អ្នក​តាមដាន​នយោបាយ៖​ បី​ឆ្នាំ​ក្រោយ​ត្រូវ​រំលាយ​ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ជា​បក្ស​ជំទាស់​ដ៏​សំខាន់​ជាង​គេ​​នៅ​កម្ពុជា

រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

ភ្នំពេញ — ៣ ឆ្នាំ​ក្រោយ​ការ​ដកវត្តមាន​គណបក្ស​សង្គ្រោះជាតិ​ពី​ស្ថាប័ន​រដ្ឋ​អំណាច​នៅ​កម្ពុជា ​ដោយ​តុលាការ​កំពូល​រំលាយ​បក្ស​នេះ ​កាល​ពី​ថ្ងៃ​ទី ​១៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​កើត​មាន​ជា​បន្ត​បន្ទាប់។

គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ត្រូវ​បាន​គេមើល​ឃើញ​ថា​ជាគូ​ប្រកួត​ប្រជែង​ ដែល​គំរាមកំហែង​ដល់​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោយ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក ​កឹម សុខា។​

ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ​ឆ្នាំ​ ២០១៣ ​គណបក្ស​សង្គ្រោះជាតិ​ដណ្តើម​បាន​កៅអី​តំណាងរាស្ត្រ​ចំនួន​ ៥៥​ ក្នុង​ចំណោម ​១២៣ ​អាសនៈ​ក្នុង​រដ្ឋសភា ​ឬ​ទទួល​បាន​សំឡេង​ឆ្នោត​ប្រមាណ ​៣ ​លាន ​ទល់នឹង​សំឡេង​ឆ្នោត​ជាង​ ៣​ លាន​ ២ ​សែន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រោយ​ការរំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នេះ ​ថ្នាក់​ដឹកនាំ​សំខាន់ៗរបស់​បក្ស​នេះ​រង​ការ​ចោទ​ប្រកាន់​ដោយ​បណ្តឹង​តុលាការ​កម្ពុជា​ ដែល​ក្រុម​ជំទាស់​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។

លោក កឹម សុខា ប្រធាន​គណបក្សនិង​ជា​សហ​ស្ថាបនិក​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​ក្រោយ​ជាប់​ពន្ធនាគារ​អស់​រយៈពេល​មួយ​ឆ្នាំ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ក្បត់​ជាតិ» ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ​ខណៈសវនាការ​លើ​សំណុំ​រឿង​របស់​លោក​នៅ​បន្ត​អូស​បន្លាយ។ រីឯ​លោក​ សម រង្ស៊ី​ ​ប្រធាន​ស្តីទី​និង​ជា​សហ​ស្ថាបនិក​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស តាំង​ពី​ឆ្នាំ ២០១៥ ​មក ​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​និង​ផ្តន្ទាទោស​ពី​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ ទាំង​រឿង​នយោបាយ​និង​រឿង​ផ្ទាល់​ខ្លួន។

«ហើយ​បើ​អត់​កញ្ចក់​ ឬ​កញ្ចក់​ហ្នឹង​បែក​ហើយ​ មិន​យក​កញ្ចក់​ហ្នឹង​មក​ឆ្លុះ​ទេ ​មើល​មិន​ដឹង​ទេ​ថា​ ខ្លួន​ល្អ​ឬ​អាក្រក់»

ការណ៍​នេះ​បានធ្វើ​ឲ្យ​មេដឹកនាំ​និង​គណបក្ស​ជំទាស់​ដ៏​សំខាន់​មួយ​នេះ ​ពុំ​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ កាល​ពី​ឆ្នាំ​ ២០១៨។ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ទាំង​អស់ ​១២៥ ​ក្នុង​សភានិង​គ្រប់គ្រង​អំណាច​ផ្តាច់​មុខ​តាម​របៀប​ឯកបក្ស បន្ទាប់​ពី​បាន​ប្រកួត​ជាមួយ​គណបក្ស​ចំនួន ​១៩​ ដែល​គ្មាន​កម្លាំង​ប្រជែង​នោះ។

