ប្រទេសជប៉ុនបានប្រកាសផ្តល់ទឹកប្រាក់ចំនួន ៩សែន៦ម៉ឺនដុល្លារដល់ភាគីអន្តរជាតិ នៃសាលាក្តីខ្មែរក្រហមដើម្បីទ្រទ្រង់ដំណើរការស្វែងរកយុត្តិធម៌ដល់ពលរដ្ឋដែលរងគ្រោះដោយសាររបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីកាលពីថ្ងៃចន្ទ។ ថ្លែងអរគុណប្រទេសជប៉ុន លោក ក្រាញ់ តូនី និង លោក Knut Rosandhaug ប្រធាននិងអនុប្រធានការិយាល័យ រដ្ឋបាលនៃសាលាក្តីខ្មែរក្រហមដែលគេស្គាល់ជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានថ្លែងព្រមគ្នាក្នុងសេចក្តីប្រកាសព័ត៌មានថា៖
«អ.វ.ត.ក សូមថ្លែងអំណរគុណដល់ការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជប៉ុនចំពោះច្បាប់ ព្រហ្មទណ្ឌអន្តរជាតិ និងការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាដូចបានបង្ហាញតាម រយៈការបន្តផ្តល់ការគាំទ្រយ៉ាងធំធេងដល់តុលាការនេះ។ ប្រាក់ភាគទានថ្មីនេះមាន សារៈសំខាន់ដល់ អ.វ.ត.ក ក្នុងការបញ្ចប់អាណត្តិការងាររបស់ខ្លួន ដោយពុំមានការ អាក់ខាននៅក្នុងកិច្ចដំណើរការនីតិវិធីតុលាការ»។
មកដល់ពេលនេះ ជប៉ុនបានផ្តល់ទឹកប្រាក់ចំនួន ៨៨លានដុល្លារហើយដល់ភាគីជាតិ និងអន្តរជាតិ ហើយជាប្រទេសផ្តល់ជំនួយច្រើនជាងគេដល់សាលាក្តី ចាប់តាំងពីការ បង្កើតនៅឆ្នាំ២០០៦។ សាលាក្តីខ្មែរក្រហមបានចំណាយទឹកប្រាក់ប្រមាណ ៣០០ លាន ដើម្បីកាត់ទោស អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលនៅមានជីវិត ពីបទ ទទួលខុសត្រូវចំពោះជីវិតមនុស្សជាង១លាន៧ សែននាក់ ទាក់ទងនឹងបទឧក្រិដ្ឋកម្ម សង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧកិ្រដ្ឋកម្មប្រល័យពូជសាសន៍ ជាដើម៕