ជប៉ុន​ចេញ​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង​ក្រោយ​យន្តហោះ​យោធា​ចិន «រំលោភ» ដែន​អាកាស​ខ្លួន

ក្រសួងការពារជាតិជប៉ុនបង្ហាញពីយន្តហោះឈ្លបយកការណ៍ Y-9 របស់ចិនកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ យោងតាមក្រសួង យន្តហោះនេះបានបំពានដែនអាកាសជប៉ុនពីលើកោះ Danjo ក្នុងសមុទ្រចិនខាងត្បូងរយៈពេល ២នាទីខណៈ ពេលកំពុងហោះជុំវិញតំបន់នោះ។

ជប៉ុន​បាន​បញ្ជា​ឱ្យ​យន្តយោះ​ចម្បាំង​របស់​ខ្លួន​ចេញ​ប្រតិបត្តិការ​ជា​បន្ទាន់​កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​យន្តហោះ​យោធា​ចិន​មួយ​គ្រឿង «បាន​រំលោភ​ចូល» ដែល​អាកាស​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​ដកស្រង់​ប្រភព​ពី​ក្រសួង​ការពារជាតិ​ជប៉ុន។

យន្តហោះ​ចិន​នោះ «ត្រូវ​បាន​បញ្ជាក់​ថា​បាន​រំលោភ​ដែន​អាកាស​លើ​កោះ Danjo ក្នុង​អាណា​ខេត្ត Nagasaki របស់​ជប៉ុន»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​ជប៉ុន។ ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បន្ថែម​ថា​ខ្លួន​បាន​ចេញ​ប្រតិបត្តិការ «យន្តហោះ​ចម្បាំង​ក្នុង​ស្ថានភាព​គ្រា​អាសន្ន»។

យន្តហោះ «ស៊ើបការណ៍ Y-9» របស់​ចិន​បាន​ហោះ​ចូល​ដែន​អាកាស​ជប៉ុន​នៅ​ម៉ោង ១១ និង ២៩ នាទី​ព្រឹក ម៉ោង​ក្នុង​ស្រុក អស់​រយៈពេល​ប្រមាណ ២ នាទី។ នេះ​បើ​តាម​ក្រសួង​ដដែល។

អាជ្ញាធរ​ចិន​មិន​បាន​អត្ថាធិប្បាយ​អ្វី​ទេ​ជុំវិញ​រឿង​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ NHK ផងដែរ បាន​រាយការណ៍​ថា ឧបត្តិហេតុ​នេះ​ជា​ការ​លុកលុយ​លើកដំបូង​របស់​យន្តហោះ​យោធា​ចិន​ចូល​ក្នុង​ដែន​អាកាស​ជប៉ុន។

ក្រសួង​ការពារជាតិ​ជប៉ុន​ថា កងកម្លាំង​ស្វ័យ​ការពារ​របស់​ជប៉ុន​បាន​ចាត់​វិធានការ​មួយ​ចំនួន​ដូចជា «ព្រមាន» យន្តហោះ​នោះ​ជាដើម ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ NHK បាន​រាយការណ៍​ថា​គ្មាន​ការ​ប្រើ​អាវុធ​ដូចជា​កាំភ្លើង​បាញ់​បំភ្លឺ​ដើម្បី​ផ្តល់សញ្ញា​ដល់​អ្នក​បើក​យន្តហោះ​នោះទេ៕