របាយការណ៍៖ កង្វះ​ខាត​ការងារ​និង​បំណុល​កើន​ឡើង​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​ពលករ​ចំណាក​ស្រុក​រស់​ទាំង​ត្រដរ

រូបឯកសារ៖ មនុស្សជាច្រើនដែលភាគច្រើនជាពលករចំណាកស្រុកឈរតម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្ត Samut Sakhon ប្រទេសថៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ក្រោម​សម្ពាធ​នៃ​ការ​ឆ្លង​រាតត្បាតជំងឺកូវីដ​១៩ អ្នកស្រី ផន ទូច​ អាយុ​៤០ឆ្នាំ​មិន​អាច​វិល​ត្រឡប់​ទៅធ្វើ​ការងារ​សំណង់​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ដូច​មុន​ឡើយ។

អ្នក​ស្រី​បាន​ចាក​ចេញពីប្រទេស​ថៃ​អស់​រយៈពេល​ពីរឆ្នាំ​មក​ហើយ​និង​កំពុង​រស់​នៅ​ក្នុងស្ថានភាព​លំបាក​លំបិន​ខាង​លុយកាក់​ក្រោម​ហេតុផល​ថាគ្មាន​ការងារ​ធ្វើ​នៅ​ស្រុក​សំពៅលូន​ខេត្ត​បាត់ដំបង​ជា​ទី​ដែល​អ្នកស្រី​សព្វ​ថ្ងៃ​ពឹង​អាស្រ័យ​លើ​ការ​លក់​ដូរ​នំ​បញ្ចុក​តាម​ផ្សារ។

អ្នកស្រី​ប្រាប់​វីអូអេ​ពី​ខេត្ត​បាត់ដំបងកាលពី​ថ្ងៃ​អាទិត្យ​ថា​ជីវភាព​ប្រចាំ​ថ្ងៃ​កាន់​តែ​លំបាក​ខ្លាំង​ឡើង​បាន​ជំរុញ​ចិត្ត​ឲ្យ​អ្នកស្រី​ចង់​វិល​ត្រឡប់​ទៅ​ប្រទេសថៃ​ដើម្បី​អាចរ​ក​ចំណូល​បាន​ប្រមាណ​២៣០​បាត​ឬ​ប្រមាណ​៣ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃពី​ការងារ​ជាកម្មករ​សំណង់។

អ្នកស្រី​ថ្លែង​ថា៖ «ចង់​ត្រឡប់​ទៅវិញ​ណាស់​ប៉ុន្តែ​ទៅ​វាអត់​រួច​ពេល​នៅ​នេះចឹង​ មិន​ដឹង​ធ្វើ​អី​រក​វាអត់​ទាន់​ហូប»។

អ្នកស្រី​ថា​ការ​លក់​ដូរ​មិនសូវ​ចំណេញ​ដោយសារ​តែ​ពលរដ្ឋ​នៅ​ផ្អើលម្តងម្កាល​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ធ្វើ​ឲ្យ​ការ​ប្រាក់​នៃ​បំណុល​របស់​អ្នក​ស្រី​កើន​ឡើង​ផង​ដែរ។ ក្នុង​រយៈ​ពេល​៦ទៅ​៧ខែ​ចុង​ក្រោយ​នេះ​ប្រាក់​ជំពាក់​អ្នកស្រី​ដែល​ដើម​ឡើយ​មាន​ត្រឹម​តែ​១លាន​រៀល​នោះ​បាន​កើន​ដល់​២​លាន​រៀល​រួច​ទៅ​ហើយ។

