សាលា​ក្ដី​ខ្មែរ​ក្រហម​នឹងទទួល​ប្រាក់​ជំនួយ​ពី​​ជប៉ុន

ប្រទេស​ជប៉ុន​គ្រោង​នឹង​ផ្ដល់​ជំនួយ​ថវិកា​ចំនួន​ជាង​ ២,២៦ លាន ​ដុល្លារ​អាមេរិក​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហមខាង​ភាគី​កម្ពុជា នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ដែល​មន្រ្ដី​ផ្លូវ​ការ​កម្ពុជា​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​អធិប្បាយ​ថា ​ជំនួយ​នេះ​អាច​នឹង​ជួយ​សម្រួល​ដល់​ភាគី​កម្ពុជា​ឲ្យ​ងើប​ផុត​ពី​វិបត្តិថវិកា​ បាន​មួយ​រយៈ​ពេល។

ដោយ​សារ​តែ​អស់​លុយ​សម្រាប់​ដំណើរ​ការ ភាគី​កម្ពុជា​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​បាន​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​ខ្មែរ​សរុប​ចំនួន​ ២៩៤ នាក់ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា​មក​ម្លេះ។

លោក ​ឌឹម សុវណ្ណារុំ អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​មាន​ប្រសាសន៍នៅ​ថ្ងៃ​ពុធនេះ​ថា ថវិកា​នេះ​នឹង​មក​ដល់​ដៃ​ភាគី​កម្ពុជា​យ៉ាង​យូរ​ពីរ​សប្ដាហ៍​ ក្រោយ​ចាប់​ពីថ្ងៃ​ចុះ​ហត្ថលេខា​ប្រគល់​ជា​ផ្លូវ​ការ។ លោក​សុវណ្ណារុំ​ថ្លែង​ថា៖

«តាម​និតិ​វិធី ​ពេល​ដែល​ចុះ​ហត្ថលេខា​ហើយ ភាគី​ជាតិ​ត្រូវ​ការ​ពេល​មួយ​ទៅ​ពីរ​សប្ដាហ៍​ដើម្បី​ផ្ទេរ​សាច់​ប្រាក់​នេះ​ ចូល​មក​គណនីយ​ជាតិ។ ហើយ​ពេល​នោះ​ផ្នែក​ជាតិ​នឹង​មាន​លទ្ធភាព​បើក​ប្រាក់​ខែ​ជូន​ដល់​បុគ្គលិកជាតិ​ទាំង​អស់ ដែល​បាន​រង់​ចាំ​ប្រាក់​ខែ​អស់​រយៈ​ពេល​ពីរ​ខែ​កន្លះ​ហើយ»។

ជំនួយរបស់​ប្រទេស​ជប៉ុន​នេះបាន​ធ្លាក់​មក ក្រោយ​ពី​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​រៃ​អង្គាស​ប្រាក់​ក្នុង​ទី​ក្រុង​ញូយ៉ក សហ​រដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា។ ប្រទេស​ដែល​ចាប់អារម្មណ៍​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​អនុម័ត​គម្រោង​ហិរញ្ញវត្ថុ​ចំនួន​ ជាង ​៨៧ លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្ដល់​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​ ដើម្បី​ដំណើរ​ការ​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដែល​កំពុង​តែ​ជាប់​ឃុំ​ឃាំង​ជា​បណ្ដោះ​អាសន្ន​ចំនួន ប្រាំ​នាក់ ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១។ ក៏​ប៉ុន្ដែ​នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​លើ បណ្ដា​ប្រទេស​ទាំង​នោះ​បាន​សម្រេច​ផ្ដល់​ជំនួយ​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម​ ត្រឹម​តែ ​១៦,៨០ ដុល្លារ​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​នោះ​ទឹក​ប្រាក់​ចំនួន ១៣,៥ ​លានដុល្លារ​សម្រាប់​ភាគី​អង្គការ​សហ​ប្រជាជាតិ និង​ទឹក​ប្រាក់​ចំនួន​ ៣,៤ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ភាគី​កម្ពុជា។ រហូត​មក​ទល់​ពេល​នេះ ក្រៅ​ពី​ប្រទេស​ជប៉ុន ភាគី​កម្ពុជា​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ទទួល​ការ​សន្យា ផ្ដល់​ជំនួយ​ហិរញ្ញ​វត្ថុ ពី​គណកម្មការ​អឺរ៉ុប​ចំនួន២​លាន​អឺរ៉ូ ឬ​ស្មើ​នឹង​ជិត​៣​លាន​ដុល្លារ​អាមេរិក ជំនួយ​ពី​ប្រទេស​អូស្ដ្រាលី​ចំនួន​៧៥​ម៉ឺន​ដុល្លារ​អូស្ដា្រលី ឬស្មើ​នឹង​ជាង​៦០​ម៉ឺន​ដុល្លារ​អាមេរិក ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់​ប្រហាក់​ប្រហែល​នឹង​៥០​ម៉ឺន​ដុល្លារ។ ក៏​ប៉ុន្ដែ​ជំនួយ​ទាំង​នេះ មិន​ទាន់​ធ្លាក់មក​ដល់​នៅ​ឡើយ​ទេ។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា ប្រសិន​បើ​ថវិកា​ជំនួយ​ទាំង​នេះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ វា​នឹង​អាច​ជួយ​ឲ្យ​ភាគី​ជាតិ​ដំណើរ​ការ​បាន​រហូត​ដល់​ខែ​តុលា ឆ្នាំ ២០១០នេះតែប៉ុណ្ណោះ។