង្ហាញ​ការ​គោរព​ជា​លើកចុងក្រោយ​ដល់​អ្នក​សារ​ព័ត៌មាន​ជើង​ចាស់​ជនជាតិ​អាមេរិក​រូប​នេះ។​

ពិធី​បុណ្យ​បែប​ព្រះពុទ្ធ​សាសនា​រយៈពេល​២​ថ្ងៃ​បាន​បញ្ចប់​កាល​ពី​ថ្ងៃអង្គារ​ ​ប៉ុន្តែ​ការ​កាន់​ទុក្ខ​ ​និង​រូបថត​របស់​លោក ​ត្រូវ​បន្ត​ដាក់​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​នោះ​ ​សម្រាប់​ឲ្យភ្ញៀវ​ចូល​ទៅបង្ហាញ​មរណ​ទុក្ខ​កាន់​តែ​ច្រើន​ រហូត​ដល់​ចុង​សប្តាហ៍​នេះ។​

បន្ទាប់​ពី​អុជ​ធូប ​និង​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ ​Bernard Krisher​ ​លោក​ ​វណ្ណ រើន​ អតីត​ការីនិពន្ធ​នៃ​កាសែត​ ​The Cambodia Daily​ ​កាលពី​មុន​ពេល​ដែល​កាសែត​នេះ​ត្រូវ​បាន​បិទ​ ​ប្រាប់​ ​VOA​ ​ថា លោក ​Bernard​ ​ជា​បុគ្គល​មួយ​រូប​ដែល​តែង​បណ្តុះ​បណ្តាល​អ្នក​សារ​ព័ត៌មាន​ទាំង​ជនជាតិ​ខ្មែរ​ និង​បរទស​ ​ឲ្យ​ប្រកាន់​នូវ​វិជ្ជាជីវៈ។​

លោក វណ្ណ រើន អតីត​ការី​និពន្ធ​នៃ​កាសែត The Cambodia Daily ផ្តល់​បទ​សម្ភាសន៍​ឲ្យ​ VOA នៅក្នុង​ពិធី​បុណ្យសព​របស់​លោក Bernard Krisher ស្ថាបនិក​កាសែត ដឹ ខេមបូឌាដេលី នៅ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា\VOA)

អតីត​ការី​និពន្ធ​ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​កាសែត​ The Cambodia Daily ​អស់​រយៈពេល​២០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ ​ការ​បាត់បង់​លោក​ ​Bernard​ ​ប្រៀប​ដូច​ជា​ការ​បាត់បង់​ពន្លឺ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា​យ៉ាង​ដូច្នោះ។​

«កាសែត​ដេលី​ជាមួយ​គាត់​ ​គាត់​នៅ​ជាមួយ​គ្នា​ ​បាន​ន័យ​ថា​ ការ​បាត់​បង់​គាត់​ដូចជា​ការ​បាត់​បង់​កាសែត​មួយ​ទៅ​ជាមួយ​គ្នា​ដែរ​ ​ព្រោះ​អ្វីៗ​ដែល​គាត់​បាន​ធ្វើ​ឡើង​ហ្នឹង​គឺ​ដើម្បី​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន ​ហើយ​និង​ការ​ដែល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សារព័ត៌មាន​ខ្មែរ និង​បរទេស»។​

លោក​ វណ្ណ រើន​ ​បន្ថែមថា ​អំឡុង​ពេល​ធ្វើការ​ជាមួយ​លោក​ ​ Bernard ​កាសែត​ខ្មែរ​អង់គ្លេស​មួយ​នោះ​ តែង​រង​នូវ​ការ​គំរាម​កំហែង​ ​និង​ការ​ព្រមាន​បិទ​ជាច្រើន​ដង​ ​ប៉ុន្តែ​លោក​ថា​ ​លោក​ ​Bernard​ ​តែង​ព្យាយាម​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ ​និង​ថែរក្សា​កាសែត​មួយ​នេះ​ឲ្យ​ដំណើរ​ការ​ទៅ​មុខ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ ដល់​ចុង​ឆ្នាំ​២០១៧​នេះ។​

