ឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមក្នុងសំណុំរឿង ០០៣/០០៤ ដែលវីអូអេខេមរភាសាទទួលបាន បានចោទប្រកាន់បន្ថែមលើជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាលខ្មែរក្រហមពីបទសង្ស័យថាទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅសម័យខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០។ ក៏ប៉ុន្តែជនសង្ស័យម្នាក់ ក្នុងចំណោមនោះគឺ តា អាន ជាអតីតអនុប្រធានតំបន់មជ្ឈិម នៅខេត្តកំពង់ចាម ដែលមានជនរងគ្រោះជាង១៥ម៉ឺននាក់ស្លាប់នោះ បានអះអាងថា ការចោទប្រកាន់រូបលោកជាការភ័ន្តច្រឡំ។ តា អានបដិសេធថា គ្មានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មទាំងនោះទេ ហើយអះអាងថា លោកក៏មិនមែនជាអ្នកបង្កើតចលនាខ្មែរក្រហមដែរ។ តា អាន ឬ អោម អាន អាយុ៧៨ ឆ្នាំ បច្ចុប្បន្នជាកសិករ។ លោក សុខ ខេមរា នៃវីអូអេ បានធ្វើដំណើរទៅយកព័ត៌មានក្នុងប្រទេសកម្ពុជាកាលពីខែកក្កដា ហើយបានជួបសម្ភាសផ្ទាល់ជាមួយតា អាននៅផ្ទះរបស់គាត់ក្នុងភូមិមួយនៃស្រុកកំរៀង ខេត្តបាត់ដំបង។
ខាងក្រោមនេះជាភាគទីមួយនៃសេចក្តីសម្ភាសដែលមានបីភាគ។
សំណួរ៖ កាលពីប៉ុន្មានខែមុន មានសហព្រះរាជអាជ្ញានៅតុលាការអន្តរជាតិបានរំលឹកឲ្យឃើញនៅក្នុងឯកសារដែលចេញថា លោកមានជាប់ពាក់ព័ន្ធនៅក្នុងសម័យអតីតកាលអី ដូចថាមានអំពើឃាតកម្មអី កើតឡើងច្រើនក្នុងពេលមានមនុស្សស្លាប់នៅខាងកំពង់ចាមអីចឹង តើរឿងនោះ ការចោទប្រកាន់យ៉ាងដូច្នោះ មានអត្ថាធិប្បាយយ៉ាងម៉េចដែរបាទ?
ឆ្លើយ៖ ខាងកំពង់ចាម?
ស៖ បាទ។
ឆ៖ ខ្ញុំ អត់ ខ្ញុំសុំជម្រាបប្រសាសន៍ក្មួយ បញ្ហាខ្ញុំនៅកំពង់ចាមនេះ ខ្ញុំឥតមានទាក់ទិនអីទេ។ អានេះចំពោះរូបខ្ញុំផ្ទាល់។ ព្រោះពេលដែលគេឲ្យខ្ញុំ ផ្លាស់ខ្ញុំទៅកំពង់ចាមនេះ គឺកំពង់ចាមពេលនោះមានភាពច្របូកច្របល់ មានភាពច្របូកច្របល់ និងខាងលើនិងឲ្យខ្ញុំទៅកំពង់ចាមនោះអត់មានទេអ្នកទទួលខុសត្រូវ តាំងពីភូមិ តាំងពីឃុំ ស្រុក គេដក គេគូរ គេតាល់អស់ទៅហើយ។ ហើយខ្ញុំហ្នឹងទៅរៀបចំថ្មីទេ។ អត់មានទាក់ទិនអីជាមួយនិងខ្លួនខ្ញុំទេ។ នេះខ្ញុំសុំជម្រាបប្រសាសន៍ ការណ៍ពិតអញ្ចឹងឯង។
ស៖ ប៉ុន្តែតុលាការ គេថាចង់នាំខ្លួនអ្នកប្រាំនាក់ផ្សេងទៀត នៅក្នុងនោះមានឈ្មោះលោកម្នាក់ដែរ អញ្ចឹងនៅពេលនិងមានការព្រួយបារម្ភទេ ឬក៏នឹងចង់តវ៉ាយ៉ាងម៉េចអំពីគេបញ្ចេញឈ្មោះយ៉ាងដូច្នោះ?
