ការ​ស៊ើប​អង្កេត​នឹង​ត្រូវ​ធ្វើ​ចំពោះ​បុព្វហេតុ​នៃ​ឧបទ្ទវហេតុ​នៅ​កោះ​ពេជ្រ

អ្នក​មក​មើល​តំបន់​កើត​ហេតុ​សម្លឹង​មើល​ទៅ​លើ​ស្ពាន​កោះ​ពេជ្រ​ដែល​ជា​កន្លែង​ដែល​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​បាន​ផ្អើល​រត់​ជាន់​គ្នា​ និង​ មាន​អ្នក​លោត​និង​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ច័ន្ទ។ មាន​មនុស្ស​​ជាង​៣០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សោកនាដកម្ម​នេ

រមណីយដ្ឋាន​កោះពេជ្រ​ ដែល​ជា​កន្លែង​កម្សាន្ត​ដ៏​ស្រស់​ត្រកាល​មួយ​នារាជធានីភ្នំពេញ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឆក់​ជីវិត និង​ធ្វើ​ឲ្យ​មនុស្ស​រង​របួស​យ៉ាង​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ តែ​ក្នុង​រយៈពេល​ជាង​ពីរ​ម៉ោង​ប៉ុណ្ណោះ។

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជពិធី​បុណ្យអុំទូក ​អកអំបុក ​និង​សំពះ​ព្រះខែ​ តំបន់​កោះពេជ្រ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​៣៧៩នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​ប្រមាណ​៧៥៥នាក់​ផ្សេង​ទៀត​ បាន​ទទួល​រងរបួស​នៅក្នុង​ព្រឹត្តិការណ៍​ដ៏គួរ​ឲ្យ​រន្ឋត់​មួយ​ ដែល​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​ជួយ​សង្គ្រោះ ​បាន​ខិតខំ​ប្រឹងប្រែង​ទាញ​យក​ជន​រងគ្រោះ​ចេញពី​គំនរ​មនុស្ស​រាប់ពាន់​ នាក់​ដែល​បាន​ពពាក់​ពពូន​គរ​លើគ្នា​កម្ពស់​ប្រមាណ​ជិត​មួយម៉ែត្រ ​នៅលើ​ស្ពាន​លំហែកាយ​មួយ​ដែល មាន​ឈ្មោះថា​កោះពេជ្រ ​កាលពី​យប់ថ្ងៃ​ច័ន្ទ។

តំបន់​លំហែកាយ​កោះពេជ្រ​នេះ​ មាន​ទីតាំង​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌ​ចំការមន​ ជិត ក្រសួង​ការបរទេស​ និង​កាស៊ីណូ ​NAGA World។

ក្រោយ​ពី​បាន​កើត​ឡើង​ប្រមាណ​តែ​ជិត​ពីរ​ម៉ោង​ប៉ុណ្ណោះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​មួយ​តាម​កញ្ចក់​ទូរទស្សន៍ ដោយ​បាន​ចាត់​ទុក​ថា ​នេះ​គឺ​ជា​សោកនាដកម្ម​លើក​ទី​ពីរ ​បន្ទាប់​ប្រជាពលរដ្ឋ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​របប​ខ្មែរ​ក្រហម។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ក៏​បាន​បង្កើត​ឲ្យ​គណៈ​កម្មាធិការ​ស៊ើប​អង្គេត​ជា​ពិសេស​មួយ ទៅ​លើ​ហេតុការណ៍​ដ៏គួរ​ឲ្យ​រន្ធត់​នេះ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាង​ណា ​ក៏​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ចាត់ទុក​ថា ​នេះ​មិនមែន​ជា​ការ​វាយប្រហារ​បែប​ភេរវកម្ម​ទេ។

រំលឹក​ពី​ព្រឹត្តិការណ៍​កាលពី​យប់​ថ្ងៃ​ច័ន្ទ​បើតាម​សាក្សី​ជាច្រើន​ ដែល​បាន​ផ្តល់​សម្ភាសន៍​ដោយ​ ផ្ទាល់​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នេះ​ បាន​អះអាង​ខុសៗ​គ្នា អំពី​មូលហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​ព្រឹត្តិការណ៍​ជ្រួល​ច្របល់​រត់​ជន់គ្នា​ នាំ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នោះ។ ពួគ​គេ​ឲ្យ​ដឹង​ថា មូលហេតុ​គឺមកពី​ក្មេង​ជំទង់ៗ​មួយ​ចំនួន​បាន​ឈ្លោះ​គ្នា​នៅ​ស្ពាន​កោះ​ពេជ្រ ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ចលាចល​តែម្តង។ សាក្សី​បន្ថែម​ថា៖

«ហេតុការណ៍​ដំបូង ​គឺ​ឃើញ​ក្មេង​ស្ទាវ​មួយ​ហ្វូង ​បានរត់​ដេញ​វាយ​គ្នា​សំដៅ​ស្ពាន ​បន្ទាប់​មក បានឮ​ អ៊ូអរ​ជ្រួល​ច្របល់​មនុស្ស​ច្រាន​គ្នា​ចុះ​ឡើង ​មាន​ធ្លាក់ទឹក​ស្ពាន​ខ្លះៗ ​អ្នកខ្លះ​ដល់​ភ័យ​ទៅ​លោត​ពី លើ​ស្ពាន​អាច​ត្រូវ​ថ្ម​ធា្លក់​បែក​ក្បាល​បាក់​ជើង»។

