ប្រទេសជប៉ុនបានស្នើសុំផ្តល់ជំនួយបច្ចេកទេសដើម្បីជួយពង្រឹងដល់ស្ថាប័នរៀបចំការ បោះឆ្នោតកម្ពុជាដែលទើបបានបង្កើតឡើងកាលពីខែមុន។
ក្នុងជំនួយដែលភាគីជប៉ុនចង់ផ្តល់ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺមានការជួយដល់ការរៀបចំចុះឈ្មោះបោះឆ្នោត រៀបចំនីតិវិធីបោះឆ្នោត និងផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោតឱ្យបានយល់ដឹងពីការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានផ្ញើជូនបណ្តាញសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានគ.ជ.បលោក ស៊ិក ប៊ុនហុក ចាត់ទុកថានេះជា«ផែនការហ្មត់ចត់ ស្មោះត្រង់ និងការទទួលខុសត្រូវ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងអនុវត្តគម្រោងសាកល្បងសម្រាប់ធ្វើការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមបច្ចេកទេសថ្មី ដោយប្រើប្រាស់ប្រព័ន្ធកំព្យូទ័រដែលអាចនឹងជៀសវាងឈ្មោះស្ទួនដែលធ្លាប់កើតមានឡើងនិងការខុសឈ្មោះជាដើម។ ការចុះឈ្មោះសាកល្បងនេះនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៥ហើយការចុះឈ្មោះអ្នកបោះឆ្នោតទូទៅនឹងចាប់ផ្តើមនៅឆ្នាំ២០១៦៕