​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មើល​ឃើញ​ថា ​អវត្តមាន​នៃ​គណបក្ស​ជំទាស់​ដ៏​ធំ​តែ​មួយ​គត់នេះ​ បាន​បង្ក​ឲ្យ​មានអតុល្យភាព​នយោបាយ ​និង​ភាព​តានតឹងនយោបាយ​ ព្រម​ទាំង​គ្មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​របៀប​ប្រជាធិបតេយ្យ​សេរី​ពហុបក្សនៅ​កម្ពុជា។

លោក ​កន សាវាង្ស​ មន្ត្រី​អង្កេត​ការ​បោះឆ្នោត​របស់​អង្គការ Comfrel ថ្លែង​ថា ​នៅ​ពេល​មាន​វត្តមាន​គណបក្ស​ជំទាស់​នៅ​ក្នុង​សភា​មាន​ការ​ជជែក​ដេញដោល​តវ៉ា​ខ្លាំងៗ មុន​នឹងអនុម័ត​ច្បាប់​ណាមួយ ​និង​មាន​ការ​កោះ​ហៅ​តំណាង​អង្គនីតិ​ប្រតិបត្តិ​ ដែល​អសកម្ម​មក​សួរនាំ​ពី​បញ្ហា​សង្គម​នានា។

លោក​បាន​ប្រៀប​ធៀប​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ទៅ​នឹង «កញ្ចក់​ដ៏​សំខាន់» ដែល​អាច​ឆ្លុះ​ឃើញ​បញ្ហា​ភ្លាមៗ​ និង​អាចធ្វើការ​កែសម្រួល​ឡើងវិញ។

រូបឯកសារ៖ រូបថតប្រធាន និងអតីតប្រធានគណបក្សសង្គ្រោះជាតិ នៅលើអាវសកម្មជនគណបក្ស អំឡុងពេលសមាជថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក​ប្រាប់​វីអូអេ​ថា៖ «ហើយ​បើ​អត់​កញ្ចក់​ ឬ​កញ្ចក់​ហ្នឹង​បែក​ហើយ​ មិន​យក​កញ្ចក់​ហ្នឹង​មក​ឆ្លុះ​ទេ ​មើល​មិន​ដឹង​ទេ​ថា​ ខ្លួន​ល្អ​ឬ​អាក្រក់»។

​លោក ​កន​ សាវាង្ស​ បន្តថា​ ការ​ប្រកួត​ប្រជែង​បម្រើ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក៏​លែង​មាន​ភាព​សកម្មដូច​មុន​ដែរ។

សម្រាប់​លោក​បណ្ឌិត ​អៀ សុផល​ សាស្ត្រាចារ្យ​រង​ជំនាញ​ការទូត​នៅ​មហា​វិទ្យាល័យ​ Occidental​សហរដ្ឋ​អាមេរិក ចាត់ទុកថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ជា​គណបក្ស​តែ​មួយ ​ដែល​អាច​ជា​ដៃគូ​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។

លោក​សរសេរ​តាម​សារ​អេឡិចត្រូនិក​យ៉ាង​ដូច្នេះ​ថា៖ «មាន​គណបក្ស​ជំទាស់​តូចៗ​ផ្សេង​ ដែល​រង​ការ​គាប​សង្កត់​ដែរ​ ដោយ​មេដឹកនាំ​គេ​ត្រូវ​ដាក់​ឲ្យ​ជាប់​ពន្ធនាគារ។​ ក៏​ប៉ុន្តែ​ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជា​គណបក្សតែ​មួយ​គត់​ ដែល​កំពុង​គំរាម​កំហែង​យ៉ាង​ពិត​ប្រាកដ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ​ គណបក្ស​នេះ​នៅតែ​ជា​ក្តី​សង្ឃឹមចុងក្រោយ​នៅ​កម្ពុជា»។

