រូបភាព​ជុំវិញ​ពិភពលោក ១៩ មករា ២០១៦

លោក​ស្រី Michelle Bachelet ប្រធានាធិបតី​របស់​ប្រទេស​ឈីលី (Chile) និយាយ​ទៅ​កាន់​មនុស្ស​យន្ត​ម៉ាក Geminoid HI-2 ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ឲ្យ​ដូច​ទៅ​នឹង​លោក​សាស្រ្តាចារ្យ​ជនជាតិ​ជប៉ុន​ឈ្មោះ Hiroshi Ishiguro ក្នុង​ពិធី​បើក​សម្ភោធ​ព្រឹត្តិការណ៍​សភា​នៃ​អនាគត (Congress of the Future) ក្នុង​ក្រុង​សាន់ត្យាហ្គោ (Santiago)។ លោក​សាស្រ្តាចារ្យ Hiroshi Ishiguro ជា​អ្នក​បង្កើត​មនុស្ស​យន្ត​ប្រភេទ​នេះ។

នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោក Scott Kelly ដែល​ជា​មេបញ្ជាការ​នៃ​បេសកកម្ម​លើក​ទី៤៦​ក្នុង​លំហអាកាស​បាន​ចែក​រំលែក​រូប​ថត​នៃ​ប្រភេទ​ផ្កា​ម៉្យាង (ស្រដៀង​នឹង​ផ្កា​ឈូករ័ត្ន) នៅ​ក្នុង​ប្រព័ន្ធ​​ដាំ​រុក្ខជាតិ Veggie នៅ​លើ​យាន្ត​របស់​ស្ថានីយ៍​អាកាស​អន្តរជាតិ។ លោក Kelly បាន​សរសេរ​ថា៖ «បាទ មាន​ទម្រង់​នៃ​ជីវិត​ផ្សេងៗ​ទៀត​នៅ​ក្នុង​លំហអាកាស»។

ស្រ្តី​ម្នាក់ និង​កូនៗ​របស់​គាត់​ឈរ​នៅ​ក្នុង​ផ្ទះ​បែកបាក់​ នៅ​ក្នុង​ក្រុង Silopi នៅ​ទិស​អាគ្នេយ៍​នៃ​ប្រទេស​តួកគី ក្បែរ​ព្រំប្រទល់​នឹង​ប្រទេស​អ៊ីរ៉ាក់។ ប្រទេស​តួកគី​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយលុក​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​គណបក្ស​កម្មករ​ Kurdistan (PKK) ដោយ​មាន​ប្រតិបតិ្តការ​យោធា។ ក៏​មាន​ផង​ដែរ​នូវ​បម្រាម​គោចរ​មួយ​ចំនួន​ដែល​មាន​បំណង​បណ្តេញ​ក្រុម​បះបោរ​ចេញ​ពី​ទីក្រុង​នៅ​ទិស​អាគ្នេយ៍​មួយ​ចំនួន។

មនុស្ស​ម្នា​ដើរ​កាត់​ព្យុះ​ព្រិល ដើម្បី​ចូល​ទៅ​ក្នុង​ទឹកកក ក្នុង​ពិធីបុណ្យ Orthodox Epiphany នៅ​លើ​បឹង​ដែល​គ្របដណ្តប់​ដោយ​ទឹកកក នៅ​ក្បែរ​ភូមិ Dubrovichi ប្រទេស​រុស្ស៊ី។

កងកម្លាំង​ពិសេស​របស់​ប្រទេស​ស្វ៊ីស​បាន​ឈរ​យាម​ នៅ​ពេល​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ីស។

អ្នក​កាន់​សាសនា​គ្រិស្ត​ហែល​កាត់​ទឹក​ត្រជាក់​ ដើម្បី​ឆ្លង​កាត់​ទន្លេ Ribnica នៅ​ក្នុង​ក្រុង​ប៉ូដហ្គោរីកា (Podgorica) ប្រទេស​ម៉ុងតេណេហ្គ្រោ (Montenegro) ដើម្បី​សាទរ​ពិធីបុណ្យ Orthodox Epiphany។

បុរស​ម្នាក់​ជិះ​ម៉ូតូ​កាត់​ឡាន​ដែល​ក្រុម​បាតុករ​ដុត​ ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​ក្រុង​ព័រអូប្រ៉ាំង (Port-au-Prince) ប្រទេស​ហៃទី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

បុរស​ម្នាក់​ធ្វើ​ស្ករ​គ្រាប់​ប្រពៃណី​ឈ្មោះ Matang ដើម្បី​ត្រៀម​ទទួល​ឆ្នាំ​ថ្មី​របស់​ចិន​នៅ​ក្នុង​តំបន់ Yuqing ក្រុង Zunyi ខេត្ត Guizhou ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

កីឡាករ Viktor Troicki របស់​ប្រទេស​ស៊ែប៊ី (Serbia) មើល​បក្សី​មួយ​ដែល​កំពុង​ហើរ​ចេញ បន្ទាប់​ពី​វា​ទុំ​លើ​ទីលាន​ប្រកួត ក្នុង​ពេល​ប្រកួត​វគ្គទី១ ត​ទល់​នឹង​នឹង​កីឡាករ Daniel Munoz de la Nava របស់​អេស្ប៉ាញ នៅ​ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់ Australian Open នៅ​ឧទ្យាន Melbourne ប្រទេស​អូស្រ្តាលី។

មនុស្ស​ម្នា​ថត​រូប​ខ្លួន​ឯង​នៅ​កន្លែង​លំហែ​កាយ​នៅ​សមុទ្រ​ឈ្មោះ Corniche នៅ​ក្នុង​ក្រុង​បេរូត (Beirut) ប្រទេស​លីបង់។

តារា​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ការ​តុបតែង​ ក្នុង​ពេល​តាំង​បង្ហាញ​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Maybelline New York នៅ​ក្នុង​សប្តាហ៍​បង្ហាញ​ម៉ូដ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រងា​សម្រាប់​ឆ្នាំ២០១៦ ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

ក្មេង​ប្រុស​អាហ្វហ្គានីស្ថាន​ម្នាក់​កាន់​ឈើ​ នៅ​ពេល​ព្រាប​ដែល​គាត់​ចិញ្ចឹម​មួយ​ហ្វូង​ ហើរ​នៅ​លើ​ដំបូល​ផ្ទះ​របស់​គាត់​ក្នុង​ក្រុង​កាប៊ុល។

តារា​បង្ហាញ​ម៉ូដ​ចាំង​នឹង​ពន្លឺ ក្នុង​ពេល​តាំង​បង្ហាញ​ម៉ូដ​សម្រាប់​បុរស​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រងា​សម្រាប់​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧ ដែល​មាន​ឈ្មោះ​ថា Dsquared2។ កម្មវិធី​នេះ​ជា​ផ្នែក​មួយ​នៃ​សប្តាហ៍​បង្ហាញ​ម៉ូដ Milan ក្នុង​ប្រទេស​អ៊ីតាលី។

ឡាន​មួយ​ដែល​ច្នៃប្រឌិត​ដោយ​សិល្បករ Rachel Ducker ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នៅ​ការ​តាំង​ពិព័រណ៍​សិល្បៈ​នៃ​ក្រុង​ឡុងដ៍ នៅ​ភាគ​ខង​ជើង​នៃ​ក្រុង​នេះ។