អ្នកជំងឺ COVID-19 ណែនាំ​ពលរដ្ឋ​ឲ្យ​គោរព​តាម​បទ​បញ្ជា​អាជ្ញាធរ

បុគ្គលិក​ អ្នក​ស្ម័គ្រ​ចិត្ត និង​ទាហាន​អ៊ីតាលី​រៀបចំ​បន្ទប់​ថែទាំ​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​ថ្មី នៅ​ក្នុង​ក្រុង Bergamo ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

ខណៈពេល​ដែល​ប្រទេស​អ៊ីតាលី​កំពុង​បន្ត​ទប់ទល់​ជាមួយ​នឹង​មេរោគ​កូរ៉ូណា​ថ្មី អ្នក​ជំងឺ​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ​កាល​ពី​ដើម​ខែ​មីនា ក្រើន​រំឭក​ពិភពលោក​ឲ្យ​ប្រយ័ត្ន​ប្រយែង ពីព្រោះ​មេរោគ​នេះ​អាច​ឆ្លង​តាម​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​នេះ តែ​មិន​មាន​រោគ​សញ្ញា។

អត្រា​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី​នៅ​ប្រទេស​អ៊ីតាលី​បាន​ថយ​ចុះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ដែល​ជា​ថ្ងៃ​ទី ៤ នៃ​ការ​ថយចុះ​នេះ។ ការណ៍​នេះ​ធ្វើ​ឲ្យ​មនុស្សម្នា​ជា​ច្រើន​សង្ឃឹម​ថា ការ​បិទ​ទីក្រុង​ឲ្យ​ប្រជាជន​ស្នាក់នៅ​ក្នុង​ផ្ទះ​រយៈពេល​យូរ​កំពុងតែ​ផ្ដល់​លទ្ធផល​ល្អ ដូច​អ្វី​ដែល​ប្រជាជន​បន់ស្រន់​ចង់​បាន។

ទោះបីជា​យ៉ាងនេះ​ក្ដី ក្រុម​អាជ្ញាធរ​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​បាន​ស្នើ​ប្រជាពលរដ្ឋ​អ៊ីតាលី​កុំ​ឲ្យ​ធ្វេស​ប្រហែស និង​ឲ្យ​បន្ត​គោរព​ច្បាប់។

អ្នក​ជំងឺ COVID-19 ម្នាក់​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​រៀបរាប់​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក។ លោក Fausto Rossi អាយុ ៣៨ ឆ្នាំ ដំបូង​ចាប់ផ្ដើម​មាន​អាការៈ​ក្ដៅ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មីនា ហើយ ៤ ថ្ងៃ​ក្រោយ​មក លោក​ត្រូវ​បាន​គេ​បញ្ចូន​ទៅ​មន្ទីរពេទ្យ Santa Maria Goretti នៅ​ក្នុង​ទីក្រុង Latina ដែល​ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី។

លោក​បាន​និយាយ​ថា៖ «បញ្ហា​នៃ​មេរោគ​នេះ គឺ​នៅ​ពេល​ដែល​វា​ចូល​ទៅ​ក្នុង​សួត​របស់​អ្នក ព្រោះ​វា​វាយលុក​សួត​យ៉ាង​ខ្លាំង និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ជាមួយ​នឹង​ភាគរយ​នៃ​បាត់បង់​ជីវិត​ខ្ពស់»។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ជំងឺ​រលោកសួត​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «វា​សាហាវ​ណាស់ ហើយ​អត្រា​បាត់បង់​ជីវិត​ក៏​ខ្ពស់​ដែរ»។ លោក​បន្ថែម​ថា បើសិនជា​លោក​ឆ្លង​ជំងឺ​នេះ​នៅ​ពេល​ដែល​លោក​កំពុង​មាន​ជំងឺ​ផ្សេង​ទៀត ឬ​មាន​អាយុ​ច្រើន លោក​ប្រហែលជា​មិន​រស់​មក​ដល់​ពេល​នេះ​នោះ​ទេ។ លោកថា៖ «វា​ពិតជា​វេទនា​ណាស់ ដែល​មិន​អាច​ដក​ដង្ហើម​បាន»។

លោក Rossi កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​កន្លែង​ព្យាបាល​ដិតដល់ និង​សង្ឃឹម​ថា​នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ​របស់​លោក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​បាន​និយាយ​ថា មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី បាន​មើលស្រាល​មេរោគ​នេះ។ លោក​បញ្ជាក់​ថា លោក​សង្ឃឹម​ថា ការ​ឆ្លង​មេរោគ​រាតត្បាត​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ដូច្នេះ​មនុស្ស​គ្រប់​គ្នា​អាច​ត្រឡប់​ទៅ​រស់នៅ​តាម​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​មុន​វិញ​បាន។

លោក​បាន​ផ្ដល់​ដំបូន្មាន​ដូច្នេះ​ថា៖ «ប្រជាពលរដ្ឋ​ត្រូវតែ​គោរព​តាម​វិធានការណ៍​តឹងរ៉ឹង​ដែល​អាជ្ញាធរ​បាន​កំណត់ ដូចជា​ការ​ចេញ​ពី​ផ្ទះ តែ​ពេលណា​ចាំបាច់​បំផុត។ ពួកគេ​ត្រូវតែ​ស្នាក់នៅ​ក្នុង​ផ្ទះ និង​ជៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ព្រោះ​ថា «មេរោគ​នេះ​អាច​មាន​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ ប៉ុន្តែ​មិន​បង្ហាញ​រោគ​សញ្ញា​ណា​មួយ ដូច្នេះ​មនុស្ស​គ្រប់​គ្នា​អាច​ផ្ទុក​មេរោគ​នេះ»។

លោក Rossi សម្ដែង​ការ​ដឹង​គុណ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​ថែទាំ និង​ព្យាបាល​លោក។

លោក Rossi បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ទាំង​អស់​ក្នុង​ផ្នែក​ជំងឺ​ឆ្លង​ប្រចាំ​មន្ទីរពេទ្យ។ អ្នក​ទាំង​នោះ​គឺ​ជា​វីរបុរស​ពិត​នៅ​ក្នុង​សមរភូមិ​នេះ។ រាល់​ថ្ងៃ​ពួក​គាត់​ធ្វើការ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន រង​សំពាធ​ផ្លូវ​ចិត្ត និង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជាប់​ជានិច្ច​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ និង​ខ្លាច​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ។

អ្នក​ជំងឺ COVID-19 ជនជាតិ​អ៊ីតាលី​រូប​នេះ និយាយ​ថា លោក​បាន​ចំណាយ​ពេល​នៅ​ក្នុង​មន្ទីរពេទ្យ​យ៉ាង​ឯកោ ដោយ​គ្មាន​សមាជិក​គ្រួសារ​នៅ​ក្បែរ ឬ​គាំទ្រ​លើក​ទឹកចិត្ត​ឡើយ។ លោក​បាន​និយាយ​ថា បទ​ពិសោធន៍​នេះ​បាន​ផ្លាស់ប្ដូរ​ជីវិត​លោក និង​បាន​បង្រៀន​លោក​ឲ្យ​ចេះ​ឲ្យ​តម្លៃ​រឿង​តូចតាច​ដូចជា «ការ​រស់នៅ ការ​ដក​ដង្ហើម ការ​ដើរ ការ​ឱប ស្រា​មួយ​កែវ និង​សេរីភាព» ដែល​លោក​មិន​សូវ​យក​ចិត្ត​ទុកដាក់​កាល​ពី​មុន៕