សម្រាប់​អ្នកវិភាគ​នយោបាយលោក​បណ្ឌិត ឡៅ ម៉ុងហៃ ​ការ​រំលាយ​និង​ការយក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បែង​ចែកឲ្យ​គណបក្ស​ផ្សេង​ ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​ឲ្យ​កាល​ពី​បី​ឆ្នាំ​មុន​ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​បញ្ច្រាស់​នៃ​ទិសដៅ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ ឡៅ ម៉ុងហៃ ​ថ្លែង​ថា៖«ពេល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ប្រជាធិបតេយ្យ ​យើង​លែង​មាន​ទៀត​ហើយ គឺ​បែរ​ក្បាល​ទៅ​រក​ទិសដៅ​របប​ផ្តាច់ការ។ ដូច្នេះ​ គេ​ធ្វើ​អ្វីៗ​ក៏​ដោយ ​គឺ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​មេដឹកនាំ»។

អ្នក​ស្រី​ មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​មើល​ឃើញ​ថា ​បញ្ហា​សង្គម​នានា​មិន​ត្រូវ​បាន​ដោះ​ស្រាយដោយ​ប្រសិទ្ធភាព​នោះ​ទេ ​រួម​មាន​ជាអាទិ៍បញ្ហា​បំណុល​ការ​ប្រាក់​ធនាគារ​ ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩ ​ជម្លោះ​ដីធ្លី​ការ​សង្ស័យ​អំពី​វត្តមាន​យោធា​នៃ​កងទ័ព​ចិន​លើ​ទឹកដី​កម្ពុជា​ និង​បញ្ហា​ព្រំដែន​ជា​ដើម។

អ្នកស្រីថ្លែង​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖ «បើ​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សភា​យើង​ច្បាស់​ជា​មាន​ការ​តវ៉ា​ ហើយ​ចុះ​ទៅ​មើល​ផ្ទាល់​ដល់​ទីកន្លែង។ ឥឡូវ​ អត់​មាន​វត្តមាន​ គឺ​ថា​ស្ងាត់​ឈឹង ​គឺ​ថា​ឲ្យ​តែ​ងើប​ដឹង​តែ​គេ​ចាប់​ដាក់​ពន្ធនាគារ។ នេះ​គឺជា​ការ​បាត់បង់​នូវ​សំឡេង​ពលរដ្ឋ។ យើង​ទុក​ឲ្យ​រដ្ឋ​អំណាច​លោក​ ហ៊ុន សែន​ ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត។ ខាតបង់​ផល​ប្រយោជន៍​ពលរដ្ឋ​ ខាតបង់​ផល​ប្រយោជន៍​ជាតិ​ធំ​ណាស់»។

ក៏​ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន​ ថ្លែង​ថា មាន ​ឬ​គ្មាន​គណបក្ស​ជំទាស់​នៅ​ក្នុង​សភា ​មិន​មាន​អ្វី​ខុសប្លែក​គ្នា​នោះ​ទេ។​

លោក សុខ​ ឥសាន​ ថ្លែង​ថា៖ «អត់​គណបក្ស​ប្រឆាំង​ ការ​អនុម័ត​គេ​ទៅ​យ៉ាង​រលូន ​វា​គ្មាន​អ្នក​ប្រឆាំង​គ្មាន​អ្នក​ជំទាស់។ ទោះ​បី​បក្ស​តែ​មួយ​ដូច​គណបក្ស​ប្រជាជន ​ចឹង​គេ​មាន​នីតិវិធី​ត្រឹមត្រូវ។ ​ប៉ុន្តែ​ បើ​ទោះ​ជា​មាន​គណបក្ស​ប្រឆាំង​ក៏​ជំទាស់​មិន​កើត​ដែរ​ ព្រោះ​គណបក្ស​ប្រជាជន​មាន​សំឡេង​ភាគ​ច្រើន»។​