«បញ្ហា​ភាគ​ច្រើន​គាត់​ប្រកាន់​ជំហរ​រឹងមាំ​ដដែល​ ​គាត់​ត្រូវ​តែ​ទៅ​មុខ​ ​គាត់​មិន​អាច​ដើរ​ថយ​ក្រោយ​បាន​ទេ។ អ្វី​ដែល​គាត់​ដោះស្រាយ​ ​គាត់​ដោះ​ស្រាយ​តាម​សន្តិវិធី​ ​គាត់​ធ្វើ​អ្វី​ដោយ​មិន​ប្រញាប់​ប្រញាល់​ បាន​ន័យ​ថា​ គាត់​ធ្វើ​អ្វី​ដោយ​ជឿជំនឿ​ទុក​ចិត្ត មិនមែន​លក្ខណៈ​ឆូង​ឆាំង»។​

រូបឯកសារ៖ ស្ត្រីម្នាក់ទិញកាសែត The Cambodia Daily ដែលជាការបោះពុម្ពផ្សាយចុងក្រោយបង្អស់របស់កាសែតដ៏ចំណាស់មួយនេះ នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

កាសែត​ ​ឌឹ ខេមបូឌា​ដេលី​ ​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ​ ​ប្រាំមួយថ្ងៃក្នុង​មួយ​សប្តាហ៍​ចាប់​តាំង​ពី​ការ​បើក​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៩៣។​ ​ការ​បើក​ដំណើរការ​របស់​កាសែត​ជា​ភាសា​អង់គ្លេស​និង​ខ្មែរ​នេះ​ ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ក្រោយ​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញ​ផ្សាយ​របស់​ខ្លួន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ម្តង។​

ចាប់​ឆ្នាំ២០១៦​មក​ ​សកម្មភាព​នៃ​ការ​គ្រប់គ្រង​កាសែត​ ​The Cambodia Daily​ ​របស់​លោក​ ​Bernard Krisher​ ​កាន់តែ​តិច​ទៅៗ​ ​នៅ​ពេល​ដែល​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ ​ហើយ​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឲ្យ​កូនស្រី​របស់​លោក​ គឺ​អ្នកស្រី​ ​Deborah Krisher-Steele​ ​ពោល​គឺ​មួយ​ឆ្នាំ​ ​មុន​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​រឹត​បន្តឹង​ផ្នែកពន្ធដារ​ជាង​ ​៦លាន​ដុល្លារ​ ​ដែល​ធ្វើ​ឱ្យ​កាសែត​នេះ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន។

ក្នុង​ឆ្នាំ២០១៨​ ​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ ​ដែល​ជា​គូប្រជែង​ក៏​ត្រូវ​បាន​លក់​ឱ្យ​អ្នក​វិនិយោគ​មក​ពី​ម៉ាឡេស៊ី ​ដ៏​គួ​រឱ្យ​មន្ទិលសង្ស័យ។​ ​ស្របគ្នា​នោះ​ដែរ​ ​រដ្ឋាភិបាល​ក៏​បាន​ដាក់​សម្ពាធ​ពន្ធ​លើ​វិទ្យុ​អាស៊ី​សេរី​ ​សំឡេង​សហរដ្ឋ​អាមេរិក​ ​និង​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ទៀត​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

លោក​ ​ឆន ចាន់ស៊ី​ ​អតីត​អ្នក​សារ​ព័ត៌មាន The Cambodia Daily​ ​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​ ​Bernard​ ​ដែរ​នោះ​ បាន​បន្ទោស​ការ​បិទ​កាសែត​ ​ឌឹ ខេមបូឌាដេលី​ ​ថា​មាន​ការ​ពាក់​ព័ន្ធ​នឹង​នយោបាយ។​ ​ទោះ​យ៉ាងណា​ លោក​ជឿ​ថា​កាសែត​មួយ​នេះ​នឹង​នៅ​ជាមួយ​លោក​ ​Bernard Krisher។​

