រូបភាពជុំវិញពិភពលោក ១៤ មករា ២០១៦

ឆ្អឹង​ត្រីបាឡែន​ត្រូវ​បាន​ដាក់​តាំង​នៅ​ខាង​ក្រៅ​សារមន្ទីរ​ Wati El Hitan Fossils and Climate Change ដែល​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​របស់​អង្គការ UNESCO ក្នុងបើក​សម្ពោធ​នៅ​ឧទ្យាន​រមណីយ៍​ Fayoum នៅ​ប្រទេស​អេហ្ស៊ីប។

មន្រ្តី​ប៉ូលិស​ស្ថិត​នៅ​ខាង​ក្រោយ​រថយន្ត​មួយ​នៅ​ជិត​កន្លែង​ដែល​រង​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី។ ការ​ផ្ទុះ​គ្រាប់បែក​កើត​មាន​នៅ​ច្រើន​កន្លែង ហើយ​​បាញ់​ប្រហារ​កើត​មាន​ឡើង​នៅ​កណ្តាល​រដ្ឋធានី​ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ប្រាំពីរ​នាក់​ស្លាប់​ ហើយ​ជន​វាយប្រហារ​ទាំងអស់​ក៏​ត្រូវ​បានសម្លាប់​ផង​ដែរ។ ពួក​រដ្ឋឥស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក និង​កាំភ្លើង​នេះ។

អ្នក​ភូមិ​ម្នាក់​រៀបចំ​សំណាញ់​នៅ​អំឡុងពេល​នេសាទ​ជា​លក្ខណៈ​សហគមន៍​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ពិធី​បុណ្យ​ Bhogali Bihu នៅ​ឯ​បឹង Goroimari នៅ​ភូមិ​ Panbari ដែល​ស្ថិត​នៅ​ចម្ងាយ​ ៥០ គីឡូម៉ែត្រ​ (៣១ម៉ាយ) ភាគ​ខាង​កើត​ក្រុង​ Gauhati ប្រទេស​ឥណ្ឌា។

អ្នក​កាន់​ទុក្ខ​ម្នាក់​យំ​សោក​នៅ​ឯ​ពិធី​បុណ្យ​សព​លោក Lokman Acikgoz និង​កូនប្រុស​ពីរ​នាក់​របស់​លោក​នៅ​ក្រុង Cinar នៅ​ក្នុង​ខេត្ត Diyarbakir ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ជនឃឺដ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​តួកគី។ សមាជិក​គ្រួសារ​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ជនសកម្មប្រយុទ្ធ​ឃឺដ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​នៅ​ឯ​ស្ថានីយ​ប៉ូលិស​នៅ​ក្រុង​ Cinar។

ជន​ធម្មយាត្រា​មូស្លីម​ដើរ​ព័ទ្ធ​ជុំវិញ​អគារ Kaaba ដែល​ជា​អគារ​រាង​គូប​នៅ​ឯ​វិហារ​ Grand Mosque នៅ​ក្រុង​ពិសិដ្ឋ​ Mecca នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ អំឡុងពេល​ធម្មយាត្រា​ទ្រង់ទ្រាយ​តូច​មួយ​ ដែល​ត្រូវ​បាន​ស្គាល់​ថា Umrah នៅ​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៦។

ផ្កា និងសារ​រំលឹក​វិញ្ញាណក្ខន្ធ​ត្រូវ​បាន​ដាក់​ជុំវិញ​រូប​​តារា​ចម្រៀង​ David Bowie ដោយ​សិល្បករ Jimmy C នៅ​ក្រុង​ Brixton ភាគ​ខាង​ត្បូង​ក្រុង​ឡុងដិ៍។ លោក Bowie វ័យ​៦៩ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​នៅ​ថ្ងៃ​ទី១០ ខែ​មករា។

រូប​ស្រមោល​ឆ្លុះ​ពី​ព្រអាទិត្យ​នៃ​ការ​ហោះរេរាំ​របស់​បក្សី​មួយ​ហ្វូង​ មុន​ពេល​ពួកវា​ចូល​ដេក​នៅ​ជិត​ភូមិ​ Tidha ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល នៅ​តំបន់​ភាគ​ខាង​ជើង​វាលខ្សាច់​ Negev។

បុគ្គលិក​ហាង​លក់​ទំនិញ 7-Eleven លោក M. Faroqui អបអរសាទរ​ បន្ទាប់​ពី​ដឹង​ថា ហាង​របស់​លោក​ឈ្នះ​សន្លឹក​ឆ្នោត​ Powerball នៅ​ក្រុង Chino Hills រដ្ឋ​ California នា​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៦។

ព្រះអាទិត្យ​លិច​ពី​លើ​សមុទ្រ​មេឌីទែរ៉ានេ​នៅ​ឯ​ Rawcheh Sea Rock នៅ​ក្រុង​បេរូត ប្រទេស​លីបង់។

កីឡាករ Anders Fannemel មក​ពី​ប្រទេស​ណរវ៉េស ហាត់​សម​​អំឡុងពេល​ហ្វឹកហាត់​ជា​ផ្លូវការ​សម្រាប់​ការ​ប្រកួត​ជិះ​ស្គី​ហោះ​នៅ​តំបន់ Kulm ក្រុង Bad Mitterndorf ប្រទេស​អូទ្រីស។