«ការ​ដែល​អ្នក​គាំទ្រ ឬ​សកម្មជន​បក្សបន្ត​រង​ការ​ចាប់ខ្លួន​នេះ​ គឺ​ជា​សញ្ញាណនៃ​ភាព​ស្មោះស្ម័គ្រ​របស់​ពួកគេ​ទៅ​កាន់គណបក្ស។ ការណ៍​នេះ​ ​ធ្វើឲ្យ​ស្មារតី​របស់​គណបក្សបន្ត​មាន​នៅ​តាម​មូលដ្ឋាន​នៅ​កម្ពុជា។ ​[…] «រង្វាន់​ចំពោះ​ការ​លះបង់» នេះ​គឺ​នៅ​ពេល​ដែល​មាន​វត្តមាន​ជាក់ស្តែង​របស់ថ្នាក់ដឹក​នាំ​គណបក្ស​ជំទាស់​នៅ​កម្ពុជា»

កាល​ពី​សប្តាហ៍​មុន​គណបក្ស​សង្គ្រោះជាតិ​ជា​ថ្មី​ម្តង​ទៀត​ បាន​ប្រកាស​ពី​ការវិល​ត្រឡប់មក​កម្ពុជា​វិញ។ ឆ្នាំមុន​ នៅ​ក្នុងខែ​វិច្ឆិកា​ដដែល ផែនការ​មាតុភូមិ​និវត្តន៍ ដែល​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ សម រង្ស៊ី​ សន្យា​ថា​ ត្រឡប់​មក​កម្ពុជា​បាន​បរាជ័យ​ម្តង​ហើយ។​ កាលនោះ​ ​លោក​ សម រង្ស៊ី​ បាន​ចោទ​រដ្ឋាភិបាល​ថា ​បានប៉ុនប៉ង​រារាំង​ជើង​យន្ត​ហោះ​ និង​រារាំង​លោក​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ ជា​ពិសេស​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ។ ខាង​មន្ត្រី​រដ្ឋាភិបាល​វិញលើក​យក​ហេតុផល​នៃ​ការ​ការពារ​សន្តិសុខ​ ហើយ​បាន​ចោទ​ប្រកាន់​តប​វិញ​ថា​ លោក​ សម រង្ស៊ី​ កំសាក​មិន​ហ៊ានត្រឡប់មក​កម្ពុជា​ដោយ​ខ្លួនឯង។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ នៅ​ថ្ងៃ​ចន្ទ ទី​១៦ ​ខែ​វិច្ឆិកា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានរំលាយ​បាន​លើក​ឡើង​ថា ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ចុងក្រោយ​នេះ ​«របប​លោក ​ហ៊ុន សែន​ បាន​ប្រើប្រាស់​អំណាច​ផ្តាច់​មុខ ​ក្នុង​ការ​គាប​សង្កត់​បិទ​សិទ្ធិ​សេរីភាព ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ»​ ឬ Everything But Arms (EBA​) ឬ​) ចំនួន​ ២០%​ បាត់បង​អព្យាក្រឹតភាព​ និង​បាត់បង់​បូរណភាព​ទឹកដី»។

គិត​ចាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​រហូត​ដល់​ខែ​មីនា ​ឆ្នាំ​ ២០២០ ​នេះ​ យ៉ាង​ហោច​ណាស់​អ្នក​គាំទ្រ​ ​សកម្មជនមន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត​និង​រាជធានី និង​ថ្នាក់​ដឹកនាំ​របស់​បក្ស​នេះ​ចំនួន​ ១២០​ នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ឬ​រងការ​ចាប់ខ្លួន​ទាក់ទង​នឹង​បទ ​«ក្បត់ជាតិ» បទ ​«រួម​គំនិត​ក្បត់» ឬ​បទ «ញុះ​ញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ» ជាដើម។ នេះ​បើយោង​តាម​របាយការណ៍​នៃ​ការ​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ​ ២០២០ ​នេះ។