ឆ៖ ខ្ញុំ បើមានសិទ្ធិតវ៉ា ដូចខ្ញុំថាអញ្ចឹង គឺខ្ញុំឥតមានបញ្ហាអីទាក់ទិនអំពីឃាតកម្មអស់ហ្នឹងទេ។ អត់មានទេ ដូចខ្ញុំជម្រាបប្រសាសន៍អញ្ចឹងគឺថា ពេលដែលខ្ញុំទៅ គឺអស់ហើយតាំងពីក្រោមរហូតដល់លើ នៅតែ កែ ពក មួយទេ។ រួចខ្ញុំទៅរៀបចំភូមិ ឃុំថ្មី ខ្ញុំមានការទាក់ទិនរឿងអី? (គឺ)អត់។
ស៖ កាលនោះលោកអញ្ជើញទៅ នៅពេលនោះ ឆ្នាំនោះមានន័យថា គេមានការច្របូកច្របល់គ្នារួចហើយ ហើយមនុស្សក៏មានការស្លាប់ សម័យហ្នុង ពីមុន …?
ឆ៖ បាទគេដោះស្រាយអស់ហើយ រួចខ្ញុំទៅក្រោយ។ ទៅអស់ហើយ ខ្ញុំរៀបចំក្រោយ។ នៅតែ កែ ពក មួយ។ ភូមិ ឃុំ ស្រុក តំបន់ ខ្ញុំអត់មានទៅប្រឡាក់ប្រឡូសអីទេ អត់ អាហ្នឹងហើយដែលខ្ញុំចង់តវ៉ាអញ្ចឹងឯង តើខ្ញុំមានបញ្ហាអីទាក់ទិន? រួចមកដល់ ៧៧ ៧៨ រួច ៧៩ អស់ហើយ មានស្អី។
ស៖ កែ ពក កាលនោះគាត់ធ្វើអីនៅទីនោះ ដែលនៅសល់គាត់មួយ?
ឆ៖ លេខាភាគ(លេខាភូមិភាគ)។
ស៖ អញ្ចឹងគាត់ក្តោបរួមទាំងអស់ សម័យនោះ នៅទីនោះ។
ឆ៖ បាទ។
ស៖ អញ្ចឹង ការចោទប្រកាន់ដែលថា លោកមានជាប់ពាក់ព័ន្ធនៅក្នុងបញ្ហាដូចថា មន្ទីរសន្តិសុខអីហ្នឹង អាហ្នឹងជារឿងមួយដែលគេយល់ច្រឡំ ឫក៏គិតថា រឿងហ្នឹងវា វាយ៉ាងម៉េចបានជាមានការចោទប្រកាន់ពីតុលាការ ពីអីអញ្ចឹងមក?
ឆ៖ អាហ្នឹង ខ្ញុំកំណត់ថា ការយល់ច្រឡំរបស់គេ ព្រោះខ្ញុំអត់បានប្រព្រឹត្ត។ ដូចក្មួយជ្រាបច្បាស់ហើយ ខ្ញុំជម្រាបការណ៍ពិតខាងដើមអញ្ចឹង។ គឺថាអស់រលីងហើយ មានស្អី ភូមិ ឃុំ រហូតដល់ស្រុក រហូតដល់តំបន់ កាលណោះ គេមិនមែនថាខែត្តទេ គេថាតំបន់ បើអញ្ចឹងវាអស់ទៅហើយ។
ស៖ អស់ហ្នឹងមានន័យថាពួកគាត់ស្លាប់មុនឬក៏?
ឆ៖ គេដកចេញ ដែលថាភាពច្របូកច្របល់ហ្នឹងគេដកចេញអស់ហើយ មិនដឹងគេយកទៅណា បើខ្ញុំអត់ដឹងដែរ ពេលដែលខ្ញុំទៅ វាអស់ទៅហើយ នៅតែ កែ ពក មួយ ហើយ កែ ពក ហ្នឹង កាលណោះមិនដឹងជាគាត់ទទួលខាងអីទេ តែខ្ញុំមិនដឹងដែរ អត់ដឹងថាតើគាត់ គ្រាន់តែដឹងថាគណកម្មាធិការភូមិភាគ ប៉ុន្តែក្នុងគណកម្មការភូមិភាគទាំងមូលហ្នឹងនៅសល់តែគាត់ហ្នឹងតើ តែមួយ។ ខ្ញុំទៅ ខ្ញុំអត់ដឹងរឿងរ៉ាវអីទេ ខ្ញុំទៅគឺថាវាអស់ហើយ បើអស់ហើយខ្ញុំរៀបចំជាថ្មី រៀបចំភូមិ រៀបចំឃុំ រៀបចំស្រុកអី អញ្ចឹងទៅ។ តែប៉ុណ្ណឹងហើយ ដំណើរការធម្មតា មានការកាប់សម្លាប់អី។ ដំណើរការធម្មតាក្នុងពេលនោះ ឥតមានអីទេ មានតែទំនប់ ធ្វើទំនប់ ធ្វើបន្លាយប្រព័ន្ធភ្លឺ គិតតែពីស្រែ អត់មានអី ក្នុងរយៈកាល ៧៧ មក ៧៨ ដល់ ៧៩ រាជរដ្ឋាភិបាលវ៉ៃ វារត់បាត់ទៅ ខ្ញុំទៅបានពីរឆ្នាំកាលណោះ មិនពេញផង។ អញ្ចឹងបានថាពាក្យពេចន៍ទាំងអស់នេះ ខ្ញុំអត់មានអីទាក់ទិន មិនដឹងជាយ៉ាងម៉េច ខ្ញុំអត់ដឹងដែរ។ មិនដឹងជាការចោទប្រកាន់ហ្នឹងរឿងយ៉ាងម៉េច។ ការណ៍ពិតរបស់ខ្ញុំ គឺវាអញ្ចឹង បាទ។
ស៖ ប៉ុន្តែ ឃើញមានសេចក្តីប្រកាសអីកន្លងៗមកថា គេចង់នាំខ្លួនអ្នកដទៃប្រាំនាក់អីទៀតហ្នឹង អត់មានអ្នកណាមកទាក់ទងពីខាងសាលាក្តីអី តុលាការអីមក មិនដែលមកជួបអីសួរ(ទេ)?
