រូបភាព​ជុំវិញ​ពិភពលោក ៣១ មករា ២០១៧

សកម្មជន​របស់​អង្គការ​ Greenpeace ឡើង​លើ​រូបសំណាក Golden Victoria និង​ចង​បដា​ដែល​សរសេរ​ថា «មិន​អាច​ដក​ដង្ហើម​នៅ​ក្នុង​ទីក្រុង​បាន​ទេ​ ឬ Breathless through the city» ដើម្បី​ប្រឆាំង​នឹង​ការ​បំពុល​ខ្យល់​នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។

ជន​ស៊ីវិល​បង្ហាញ​ប័ណ្ណ​ទទួល​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ដើម្បី​ទទួល​បាន​អាហារ​មនុស្សធម៌​ ដែល​ចែកចាយ​ដោយ​អង្គការ​អឌ្ឍច័ន្ទ​ក្រហម​របស់​ប្រទេស​អ៊ីរ៉ាក់ នៅ​ភាគ​ខាង​កើត​នៃ​ក្រុង Mosul។

ភ្លើង​ឆេះ​ព្រៃ​ឆាប​ឆេះ​សហគមន៍ Dichato ក្នុង​ប្រទេស​ឈីលី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ ​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ពន្លត់​អគ្គិភ័យ​កុំ​ឲ្យ​ឆាបឆេះ​ដល់​ផ្ទះ​ប្រមាណ​៨០០​ខ្នង​នៅ​ទី​នោះ។

បាតុករ​តវ៉ា​នៅ​ខាង​ក្រៅ​វិមាន Downing Street ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

ទាហាន​អ៊ុយក្រែន​ពិនិត្យ​ក្រហូង​ដី​បណ្តាល​មក​ពី​ការ​បំផ្ទុះ​មួយ​នៅ​ក្នុង​ក្រុង Avdiivka។ ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​កើត​នៃ​ប្រទេស​អ៊ុយក្រែន​មាន​ស្ថានភាព​កាន់​តែ​ខ្លាំង​ឡើង ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨នាក់ បង្ក​របួស​ដល់​មនុស្ស​រាប់សិប​នាក់ និង​ចាប់​កម្មករ​រុករក​រ៉ែ​នៅ​ក្រោម​ដី​ជាង​២០០នាក់។

មនុស្ស​ម្នា​សម្តែង​របាំ​នាគ​ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ នៅ​ក្នុង​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

ឆ្មា Pooh អាយុ​មួយ​ឆ្នាំ និង​មាន​ជើង​សិប្បនិម្មិត​ដើរ​នៅ​ក្នុង​គ្លីនិក​មួយ​នៅ​ក្នុង​ក្រុង​សូហ្វ៊ីយ៉ា (Sofia)​ ប្រទេស​ប៊ុលហ្គារី។ គេ​ជឿ​ថា ឆ្មា​នេះ​បាន​បាក់​ជើង​នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត ឬ​រថភ្លើង​ កាលពី​ខែមេសា ឆ្នាំ​មុន ហើយ​អាច​ដើរ​រួច​វិញ​បាន​ដោយសារ​តែ​ពេទ្យ​សត្វ​ឈ្មោះ Vladislav Zlatinov។

រូបភាព​នេះ​ទទួល​បាន​ពី​អង្គការ Geological Survey's Hawaiian Volcano Observatory របស់​អាមេរិក​ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​កម្អែ​ភ្នំ​ភ្លើង ​Kilauea នៅ​លើ​ឆ្នេរ​សមុទ្រ Kamokuna ​ក្នុង​រដ្ឋ Hawaii កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។

នេះ​ជា​ទិដ្ឋាភាព​ទូទៅ​នៃ​បណ្ណាល័យ​របស់​សាកលវិទ្យាល័យ Mosul ដែល​ត្រូវ​បាន​ដុត និង​បំផ្លាញ​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

អ្នក​ចូលរួម​តុបតែង​ជា​តួអង្គ​ក្នុង​រឿង Vikings នៅ​ក្នុង​ពិធីបុណ្យ Up Helly Aa ប្រចាំ​ឆ្នាំ នៅ​ក្នុង​សង្កាត់ Lerwick ប្រទេស​ស្កុតលែន។

មនុស្ស​ម្នា​ជិះ​រំអិល​លើ​ព្រិល​ក្នុង​ពិធីបុណ្យ Ice and Snow នៅ​ឧទ្យាន Taoranting ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

មនុស្ស​ម្នា​ឆ្លង​កាត់​ទន្លេ Triveni ក្នុង​ពិធីបុណ្យ Swasthani Bratakatha នៅ​ក្នុង​ក្រុង Panauti ប្រទេស​នេប៉ាល់។