អ្នកស្រី​បន្ថែម​ថា៖ «ចង​ការ​គេ​ចង​ការ​ខែ​គេ​មួយ​ខែ​គេ​យក​មួយ​លាន​ដប់​ម៉ឺន»។​

កង្វះ​ការងារ​ធ្វើ​និង​បំណុល​កើនឡើង​បាន​រួមរឹត​ជីវិត​របស់​ក្រុម​ពលករ​ចំណាក​ស្រុក​ជាច្រើន​ពាន់​នាក់​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ក្បែរ​ខាង​មក​ប្រទេស​កំណើត​វិញ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺកូវីដ​១៩។ នេះ​ជាការ​រក​ឃើញ​របស់​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិពលករ​និង​របាយការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​មួយស្តីពី​ការ​វិល​ត្រឡប់​របស់​ពលករ​ចំណាក​ស្រុក ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.) ​ប្រចាំ​កម្ពុជាបាន​ពិនិត្យ​លើ​ស្ថានភាព​របស់​ពលករ​ចំណាក​ស្រុក​ដែល​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​និង​ការ​បាត់បង់​ការងារ​នៅ​ពេល​ប្រទេស​ដែល​ទទួល​ពលករ ទាំង​នោះ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ​១៩។ របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​ ពណ៌នា​ថា​នៅ​ក្នុង​តំបន់​មេគង្គ​ច្រក​របៀង​ជាច្រើន​ដែល​មាន​ភាពសកម្ម​សម្រាប់​ការ​ធ្វើ​ចំណាកស្រុក​ត្រូវ​បាន​បិទភ្លាមៗ​ក្នុង​អំឡុង​ពេល​យូរ ខណៈ​ប្រទេស​ជា​ច្រើន​បាន​អនុ​វត្តវិធាន​ការ​តឹងរឹង​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​តាម​ព្រំដែន។

របាយការណ៍​របស់​ការិយាល័យ UNFPA នៃអង្គការ​សហប្រជាជាតិ ​(អ.ស.ប.)​ ប្រចាំ​កម្ពុជាបាន​ពិនិត្យ​លើ​ស្ថានភាព​របស់​ពលករ​ចំណាក​ស្រុក​ ដែល​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​ និង​ការ​បាត់បង់​ការងារ​នៅ​ពេល​ប្រទេស​ដែល​ទទួល​ពលករ ទាំង​នោះ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ​១៩។ (​ថត​ពីគេហទំព័រ UNFPA)

របាយការណ៍​បន្ត​ថា​ការ​បាត់​បង់​ការងារ​ការ​រឹត​បន្តឹង​ជា​ច្រើន​ខាង​សេដ្ឋកិច្ច​និង​ការ​បិទខ្ទប់​នៅ​ប្រទេស​ដែល​ទទួល​យក​ពលករ​ចំណាក​ស្រុក​នោះ​បាន​បង្ខំ​ឲ្យ​ពលករ​ចំណាកស្រុក​ជាច្រើន​នាក់​វិល​ត្រឡប់​មក​ប្រទេស​កំណើត​ខ្លួន​វិញ។ គិត​ត្រឹម​ពេល​ចេញ​របាយការណ៍​មាន​ពលករ​កម្ពុជា​ជាង​២០ម៉ឺន​នាក់​ដែល​ក្នុង​នោះ​មាន​៤៣%​ជាស្ត្រី​បាន​វិល​ត្រឡប់​ពី​ប្រទេសជិត​ខាង​មក​ប្រទេស​កម្ពុជា​វិញ​ចាប់​តាំង​ពីការ​ចាប់​ផ្តើម​នៃការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​កាល​ពី​ដើម​ឆ្នាំ​២០២០។

របាយការណ៍​ឲ្យ​ដឹង​ក្នុងន័យ​ដើម​ថា៖​ «ជិត​៣០%​នៃ​ក្រុម​គ្រួសារ​ពលករ​ចំណាក​ស្រុក​ដែល​បាន វិលត្រឡប់​ គ្មាន​ប្រាក់​ចំណូល​ទាល់​តែសោះ​ហើយ​ច្រើន​ជាង​៥០%​នៃ​ពលករ​ចំណាក​ស្រុក​ដែល​បាន​វិល​ត្រឡប់ជាប់​បំណុល។​ពលករ​ចំណាក​ស្រុក​ជាស្ត្រី​ដែល​បាន​វិលត្រឡប់​គឺ​ទំនងច្រើន​ជាង​បុរស​និង​គ្មាន​លុយ​កាក់​ហើយ​ប្រឈម​ផលវិបាក​ច្រើន​ក្នុង​ការ​រក​ការងារ​ធ្វើ។​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​សេវា​គាំទ្រ​ខាង​សង្គម​និង​សុខាភិបាល​វិញ​នោះគឺ​មាន​តែ​ពលករ​ដែល​វិលត្រឡប់​មក​វិញ​២៥%​តែ​ប៉ុណ្ណោះ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ហើយ​ជាង​៤០%​មាន​បញ្ហា​ក្នុង​ការ​ទទួល​បាន​ការ​ថែទាំ​សុខាភិបាល​ដោយ​សារ​តែ​កង្វះ​លុយ​កាក់​ឬ​ក៏​ការ​នៅ​ឆ្ងាយ​ពី​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់ត្រាល់​លោក​មឿន តុលា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា​ស្ថានភាព​បំណុល​របស់​ពលករ​ចំណាកស្រុក​ដែលវិលត្រឡប់​មក​ពីប្រទេស​ថៃ​ក្នុង​គ្រា​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ មិន​ថម​ថយ​ទេ​ហើយ​ពលករ​តែង​តែ​ប៉ុនប៉ង​ឆ្លង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ។