«ជាក់​ស្តែង​យើង​ត្រូវ​មើល​អំពី​ស្ថានភាព​ ​ឬ​ក៏​ទំនោរ​នយោបាយ​ ​ថា​តើ​គេ​ចង់​ឲ្យដេលី​ហ្នឹង​នៅបិទទ្វារ ឬ​ក៏​បើក?​ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា​ ​គាត់​ជា​មនុស្ស​ឆ្លាត​មួយ​គាត់​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ជា​ច្រើន ទោះបីជាបញ្ហា​ហ្នឹង​លំបាក​ប៉ុណ្ណា​ក៏​ដោយ គាត់​អាច​រក​ដំណោះស្រាយ»។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ហៅ​កាសែត​ ​The Cambodia Daily​ ​ថា​ជា​«មេចោរ»​ ​ដែល​បាន​លួច​ពន្ធ​របស់​កម្ពុជា​អស់​រយៈពេល​២៤​ឆ្នាំ។​ ​ក្រោយ​មក​ ​ក្នុង​ឆ្នាំ​២០១៧​ ​រដ្ឋាភិបាល​របស់​លោក​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​កូនស្រី​របស់​លោក​ ​Bernard Krisher​ ​ឈ្មោះ​ Deborah Krisher-Steele។​

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ចុង​ក្រោយ​នៃ​កាសែត​ ​ឌឹ ខេមបូឌាដេលី​ ​នា​ថ្ងៃទី៣​ ​ខែ​កញ្ញា​ ​ឆ្នាំ២០១៧​ ​លោក​ ​Bernard Krisher​ ​បាន​រៀបរាប់​ថា​កាសែត​របស់​លោក​ជា​កាសែត​មិន​រកកម្រៃ​ពី​អ្នក​អាន​ក្នុង​រយៈពេល​២៤ឆ្នាំ​ ​ហើយ​លោក​ថា ​លោក​នឹង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ដំណើរ​ការ​របស់​កាសែត​មួយ​នេះ។​

អ្នក​សារ​ព័ត៌មាន​ជើង​ចាស់​អាមេរិក​រូប​នេះ​ ​បាន​សរសេរក្នុង​សេចក្តី​ថ្លែងការណ៍​ចុង​ ​ក្រោយ​របស់​លោក​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​កាសែត​ ​The Cambodia Daily ​ថា៖​

«ប្រសិន​បើ​ពួកគេ​ចង់​កាត់​ទោស​នរណា​ម្នាក់​ ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ ​ព្រោះ​ខ្ញុំ​ជា​អ្នក​ធ្វើ​វា។​ ​ការ​ចោទ​ប្រ​កាន់​ប្រឆាំង​នឹង​កាសែត​របស់​ខ្ញុំ​ ​គឺ​ជា​ការ​ប៉ុនប៉ង​ដ៏​តឹងតែង​របស់​របប​នេះ​ ​ក្នុង​ការ​បិទ​ប្រតិបត្តិការ​របស់​យើង​ភ្លាមៗ»។​

លោក​ ​ពូ សុធីរៈ​ ​អតីត​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ ​និង​សន្តិភាព ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​លោក Bernard Krisher មាន​ប្រសាសន៍​ថា​ លោក​ ​Bernard​ ​គឺជា​មិត្តភក្តិ​ល្អ​របស់​កម្ពុជា​ ​និង​ថា​ លោក​ជា​បុគ្គល​មួយ​រូប​ដែល​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន។​លោក​បន្ត​ថា​ មរណភាព​របស់​លោក​ ​Bernard​ ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​សម្រាប់​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​

«គាត់​ជា​ Champion​ [ជើងឯក]​ ខាង​សេរី​ភាព​ក្នុង​រឿងព័ត៌មាន​ យើង​ដឹង​ស្រាប់​ហើយគាត់​ជា​ Owner [ម្ចាស់]​ ​របស់​ ​ខេមបូឌា ដេលី​ ​ដូច្នេះ​ខ្ញុំមាន​ការ​សោក​ស្តាយ​ណាស់​ដែល​ដឹង​ថា​គាត់​ស្លាប់ ហើយ​នៅ​តែ​ដឹង​ថា​គាត់​បាន​ធ្វើ​អំពើ​ល្អ​ច្រើន​ណាស់​ជាមួយ​ស្រុក​ខ្មែរ។ ហើយ​គាត់​ស្គាល់​អ្នក​ដឹកនាំ​ខ្មែរ​ច្រើន​ណាស់ ជាពិសេស​សម្តេច​តា សម្តេច​នរោត្តម​សីហនុ​ ដែល​លោ​ក​សុគត​ទៅ»។

