រូបភាព​ជុំ​វិញ​ពិភពលោក​ ២៦ មករា ២០១៧

លោក​ Percy Maimela វិចិត្រករ​ដែល​រៀន​គូ​រគំនូរ​ដោយ​ខ្លួន​ឯង​បាន​គូរ​រូប​លោក​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​គំនូរ​នេះ​លោក​គូរ​ដោយ​ប្រើ​អំបិល​ នៅ​ឯផ្ទះ​របស់​លោក​ក្នុង​ក្រុង​ Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

បេក្ខជនបវរកញ្ញា​ពិភព​លោក​ពី​ប្រទេស​វៀតណាម នាង Le Hang កំពុង​ប្រកួត​ប្រជែង​ក្នុងកម្មវិធី​ប្រកួត​សម្លៀក​បំពាក់​ប្រពៃណីជាតិ​ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ទាហាន​អ៊ីស្រាអែល​បោះ​ទីតាំង​ពេល​បើក​ការ​ប្រយុទ្ធ​ជា​មួយ​អ្នក​គប់​ដុំថ្ម​ជាតិ​ប៉ាលេស្ទីន នៅ​ពេល​មាន​បាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​អ៊ីស្រាអែល​ប្រគល់​សាកសព​ជន​ប៉ាលេស្ទីន​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​ប្រយុទ្ធ​គ្នា ត្រឡប់​ទៅ​ឲ្យ​ពួក​គេ​វិញ។

មនុស្ស​កំពុង​ជិះ​ក្នុង​រថយន្ត​មួយ​ដែល​ដឹក​ពេញ​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ​ បន្ទាប់​ពី​រត់​គេច​ចេញ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​​នៅភាគ​ខាង​ជើង​នៃ​​ទីក្រុង​ al-Bab ប្រទេ​សស៊ីរី។

អ្នកធ្វើការម្នាក់ចង្អុលទៅកាន់រូបភាពលើជញ្ជាំងដែលមានសញ្ញា SS របស់​ពួក​ណាស៊ី នៅ​លើ​ជញ្ជាំង​មួយ​ដែល​គំនូរ​នេះ​ធ្វើ​ឡើង​ដើម្បី​ឧទ្ធិស​ជូន​មន្ត្រី​ប៉ូឡូញ នៅ​ឯ​បូជនីយដ្ឋាន​សម្រាប់ការ​ចងចាំ Bykovnia នៅ​ជិត​ទីក្រុង Kiev។

អ្នកពន្លត់ភ្លើង​ម្នាក់​អោប​ទារក​​ដោយ​មាន​ពាក់​ម៉ាស់​នៅ​ជិត​ម្តាយ​ ក្នុង​ពេល​មាន​គ្រោះ​អគ្គិភ័យ​មួយ​នៅ​ក្នុង​ទីក្រុង​ Penco នៃ​តំបន់​ Concepcion ភាគខាង​ត្បូង​ប្រទេស​ស៊ីលី។

អ្នករៀបចំកម្មវិធីបង្ហាញម៉ូត​ និង​ជា​តារា​បង្ហាញ​ម៉ូត​ នាង​ Jessica Minh Anh បង្ហាញ​ការ​ច្នៃ​ប្រឌិត​មួយ​នៅ​មុន​ពេល​ការ​បង្ហាញ​ម៉ូត​​រដូវ​រងា​ឆ្នាំ​២០១៧។ នាង​បាន​ឡើង​លើ​កន្លែង​ដើរ​បង្ហាញ​ម៉ូត​លើ​កប៉ាល់ ក្នុងដំណើរ​ទស្សនកិច្ច​តាម​កប៉ាល់​នៅ​លើ​ទន្លេ Seine ក្នុង​ទីក្រុង​ប៉ារីស។

ក្រុមទាហាមឥណ្ឌាបង្ហាញជំនាញរបស់ពួកគេនៅលើម៉ូតូ ពេល​​សម្តែង​​ក្នុង​ទិវា​«សាធារណៈរដ្ឋ» នៅ​ទីក្រុង​ញូវ​ដេលី។ 

ជនបាត់បង់ទីជម្រក​​ដោយ​សារ​​ការ​ប៉ះ​ទង្គិច​គ្នា​ បាន​ទទួល​ជំនួយ​នៅ​ភាគ​ខាង​កើត​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់។

នាង​ Gabriela Papadakis និងលោក​ Guillame Cizeron ពី​ប្រទេស​បារាំង​កំពុង​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​រាំ​នៅ​លើ​ទឹក​កក​ ក្នុង​កម្មវិធី​ជ្រើស​រើស​ជើង​ឯក​ជិះ​ស្គី​លើ​ទឹក​កក​ទ្វីប​អឺរ៉ុប នៅ​ទីក្រុង ​Ostrava សាធារណរដ្ឋឆែក។

ក្រុមអ្នកចូលរួមប្រកួត​ក្នុង​ការ​ប្រណាំង​កាណូត​ប្រចាំ​ឆ្នាំ​ អម​​ដោយ​ទូក​តូចៗ​​កំពុង​បើក​កាត់​សាល​សម្តែង​ល្ខោនអូប៉េរា នៅ​ទីក្រុង​ស៊ីដនី ដែល​កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃការ​ប្រារព​​«ទីវា​អូស្ត្រាលី» ។