រូបភាព​ជុំ​វិញ​ពិភពលោក​ ២៧ មករា ២០១៧

ក្រុម​ជន​ចំណាក​ស្រុក​ពី​អនុ​តំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​ ដណ្ដប់​ភួ​យ​កម្តៅ​នៅលើ​​ក្បាល​ទូក​ Golfo Azzurro ក្រោយ​ពេល​ពួក​គេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ដោយ​អង្គការ ​Proactive Open Arms ចេញ​ពី​ទូក​ធ្វើ​ពី​កៅស៊ូ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Sabratha ប្រទេស​លីប៊ី។

បុរសកាស្មៀម្នាក់​កំពុងបំបែកទឹកកកចេញ​ពី​ទីធ្លា​សណ្ឋាគារ​មួយ​នៅ​ក្រុង​ Gulmarg ប្រហែល​៥៥​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ Srinagar ក្នុង​តំបន់​កាស្មៀ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា។

អ្នក​ស្រី Josiane Traum ដែល​ជា​អ្នក​រស់​រាន​មាន​ជីវិត​ពី​ការ​សម្លាប់ប្រល័យ​ពូជសាសន៍​​ក្នុង​សម័យ​ហ៊ីត្លែរ ដុត​ធូប​រំឭក​ក្នុង​ទិវា​ចងចាំ​ថ្ងៃ​ Holocaust អន្តរជាតិ​នៅ​សារមន្ទីរ​ចង​ចាំ​សម័យ​ Holocaust នៅ​សហរដ្ឋ​អាមកេរិក ក្នុង​រដ្ឋ​ធានី​វ៉ស៊ីនតោន។

មនុស្សកំពុងព្យាយាមពន្លត់ភ្លើងព្រៃនៅក្រុង Hualqui ស្ថិត​នៅ​៣០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ Concepcion ក្នុង​តំបន់​ Biobio ប្រទេស​ស៊ីលី។

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅ National Mall នៅ​មុន​ពេល​ចាប់​ផ្តើម​ដើរ​ក្បួន​ព្យុហយាត្រា​​សម្រាប់​ជីវិត​ ប្រចាំឆ្នាំ​លើក​ទី​៤៤​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ក្រុមអ្នកកាន់សាសនាឥស្លាម និងសកម្មជនអន្តោប្រវេសន៍​ក្នុង​តំបន់​ ចូល​រួម​ក្នុង​ពិធី​បួង​សួង​និង​ការ​ដើរ​ក្បួន​ប្រឆាំង​នឹង​គោល​នយោបាយ​សម្រាប់​ជន​អន្តោប្រវេសន៍​របស់លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ទីក្រុង​ញូវយ៉ក។

បុរសម្នាក់កំពុងលក់វត្ថុសម្រាប់តុបតែងក្នុងពិធីបុណ្យចូលឆ្នាំចន្ទគតិ​ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

ស្រ្តីអ្នកកាន់សាសនាហិណ្ឌូជនជាតិនេប៉ាល់ឈរ​នៅ​លើ​កប៉ាល់​ក្នុង​ទន្លេ​ Bagmati ដើម្បី​បួង​សួង​នៅ​ក្នុង​ពិធី​បុណ្យ Madhav Narayan ក្នុង​ទីក្រុង​ កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

មនុស្ស​ដើរ​កាត់​កន្លែង​បាញ់​ទឹក​សាធារណៈ​មួយ​ដែល​បាន​ក្លាយ​ជា​ទឹកកក ក្នង​សីតុណ្ហភាព​ត្រជាក់​នៅ​ទីក្រុង​ Zurich ប្រទេស​ស្វ៊ីស។

លោក Kisenosato ដែល​ទើប​តែ​ទទួល​បាន​ជើង​ឯង​កីឡា​បោក​ចំបាប់​ជប៉ុន​ កំពុង​សម្តែង​ក្បាច់​នៅ​ឯ​បូជនីយដ្ឋាន​ Meiji នៅ​ទីក្រុង​តូក្យូ។

 

មាន់គោកធំ​មួយ​ក្បាល​ពី​ប្រទេស​បារាំង​ឈ្មោះ «លោក​សាកល» កំពុង​រងាវ​ខណៈ​ពេល​ដែល​វា​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ដល់​សារព័ត៌មាន​ដោយ​ម្ចាស់​របស់​វា​គឺ​លោក Manny Tangco។ ការ​ដាក់​បង្ហាញ​នេះ​គឺ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​មាន់​គោក​ពិភព​លោក​ ដើម្បី​អប់​អរ​សាទរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ប្រទេស​ហ្វីលីពីន។

រូបពាន​សម្រាប់​តារាសម្តែង​ក្នុង​កម្មវិធីប្រគល់​ពាន​រង្វាន់ Screen Actors Guild ត្រូវ​បាន​គេ​ថត​នៅ​ឯ​​សាល​នៅ​ទីក្រុង​ Los Angeles។

តារាបង្ហាញម៉ូត​ស្លៀក​សម្លៀក​បំពាក់​កែច្នៃ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រមូល​ផ្តុំ​ម៉ូត​ល្បីៗ​របស់​អ្នក​រចនា​ម៉ូត Rani Zakhem សម្រាប់​បង្ហាញ​នៅ​រដូវ​ផ្ការីក​ឆ្នាំ​២០១៧ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

ស្ត្រីម្នាក់ដើរក្រោមដើម​ឈើ​នៅ​ពេល​ថ្ងៃ​លិច​នៅ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។