លោក Bernard Krisher អ្នក​កាសែតចាស់វស្សា​អាមេរិក បានបង្កើតកាសែត​ The Cambodia Daily​ ដែល​ជា​សារព័ត៌មាន​ភាសា​អង់គ្លេស​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ លោក​បាន​ទទួល​មរណភាព​ក្នុង​វ័យ៨៧ឆ្នាំ នៅ​ប្រទេសជប៉ុន។ (រូបថតដោយ the Cambodia Daily)

លោក​ ​Bernard Krisher​ ​បាន​ជួប​សម្តេច​ ​នរោត្តម សីហនុ​ ​នៅ​ឆ្នាំ​១៩៦៤​ ​នៅ​ពេល​លោក​បាន​សម្ភាសន៍​ប្រធានាធិបតី​នៃ​ប្រទេស​ ​ឥណ្ឌូណេស៊ី​ ​ស៊ូកាណូ​ ពេលលោក​យក​ព័ត៌មាន​ឱ្យ​កាសែត​អាមេរិក​ ​Newsweek។​ ​សម្តេច​ ​នរោត្តម សីហនុ​ ​បាន​អញ្ជើញ​លោក​ Krisher​ ​ឲ្យ​មក​លេង​កម្ពុជា។ ចំណង​ទាក់ទង​នៃ​អ្នក​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ឡើង​ក្រោយ​ឆ្នាំ​១៩៩៣​ ​ពេល​លោក​បើក​កាសែត​ ​ឌឹ​ ខេមបូឌា​ដេលី​ និង​អង្គការ​មនុស្សធម៌​ជួយ​ដល់​កម្ពុជា។ នេះ​បើ​យោង​តាមអត្ថបទ​របស់​សារព័ត៌មាន ​ឌឹ ខេមបូឌាដេលី​ ​ដែល​ផ្សាយ​អំពី​មរណភាព​របស់​លោក​កាល​ពី​ថ្ងៃចន្ទ។​

ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ ធម្មិកោ​ ​អតីត​ជំនួយ​ការ​របស់​ព្រះ​មហាវីរក្សត្រ​ព្រះ​បាទ​នរោត្តម សីហនុ​ ​មាន​បន្ទូលថា​ លោក​ ​Bernard Krisher​ ​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​ជាមួយ​ព្រះ​មហាវីរក្សត្រ​ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ ​ពោល​គឺ​នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម​បង្កើត​កាសែត​ ​The Cambodia Daily។​ ​ព្រះអង្គម្ចាស់បន្ថែម​ថា ព្រះ​មហាវីរក្សត្រ​បាន​ចាត់​ទុក​កាសែត​នេះ​ជា​កាសែត​ដែល​មាន​វិជា្ជជីវៈ​ខ្ពស់​ ​និងឈប់​អាន​កាសែត​ក្នុង​ស្រុក​ផ្សេង​ទៀត​ ចាប់​ពី​អំឡុង​ឆ្នាំ​២០០២​មក។​

ព្រះអង្គ​ម្ចាស់​បញ្ជាក់​ថា៖​

«ចាប់ពី​ឆ្នាំ​២០០២​ ឬ​ ​២០០៣​អីហ្នឹង​ព្រះ​ករុណា​ព្រះវររាជ​បិតា​ ​ព្រះ​បរមរតន​កោដិ លោក​ឈប់​អាន​កាសែត​មួយ​ចំនួន ដូច​ភ្នំពេញ​ប៉ុស្តិ៍​ដូច​អី​ហ្នឹង ដោយសារ​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អត្ថាធិប្បាយ​មិន​យុត្តិធម៌​ ​មិន​សមស្រប។​ ​ហេតុ​ដូច្នេះ​លោក​អាន​ត្រឹមតែ​ខេមបូឌា​ដេលី​ទេ។​ ​រៀងរាល់​ថ្ងៃ​ ស្ទើ​តែ​គ្រប់​អត្ថបទ​ ​លោក​ទត​ខេម​បូឌា​ដេលី»។​