​លោកបញ្ជាក់​ថា៖ «អីចឹង​ជា​ភស្តុតាង​មក​ដល់​ឥឡូវ​ហ្នឹង​ក៏​នៅ​តែ​មាន​ពលរដ្ឋ​ខ្មែរ​យើង​ឆ្លង​ដែន​ដោយ​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ​រៀងរាល់​ថ្ងៃ​ដែរ​ហើយ​ថៃ​ចាប់ ចាប់​រៀង​រាល់​ថ្ងៃ​គឺ​ហេតុ​ផល​ដោយ​សារ​អត់​ទទួល​បាន​នូវ​សេវា​សាធារណៈ​គ្រប់​គ្រាន់​ទទួល​មាន​មុខរបរ​សមប្រកប​ដើម្បី​ប្រកបរបរ​នៅ​ក្នុង​ស្រុក​ក៏ដូច​ជា​មិន​ទទួល​បាន​ប្រយោជន៍​អីផ្សេងៗ​មិន​មាន​ការងារ​ធ្វើ​គ្រប់​គ្រាន់»។

លោក​មឿន តុលា​ នាយកប្រតិបត្តិនៃអង្គការ​សង់ត្រាល់ ថ្លែង​ជាមួយ​វីអូអេ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែធ្នូ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក​បន្ថែម​ថា ទោះបី​ពលករ​ទាំងនោះ​បាន​ដឹង​ថា​ការ​ចាកចេញ​ទៅប្រទេស​ថៃ​ទាំងខុស​ច្បាប់​អាចប្រឈម​នឹង​ការ​ចាប់ខ្លួន​របស់​អាជ្ញាធរ​ថៃ​ក៏ដោយ​ ក៏​ពួកគាត់​នៅ​តែ​ប្រឹងជម្នះ​ទៅ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព។

លោក​ថ្លែង​ថា៖ «បើតាម​ពួកយើង​សម្ភាស​អីហ្នឹង​មិនមែន​គាត់​មិន​ដឹង​ថា​ឆ្លង​ដែន​ទៅ​គេ​ដោយ​ខុស​ច្បាប់​មាន​ហានិភ័យ​ខ្ពស់​តាំង​ពី​តម្រួត​ថៃ​ចាប់​ឬ​ក៏​គេ​អាច​ទាហាន​ថៃ​បាញ់​ឬមួយ​ក៏ឆ្លង​កូវីដ១៩​ទេ​ហើយ​ទៅ​ដល់​ប្រទេស​ថៃ​ហ្នឹង​ក៏​អត់​ទាន់​មាន​ការងារ​គ្រប់​គ្រាន់​ដែរ​ប៉ុន្តែ​គាត់​ប្រថុយ​ទៅ​ក្រែង​អាច​ទៅ​ធ្វើ​ការ​នៅ​តាម​ហាង​អី​បាន​បន្តិច​បន្តួច​បាន​គ្រាន់​ចាយ»។

លោក ​មឿន តុលា យល់​ស្រប​នឹង​ការ​វាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ​ពាក់​ព័ន្ធនឹង​ស្ថានភាព​ជីវភាព​របស់​ពលករ​ចំណាកស្រុក​ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ជិត​ខាង ជាពិសេស​គឺ​ប្រទេស​ថៃ។

លោក ​មឿន តុលា ថ្លែង​ថា៖ «កន្លង​មក​ហ្នឹង​ពួក​ខ្ញុំ​ក៏​បាន​សម្ភាស ពលករ​ខ្មែរ​យើង​ដែល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញដែរ​ហើយ​តាម​ចម្លើយ​របស់​ពួកគាត់​ហ្នឹង​គឺ​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​នឹង​អ្វីដែល​ការ​លើកឡើង​របស់​អង្គការ​សហប្រជា​ជាតិ​ហ្នឹង។ មាន​អ្នកដែល​ទទួល​បាន​ ID Poor មិន​អត់​ទេ​ប៉ុន្តែ​គ្រាន់​ថា​ភាគច្រើន​របស់​ពួកគាត់​ហ្នឹងអត់​បាន​ទទួល​នូវID Poor ហ្នឹង​ទេ​ហើយ​អ្នកដែល​ត្រឡប់​មក​វិញ​បើ​សិន​ជា​បុរស​គាត់​អាច​ទៅ​ទៅ​ធ្វើ​ការ​សំណង់​ឲ្យ​គេ​ប៉ុន្តែ មិន​មែន​ជា​ការ​ជាប់​លាប់​ទេ...ប៉ុន្តែ​បើស្ត្រី​វិញ​យើង​ឃើញ​ថា​គាត់​ពេល​ដែល​មក​ក្នុង​ស្រុក​ហ្នឹង​គាត់​មាន​ឱកាស​ដូច​បុរស​ទេ»។

