ក្រសួង​មហា​ផ្ទៃ​ស៊ើប​អង្កេត​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ទី​ប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា

ភ្នំពេញ៖ មន្រ្ដី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃនេះថា ​ក្រសួង​រៀបចំ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​អង្គការ​មួយ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រំលោភ​បំពាន​ប្រជាពលរដ្ឋ។ កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ ១០៥ នាក់​ តំណាង​ឲ្យ​អ្នកភូមិ​៣១៩ គ្រួសារ​ និងសមាគម និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ដែល​ជា​សមាជិក​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ចំនួន២៣​ បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ទៅកាន់​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌ ​ដើម្បី​ស្នើឲ្យ​មាន​ការ​ស៊ើបអង្កេត​ និង​ចាត់វិធានការ​ទៅ​លើ​អង្គការ​ស្រាវជ្រាវ ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​កន្ទួត​ ស្រុក​ជាំក្សាន្ដ ​ស្ថិតនៅ​ចំងាយ​ប្រមាណ​ជាង​ ១០០គម​ ពី​ទី​រួម​ខេត្ត​ព្រះវិហារ។

ក្រុម​អ្នកភូមិ​ និង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ​បាន​លើកឡើង​ថា ប្រធាន​អង្គការ​ស្រាវជ្រាវ ​ទប់​ស្កាត់​គ្រឿង​ញៀន ​និង​ជំងឺ​អេដស៍​នេះ ​គឺ​លោក​ ប៉ែន លឹម​ ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់នោះ​ស្គាល់ថា ​ជាលោក ​ស ឈួនលឹម ​បាន​ធ្វើការ​រំលោភ​លើ​សិទ្ធិ​សេរីភាព និង​ប្រើ​អំពើហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​លើ​ប្រជាជន ដែល​កំពុង​រស់នៅ​លើ​ដីទី​តាំង​អង្គការ​របស់ខ្លួន។

លោក​ឧត្តមសេនីយ ​ខៀវ សុភក្ដ្រ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍​នៅ​ថ្ងៃចន្ទ័នេះ​ថា ក្រសួង​មហាផ្ទៃ​ បាន​ទទួល​បណ្ដឹង​នេះ រួចហើយ ​ហើយ​ក៏​បាន​រៀបចំ​ចាត់​វិធានការ​ផងដែរ​។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង​ ក្រសួង​ក៏​ចាត់​ឲ្យ​ជំនាញ​ធ្វើ​ការស៊ើបអង្កេត​ក្នុង​រឿង​ហ្នឹង ហើយ​លទ្ធ​ផល​យើង​មិនទាន់​ដឹង​ភ្លាមទេ​។ យើង​ឲ្យ​អគ្គជំនាញ​ ធ្វើការ​ស៊ើបអង្កេត​ករណី​ហ្នឹង»។

លោកប៉ែន លឹម មាន​តួនាទី​ជា​ឧត្តមសេនីយត្រី​ ជា​ឧកញ្ញ៉ា និង​ជា​ទីប្រឹក្សា លោក ​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធិសភា ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា។

យោងតាម​សេចក្ដីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ ដែល​បាន​ចែកចាយ​ក្នុង​សន្និសីទព័ត៌មានកាលពី​ព្រឹក​ថ្ងៃចន្ទ័នេះ​ បាន​បង្ហាញថា ​លោក​បាន​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ចំនួន៥៥៦ ហិចតា ជា​គោលការណ៍​ពីរដ្ឋាភិបាល ​ដើម្បី​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ ​នៅ​ឆ្នាំ ២០០៧។

ក៏ប៉ុន្ដែ​បន្ទាប់​ពី​ទទួល​បាន​ដី​សម្បទាន​នេះ​រួចហើយ ​លោក ប៉ែន លឹម​ បែរ​ជា​យក​ដី​ទាំងនេះ​ទៅ​លក់​ដូរ​ឲ្យ​ប្រជាជន​ក្រីក្រ ​ព្រម​ទាំងបាន​ប្រវាស់​ដី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥៧ គ្រួសារ​ផ្សេងទៀត។

ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ១០នាក់​ ដែល​អះអាង​ថា ​ខ្លួន​ជា​ជនរងគ្រោះ​ផ្ទាល់ ​បាន​ថ្លែង​នៅ​ក្នុង​សន្និ​សិទ្ធ​កាសែត​ដែរ​ថា ពួកខ្លួនត្រូវ​បានប្រធាន​អង្គការ​ស្រាវជ្រាវ ​ទប់ស្កាត់​គ្រឿង​ញៀន ​និង​ជំងឺ​អេដស៍​ និង​បក្សពួក​វាយដំ​នឹង​ដំបង ​សម្លុត​នឹង​កាំភ្លើង​ ដុត​ផ្ទះ​ចោល​ និង​គម្រាម​សម្លាប់​ ហើយ​ដី​របស់​ពួក​គេ​ ត្រូវ​ប្រធាន​អង្គការ​នេះ លក់​ដូរ​ជាច្រើន​ដំណរ​ផ្សេងទៀត ។

លោក​នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ​អាដហុក ​មាន​ប្រសាសន៍​ នៅក្នុង​សន្និសីទ​នោះថា ​ការផ្ដន្ទាទោស​ទៅលើ​ប្រធាន​អង្គការ​ គឺ​អាស្រ័យ​ទៅលើ​ការ​រក​ឃើញ​កំហុស​ដោយ​ក្រុម​ស៊ើបអង្កេត​នៃ​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ទៀត​ថា៖

«វា​អាស្រ័យ​ទៅលើ​ការពិចារណា​របស់​ក្រសួង​មហាផ្ទៃ​ផ្ទាល់​ថា តើ​អង្គការ​បាន​ប្រព្រឹត្តិ​អ្វី​ផ្ទុយ​នឹង​លក្ខខន្ដិកៈ ​ដែល​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃក្នុង​ការ​បើក​អង្គការ​ឬទេ។ ហើយ​កម្រិត​នៃ​ការ​ធ្វើ​ខុស​នៃ​លក្ខខន្ដិកៈ​របស់​ខ្លួន​ ក៏​ដូច​ជាច្បាប់​ជាតិ​មួយ​ចំនួន​នោះ​ ត្រូវ​បិទ​ ឬ​ក៏​ត្រូវ​ផ្ដន្ទា​ទោស»។

លោកប៉ែន លឹម ​ប្រធាន​អង្គការ​ស្រាវជ្រាវ​ ទប់ស្កាត់​គ្រឿងញៀន​ និង​ជំងឺ​អេដស៍​ បាន​បដិសេធ​រាល់​របាយការណ៍​របស់​ក្រុម​ប្រជាពលរដ្ឋ​ និង​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស។ លោក​មាន​ប្រសាសន៍​ថា​ លោក​មិន​បារម្ភ​ចំពោះ​ការស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ​នោះទេ ​ហើយ​លោក​នឹង​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ៕