ក្រៅ​ពី​ជួយកម្ពុជាឲ្យ​មានសេរីភាព​សារព័ត៌មាន​ ​លោក​ ​Bernard Krisher​ ​ក៏​បាន​ដឹកនាំ​ជំនួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា​ ​ជំនួយ​សម្រាប់​ពិភព​លោក​ដល់​កម្ពុជា​ ​World Assistance for Cambodia​ ​ដោយ​បាន​កសាង​សាលារៀន​ចំនួន​៥៦០​ ​នៅ​តាម​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ​និង​បាន​ដាក់​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ ​និង​កុំព្យូទ័រ។​ ​លោក​ក៏​បាន​ជួយ​ឱ្យ​មាន​ការ​បើក​កន្លែង​ព្យាបាល​ដ៏​ធំ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​សីហនុ​ កណ្តាល​ក្រុង​ភ្នំពេញ​ ​ដែល​មាន​ឈ្មោះ​ថា​ មជ្ឈមណ្ឌល​នៃ​ក្តី​សង្ឃឹម​ ឬ​ ​Hope Centre​ ដែល​ជួយ​ព្យាបាល​ពលរដ្ឋ​ខ្មែរ​ក្រីក្រ។​ ក្រៅពីនេះ​ លោក​ Bernard Krisher​ ​ក៏​បាន​ជួយ​ឱ្យ​មាន​ការ​បក​ប្រែ​នឹង​បោះពុម្ព​សៀវភៅ​ល្បីៗ​មួយ​ចំនួន​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ផង​ដែរ។​

អ្នកស្រី​ ​Elezabeth Becker​ ​អ្នក​កាសែត​ជើង​ចាស់​ ដែល​ធ្លាប់​យក​ព័ត៌មាន​អំពី​សង្គ្រាម​ក្នុង​ប្រទេស​វៀតណាម​និង​កម្ពុជា​ បាន​និយាយ​ថា​ អ្នកស្រី​កោត​សរសើរ​លោក​ ​Krisher ​ថា​ជា​មនុស្ស​ដ៏​គួរ​ឱ្យ​គោរព​និង​មាន​ឆន្ទៈ​មោះមុត​ជួយ​ប្រទេស​កម្ពុជា​ ដែល​ទើប​តែ​ចេញ​ផុតពី​សង្គ្រាម​នា​គ្រា​នោះ។​

«មាន​ជន​បរទេស​តិចតួច​ណាស់​ដែល​មាន​ការ​ប្តេជ្ញា​ចិត្តជា​វិជ្ជមាន​ចំពោះ​ប្រទេស​កម្ពុជា​ដូចជា​លោក Bernie។​ ​ការ​ចាប់​ផ្តើម​កាសែត​សំខាន់​មួយ​ ​និង​ការ​ចាប់​ផ្តើម​គ្រឹះ​ស្ថាន​បោះពុម្ព​ផ្សាយ គឺ​មាន​ការ​លំបាក​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់។​ ​ហើយ​គាត់​បាន​រក្សា​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​រហូត​ទាល់​តែ​កាសែត​របស់​គាត់​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ»។​

លោក​ ​ពូ សុធីរៈ​ បន្ថែម​ថា បើ​តាម​ការ​សង្កេត​របស់​លោក​កាសែត​ ​The Cambodia Daily ​គឺ​ជា​សារព័ត៌មាន​មួយ​ដែល​មាន​វិជ្ជាជីវៈ​ និង​ភាព​សុក្រឹត្យ​ជាង​គេ​នៅ​កម្ពុជា។​ ​លោក​ថា​ ​ទន្ទឹម​នឹង​ការ​សោក​ស្តាយ​ដែល​បាត់​បង់​លោក​ ​Bernard​ ​លោក​ក៏​មាន​ការ​សោក​ស្តាយ​ដែល​កាសែត The Cambodia Daily​ ​លែង​មាន​វត្តមាន​នៅ​កម្ពុជា។​

«វាធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​នូវ​វេទិកា​មួយ​ដែល​មាន​សារ​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​មតិ​សាធារណៈ​ដឹង​អំពីព្រឹត្តិហេតុ​ផ្សេងៗ​ដែល​មាន​សារប្រយោជន៍​ចំពោះ​សង្គម​ ​ក៏​ដូចជា​តំបន់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ហ្នឹង​ដែរ»។

យ៉ាង​ណាក៏​ដោយ​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ប្រាប់​ ​VOA​ ​ថា ស្ថាបនិក​កាសែត​ ឌឹ ខេមបូឌាដេលី ​របស់​លោក​ ​Bernard Krisher​ ​បាន​ចូលរួម​ក្នុង​ការ​បញ្ចេញ​សំឡេង​កម្ពុជាឲ្យ​បាន​ឮ​ទៅ​ដល់​អន្តរជាតិ​ ​ហើយ​ជូន​ដំណឹង​ជា​សាធារណៈ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ ​និង​នៅ​បរទេស។​ ​ប៉ុន្តែ​លោក​បាន​និយាយ​ថា ​កាសែត​បរទេស​មួយ​នេះ​មិនមែនជា​កាសែត​ដែល​មាន​វិជ្ជាជីវៈ​នោះ​ទេ​ ព្រោះ​កាសែត​នេះបាន​រិះគន់​រដ្ឋាភិបាល។​

«បើសិន​យើង​ចង់​និយាយ​ថា​ ​Cambodia Daily​ ​ជា​កាសែត​ប្រកប​ដោយ​វិជ្ជា​ជីវៈ ប្រកប​ដោយអី​ហ្នឹង ខ្ញុំ​មើល​ទៅ​ដូចជាមិនអញ្ចឹង​ប៉ុន្មាន​ទេ​ ​ក៏​ប៉ុន្តែ​គាត់​មាន​និន្នាការ​ដែល​មិន​មែន​រដ្ឋាភិបាល​ ​ហើយ​មិន​មែន​ជា​និន្នាការ​អ្នក​ផ្សព្វផ្សាយ​នៅ​ក្នុង​របៀប​ជា​អ្នក​សារព័ត៌មាន​មានវិជ្ជាជីវៈ​ ​ពីព្រោះ​គាត់​មាន​និន្នាការ។​ ​អាហ្នឹង​ចំណុច​ទី​១។​ ​ទី២ Cambodia Daily គ្រាន់តែ​ជា​កន្លែង​បំពងបន្ត​ពី​អង្គការ​មិនមែន​រដ្ឋា​ភិបាល​អន្តរជាតិ​ ដែល​មាន​ទិសដៅនយោបាយ ​ដែល​ខ្ញុំ​សង្កេត​ឃើញ»។​

រូបឯកសារ៖ កាសែត The Cambodia Daily សរសេរអត្ថបទ «កម្មវិធីផ្សាយរបស់វិទ្យុ RFA និង VOA ត្រូវបានបញ្ឈប់នៅតាមបណ្តាខេត្តទូទាំងប្រទេស» រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ការបិទ​កាសែត​ ​ឌឹ ខេមបូឌា​ដេលី ​វិទ្យុ​អាស៊ីសេរី​ ​និង​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​ ដោយ​ធ្វើ​ឲ្យ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់។​

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ​(Reporters Without Borders)​ ​បាន​ចាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​លេខរៀង​ទី​ ១៤២​ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ នៅ​ឆ្នាំ២០១៨។​

លោក​ ​ណុប វី​ ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​ ​លើក​ឡើង​ថា ​កាសែត​ The Cambodia Daily​ ​ដែល​បង្កើត​ឡើង​ដោយ​លោក​ ​Bernard Krisher​ ​ជា​កាសែត​ដែល​មាន​វិជ្ជាជីវៈ​ ​ផ្សាយ​ពី​ការពិត​ក្នុង​សង្គម​ ដោយ​មិនមាន​ការ​ភ័យ​ខ្លាច។