ក្នុង​នោះ​ កាល​ពី​ចុងឆ្នាំ​ ២០១៩​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ឲ្យ​ដោះ​លែង​សកម្មជន​និង​សមាជិកគណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ៧០ ​នាក់​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​ ពួកគេ​បាន​ចាញ់​បោក​លោក​ សម រង្ស៊ី។

យ៉ាង​ណា​ក៏​ដោយ ​អ្នក​វិភាគមើល​ឃើញ​ថា ​សកម្មជន​និង​អ្នក​គាំទ្រ​ទាំង​នោះ​ នៅ​តែ​មាន​ក្តី​សង្ឃឹម​ចំពោះ​ស្មារតីនិង​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក ​អៀ សុផល​ សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​ដូច្នេះ​ថា៖ «សកម្មជន​ទាំង​នោះ គឺ​ជា​វីរបុរស​ពិត​ប្រាកដ។ ពួកគេ​ជឿជាក់​និង​មាន​ស្មារតី​ប្រយុទ្ធ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ។ ​ពួកគេ​ពុំ​មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ក្រោក​ឈរ​ឡើង​ ដើម្បី​គោលការណ៍​ដែល​គេ​ជឿ​ជាក់​នោះ​ទេ»។​

រូបឯកសារ៖ មេដឹកនាំគណបក្សប្រជាជនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតធំថ្ងៃចុងក្រោយកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

អ្នក​ជំនាញ​កិច្ចការ​កម្ពុជានៃ​សាកល​វិទ្យាល័យ​ Lund ក្នុង​ប្រទេស​ស៊ុយអែត​អ្នកស្រី Astrid Norén-Nilsson ​យល់​ថា​ ការ​ប្រកាស​ពី​គម្រោងមាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ខណៈ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ នេះ គ្រាន់​តែ​ជា​ការ​រំលឹក​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ថា ​គណបក្ស​ជំទាស់​នៅមាន​វត្តមាន​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​រូប​នេះ​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ យ៉ាង​ដូច្នេះ​ថា៖ «ការ​ដែល​អ្នក​គាំទ្រ ឬ​សកម្មជន​បក្សបន្ត​រង​ការ​ចាប់ខ្លួន​នេះ​ គឺ​ជា​សញ្ញាណនៃ​ភាព​ស្មោះស្ម័គ្រ​របស់​ពួកគេ​ទៅ​កាន់គណបក្ស។ ការណ៍​នេះ​ ​ធ្វើឲ្យ​ស្មារតី​របស់​គណបក្សបន្ត​មាន​នៅ​តាម​មូលដ្ឋាន​នៅ​កម្ពុជា។ ​[…] «រង្វាន់​ចំពោះ​ការ​លះបង់» នេះ​គឺ​នៅ​ពេល​ដែល​មាន​វត្តមាន​ជាក់ស្តែង​របស់ថ្នាក់ដឹក​នាំ​គណបក្ស​ជំទាស់​នៅ​កម្ពុជា»។

ក៏​ប៉ុន្តែ​សម្រាប់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក​ សុខ ឥសាន​ ការ​ចាប់​ខ្លួន​សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​ គឺ​ដោយសារ​ពួកគេ​ធ្វើ​សកម្មភាព​ខុសច្បាប់។​

«គ្មាន​អនាគត​ទេ​ (គណបក្ស​សង្គ្រោះ​ជាតិ​) ងាប់​បាត់​ទៅ​ហើយ​ហ្នឹង។ ​អា​ចាប់​ខ្លួន​ហ្នឹង​ ដោយសារ​គាត់​គាំទ្រ​អ្នក​ខុស​ច្បាប់។ គាំទ្រ​អ្នក​ខុស​ច្បាប់ ​គឺ​ខុសច្បាប់។ ​ចឹង​ការ​ចាប់​ហ្នឹង គឺ​ចាប់​ត្រូវ​ច្បាប់។ ចាប់​អ្នក​ខុស​ច្បាប់​មិនមែន​ចាប់​ប្រជាជន​ឯណា»។