ឆ៖ អត់ អត់មានផង។
ស៖ កាលសម័យតស៊ូហ្នឹង ហេតុអ្វីបានចូលរួមនៅក្នុងចលនាខ្មែរក្រហម បាទ?
ឆ៖ ខ្ញុំជម្រាបប្រសាសន៍ក្មួយ ដូចខ្ញុំនិយាយលេងកន្លងមកហើយណាស់ ដូចខ្ញុំនិយាយលេងជាមួយក្មួយអញ្ចឹងណាស់ អំពីប្រពៃណីរបស់ខ្ញុំគឺព្រះមហាក្សត្រ ដូចខ្ញុំនិយាយអម្បាញ់មិញអញ្ចឹងណាស់ និយាយលេងជាមួយក្មួយនោះណាស់ គឺព្រះមហាក្សត្រតាំងពីជីតាមក រួចដល់ពេលថ្ងៃ ១៨ ខែបីឆ្នាំ ៧០ ហ្នឹងនែ៎ ឯកឧត្តម លន់ នល់ ធ្វើរដ្ឋប្រហារសម្តេច។ ក្នុងពេលនោះ វាមានមហាបាតុកម្មគ្រប់កន្លែង ដោយសម្តេចបានប្រកាសថាកូនចៅទាំងអស់ គឺមានតែនាំគ្នារត់ចូលព្រៃម៉ាគីទេ។ អានេះមូលហេតុ ទាំងអស់ហ្នឹងនែ៎ បានតែពេលធ្វើសម្តេចប្រកាសជាប្រធានរណសិរ្សរួបរួមជាតិ។ អញ្ចឹងណាស់ បាទ។ ប្រធានរណសិរ្សរួបរួមជាតិ។ អញ្ចឹងទៅ ទាំងអស់ គ្មាន(សល់)អ្នកណាមួយទេ គឺត្រូវតែធ្វើការតស៊ូ។ ដូច្នេះក្មួយត្រូវពិនិត្យមើលខ្លួនខ្ញុំផ្ទាល់ តើសមត្ថភាពខ្ញុំហ្នឹងនែ៎ បានន័យថាអ្នកមានគំនិតផ្តួចផ្តើមអញ្ចឹងៗទេ? អត់មានទេសមត្ថភាពនេះ ពណ៌សម្បុរនេះ សមត្ថភាពនេះមិនមានទេ ប៉ុន្តែអញ្ចឹង ដែលទៅជាការតស៊ូ។ រួចដល់ទៅសរុបមក ឈ្នះ ១៩៧៥ ហើយ ទាំងអស់គ្នាវាភ្ញាក់ទាំងអស់តែគ្នាទេ។ វាទៅជាលើកទង់សង្គមនិយមកុម្មុយនិស្តស្អីឯណា វាភ្ញាក់ខ្លួនទាំងអស់តែគ្នាហ្នឹងទេ។ បើទាំងអស់កន្លងមកវា ការរួបរួមជាតិកម្ពុជាហ្នឹងក្រោមទង់រណសិរ្សដែលមានសម្តេចជាប្រធាន។ អាហ្នឹង ខ្ញុំសុំជម្រាបប៉ុណ្ណឹង។ អាហ្នឹង ខ្លួនខ្ញុំផ្ទាល់ទេណាស់ ខ្ញុំជម្រាបប៉ុណ្ណឹង៕