លោក John Robert Lewis ដែលជាជ័យលាភីទាមទារសិទ្ធិស៊ីវិលសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក និងជាសមាជិកសភាសហរដ្ឋអាមេរិកដ៏យូរអង្វែងម្នាក់ បានទទួលមរណភាពក្នុងជន្មាយុ ៨០ ឆ្នាំ។ លោកបានទទួលមរណភាពកាលពីថ្ងៃសុក្រ ដោយសារជំងឺមហារីកលំពែង ក្រោយពីលោកមានជំងឺនេះដំណាក់កាលធ្ងន់ធ្ងរអស់រយៈពេលមួយឆ្នាំ។
លោក John Lewis ចាប់ផ្ដើមល្បីល្បាញ តាមរយៈតួនាទីជាមេដឹកនាំចលនាទាមទារសិទ្ធិស៊ីវិលសម្រាប់ពលរដ្ឋអាមេរិកាំងយុគសម័យទំនើបកាលពីទសវត្សរ៍ ១៩៥០ និង១៩៦០។ នៅអាយុ ២៣ ឆ្នាំ លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងមេដឹកនាំទាមទារសិទ្ធិសម្រាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកលោក Martin Luther King Jr.។
កាលពីនៅមានជីវិត លោក Lewis គឺជាអ្នកនៅរស់រានមានជីវិតចុងក្រោយបង្អស់ ដែលបានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍កាលពីខែសីហា ឆ្នាំ ១៩៦៣ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលលោកKing បានថ្លែងសុន្ទរកថាដ៏ល្បីល្បាញរបស់លោកដែលមានចំណងជើងថា «ខ្ញុំមានក្ដីសុបិន្តមួយ»។ ក្នុងអំឡុងពេលជួបជុំគ្នាជាប្រវត្តិសាស្ត្រនេះ លោក Lewis បានរំឭកដល់ពលរដ្ឋអាមេរិកាំងអំពីអំណាចនៃចលនាសិទ្ធិស៊ីវិល។
លោក Lewis បានថ្លែងទៅកាន់ហ្វូងមនុស្សប្រមាណ ២ សែន ៥ ម៉ឺននាក់ថា៖ «តាមរយៈកម្លាំងនៃការទាមទាររបស់យើង ការប្ដេជ្ញារបស់យើង និងចំនួនអ្នកចូលរួមក្នុងចលនារបស់យើង យើងគួរតែបំបែកបណ្ដារដ្ឋប៉ែកខាងត្បូងឲ្យក្លាយជាបំណែករាប់ពាន់ ហើយដាក់បញ្ចូលគ្នាឡើងវិញក្នុងនាមព្រះជាម្ចាស់ និងលទ្ធិប្រជាធិបតេយ្យ។ យើងត្រូវតែនិយាយថា៖ «ភ្ញាក់ឡើងពលរដ្ឋអាមេរិកាំង! ភ្ញាក់ឡើង! យើងមិនអាចឈប់បានទេ ហើយក៏មិនអាចអត់ធ្មត់បានដែរ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារមួយលើ Twitter កាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំសោកស្ដាយណាស់ ដែលបានឮអំពីដំណឹងមរណភាពរបស់វីរបុរសទាមទារសិទ្ធិស៊ីវិល លោក John Lewis។ Melania និងខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Lewis»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បានថ្លែងថា៖ «ជីវិតរបស់លោក John គឺពិសេសណាស់។ ប៉ុន្តែលោកមិនដែលជឿថា អ្វីដែលលោកបានធ្វើគឺច្រើនជាងអ្វីដែលពលរដ្ឋអាមេរិកាំងអាចធ្វើបាននោះទេ។ លោកជឿថា យើងគ្រប់គ្នា មានកម្លាំងលើកទឹកចិត្តដ៏ខ្លាំងក្លា ដើម្បីធ្វើរឿងដែលត្រឹមត្រូវ មានឆន្ទៈដើម្បីស្រលាញ់មនុស្សគ្រប់គ្នា និងមានសិទ្ធិទទួលបានភាពថ្លៃថ្នូរ និងការគោរព តាមដែលព្រះជាម្ចាស់ផ្ដល់ឲ្យ។ ហើយដោយសារតែលោកមើលឃើញពីលក្ខណៈពិសេសរបស់យើងគ្រប់គ្នា ទោះជាលោកស្លាប់ហើយក៏ដោយ ក៏លោកនឹងនៅតែបន្ដធ្វើជាភ្លើងបំភ្លឺផ្លូវនៅក្នុងដំណើរដ៏វែងឆ្ងាយដើម្បីសម្រេចឲ្យបាននូវសហរដ្ឋអាមេរិកមួយដែលកាន់តែល្អឥតខ្ចោះបន្ថែមទៀត»៕