លោក​បន្ថែម​ថា​ ចាប់​តាំង​ពី​កាសែត​ ​The Cambodia Daily​ ​ត្រូវ​បាន​បិទ​រហូត​មក​ដល់​បច្ចុប្បន្ន​ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ​ដែល​លោក​ថា​ ​ការណ៍​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ដំណើរ​ការ​នៃ​ការ​វិវត្ត​នៅកម្ពុជា​ ​ក៏​ដូចជា​ការ​ជំរុញ​អ្នក​ពាក់ព័ន្ធ​ដោះ​ស្រាយបញ្ហា​ផ្សេងៗ​ដែល​ជាប់​គាំង​ក្នុង​សង្គម។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើសិនជា​មិន​មាន​វត្តមាន​សារព័ត៌មាន​ឯករាជ្យ​ហ្នឹង​ទេ​ ​អ្វី​ដែល​ជា​បញ្ហា​ហ្នឹងគឺ​វា​នៅ​មាន​ចំណុច​ខ្វះ​ខាត។​ ដូច​ខ្ញុំ​បាន​លើក​ឡើង​អញ្ចឹង ឧទាហរណ៍ តម្លា​ភាព​សង្គម​ ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ​ការ​ធ្វើ​ឲ្យ​មាន​គណនេយ្យ​ភាព​សង្គម​ហ្នឹង គឺ​អត់​អាច​ទៅរួច​ទេ»។​

លោក​ ​ណុប វី​ ​លើកឡើង​ថា លោក Bernard គឺជា​អ្នក​សារ​ព័ត៌មាន​ជើង​ចាស់​មួយ​រូប​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ ​និង​ឧត្តម​គតិ​ក្នុង​ការ​កសាង​ឯករាជ្យ​ភាព​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយទាំង​នៅ​លើ​ពិភព​លោក និង​នៅ​កម្ពុជា។ លោក​បន្ត​ថា វីរភាព​របស់​លោក​ ​Bernard​ ​គឺជា​គំរូ​សម្រាប់​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត​នៅ​កម្ពុជា ក្នុង​ការ​ពង្រឹង​វិជ្ជាជីវៈ និង​ឯករាជ្យ​ភាព​របស់​ខ្លួន។​

អ្នកស្រី​ ​Elizabeth Becker​ ​បាន​បន្ថែម​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​បន្ទាប់​ពី​ការ​បិទ​ស្ថាប័ន​ព័ត៌មានឯករាជ្យ​ដូចជា​កាសែត​ ​ឌឹ ខេមបូឌា​ដេលី​ ​និង​មរណភាព​របស់​លោក​ ​Bernard Krisher​ ​ប៉ុន្តែ​អ្នក​កាសែត​ដែល​បាន​ទទួល​ការ​ហ្វឹក​ហ្វឺន​ពី​កាសែត​ដ៏មាន​ឥទ្ធិពល​នេះគឺ​ជា​អ្នក​បន្តវេន​នៅ​ថ្ងៃ​អនាគត។​

អ្នកស្រី​បាន​និយាយ​ថា៖​

«ពួកគេ​គឺជា​ឆ្អឹង​ខ្នង​នៃ​សារព័ត៌មាន​ល្អ​នា​ពេល​បច្ចុប្បន្ន​ក៏​ដូចជា​អនាគត»។​

អស់​រយៈពេល​ជាង​ ​២៤​ ​ឆ្នាំ​នៃ​ដំណើរ​ការ​របស់​ខ្លួន​ ​កាសែត​ ​ឌឹ ខេមបូឌា​ដេលី​ ​គឺជា​កន្លែង​បង្ហាត់​បង្រៀន​អ្នក​សារ​ព័ត៌មាន​វ័យក្មេង​ជា​ច្រើន​នាក់​ទាំង​បរទេស​និង​ជនជាតិ​ខ្មែរ​ ​ដែល​ភាគ​ច្រើន​កំពុង​ធ្វើ​ការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​គ្នា​ ​ទាំង​នៅ​កម្ពុជា​ ​និង​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​កាសែត​ ​Washington Post ទីភ្នាក់ងារ​សារព័ត៌មាន AP​ ​និង​ Reuters​ ជាដើម។​