ថ្នាក់​ដឹកនាំចំនួន​ ១១៨​ នាក់ ​នៃ​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បាន​ដក​ហូត​សិទ្ធិ​នយោបាយ​ រយៈពេល ​៥ ​ឆ្នាំ​ ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧។ មក​ទល់​ពេល​នេះ​យ៉ាង​ហោច​ណាស់ ​អតីត​មន្ត្រី​បក្ស​ជំទាស់​ចំនួន​ ១៤ ​រូប ទទួល​បានសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

ពួកគេ​អះអាង​ថា​ ការណ៍​នេះ​គឺ​ដើម្បី​ប្រមូល​សំឡេង​អ្នក​គាំទ្រ​បក្ស​ជំទាស់​ និង​កសាង​កម្លាំង​នៅ​មូលដ្ឋាន​ សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ អតីត​មន្ត្រី​បក្ស​ជំទាស់​មួយ​ចំនួន​តូច​ បាន​ចាកចេញ​ពី​គណបក្ស​នេះ រួច​បង្កើត​គណបក្ស​នយោបាយ​ថ្មី ឬ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច។​

អ្នកស្រី​ មូរ សុខហួរ​ ថ្លែង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​រង់​ចាំ​គេ​ផ្តល់​សិទ្ធិនយោបាយ​ឲ្យ​នោះ​ទេ។

«យើង​អត់​ចាំ​អ្នក​ណា​ឲ្យ​សិទ្ធិ​យើង​ ដើម្បី​ធ្វើ​នយោបាយ​ទេ។ សព្វថ្ងៃ​ យើង​កំពុង​ធ្វើ​នយោបាយ​ហើយ។ នៅ​ក្រៅ​ប្រទេស​មែន​ ប៉ុន្តែ​សំឡេង​យើង​បាន​ឮ​ដល់​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​ប្រទេស​ដែរ។ បើ​យើង​ចាំ​គេ​ឲ្យ​សិទ្ធិ​មក​យើង​ គេ​មិន​ដែល​ឲ្យ​សិទ្ធិ​មក​យើង​ទេ»។

អ្នកស្រី​ មូរ សុខហួរ​ មិន​ទាន់​បង្ហាញ​ជំហរ​គណបក្ស​ថា​ នឹង​ត្រឡប់​មក​កម្ពុជា ឬ​ត្រឡប់​ចូល​ឆាក​នយោបាយ​ក្នុង​រូបភាព​ណាមួយ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ អ្នក​ស្រី​គ្រាន់តែ​បញ្ជាក់​ថា ​រាល់​ការ​សម្រេច​ចិត្ត នឹង​ត្រូវ​ពិភាក្សា​ជាមួយ​អ្នក​គាំទ្រ​ខ្លួន​ជា​មុន​សិន។ ​អ្នកស្រី​និយាយ​ថា​ គណបក្ស​នេះ​មិន​ដែល​ទាត់​ចោល​ការចរចា​ជាមួយគណបក្ស​កាន់កាប់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ លោក​ សុខ ឥសាន ​គូស​បញ្ជាក់​ថា​ គណបក្ស​កាន់​អំណាច​នឹង​មិន «ចរចា»​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ដោយ​លោក​សំអាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​មិនស្រប​ច្បាប់។

ក្រោយ​ការ​បោះ​ឆ្នាំ​ ២០១៨ ​ស្ថាប័ន​នយោបាយ​ថ្មី​មួយ​ហៅ​ថា​ «ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​» កើត​ឡើង​ចេញ​ពី​តំណាង​គណបក្ស​គ្មាន​អាសនៈ​ក្នុង​សភា ​និង​ទើប​បង្កើត​ថ្មី​ទាំង ​១៦។​រដ្ឋាភិបាល​ថា ​ស្ថាប័ន​នេះជាកញ្ចក់​ឆ្លុះ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋាភិបាល។​