សាក្សី​ផ្សេង​ទៀត​បាន​និយាយ​ថា​ ព្រឹត្តិការណ៍​នេះ​ បាន​កើត​ឡើង​ ដោយសារ​តែ​មាន​សំឡេង​ ស្រែក​ត​គ្នា​ពីមាត់​មួយ​ទៅមាត់​មួយ​ ថាស្ពាន​កោះពេជ្រ​នេះ​បាន​បាក់ ​ហើយ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា ​បណ្តាល​មកពី​ប្រជាពលរដ្ឋ​បាន​ឆក់ខ្សែ​ភ្លើង ​ទើប​បង្ក​ឲ្យ​មាន​ចលាចល​រត់​ជាន់​គ្នា​តែ​ម្តង។ សាក្សី​បន្ត​ថា៖

«ដល់​ប្រជ្រៀត​គ្នា វា​ស្រែក​អ្ហេអ្ហូៗ​មក​ឈុល​ជាប់​ដួល។ ដល់​អញ្ចឹង​វា​ជាប់​នៅ​ទីនេះ​គាំង វា​ផ្អើល​ វា​ស្រេក​អ្ហេអ្ហូថា ស្ពាន​រង្គើ​យ៉ាងម៉េច​ វា​ចេះ​តែស្រែក​ទៅ។ ដល់​ស្រែក​ផ្អើល​ឈុល​ដួល អាមុខ​ ដួល​គរ​លើគ្នា ​អាក្រោយ​ចេះតែ​មក​ជាប់​កិន​នៅហ្នឹង»។

លោកស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​ កើត​ហេតុ​ដោយ​ផ្ទាល់ ​បាន​ថ្លែងប្រាប់វីអូអេ​សំឡេង​សរហដ្ឋអាមេរិក​ថា ​អាជ្ញាធរ​ពុំ​ទាន់​បាន​កំណត់​មូលហេតុ​ជា​ផ្លូវការ​នៅ​ឡើយ។ លោក ស ខេង​ បាន​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​នឹង​ធ្វើការ​ស៊ើបអង្កេត​ បន្ថែម​ទៀត​ចំពោះ​ហេតុការណ៍​ដ៏គួរ​ឲ្យ​រន្ឋត់​នេះ។ លោក​ស ខេង ថ្លែងថា៖

«មក​ដល់ពេល​នេះ ​យើង​ខ្ញុំ​មិនទាន់​សន្ឋិដ្ឋាន​ថា ​មូលហេតុ​មកពី​អ្វីទេ​ ប៉ុន្តែ​យើង​ខ្ញុំ​មាន​ការ សោកស្តាយ​ណាស់​ករណី​នេះ ​ដែល​កើតឡើង​ដោយ​យើង​មិន​បាន​ដឹង​មុន​ទាល់​តែ​សោះ ​ ហើយ​យើង​នឹង​បន្ត​សិក្សា​ស្រាវជ្រាវ​មើល​ ថា​តើ​វា​មូលហេតុ​អ្វី​ពិត​បា្រកដ។ ជាបឋម ​យើង​គ្រាន់តែ​ដឹងថា​ មូលហេតុ​ ដោយ​សារ​ខ្យល់គរ​ ហើយ​មនុស្ស​មក​បុកគ្នា​ពី​លិច​មក ​ពី​កើត​មក​ បុកគ្នា​ទៅ​វា​គរគ្នា​អញ្ចឹង​ទៅ»។

នៅលើ​រមណីយដ្ឋាន​កោះពេជ្រ​នេះ ​មាន​កន្លែង​កម្សាន្ត ​និង​តូប​លក់​ទំនិញ​ជាច្រើន​ស្អេកស្កះ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ដើរ​ប្រជ្រៀត​គ្នា ​នៅ​ក្នុង​ល្បឿនយឺតៗ។

លោក​ឧបនាយករដ្ឋមន្រ្តី​ស ខេង ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ពុំទាន់​មាន​វិធានការ​ទៅ​លើ​កោះ ពេជ្រ​នេះ​នៅឡើយ​ទេ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​បាន​បិទ​ច្រក​ចេញ​ចូល​កោះពេជ្រ​នេះ​មួយ​រយៈ​សិន ​ដើម្បី​ឲ្យ កម្លាំង​សម្ថកិច្ច​ធ្វើការ​ស៊ើប​អង្កេត​របស់​ខ្លួន។

បន្ទាប់ពី​សោកនាដកម្ម​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រងបួស​យ៉ាង​ច្រើន​សន្ឋឹក​សន្ឋាប់​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​យក​ថ្ងៃទី២៥ ​ខែ​វិច្ឆិកា ​ជារៀង​រាល់ឆ្នាំ​ ជាថ្ងៃ​កាន់​មរណៈទុក​ដល់​អ្នកស្លាប់​ បាត់​បង់ជីវិត​នៅ​ក្នុង​ហេតុការណ៍​នោះ។

ទិដ្ឋភាព​ជាទូទៅ ​នៅតាម​សួនច្បារ​មុខវត្ត​បទុមវត្តី​ និង​ កាស៊ីណូ ​NAGA Wolrd ​តូប​លក់​ទំនិញ ជា​ច្រើន​រាប់ម៉ឺនតូប​ និង​ការប្រគុំ​តន្រ្តី​ជាច្រើន​កន្លែង​ត្រូវ​បានបើក​ដើម្បី​បម្រើ​ការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ​បើតាម​ក្រុម​មន្រ្តី​បច្ចេកទេស​បាន​និយាយ​ថា ​ការ​ដែល​សាលា​ក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​តាំង​ផលិតផល​ជាច្រើន​ស្អេក​ស្កះ​នៅ​ក្នុង​ពិធីបុណ្យ​អុំ​ទូក​នេះ​ បាន​បណ្តាល​ខ្វះ​ខ្យល់​ខ្យល់​អុកស៊ីសែន​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទស្សនា​ពិធីបុណ្យ​អុំ​ទូក​នោះ​ដក​ដង្ហើម៕