កញ្ញា ចេង សុខហ័ង អតីត​អ្នក​សារព័ត៌មាន The Cambodia Daily ផ្តល់​បទ​សម្ភាសន៍​ឲ្យ​ VOA នៅក្នុង​ពិធី​បុណ្យសព​របស់​លោក Bernard Krisher ស្ថាបនិក​កាសែត ដឹ ខេមបូឌាដេលី នៅ​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា\VOA)

អ្នកស្រី​ ​ចេង សុខហ័ង​ ​អតីត​អ្នកសារ​ព័ត៌មាន​កាសែត​ ​The Cambodia Daily​ ​មួយ​រូប​ដែរ​ ​ក៏​បាន​និយាយ​ថា​ លោក​ ​Bernard​ Krisher​ ​បាន​ការ​ធ្វើ​ការ​ងារ​យ៉ាង​ខ្លាំង​ដើម្បីពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​ ​ដោយ​មិនមាន​ភាពល​ម្អៀង​ ​ដូច្នេះ​អ្នកស្រីរំពឹង​ថា​ ​ប្រជាជន​កម្ពុជា​នឹង​ចងចាំ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ Bernard​ ​ហើយ​អ្នកស្រី​ក៏​ចង់​ឃើញសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាមាន​ភាព​ប្រសើរ​ឡើង​នា​ពេល​ខាង​មុខ។​

«ខ្ញុំ​ជឿជាក់​ថា​ស្នា​ដៃ​របស់​គាត់​នៅ​តែ​ដិត​ជាប់​ក្នុង​ប្រទេស​កម្ពុជា​យើង​ ​ហើយ​កូនខ្មែរ​ជាច្រើននឹង​ចងចាំ​ឈ្មោះ​គាត់​ជា​រៀង​រហូត»។​

អ្នកស្រី​ Elizabeth Becker បាន​និយាយ​ថា​ លោក​ ​Bernard Krisher​ ​បានទទួល​មរណភាព​ក៏​ពិត​មែន ​ប៉ុន្តែ​គំនិត​របស់លោក​ ​និង​អ្នកដែល​រៀន​ ​និង​អាន​ព័ត៌មានរបស់​លោក​នៅ​តែ​បន្ត។​

«វា​ស្ថិត​នៅ​ជាមួយអ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​ដែល​បាន​រៀន​ជំនាញ​សារព័ត៌មាន​តាមរយៈ​កាសែត​របស់​គាត់​ ​និង​មនុស្ស​ដែល​បាន​អាន​វា​ហើយ​មាន​ការយល់​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​មើល​ពិភព​របស់​ពួក​គេ»។​

លោក​ ​Bernard Krisher​ ​កើត​ក្នុង​ឆ្នាំ​១៩៣១​ ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ​ដែល​មាន​ឪពុក​ជា​ជនជាតិ​ ​ជ្វីព។ ​គ្រួសារ​របស់​លោក​ ​បាន​រត់ភៀស​ខ្លួន​ ​ពី​ការ​កាប់​សម្លាប់​រង្គាល​របស់​ក្រុម​ ​ហ៊ីត្លែរ​ ​នឹង​បានទៅ​តាំង​ទីលំនៅ​ក្នុង​ទីក្រុងញូវយ៉ក ​សហ​រដ្ឋ​អាមេរិក​ ​ក្នុងឆ្នាំ​១៩៤១។

លោកបាន​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់តាំង​ពីឆ្នាំ​ ​១៩៦២​ និង​បាន​រៀបការ​ជា​មួយ​ស្ត្រី​ជនជាតិ​ជប៉ុន​ ​និង​មាន​កូន​ពីរ​នាក់​ ​និង​ចៅ​ពីរ​នាក់។ ​ក្នុង​មួយ​ឆាក​ជីវិត​របស់លោក​ចាប់តាំង​ពី​កុមារភាព​រហូត​ដល់​ជីវិត​ចុង​ក្រោយ​ ​លោក​ ​Bernard Krisher​ ​ដែល​ចូល​ចិត្ត​ការ​អាន​និង​សរសេរ​ ​នៅ​មិន​ឆ្ងាយ​ពី​អាជីព​សារ​ព័ត៌មាន៕