បើ​តាម​សេចក្តី​ព្រាង​នៃ​របាយ​ការណ៍​របស់​អង្គការ​សង់​ត្រាល់ កាល​ពីខែសីហា ឆ្នាំ​២០២០ ស្តីពី​ដំណើរ​ស្វែងរក​ការ​ពិត​អំពី​តម្រូវការ​មូលដ្ឋាន​របស់​ពលករ​ចំណាក​ស្រុក​កម្ពុជា​ក្នុង​ពេល​មាន​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ​១៩​ពលករ​ចំណាក​ស្រុក​ជាច្រើន​នាក់ឲ្យ​ដឹង​ថា​ពួកគេ​បាន​ធ្លាក់​ចូល​ក្នុង​ចំណង​បំណុល​ដោយ​លើក​ហេតុ​ផល​ថា​ពួក​គេ​គ្មាន​លុយ​កាក់​ដើម្បី​រស់​ បញ្ជូន​កូនទៅរៀន​និង​គ្មានលុយ​ទិញដីសម្រាប់​ដំា​ដំណាំ និង​សង់​ផ្ទះ។

របាយការណ៍​ឲ្យ​ដឹង​បន្ថែម​ថា​ពលករ​បាន​ចំណាក​ស្រុក​តាម​រយៈ​មេ​ខ្យល់​ក្នុងស្រុក​ដែល​យក​កម្រៃ​ទាប​បើ​ធៀបនឹង​ទៅ​តាម​ការ​ចំណាក​ស្រុក​តាមវិស័យ​ឯកជន។ ពលករ​ចំណាកស្រុក​ក៏​មាន​បញ្ហា​នឹង​ការ​គ្រប់គ្រង​ចំណូល​របស់​ពួកគេ​ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ក្រ​ទៅ​និងលំបាក​វេទនា​ទៅ។ អ្នកខ្លះ​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ ហើយ​ជាប់​ពន្ធនាគារ។ ចំណែក​អ្នក​ខ្លះ​ទៀតត្រូវ​បាន​គេបោក​និង​កេងប្រវ័ញ្ច។

របាយ​ការណ៍​បញ្ជាក់​ថា៖​«​ពួក​គេ​ភាគ​ច្រើន​បាន​ប្រាប់​ថា​ពួក​គេ​ចង់​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ម្តង​ទៀត​ដើម្បី​រក​ការងារ​ដោយ​សារ​តែ​ពួកគេ​គ្មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម​និង​គ្មាន​ការងារ​ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​ប្រទេស​កម្ពុជា»។

រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មកដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-​ថៃ នៅក្រុង​ប៉ោយប៉ែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

អ្នកស្រី ​ប៉ុល សៅនី​ ស្រ្តី​មេម៉ាយ​មាន​កូន​ពីរ​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមាន​ជ័យ​និយាយ​ថា​អ្នក​ស្រី​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញទេ​ទោះបី​អ្នក​ស្រី​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ទីនោះ​១០ឆ្នាំ​មក​ហើយ ដោយ​បារម្ភ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩។

អ្នកស្រី​ថ្លែង​ថា៖ «មិន​ហ៊ាន​ទៅ​ទេខ្លាច! ព្រោះ​អីឯណោះ​តាម​មើល​ព័ត៌មាន​ វា​បែក​ច្រើន»។

អ្នកស្រី​បន្ថែម​ថាបច្ចុប្បន្ន​នេះ អ្នកស្រី​មិន​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​ទេ​ដោយ​បាន​រស់​នៅ​ក្នុង​ផ្ទះអ្នកជិត​ខាង​និង​បាន​ពឹង​ផ្អែក​លើ​ចំណូល​ដែល​បាន​ពី​ការ​សម្អាត​ដី​ដំឡូង​មី​ទៅ​តាម​រដូវ​កាល​នៃ​ការ​ដាំដុះ។

អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ទឹកចិត្ត​ឲ្យ​អាជ្ញា​ធរ​កម្ពុជា​ផ្តល់​ការ​ការពារ​និង​បើក​ផ្លូវ​ឲ្យ​អ្នក​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​វិញ​មាន​លទ្ធភាព​យក​ឈ្នះ​លើ​ផល​ប៉ះពាល់​រយៈពេល​វែង​នៃ​ជំងឺ​កូវីដ​១៩។ អង្គការ​សហ​ប្រជាជាតិ​បាន​ទទូច​ដល់​អាជ្ញាធរ​ធានា​ថា​ប័ណ្ណក្រីក្រ​ត្រូវ​បាន​ផ្តល់​ជូន​អ្នក​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​វិញ​រូបណា​ដែល​មាន​លក្ខណៈ​សម្បតិ្ត​អាច​ទទួល​បាន​និង​ជំនួយ​បន្ថែម​ទៀត​ត្រូវបានផ្តល់​ដើម្បី​មាន​លទ្ធ​ភាព​ទទួល​បាន​ការងារ ឬ​ក៏​ឱកាស​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បី​ជំរុញ​ឲ្យពួកគេ​អាច​សម្រប​ខ្លួន​បាន​នៅ​ក្នុង​សហគមន៍។

លោក ​ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាល​ភាព​សង្គម​នៃ​អគ្គនាយកដ្ឋាន​បច្ចេក​ទេ​សក្រសួង​សង្គម​កិច្ច​អតីត​ យុទ្ធជន និង​យុវនីតិ​សម្បទា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​មិន​ទាន់​ឃើញ​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ទេ​ទាក់​ទិន​ស្ថានភាព​របស់​ពលករ​ចំណាក​ស្រុក​ក្នុង​ការ​ទទួល​បាន​ប័ណ្ណ​ក្រីក្រ។ ក៏​ប៉ុន្តែ​លោក​ថា​ក្រសួង​បាន​ចាត់ចែង​ឲ្យ​មាន​ច្រក​សម្រាប់​ពលករ​ទាំងនោះស្នើ​សុំ​ប័ណ្ណ​នេះ​ពី​អាជ្ញា​ធរ​មាន​សមត្ថកិច្ច។

លោក​ថ្លែង​ថា៖ «អីចឹង​ចំពោះ​ទិដ្ឋភាព​នេះ​យើង​ខ្ញុំ​ជម្រាប​ជូន​ទៅថា​ការ​ផ្តល់​ប័ណ្ណ​សមធម៌​ទាំង​ប្រភេទ​ក្រីក្រ១​ក្រីក្រ​២នេះ​ គឺ​យើង​មិនមែន​បាន​ន័យ​ថា រក្សា​របត់​ពី​លើក​មុន​ទេ​បាន​ន័យ​ថា​ យើង​ប្តូរ​របត់​ដើម្បី​ស្របទៅ​តាម​ស្ថានភាព​នៃ​កូវីដ​នេះ​ហើយ។ ចំពោះ​របាយការណ៍​នេះ​យើង​ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ម៉េច​ទេ​ក៏​ប៉ុន្តែ​យើង​នៅ​មិន​ទាន់​បាន​ទទួល​នូវ​របាយ​ការណ៍​នោះ​ទេ​បាទ»។

បើ​តាម​លោក ​ឈួរ សុបញ្ញា​ រដ្ឋាភិបាល​តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩​នោះ​បាន​ផ្តល់​សាច់​ប្រាក់​ជាង​៣៥១​លាន​ដុល្លារ​ដល់​ពលរដ្ឋ​ជាង​៧០​ម៉ឺន​គ្រួសារ​ស្មើ​នឹង​ជាង​២,៧​លាន​នាក់​គិត​ត្រឹម​ខែ​មិថុនា​នេះ។ ដោយ​ឡែក​នៅ​ក្នុង​វិធានការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​ប្រទេស​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ជាង​៤​លាន​ដុល្លារ​ដល់​ពលរដ្ឋ​ចំនួន​ជាង​៦​ម៉ឺន​គ្រួសារ។

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ ហេង​ សួរ​ អ្នក​នាំពាក្យ​ក្រសួងការងារ​បាន​ទេ។

យ៉ាង​ណា​ក៏ដោយ​លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់ត្រាល់​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​បំណុល​របស់​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ លោក​ជឿ​ថា​អំពើ​ហិង្សា​មួយ​ចំនួន​រវាង​អ្នកខ្ចី​និង​ម្ចាស់​បំណុល​អាច​កើត​ឡើង ប្រសិន​បើ​រដ្ឋាភិបាល​មិនមាន​វិធាន​ការ​ដោះស្រាយ​ការ​លើក​ពេល​សង​បំណុល​ឲ្យ​ទាន់​ពេល​វេលា​នោះ៕