លោក ​ឈឹម ផល​វរុណ​ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ ក្រោយ​ពេល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ អះអាង​ថា ​វត្តមាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នេះ មាន​ប្រសិទ្ធភាព​ជាង​អតីត​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​សភា។​ លោក​ ផល​វរុណ ផ្តល់​ការ​បកស្រាយ​ដោយ​ខ្លី​យ៉ាង​ដូច្នេះ​ថា៖

«ល្អ​ទ្វេ​ដង​ល្អ​រាប់​សិប​ដង។​ ល្អ​ត្រង់​ថា ​ការ​លើក​ឡើង​របស់​ប្រតិភូ​គណបក្ស ​មិន​ផ្អែក​លើ​កត្តា​នយោបាយ​ទេ ​គឺ​ផ្អែក​លើ​អង្គហេតុ​និង​អង្គ​ច្បាប់​នៃ​បញ្ហា​ ដែល​កើត​មាន​ក្នុង​សង្គម»។

យ៉ាងណា​ក៏​ដោយ ​អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ពី​ប្រសិទ្ធភាព​និង​សារៈ​សំខាន់​តិច​តួច​នៃ​ស្ថាប័ន​នេះ។​ ចំណែក​គណបក្ស​គ្មាន​អាសន:​ក្នុង​សភា ​និង​ទើប​បង្កើត​ថ្មី​ផ្សេង​ទៀត​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មិន​សកម្ម​គ្រប់​គ្រាន់។

លោក​កន​ សាវាង្ស ថ្លែង​ថា​ ស្ថាប័ន​នយោបាយ​ថ្មី​នេះមិន​បាន​កើត​ឡើង​ចេញ​ពី​ឆន្ទៈ​ពលរដ្ឋ​ ដូច​គណបក្ស​ជំទាស់​នោះ​ទេ។

​ចំពោះ​លោកបណ្ឌិត ឡៅ ម៉ុងហៃ​ បណ្តា​គណបក្ស​ផ្សេងៗ​គ្រាន់​តែ​ជា​គណបក្ស​រណប​ ដែល​ជា​រូបមន្ត​នៃ​ការដឹក​នាំ​មួយដែ ល​យក​លំនាំ​តាម​របបកុម្មុយនិស្ត​ចិន​ប៉ុណ្ណោះ។

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នា​ឆ្នាំ ​២០២២​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ នៅ​ឆ្នាំ ​២០២៣ ​ខាងមុខ ​ដែលគណបក្ស​ជំទាស់​ដ៏​ធំ​នេះ មាន​បំណង​ចូលរួមប្រកួត​ក្នុង​ការ​បោះ​ឆ្នោត បើ​មាន​ការ​ព្រមព្រៀង​នយោបាយ​ណាមួយ​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​នាទី​ចុងក្រោយ​ ទៅ​តាម​ការ​ស្នើ​សុំ​ពី​សហគមន៍​អន្តរជាតិ ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង។

ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ អតីត​អនុ​ប្រធានាធិបតី​លោក ​ចូ បៃដិន ​(Joe Biden)​ បេក្ខជន​ប្រធានាធិបតី​មកពីគណបក្ស​ប្រជាធិបតេយ្យ ​ត្រូវ​បាន​ព្យាករណ៍ថា​ឈ្នះ​ការ​បោះឆ្នោត។ លោក​ បៃដិន​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​មួយ​ដល់​លំហ​នយោបាយ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ដូច​ពេល​មុនៗ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​នេះ​បាន​ឈ្នះ​ឆ្នោតនិង​កាន់កាប់​អំណាច​ក្នុង​សហរដ្ឋ​អាមេរិក៕