លោកស្រីប្រធានាធិបតីឥណ្ឌាគ្រោងនឹងពិភាក្សាការងារជាមួយមេដឹកនាំកម្ពុជាអំពីការជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគីពហុវិស័យដែលរួមមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទុន។ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគទុនរវាងប្រទេសទាំងពីរបានរីកលូតលាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវានៅមានសក្តានុពលទាបនៅឡើយ។
លោកស្រីប្រធានាធិបតីឥណ្ឌា Pratibha Patil បានអញ្ជើញមកដល់ទីក្រុងភ្នំពេញនៅថ្ងៃច័ន្ទនេះ ដើម្បីធ្វើការពិភាក្សាការងារជាមួយព្រះមហាក្សត្រ និងមេដឹកនាំកម្ពុជាអំពីការធ្វើពាណិជ្ជកម្ម និងវិនិយោគទុនសំដៅពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោកស្រីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលប្រាំមួយថ្ងៃ ជាលើកទីមួយនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ ខែសីហានេះ ដើម្បីជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោកប្រធានព្រឹទ្ធសភាជា ស៊ីម លោកប្រធានរដ្ឋសភាហេង សំរិន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកគង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីប្រចាំព្រះបរមរាជវាំងបានទទួលស្វាគមន៍លោកស្រីប្រធានាធិបតី Patil តាមប្រពៃណីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ VOA ថា ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានាធិបតីឥណ្ឌានេះ សំដៅពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។
ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនេះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាតាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យដទៃទៀត មានការជឿនលឿន និងរីកចម្រើនបន្ថែមទៀត។
ក្រុមមន្ត្រីបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ទីក្រុងភ្នំពេញ និងសៀមរាបផ្តល់ឱកាសសម្រាប់បញ្ជាក់អះអាងជាថ្មី និងពង្រឹងទំនាក់ទំនងទ្វេភាគីពហុវិស័យដែលរួមមាន ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
ទីភ្នាក់ងារសារព័ត៌មាន Asian News International បានដកស្រង់ប្រសាសន៍របស់លោកស្រីប្រធានាធិបតីនៅលើយន្តហោះពិសេសថា ដំណើរទស្សនកិច្ចរបស់លោកស្រីជាឱកាសមួយបន្តការចរចាជាមួយមេដឹកនាំកម្ពុជា និងបញ្ជាក់អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាដើម្បីពង្រឹងពង្រីកទំនាក់ទំនងរបស់ឥណ្ឌា ព្រមទាំងលើកកម្ពស់ការសន្យាផ្នែកសេដ្ឋកិច្ចរបស់ឥណ្ឌាជាមួយប្រទេសកម្ពុជា។
លោកស្រីប្រធានាធិបតីបានគូសបញ្ជាក់ពីការពង្រឹងចំណងទាក់ទងសេដ្ឋកិច្ច ដោយហៅប្រទេសកម្ពុជាថា កំពុងតែរីកចម្រើនផ្នែកសេដ្ឋកិច្ច និងស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។
លោកស្រីប្រធានាធិបតីបានធានាអំពីកិច្ចខិតខំរបស់ឥណ្ឌាសំដៅទទួលរ៉ាប់រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីកសាងសមត្ថភាពនៅកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់ឥណ្ឌាបានរីកលូតលាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាវានៅមានសក្តានុពលទាបក៏ដោយ។
ការនាំចូលរបស់ប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជាមានតម្លៃជាង៣៥លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៩ និងនៅប្រាំមួយខែដើមឆ្នាំ២០១០ មានប្រមាណ២២លានដុល្លារអាមេរិក។ ឯការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌាមានតម្លៃជាង៧៥៥.០០០ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៩ និងនៅប្រាំមួយខែដើមឆ្នាំ២០១០មានតម្លៃជាង៣២៦.០០០ដុល្លារអាមេរិក។
ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីប្រធានាធិបតីនឹងអញ្ជើញចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរសវនកម្មជាតិនៃប្រទេសកម្ពុជា និងការិយាល័យអគ្គត្រួតពិនិត្យ និងអគ្គសវនាករនៃប្រទេសឥណ្ឌាហើយនិងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាលរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារនីហរ័ណអាហរ័ណឥណ្ឌា។
ចំពោះការលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រ លោកស្រីប្រធានាធិបតីបានសម្តែងនូវក្តីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
លោកស្រីបានបញ្ជាក់ថា ប្រទេសកម្ពុជានិងប្រទេសឡាវបានផ្តល់ការគាំទ្រដោយឥតលក្ខខណ្ឌដល់រដ្ឋាភិបាលក្រុង New Delhi សម្រាប់បេក្ខភាពឥណ្ឌាក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